«ការព្រោះពូជព្រះរាជាណាចក្រ»តាមដំណើរចែកជូនទស្សនាវដ្ដី
១ ចំរៀងលេខ១៣៣ ក្នុងសៀវភៅ ច្រៀងទំនុកសរសើរថ្វាយព្រះយេហូវ៉ា នោះមានប្រធាន«ការព្រោះពូជព្រះរាជាណាចក្រ»។ ចំរៀងនេះមានមូលដ្ឋានលើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ដែលប្រៀបធៀបកិច្ចការធ្វើឲ្យមានសិស្សទៅនឹងការព្រោះពូជ។ (ម៉ាថាយ ១៣:៤-៨, ១៩-២៣) ទំនុកចំរៀងនេះចែងថា៖ «ពូជប៉ុន្មានរបស់អ្នកដែលធ្លាក់លើដីល្អ ប្រហែលជាពឹងទៅលើអ្នកមែន»។ តើតាមរបៀបណាដែលយើងអាចធ្វើឲ្យកិច្ចបំរើរបស់យើង មានប្រសិទ្ធិភាពចំរើនឡើងនោះ? របៀបមួយគឺដោយស្ថាបនាហើយរក្សានូវដំណើរចែកជូនទស្សនាវដ្ដី។
២ គោលបំណងខ្លះអាចសម្រេចបានតាមរយៈដំណើរចែកជូនទស្សនាវដ្ដី។ (១) ដោយត្រឡប់ទៅជួបគេជារឿយៗរៀងរាល់ខែ នោះអ្នកអាចស្ថាបនានូវទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ជាមួយនិងអ្នកនោះដែលចាប់អារម្មណ៍ហើយ។ (២) អ្នកធ្វើឲ្យគាត់ទទួលជាញឹកញយ នូវពត៌មានក្នុងទស្សនាវដ្ដីប៉មយាម ដែលអាចសង្គ្រោះជីវិតគាត់ (៣) តាមរយៈការសន្ទនាជាមួយនិងគាត់ នោះអ្នកអាចជួយគាត់បង្កើតឲ្យមានចិត្តចង់សង្វាតរកសេចក្ដីពិតពីបទគម្ពីរ ដែលអាចនាំឲ្យគាត់សិក្សាព្រះគម្ពីរ។—ពេត្រុសទី១ ២:២
៣ របៀបចាប់ផ្ដើមនូវដំណើរចែកជូនទស្សនាវដ្ដី: នៅពេលដែលបុគ្គលម្នាក់បង្ហាញនូវការចាប់អារម្មណ៍នឹងទស្សនាវដ្ដី ចូរពន្យល់ថាមានអត្ថបទដ៏អស្ចារ្យ ក្នុងទស្សនាវដ្ដីនេះជារៀងរាល់ដង ហើយថាអ្នកសប្បាយចិត្តនឹងជូនទស្សនាវដ្ដីឲ្យគាត់ជារៀងរាល់ខែ។ ក្រោយពីចេញទៅ ចូរកត់ឈ្មោះនិងអាស័យដ្ឋានរបស់បុគ្គលនោះ ថ្ងៃខែដែលបានជួបគាត់ និងថ្ងៃខែនៃទស្សនាវដ្ដីដែលគាត់បានទទួល ហើយអត្ថបទដែលបានបង្ហាញ និងចំណុចដែលជាពិសេសបានធ្វើឲ្យបុគ្គលនោះចាប់អារម្មណ៍។
