តើអ្នកជួយធ្វើឲ្យមានសេចក្ដីរាយការណ៍ដ៏ត្រឹមត្រូវទេ?
១ កំណត់ហេតុជាច្រើនក្នុងព្រះគម្ពីរបានរៀបរាប់ពីចំនួនយ៉ាងជាក់លាក់ ដើម្បីជួយយើងយល់ច្បាស់អំពីអ្វីដែលបានកើតឡើង។ ជាឧទាហរណ៍ គេឌានបានឈ្នះលើពលទ័ពសាសន៍ម៉ាឌាន ដោយមានទាហានតែ៣០០នាក់ប៉ុណ្ណោះ។ (ចៅ. ៧:៧) ទេវតារបស់ព្រះយេហូវ៉ាបានសម្លាប់ទ័ពសាសន៍អាសស៊ើរអស់១៨៥.០០០នាក់។ (២ពង្ស. ១៩:៣៥) នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. ប្រមាណ៣.០០០នាក់បានទទួលបុណ្យជ្រមុជទឹក ហើយមិនយូរប៉ុន្មានទៀត ចំនួនពួកអ្នកជឿបានកើនឡើងដល់៥.០០០នាក់។ (កិច្ច. ២:៤១; ៤:៤) កំណត់ហេតុទាំងនេះបង្ហាញយ៉ាងច្បាស់ថា ពួកអ្នកបំរើព្រះពីសម័យបុរាណនោះ បានខំរៀបចំរបាយការណ៍ឲ្យបានល្អត្រឹមត្រូវហើយល្អិតល្អន់ទៀតផង។
២ អង្គការរបស់ព្រះយេហូវ៉ាសព្វថ្ងៃក៏បង្គាប់ឲ្យយើងរាយការណ៍ពីសកម្មភាពប្រចាំខែរបស់យើងក្នុងកិច្ចបំរើផ្សាយដែរ។ បើយើងខំធ្វើតាមការរៀបចំនេះយ៉ាងស្មោះស្ម័គ្រ នោះអាចជួយបងប្អូនដែលជាអ្នកត្រួតពិនិត្យកិច្ចការផ្សព្វផ្សាយបំពេញមុខនាទីរបស់គាត់បានយ៉ាងល្អ។ របាយការណ៍នានាអាចបង្ហាញនូវលក្ខណៈនៃកិច្ចបំរើផ្សាយដែលគួរនឹងយកចិត្តទុកដាក់ថែមទៀត ឬអាចបញ្ជាក់ពីតំបន់ណាដែលត្រូវការអ្នកផ្សាយច្រើនជាង។ ក្នុងក្រុមជំនុំយើង សេចក្ដីរាយការណ៍ពីកិច្ចបំរើផ្សាយអាចជួយពួកអ្នកចាស់ទុំសម្គាល់បងប្អូនដែលមានសមត្ថភាពអាចពង្រីកកិច្ចបំរើផ្សាយរបស់ពួកគេ ហើយក៏អាចសម្គាល់ពួកអ្នកដែលត្រូវការជំនួយដែរ។ សេចក្ដីរាយការណ៍ពីការរីកចំរើននៃកិច្ចការផ្សាយព្រះរាជាណាចក្រក៏ជាទីលើកទឹកចិត្តសំរាប់យើងទាំងឡាយក្នុងភាតរភាពគ្រីស្ទាននេះដែរ។ តើអ្នកបំពេញមុខនាទីរបស់អ្នក ដើម្បីឲ្យបានរបាយការណ៍ដ៏ត្រឹមត្រូវឬទេ?
