ពាក្យដ៏ស្រួលយល់មានប្រសិទ្ធិភាពច្រើនបំផុត
១ ហេតុអ្វីបានជាក្មេងៗដែលជាអ្នកផ្សាយ អាចធ្វើឲ្យចាប់អារម្មណ៍របស់អ្នកដែលគេផ្សាយដំណឹងព្រះរាជាណាចក្រទៅដល់នោះម្ល៉េះ? ហេតុមួយគឺថា ក្មេងៗប្រើពាក្យដ៏ស្រួលយល់។ អ្នកផ្សាយខ្លះប្រហែលជានឹកស្មានថា ប្រសិទ្ធិភាពក្នុងកិច្ចផ្សាយ អាស្រ័យទៅលើការប៉ិនវោហារ។ ក៏ប៉ុន្តែ បទពិសោធន៍ផ្សេងៗបញ្ជាក់ថា សំដីដ៏ស្រួលយល់និងច្បាស់លាស់ គឺប្រកបទៅដោយប្រសិទ្ធិភាពច្រើនបំផុត។
២ ព្រះយេស៊ូបានប្រកាសអំពីព្រះរាជាណាចក្ររបស់ព្រះ ដោយមានបន្ទូលដ៏ស្រួលយល់និងចំៗ ថែមទាំងបានបង្រៀនសិស្សរបស់ទ្រង់ឲ្យធ្វើដូច្នេះដែរ។ (ម៉ាថាយ ៤:១៧; ១០:៥-៧; លូកា ១០:១,៩) ទ្រង់បានប្រើបន្ទូលផ្ដើម ដោយសំនួរ និងអំពីរឿងប្រៀបប្រដូចដ៏មិនស្មុគស្មាញ ដើម្បីចាប់អារម្មណ៍អ្នកស្ដាប់ ថែមទាំងមានឥទ្ធិពលទៅលើចិត្តរបស់គេ។ (យ៉ូហាន ៤:៧-១៤) យើងនឹងទទួលប្រយោជន៍ជាច្រើនដោយធ្វើតម្រាប់តាមគំរូរបស់ទ្រង់ និងផ្សព្វផ្សាយដោយប្រើសំដីដ៏ស្រួលយល់។
៣ «ដំណឹងល្អនេះ ដែលសំដែងពីនគរ» គឺជាសារដែលយើងត្រូវប្រកាសប្រាប់។ (ម៉ាថាយ ២៤:១៤) បើសិនជាអ្នកទុកឲ្យសារអំពីព្រះរាជាណាចក្រជាសាច់រឿងដែលអ្នកត្រូវផ្សាយនោះ នេះនឹងជួយអ្នករក្សាទុកពាក្យសំដីរបស់អ្នកឲ្យស្រួលយល់។ ចូរនិយាយអំពីរឿងដែលមានសារៈសំខាន់ចំពោះពួកអ្នកដែលស្ដាប់អ្នក។ ពួកស្ត្រីច្រើនតែចាប់អារម្មណ៍ទៅលើក្រុមគ្រួសាររបស់គេ ច្រើនជាងរឿងនយោបាយ។ រឿងដែលបិតាម្នាក់នឹងចាប់អារម្មណ៍ជាងគេ គឺជាការងារធ្វើ និងសុវត្ថិភាពរបស់ក្រុមគ្រួសារគាត់។ យុវជនក៏ចាប់អារម្មណ៍ទៅលើអនាគតរបស់គេ មនុស្សដែលមានវ័យចំណាស់បន្ដិច គឺចាប់អារម្មណ៍ទៅលើរឿងមានសុខភាពដ៏ល្អជាង និងសន្ដិសុខផ្ទាល់ខ្លួន។ តាមធម្មតា មនុស្សចាប់អារម្មណ៍ទៅលើព្រឹត្ដិការណ៍តាមតំបន់របស់គេ ជាជាងទៅលើព្រឹត្ដិការណ៍នៅប្រទេសឆ្ងាយៗ។ ក្រោយពីអ្នកសន្ទនាអំពីរឿងដែលជាទីខ្វល់ខ្វាយរបស់គេ នោះនិយាយអំពីពររបស់មនុស្សជាតិដែលស្ដាប់បង្គាប់នឹងទទួលតាមរយៈព្រះរាជាណាចក្ររបស់ព្រះ។ សំដីដ៏ល្អខ្លះៗ និងស្រួលយល់ រួមទាំងបទគម្ពីរមួយ គឺជាវិធីដ៏ល្អបំផុតដើម្បីបណ្ដុះចំណាប់អារម្មណ៍របស់អ្នកស្ដាប់។
៤ ប្រហែលជាអ្នកអាចផ្ដើមការសន្ទនាដោយនិយាយថា:
▪ «អ្នកច្បាស់ជានឹងយល់ព្រមថា មនុស្សជាតិកំពុងតែញាំញីដោយជម្ងឺជាច្រើនដែលគ្មានអ្នកណាអាចព្យាបាលបាន។ ក៏ប៉ុន្តែ តើអ្នកដឹងទេ ព្រះបានសន្យាថា បន្ដិចទៀតទ្រង់នឹងបំបាត់ចោលនូវជម្ងឺសព្វបែបយ៉ាង ព្រមទាំងសេចក្ដីស្លាប់ផងដែរ?»។ ចាំឲ្យគេឆ្លើយ ក្រោយនោះអានវិវរណៈ ២១:៣,៤។
៥ ដោយផ្សព្វផ្សាយប្រើពាក្យសំដីដ៏ច្បាស់ៗនិងស្រួលយល់ សូមឲ្យអ្នកមានអានុភាពទៅលើចិត្តនិងគំនិតរបស់មនុស្សច្រើនទៀតក្នុងតំបន់ផ្សាយរបស់អ្នក ទាំងជួយគេរៀនអំពីព្រះយេហូវ៉ានិងសេចក្ដីសង្ឃឹមចំពោះជីវិតជារៀងរហូត។—យ៉ូហាន ១៧:៣