៤ អ្នកអាចចាប់ផ្ដើមដំណើរចែកជូនទស្សនាវដ្ដី មានចំនួនអ្នកទទួលយ៉ាងតិចជាមុនសិន។ រួចមក ខំប្រឹងដើម្បីពង្រីកដំណើរចែកជូននេះ ដោយបន្ថែមអ្នកឯទៀតដែលបានទទួលទស្សនាវដ្ដី។ កាលដែលដំណើរចែកជូនរបស់អ្នកបានរីកចំរើនទៅ នោះអ្នកអាចរៀបចំចែកជូនតាមតំបន់ ដើម្បីឲ្យអ្នកអាចធ្វើដំណើរនេះបានយ៉ាងស្រួល។ ចូរកត់ទុកបញ្ជីឲ្យបានប្រយ័ត្នប្រយែង អំពីទស្សនាវដ្ដីណាដែលបានចែកជូនរាល់ដងហើយ និងនៅពេលណាផង។ ចូរកត់ចំណុចបន្ថែមអំពីការសន្ទនារបស់អ្នក ហើយអំពីរបៀបដែលអ្នកអាចបន្តចំរើននូវការចាប់អារម្មណ៍របស់គាត់ អំពីសេចក្ដីពិតនៅពេលមកលើកក្រោយ។
៥ រួមបញ្ចូលពួកអ្នកជំនួញនិងមនុស្សមានអាជីព: ការពិសោធន៍បានបង្ហាញថា ម្ចាស់ហាងនិងពួកមានអាជីពឯទៀត គឺប្រហែលជានឹងព្រមទទួលទស្សនាវដ្ដីរបស់យើងជារឿយៗ។ អ្នកចាស់ទុំម្នាក់មានចៅហ្វាយក្រុង ក្នុងដំណើរចែកជូនទស្សនាវដ្ដីរបស់គាត់។ អ្នកផ្សាយម្នាក់បានចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយនិងតាម្នាក់ ដែលមានអាយុ៨០ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុនលក់គ្រឿងសំណង់ ក្រោយពីបានជូនទស្សនាវដ្ដីឲ្យគាត់អស់រយៈពេលដប់ឆ្នាំមកហើយ!
៦ បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយបានចូលទៅក្នុងហាង ហើយបានជួបប្ដីប្រពន្ធដែលមិនបានរាក់ទាក់នឹងនាង។ ប៉ុន្តែ ដោយព្រោះគេទទួលយកទស្សនាវដ្ដី នោះនាងបានសម្រេចចិត្ត ចុះឈ្មោះប្ដីប្រពន្ធនេះក្នុងដំណើរចែកជូនទស្សនាវដ្ដីរបស់នាងដែរ។ ក្រោយមក បងស្រីនេះចង់ឈប់ជូនទស្សនាវដ្ដីទៅពួកគេទៀត ពីព្រោះគេមិនសូវរាក់ទាក់ ហើយមិនសូវនិយាយប៉ុន្មានទេ សូម្បីតែនៅពេលនាងបានសួរពីទស្សនៈរបស់គេក៏ដោយ។ ប៉ុន្តែបងស្រីនេះបានអធិស្ឋានអំពីរឿងនេះ ហើយនៅលើកក្រោយក៏បានប្រគល់ឲ្យសៀវភៅ រស់នៅជានិរន្តរ៍ ទៅពួកគេ។ ក្រោយពីបានអានហើយ នោះប្រពន្ធក៏ស្រែកថា៖ «ឥឡូវនេះ ខ្ញុំបានរកឃើញសេចក្ដីពិតហើយ»! គេក៏ចាប់ផ្ដើមសិក្សាព្រះគម្ពីរ ហើយក្រោយមក ប្ដីប្រពន្ធនោះក៏បានទទួលបុណ្យជ្រមុជទឹក។ ការខំប្រឹងតស៊ូរបស់អ្នកត្រួសត្រាយនេះបានលទ្ធផលយ៉ាងល្អមែន។
