ចូរសរសើរដំកើងព្រះយេហូវ៉ាដោយការប្រព្រឹត្តដ៏ល្អ
១ បើសិនជាអ្នកកំពុងតែធ្វើដំណើរ ហើយភ្លាមនោះមានខ្យល់ព្យុះមក។ អ្នកនឹងសប្បាយចិត្តណាស់ហ្ន៎! បើសិនជាអ្នករកឃើញនូវកន្លែងមួយដើម្បីជ្រកកោន។ បើសិនជាក្នុងជំរកនោះ គឺមានភាពកក់ក្ដៅនិងមានសុវត្ថិភាព ហើយបើសិនជាអ្នកដែលស្នាក់នៅទីនោះទទួលអ្នកយ៉ាងរាក់ទាក់ អ្នកក៏នឹងសប្បាយចិត្តនៅកន្លែងនោះតទៅទៀត។ កិច្ចផ្សព្វផ្សាយអំពីព្រះរាជាណាចក្រក៏នាំមនុស្សទៅដល់ទីជ្រកកោនបែបនោះដែរ ដើម្បីការពារពីរបបលោកីយ៍របស់សាតាំង។ តើរបៀបដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃអាចជួយទាក់ទាញចិត្តរបស់អ្នកឯទៀតឲ្យឃើញថា ទីជ្រកកោននេះប្រកបទៅដោយសុវត្ថិភាពឬទេ? នេះអាចធ្វើបានអ៊ីចឹងមែន ពីព្រោះព្រះយេស៊ូបានមានបន្ទូលថា មនុស្សនឹង‹ឃើញការល្អ ដែលយើងរាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌›។—ម៉ាថាយ ៥:១៦
២ តើយើងអាចប្រព្រឹត្តយ៉ាងណាទៅ ដើម្បីឲ្យចរិយារបស់យើងទាក់ទាញចិត្តរបស់អ្នកឯទៀតឲ្យចូលមកជិតនឹងព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់នោះ? យើងអាចធ្វើដូចនោះ ដោយឲ្យជីវិតយើងទទួលឥទ្ធិពលជារៀងរាល់ថ្ងៃពីបន្ទូលរបស់ព្រះយេស៊ូនៅលូកា ៦:៣១; និងលូកា ១០:២៧។ បន្ទូលនេះនឹងជួយជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ទៅលើមនុស្សដទៃ ហើយការប្រព្រឹត្តបែបនេះនឹងបញ្ជាក់ថា យើងជាមនុស្សខុសប្លែកពីលោកីយ៍ដ៏គ្មានភាពកក់ក្ដៅនេះនិងមិនចេះយកចិត្តទុកដាក់ឡើយ។
៣ បងស្រីម្នាក់កំពុងតែជិះស្រឡាងឆ្លងសមុទ្រ ហើយឃើញថាមានស្ត្រីវ័យក្មេងម្នាក់ដែលកំពុងតែពុលរលកខ្លាំងដល់ម្ល៉េះ បានជាគាត់មិនអាចមើលថែកូនតូចរបស់ខ្លួនបានទេ។ បងស្រីនោះបានសូមជួយមើលកូនរបស់គាត់។ ពេលស្ត្រីនោះបានសួរអំពីរបៀបដែលគាត់អាចបង្ហាញពីអំណរគុណរបស់គាត់ នោះបងស្រីយើងបានតបឆ្លើយថា៖‹សូមស្ដាប់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា ពេលគេមកលេងអ្នកលើកក្រោយ›។ ស្ត្រីនោះបានធ្វើដូចនោះមែន ហើយឥឡូវគាត់និងប្ដីរបស់គាត់គឺជាស្មរបន្ទាល់ដែរ។ ការប្រព្រឹត្តដ៏ល្អបានមានឥទ្ធិពលទៅលើរបៀបដែលអ្នកទាំងពីរនោះបានទទួលយល់ព្រមនឹងដំណឹងអំពីព្រះរាជាណាចក្រ។
៤ នេះក៏រួមបញ្ចូលគ្រប់ផ្នែកនៃជីវិតរបស់យើង: ចរិយារបស់យើងក្នុងសហគមន៍ នៅឯកន្លែងធ្វើការឬក៏នៅឯសាលារៀន និងពេលដែលយើងកំពុងតែដើរលេងកំសាន្ត នោះនាំឲ្យអ្នកដទៃបង្កើតឲ្យមានទស្សនៈមួយចំពោះយើងនិងសាសនារបស់យើងដែរ។ ដូច្នេះ យើងគួរសួរខ្លួនថា៖‹តើអ្នកដទៃគិតយ៉ាងណាអំពីខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំ? តើអ្នកជិតខាងគិតថា ផ្ទះនិងទីធ្លាខាងមុខនិងខាងក្រោយនៃផ្ទះរបស់ខ្ញុំ គឺស្អាតហើយត្រូវថែទាំយ៉ាងល្អទេ? តើអ្នករួមធ្វើការជាមួយយើងនិងមិត្តរួមថ្នាក់របស់យើង ចាត់ទុកយើងជាមនុស្សដែលមកទៀងពេលនិងចេះព្យាយាមទេ? តើអ្នកឯទៀតនឹងគិតថា អាការក្រៅរបស់យើងគឺសមរម្យនិងបង្ហាញការគោរពឬទេ? ការប្រព្រឹត្តដ៏ល្អរបស់យើងអាចធ្វើឲ្យការថ្វាយបង្គំព្រះយេហូវ៉ាទៅជាអ្វីដែលទាក់ទាញចិត្តអ្នកដទៃកាន់តែខ្លាំងឡើងៗ។
៥ ពេត្រុសបានព្រមានថា គ្រីស្ទានទាំងឡាយនឹងត្រូវគេចំអកមើលងាយ។ (ពេត្រុសទី១ ៤:៤) យើងត្រូវធ្វើយ៉ាងណាឲ្យប្រាកដថា ចរិយារបស់យើងមិនមែនជាដើមហេតុដែលនាំឲ្យមនុស្សនិយាយអាក្រក់អំពីគ្រីស្ទានទាំងឡាយ។ (ពេត្រុសទី១ ២:១២) បើសិនជារបៀបដែលយើងប្រព្រឹត្តជារៀងរាល់ថ្ងៃក៏សរសើរដំកើងព្រះដែលយើងថ្វាយបង្គំ នោះយើងនឹងប្រៀបដូចជាចង្កៀងដែលត្រូវកាន់ឲ្យខ្ពស់ដើម្បីបំភ្លឺបានឆ្ងាយ និងហៅអ្នកឯទៀតមកចូលក្នុងទីជំរកដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យផង។—ម៉ាថាយ ៥:១៤-១៦