តើអ្នកជាអ្នកប្រកាសពីព្រះរាជាណាចក្រជាទៀងទាត់ទេ?
១ យើងទាំងអស់គ្នាបានសប្បាយចិត្តពេលឮថា នៅសហរដ្ឋអាមេរិកបានជឿនដល់ចំនួនអ្នកផ្សាយច្រើនបំផុតជា១.០៤០.២៨៣នាក់ក្នុងខែសីហា ឆ្នាំ១៩៩៨។ នេះពិតជាលទ្ធផលពីការខ្នះខ្នែង និងការតាំងចិត្តពីអ្នកផ្សាយរួមកម្លាំងទាំងអស់គ្នា! តាមមើលទៅ ក្នុងកំឡុងប៉ុន្មានខែជាបន្ទាប់នោះ អ្នកផ្សាយខ្លះបានមានការពិបាកក្នុងការធ្វើជាអ្នកប្រកាសពីព្រះរាជាណាចក្រជាទៀងទាត់ ពីព្រោះតាំងពីនោះមកចំនួនអ្នកផ្សាយជាមធ្យមប្រចាំខែគឺប្រមាណ៩៤០.០០០នាក់។ នេះបញ្ជាក់ថា ចំនួនអ្នកផ្សាយម្នាក់ក្នុង១២នាក់ មិនដែលរៀបចំរួមចំណែកក្នុងកិច្ចបំរើជារៀងរាល់ខែទេ។ យើងជឿថា ការលើកទឹកចិត្តតាមរបៀបជាបន្តបន្ទាប់នេះអាចជួយដោះស្រាយបញ្ហានេះ។
២ ចូរអបអរនូវឯកសិទ្ធិនេះ: យើងគួរអបអរយ៉ាងខ្លាំងចំពោះឯកសិទ្ធិរបស់យើង ដើម្បីប្រាប់ដំណឹងល្អអំពីព្រះរាជាណាចក្រដល់អ្នកឯទៀត។ កិច្ចការនេះធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យសប្បាយ ហើយជួយអ្នកដែលមានចិត្តស្មោះរៀនអំពីផ្លូវដែលនាំទៅដល់ជីវិត។ (សុភាសិត ២៧:១១; ធីម៉ូថេទី១ ៤:១៦) ការផ្សព្វផ្សាយជាទៀងទាត់នោះ ចំរើននូវបទពិសោធន៍របស់យើងក្នុងកិច្ចបំរើ ហើយមានលទ្ធផលជាអំណរដោយមានអារម្មណ៍ថាខ្លួនបានសម្រេចនូវភារកិច្ច។
៣ ចូររាយការណ៍ពីសកម្មភាព: អ្នកខ្លះដែលចូលរួមកិច្ចបំរើផ្សាយ ក៏មិនបានរាយការណ៍ពីសកម្មភាពរបស់គេទាន់ពេលទេ។ យើងមិនគួរមានអារម្មណ៍ថាការខិតខំរបស់យើងគឺមិនគួរនឹងរាយការណ៍ទេ។ (ប្រៀបមើល ម៉ាកុស ១២:៤១-៤៤) យើងគួររាយការណ៍ពីកិច្ចការដែលយើងបានធ្វើទៅនោះ! បើសិនជាយើងមានរបៀបមួយនៅឯផ្ទះដើម្បីកត់ត្រាចំនួនម៉ោងដែលបានត្រូវចំណាយក្នុងកិច្ចបំរើ ដូចជាការប្រើប្រក្រតិទិន នោះនឹងជួយរំឭកយើងឲ្យរាយការណ៍យ៉ាងត្រឹមត្រូវនិងភ្លាមៗនៅរៀងរាល់ចុងខែ។
៤ ផ្ដល់ឲ្យជំនួយដែលគេត្រូវការ: ការរៀបចំតាមតំបន់ប្រហែលជាត្រូវរៀបឲ្យបានប្រសើរឡើង ដើម្បីជួយអ្នកដែលត្រូវការជំនួយអាចចូលរួមកិច្ចបំរើជាទៀងទាត់នោះ។ លេខាធិការក្រុមជំនុំនិងអ្នកដឹកនាំការសិក្សាតាមក្រុម គួររៀបចំឲ្យអ្នកផ្សាយដែលមានបទពិសោធន៍ ជួយដល់អ្នកឯទៀត។ បើសិនជាអ្នកមានកូនឬក៏អ្នកសិក្សាជាមួយអ្នកផ្សាយមិនទាន់ជ្រមុជទឹក ចូរបង្រៀនគេឲ្យរាយការណ៍ពីសកម្មភាពរបស់គេ ជារៀងរាល់ខែ។
៥ ចូរនឹកចាំពីដំណើររឿងនៃជីវិត ដែលមានចំណងជើងថា៖«អំណរគុណដោយមានជីវិតយូរអង្វែងក្នុងការបំរើព្រះយេហូវ៉ា» ដែលត្រូវបានបោះពុម្ពក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៧ (ភាសាអង់គ្លេស)។ បងស្រីម្នាក់ឈ្មោះ អូធីលី មីដឡេន ពីប្រទេសន័រវ៉ែស្ស បានទៅជាអ្នកផ្សាយដែលផ្សាយយ៉ាងទៀងទាត់ មុនពេលគាត់បានទទួលបុណ្យជ្រមុជទឹកនៅឆ្នាំ១៩២១។ ចិតសិបឆ្នាំក្រោយមក ពេលគាត់មានអាយុ៩៩ឆ្នាំ គាត់បានមានប្រសាសន៍ថា៖«ខ្ញុំត្រេកអរណាស់ ដែលខ្ញុំនៅមានលទ្ធភាពធ្វើជាអ្នកផ្សាយយ៉ាងទៀងទាត់នោះ»។ នេះជាអាកប្បកិរិយាប្រសើរយ៉ាងណាហ្ន៎ ដែលអ្នកបំរើគ្រប់ៗរូបរបស់ព្រះយេហូវ៉ាគួរត្រាប់តាម!