៧ ការត្រឡប់ទៅជួបវិញ: នៅពេលដែលអ្នកទទួលទស្សនាវដ្ដីថ្មី ចូរអានអត្ថបទទាំងអស់ចុះ។ ចូររកចំណុច ដែលនឹងចាប់អារម្មណ៍ម្នាក់ៗក្នុងដំណើរចែកជូនរបស់អ្នក។ រួចមក នៅពេលដែលអ្នកត្រឡប់ទៅជួបគេវិញ នោះអ្នកអាចនិយាយថា៖ «កាលដែលខ្ញុំបានអានអត្ថបទនេះ ខ្ញុំបានគិតអំពីអ្នក ថាប្រហែលជាអ្នកនឹងចាប់អារម្មណ៍នឹងចំណុចនេះដែរ»។ ពួកអ្នកផ្សាយមិនថាក្មេងឬចាស់ ក៏អាចមានដំណើរចែកជូនទស្សនាវដ្ដីបានដែរ។ សូម្បីតែកូនក្មេងម្នាក់ក៏អាចនិយាយថា៖ «ខ្ញុំសប្បាយចិត្តណាស់ដោយឃើញអ្នកម្ដងទៀត។ ទស្សនាវដ្ដីប៉មយាមថ្មីរបស់អ្នកបានមកដល់ហើយ។ ខ្ញុំគិតថាអ្នកនឹងចូលចិត្តអត្ថបទនេះ ដែលមានចំណងជើង . . . »។
៨ ចូរធ្វើយ៉ាងណាឲ្យគេរង់ចាំទទួលអត្ថបទជាបន្ទាប់ ដោយឲ្យគេមើលប្រអប់ដែលមានចំណងជើង«ក្នុងអត្ថបទជាបន្ទាប់របស់យើង»។ នៅពេលដែលអត្ថបទមួយមានជាលំដាប់តៗគ្នា ចូរប្រាប់ឲ្យគេដឹងផង ហើយលើកទឹកចិត្តអ្នកអានកុំឲ្យខានអានចំណែកណាមួយឲ្យសោះ។ កុំភ្លេចថា ពេលណាដែលអ្នកជូនទស្សនាវដ្ដីឲ្យបុគ្គលម្នាក់តាមដំណើរចែកជូនទស្សនាវដ្ដីរបស់អ្នក នោះអាចកត់ទុកជាការត្រឡប់ទៅជួបវិញដែរ។ ហើយអ្វីដ៏សំខាន់បំផុតនោះ ចូរចងចាំថាគោលដៅរបស់យើង គឺជាការធ្វើឲ្យបុគ្គលទាំងនេះក្លាយជាអ្នកសិក្សាព្រះគម្ពីរនៅឯផ្ទះ។
៩ ទៅជួបមនុស្សក្នុងដំណើរចែកជូនទស្សនាវដ្ដីរបស់អ្នក តាមកម្មវិធីជារឿយៗ: អ្នកអាចធ្វើដំណើរចែកជូនទស្សនាវដ្ដីរបស់អ្នក នៅពេលណាដែលមានប្រយោជន៍ គឺរវាងថ្ងៃច័ន្ទនិងថ្ងៃសៅរ៍ នៅពេលព្រឹក នៅថ្ងៃរសៀល ឬនៅពេលព្រលប់ក៏បាន ឬក៏នៅចុងសប្ដាហ៍ ក្រោយពីបានចំណាយពេលផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ ប្រសិនបើអ្នកមិនអាចធ្វើដំណើរចែកជូនទស្សនាវដ្ដី ដោយសារអ្នកឈឺឬទៅសំរាកវិស្សមកាលនោះ សូមសុំឲ្យអ្នកផ្សាយម្នាក់ទៀតក្នុងគ្រួសាររបស់អ្នក ឬក្នុងក្រុមជំនុំរបស់អ្នកឲ្យចែកជូនទស្សនាវដ្ដីជំនួសអ្នក។ តាមរបៀបនេះ ពួកអ្នកក្នុងដំណើរចែកជូនរបស់អ្នក នឹងមិនខានទទួលទស្សនាវដ្ដីរបស់គេទាន់ពេលណាឡើយ។
១០ របៀបមួយដើម្បីព្រោះពូជព្រះរាជាណាចក្រ គឺដោយជូនទស្សនាវដ្ដីប៉មយាមជារឿយៗ ដល់អស់អ្នកក្នុងដំណើរចែកជូនទស្សនាវដ្ដីរបស់អ្នក។ កាលដែលអ្នកបង្រៀនឲ្យគេសេចក្ដីពិតក្នុងព្រះគម្ពីរ នោះគេប្រហែលជានឹងយល់នូវបន្ទូលនោះពីព្រះរាជាណាចក្រ ហើយជាយថាហេតុគេនឹងបង្កើតផលដូចជាអ្នកដែរ។—ម៉ាថាយ ១៣:៨, ២៣