ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយខំរកអ្នកដែលព្រមទទួលទស្សនាវដ្ដីជាទៀងទាត់
ហេតុអ្វីសំខាន់?: មនុស្សជាច្រើនចូលចិត្តអានទស្សនាវដ្ដីរបស់យើង តែមិនព្រមរៀនគម្ពីរជាមួយនឹងយើងទេ។ ពួកគេប្រហែលជាស្កប់ចិត្តនឹងសាសនារបស់ខ្លួន ឬក៏ពួកគេគិតថាគ្មានពេលរៀនគម្ពីរឡើយ។ ប៉ុន្តែ កាលដែលពួកគេអានទស្សនាវដ្ដីរបស់យើង ពួកគេទំនងជាស្រេកឃ្លានចង់បានបណ្ដាំរបស់ព្រះ។ (១ពេ. ២:២) បន្ថែមទៀត អត្ថបទណាមួយក្នុងទស្សនាវដ្ដីអាចមានឥទ្ធិពលទៅលើចិត្តពួកគេ ឬក៏កាលៈទេសៈរបស់ពួកគេអាចផ្លាស់ប្ដូរ។ ជាញឹកញយ ពេលយើងត្រឡប់ទៅជួបពួកគេយ៉ាងខ្លី ពួកគេអាចមានអារម្មណ៍ស្រួលជាង ហើយយើងក៏អាចដឹងអំពីចំណាប់អារម្មណ៍និងកង្វល់របស់ពួកគេដែរ។ នៅទីបំផុត យើងប្រហែលជាចាប់ផ្ដើមបង្រៀនគម្ពីរពួកគេ។
របៀបអនុវត្ត:
• ជាញឹកញយ សូមឆ្លៀតពេលយកទស្សនាវដ្ដីប៉មយាមលេខថ្មីទៅឲ្យការត្រឡប់ទៅជួប។ អ្នកក៏អាចទៅជួបគាត់នៅពេលផ្សេងទៀតដែរ ដើម្បីជួយគាត់ឲ្យមានចិត្តចង់អានអត្ថបទមួយក្នុងទស្សនាវដ្ដីដែលអ្នកបានឲ្យ ឬដើម្បីស្នើផ្ដល់សៀវភៅផ្សេងសម្រាប់ខែនោះ។ សូមកត់ព័ត៌មានអំពីគាត់ឲ្យបានល្អ (សូមមើលកិច្ចបម្រើព្រះ ខែមករា ឆ្នាំ២០១៤ ទំ. ៣)។
• សូមរៀបចំឲ្យបានល្អពេលធ្វើការត្រឡប់ទៅជួប។ សូមព្យាយាមសន្ទនាជាមួយនឹងគាត់ ដើម្បីមានទំនាក់ទំនងល្អ ជាជាងគ្រាន់តែយកទស្សនាវដ្ដីទៅឲ្យគាត់ប៉ុណ្ណោះ។ បើអ្នកធ្វើដូច្នេះ គាត់ប្រហែលជាមានចំណាប់អារម្មណ៍ថែមទៀត។
• សូមស្វែងរកឱកាសដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ បើអ្នកដែលទទួលទស្សនាវដ្ដីរបស់យើងជាទៀងទាត់ សួរសំណួរដែលទាក់ទងនឹងគម្ពីរ សូមជូនសៀវភៅមួយដែលឆ្លើយនឹងសំណួរនោះ ហើយពិភាក្សាជាមួយនឹងគាត់។ មុនចាកចេញពីផ្ទះគាត់ សូមសួរសំណួរមួយដែលទាក់ទងនឹងប្រធានបទនោះ ហើយពិគ្រោះចម្លើយពេលទៅជួបគាត់នៅលើកក្រោយ។ បើអ្នកមានការសន្ទនាយ៉ាងខ្លីជាមួយគាត់ជាទៀងទាត់ដោយប្រើគម្ពីរ ឬសៀវភៅសិក្សាណាមួយរបស់អង្គការយើង នោះអ្នកកំពុងបង្រៀនគម្ពីរហើយ។ តើអ្នកបានស្នើផ្ដល់សៀវភៅស្តើងដំណឹងល្អ ហើយបង្ហាញយ៉ាងខ្លីអំពីរបៀបរៀនគម្ពីរឬទេ? តើអ្នកបានចាក់វីដេអូឲ្យគាត់មើលឬទេ ដូចជាហេតុអ្វីគួររៀនគម្ពីរ? និងតើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា? ទោះបីជាគាត់មិនធ្លាប់ចាប់អារម្មណ៍រៀនគម្ពីរក៏ដោយ តែកាលៈទេសៈអាចផ្លាស់ប្ដូរ។ បើអ្នកព្យាយាមម្ដងទៀតដើម្បីបង្រៀនគម្ពីរដល់គាត់ តើប្រហែលជាមានលទ្ធផលយ៉ាងណា?
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• សូមកត់ឈ្មោះអស់អ្នកដែលព្រមទទួលទស្សនាវដ្ដីជាទៀងទាត់។ សូមស្នើផ្ដល់ទស្សនាវដ្ដីមួយច្បាប់ ហើយប្រាប់គាត់ថាអ្នកនឹងយកលេខថ្មីមកជូនគាត់នៅពេលក្រោយ។