សេចក្ដីសម្រេចចិត្តរបស់យើង ដើម្បីធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ាខាងឯជីវិត
១ ផ្នែកសំខាន់នៃមហាសន្និបាត ដែលមានផ្ទៃរឿង«ផ្លូវរបស់ព្រះខាងឯជីវិត» គឺជាសេចក្ដីសម្រេចដែលបានត្រូវយល់ព្រមក្នុងការបញ្ចប់អធិប្បាយ។ ការអធិប្បាយនេះបានចាប់ផ្ដើម ដោយប្រកាសថា៖ «យើង . . . យល់ព្រមយ៉ាងអស់ពីចិត្តថា ផ្លូវរបស់ព្រះជាផ្លូវដ៏ប្រសើរបំផុតខាងឯជីវិត»។ អ្នកនៅចាំនូវគោលចំណុចនៃសេចក្ដីសម្រេចទេ ដែលយើងបានឆ្លើយថា «បាទ»!
២ គឺជាសេចក្ដីសម្រេចរបស់យើង ដើម្បីរក្សាឲ្យបានស្អាតស្អំចំពោះព្រះយេហូវ៉ា ដោយឥតមានប្រឡាក់ពីលោកីយ៍នេះ។ យើងនឹងបន្តទុកព្រះហឫទ័យរបស់ព្រះជាអទិភាព ក្នុងជីវិតរបស់យើង។ ដោយប្រើព្រះបន្ទូលរបស់ទ្រង់ គឺព្រះគម្ពីរ ដើម្បីណែនាំយើង នោះយើងនឹងមិនងាកចេញទៅខាងស្ដាំឬខាងឆ្វេង ដោយធ្វើដូចនេះ នោះបញ្ជាក់ថា ផ្លូវរបស់ព្រះ គឺខ្ពង់ខ្ពស់ឆ្ងាយជាងផ្លូវរបស់លោកីយ៍នេះ។
៣ មនុស្សទូទៅក្នុងលោកីយ៍បដិសេធចោលផ្លូវរបស់ព្រះខាងឯជីវិត ហើយក៏ទទួលផលវិបាក។ (យេរេមា ១០:២៣) ដូច្នេះយើងត្រូវតែបន្តឲ្យព្រះយេហូវ៉ាជាអ្នកបង្ហាត់ដ៏ឧត្តម បង្រៀនយើង ដែលទ្រង់មានបន្ទូលថា៖ «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ (អេសាយ ៣០:២១) ផ្លូវរបស់ព្រះយេហូវ៉ាខាងឯជីវិត ដូចបានកត់ទុកក្នុងបទគម្ពីរ គឺខ្ពង់ខ្ពស់ជាងគ្រប់វិធី។ ដើម្បីធ្វើតាមផ្លូវនោះ គឺជាការចាំបាច់ ដែលយើងត្រូវឆ្លៀតយកប្រយោជន៍ពីអ្វីៗទាំងអស់ ដែលព្រះយេហូវ៉ាបង្រៀនយើង។
៤ កម្មវិធីបង្រៀនដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា: ព្រះយេហូវ៉ាបង្រៀនយើងអំពីគោលបំណងពិតនៃជីវិត និងរបៀបដែលយើងប្រើជីវិតរបស់យើង ឲ្យបានប្រយោជន៍ជាទីបំផុត។ ទ្រង់បង្រៀនយើងនូវរបៀបឲ្យធ្វើបានប្រសើរដល់គុណភាពនៃជីវិតរបស់យើង ខាងឯគំនិត ខាងផ្លូវចិត្ត និងខាងវិញ្ញាណ។ ទ្រង់បង្រៀនយើងឲ្យចេះរស់នៅឲ្យបានសុខជាមួយនឹងបងប្អូនរបស់យើង គ្រួសាររបស់យើង និងមនុស្សគ្នីគ្នារបស់យើង។ ទ្រង់បង្រៀនយើងបែបនេះ ដោយប្រើសៀវភៅ ព្រះគម្ពីរ និងតាមរយៈអង្គការរបស់ទ្រង់។
៥ កិច្ចប្រជុំក្រុមជំនុំរបស់យើង គឺមានសារៈសំខាន់ណាស់ក្នុងករណីនេះ។ កាលដែលយើងមកជួបជុំគ្នាជារឿយៗ និងចូលរួមកិច្ចប្រជុំទាំងប្រាំ នោះយើងទទួលការបង្ហាត់ពេញលេញ ជាអ្នកបំរើនៃដំណឹងល្អ និងទទួលការបង្រៀនដែលមានតុល្យភាពល្អក្នុងជីវភាពជាគ្រីស្ទាន។ (ធីម៉ូថេទី២ ៣:១៦, ១៧) អ្នកបង្រៀនដ៏ឧត្តមរបស់យើង ក៏ផ្ដល់នូវការបង្រៀនថែមទៀត តាមរយៈសន្និបាតនិងមហាសន្និបាត។ គោលដៅរបស់យើងគឺកុំឲ្យខានទៅប្រជុំ ប្រសិនបើសុខភាពនិងកាលៈទេសៈរបស់យើង អនុញ្ញាតឲ្យយើងទៅបាននោះ។
៦ សូមឲ្យយើងខំប្រឹងយកចិត្តទុកដាក់ ក្នុងការបន្តធ្វើតាមផ្លូវរបស់ព្រះខាងឯជីវិតក្នុងគ្រាខាងមុខ ដើម្បីឲ្យបានជាសេចក្ដីសរសើរដល់ព្រះយេហូវ៉ា និងដល់ផលប្រយោជន៍ដ៏អស់កល្បជានិច្ចរបស់យើង!—អេសាយ ៤៨:១៧