សាលាកិច្ចបំរើព្រះធិបតេយ្យសំរាប់ឆ្នាំ២០០០
១ សាលាកិច្ចបំរើព្រះធិបតេយ្យ បានទៅជាពរដ៏ប្រសើរចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា។ ក្នុងរយៈពេល៥០ឆ្នាំកន្លងទៅនេះ សាលានោះបានជួយរាប់លានអ្នកបណ្ដុះបណ្ដាលឲ្យមានសមត្ថភាពជាអ្នកថ្លែងសាធារណៈនិងជាគ្រូបង្រៀនពីសេចក្ដីពិតព្រះគម្ពីរ។ (ទំនុកដំកើង ១៤៥:១០-១២; ម៉ាថាយ ២៨:១៩, ២០) តើអ្នកអាចឃើញរបៀបដែលសាលានេះបានជួយអ្នកទេ? សាលានេះអាចបន្តធ្វើអ៊ីចឹងក្នុងកំឡុងឆ្នាំ២០០០ បើសិនជាអ្នករួមចំណែកពេញលេញហើយយកទៅអនុវត្តយោបល់ដែលត្រូវជូននោះ។
២ ការណែនាំអំពីសុន្ទរកថាហើយប្រកាសនវត្ថុដែលនឹងត្រូវប្រើនោះ ត្រូវធ្វើជាតារាងនៅទំព័រទីមួយនៃតារាងសាលាសំរាប់ឆ្នាំ២០០០។ ពេលកំណត់សំរាប់ផ្នែកនិមួយៗ ប្រភពពត៌មាន របៀបពត៌មាននោះត្រូវយកទៅប្រើ ហើយពត៌មានល្អិតល្អន់ផ្សេងទៀតត្រូវរៀបរាប់ទីនោះ។ សូមឆ្លៀតពេលដើម្បីអានយ៉ាងយកចិត្តទុកដាក់នូវការណែនាំនោះហើយយកទៅអនុវត្ត។
៣ ការអានព្រះគម្ពីរប្រចាំសប្ដាហ៍: តារាងសាលាមានកម្មវិធីពីរផ្សេងគ្នាសំរាប់ការអានព្រះគម្ពីរប្រចាំសប្ដាហ៍។ កម្មវិធីមួយគឺជាកម្មវិធីធម្មតាដែលរួមបញ្ចូលប្រមាណប្រាំទំព័រនៃព្រះគម្ពីរ។ ការអធិប្បាយគោលសំខាន់នៃព្រះគម្ពីរមានមូលដ្ឋានពីលើអំនាននេះ។ កម្មវិធីមួយទៀតនោះ គឺជាអំនានបន្ថែមដែលរួមបញ្ចូលពត៌មានច្រើនជាងមួយជាពីរ។ ដោយកាន់តាមកម្មវិធីនេះ អ្នកនឹងអាចអានព្រះគម្ពីរទាំងមូលក្នុងរយៈពេលបីឆ្នាំ។ ច្បាស់ហើយ អ្នកខ្លះប្រហែលជាចង់អានច្រើនជាងអ្វីដែលត្រូវកំណត់ក្នុងកម្មវិធីបន្ថែមនោះ ហើយអ្នកដទៃប្រហែលជាមិនអាចអានទាន់។ ចូរអបអរនឹងអ្វីដែលអ្នកអាចសម្រេចបាន ជាជាងប្រៀបធៀបខ្លួននឹងអ្នកដទៃ។ (កាឡាទី ៦:៤) អ្វីសំខាន់បំផុតគឺថា អានព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ។—ទំនុកដំកើង ១:១-៣
៤ ដើម្បីចុះឈ្មោះក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ អ្នកគួរនិយាយជាមួយអ្នកត្រួតពិនិត្យសាលា។ សូមរាប់ទុកសុន្ទរកថារបស់អ្នកជាអ្វីដ៏សំខាន់ ហើយកុំខានធ្វើសោះ។ យល់តម្លៃនៃសាលាជាសំវិធានការពីព្រះយេហូវ៉ា។ រៀបចំល្អ ចេះដឹងពត៌មានដែលត្រូវកំណត់ឲ្យធ្វើនោះ ហើយថ្លែងចេញពីដួងចិត្ត ហើយដូច្នោះទទួលប្រយោជន៍បានពេញលេញពីសាលាដ៏ពិសេសនេះ។