៣ ជាភារកិច្ចរបស់អ្នកផ្ទាល់: នៅចុងខែ តើអ្នកពិបាកចាំនូវអ្វីដែលអ្នកបានសម្រេចក្នុងកិច្ចបំរើផ្សាយឬ? បើដូច្នេះមែន ជារៀងរាល់ដងពេលអ្នករួមចំណែកក្នុងកិច្ចបំរើផ្សាយនោះ ចូរកត់ទុកជាទៀងទាត់នូវអ្វីដែលអ្នកបានសម្រេច។ បងប្អូនខ្លះសរសេរលើប្រក្រតិទិន ឬក្នុងសៀវភៅកំណត់ប្រចាំថ្ងៃ។ បងប្អូនឯទៀតតែងមានប័ណ្ណរាយការណ៍ពីកិច្ចបំរើផ្សាយនៅជាប់នឹងខ្លួន។ នៅដំណាច់ខែនិមួយៗ សូមជូនសេចក្ដីរាយការណ៍ដល់អ្នកត្រួតពិនិត្យក្រុមសិក្សារបស់អ្នកភ្លាមៗ ឬបើអ្នកចង់ដាក់សេចក្ដីរាយការណ៍ក្នុងប្រអប់សំរាប់របាយការណ៍នៅសាលព្រះរាជាណាចក្រក៏បានដែរ។ បើអ្នកភ្លេចជូនឬដាក់សេចក្ដីរាយការណ៍របស់អ្នក សូមទៅជួបអ្នកត្រួតពិនិត្យក្រុមសិក្សារបស់អ្នក ជាជាងរង់ចាំឲ្យគាត់មកជួបអ្នក។ ការរាយការណ៍នូវសកម្មភាពផ្សាយរបស់អ្នកដោយយកចិត្តទុកដាក់នោះ បានបង្ហាញនូវការគោរពចំពោះការរៀបចំរបស់ព្រះយេហូវ៉ា ព្រមទាំងបង្ហាញនូវសេចក្ដីស្រឡាញ់និងការយោគយល់ចំពោះបងប្អូនប្រុសៗដែលមានភារកិច្ចប្រមូលនិងសរុបរបាយការណ៍ទាំងនោះដែរ។—លូ. ១៦:១០
៤ មុខនាទីរបស់អ្នកត្រួតពិនិត្យក្រុមសិក្សា: អ្នកត្រួតពិនិត្យក្រុមសិក្សាជាអ្នកគង្វាលដែលចេះយកចិត្តទុកដាក់និងក៏ចេះសង្កេតមើលផងដែរ នោះគាត់នឹងចាប់អារម្មណ៍ចំពោះសកម្មភាពរបស់បងប្អូនដែលមាននៅក្រុមរបស់គាត់ក្នុងខែនិមួយៗ។ (សុ. ២៧:២៣) អ្នកត្រួតពិនិត្យក្រុមសិក្សាដឹងថា តើបងប្អូនផ្សាយម្នាក់ៗកំពុងតែរួមចំណែកក្នុងកិច្ចបំរើផ្សាយដោយចិត្តសប្បាយ ទៀងទាត់ ហើយដោយមានបំណងចិត្តឬក៏អត់។ គាត់ក៏ប្រញាប់ចង់ជួយបងប្អូនណាដែលខានផ្សព្វផ្សាយអស់រយៈពេលមួយខែហើយ។ តាមធម្មតា អ្នកត្រួតពិនិត្យក្រុមសិក្សាអាចជួយបងប្អូនដោយលើកទឹកចិត្តគាត់ ឬជូនយោបល់ខ្លះៗ ឬក៏អញ្ជើញអ្នកនោះឲ្យទៅផ្សព្វផ្សាយជាមួយគាត់ក៏បាន។
៥ នៅដំណាច់ខែ អ្នកត្រួតពិនិត្យក្រុមសិក្សានឹងឆែកមើលថា តើបងប្អូនទាំងឡាយក្នុងក្រុមរបស់គាត់បានបំពេញមុខនាទីដោយរាយការណ៍ពីសកម្មភាពផ្សាយរបស់គេរៀងៗខ្លួនហើយឬនៅ? ដើម្បីឲ្យលេខាក្រុមជំនុំអាចផ្ញើសេចក្ដីរាយការណ៍ដ៏ច្បាស់ហើយត្រឹមត្រូវនៃក្រុមជំនុំទៅការិយាល័យសាខាមុនថ្ងៃទីប្រាំមួយក្នុងខែក្រោយ។ ជិតដល់ពេលដាច់ខែនិមួយៗ អ្នកត្រួតពិនិត្យក្រុមសិក្សាអាចជួយរំឭកបងប្អូនក្នុងក្រុមគាត់ ហើយគួរមានប័ណ្ណរាយការណ៍ពីកិច្ចបំរើផ្សាយនៅកន្លែងសិក្សានោះ។ បើបងប្អូនណាចេះតែភ្លេចរាយការណ៍ពីសកម្មភាពរបស់ខ្លួន អ្នកត្រួតពិនិត្យក្រុមសិក្សាអាចជួយរំឭកនិងលើកទឹកចិត្តបងប្អូននោះដើម្បីកុំឲ្យភ្លេច។
៦ ការដាក់សេចក្ដីរាយការណ៍ពីកិច្ចបំរើផ្សាយរបស់យើងយ៉ាងឆាប់នោះ អាចជួយឲ្យមានរបាយការណ៍មួយដែលបង្ហាញយ៉ាងត្រឹមត្រូវ ពីអ្វីដែលបានត្រូវសម្រេចក្នុងកិច្ចបំរើផ្សាយរបស់យើង។ តើអ្នកបំពេញមុខនាទីនេះដោយរាយការណ៍យ៉ាងឆាប់អំពីសកម្មភាពប្រចាំខែរបស់អ្នកឬទេ?