កម្មវិធីថ្មីសំរាប់ថ្ងៃសន្និបាតពិសេស
ប្រធាននៃថ្ងៃសន្និបាតពិសេសសំរាប់ឆ្នាំកិច្ចបំរើថ្មី មានមូលដ្ឋានដ៏រឹងមាំទៅលើព្រះគម្ពីរ។ ប្រធានគឺជា‹ចុះចូលនឹងព្រះ ហើយប្រឆាំងអារក្សវិញ›។ (យ៉ាកុប ៤:៧) នេះគឺជាការណែនាំដ៏ល្អមែនហ្ន៎! សំរាប់គ្រាដ៏ពិបាកនេះ! ដោយសារយើងស្ដាប់បង្គាប់របស់ព្រះ នោះនាំឲ្យយើងប្រទះនឹងការប្រឆាំងដ៏ចំៗពីអារក្សសាតាំង។ កម្មវិធីនេះនឹងបង្រៀនយើងនូវរបៀបឈរឲ្យមាំមួន ទាំងប្រឆាំងនឹងផែនការរបស់អារក្សដែលបំផ្លិចបំផ្លាញជំនឿ។ តើយើងនឹងទទួលរតនៈទ្រព្យខាងវិញ្ញាណអ្វីខ្លះនៅសន្និបាតនេះ?
អ្នកត្រួតពិនិត្យតាមមណ្ឌលនឹងបង្ហាញយើងរបៀប«ការចុះចូលនឹងព្រះក្នុងក្រុមគ្រួសារ»អាចពង្រឹងក្រុមគ្រួសារទាំងឡាយឲ្យស៊ូទ្រាំនឹងការបង្ខិតបង្ខំពីលោកីយ៍នេះ។ សុន្ទរកថាទីមួយក្នុងថ្ងៃនោះរបស់អ្នកថ្លែងដែលជាភ្ញៀវគឺមានចំណងជើងថា«អត្ថន័យនៃការប្រឆាំងអារក្ស»ហើយនឹងពន្យល់ពីមូលហេតុនិងរបៀបដែលយើងត្រូវចាត់វិធានការដើម្បីតទល់នឹងការខិតខំរបស់សាតាំងដើម្បីកំទេចភាពខាងវិញ្ញាណរបស់យើង។ មានសុន្ទរកថាពីរទៀតដែលត្រូវរៀបចំសំរាប់យុវជន ដែលត្រូវតែប្រុងប្រយ័ត្ននឹងល្បិចរបស់អារក្ស។ គ្រីស្ទានជាច្រើនដែលឥឡូវគឺជាមនុស្សពេញវ័យហើយ មិនបានព្រមទៅតាមសេចក្ដីប៉ងប្រាថ្នាលោកីយ៍ពេលគេនៅក្មេងនៅឡើយនោះ។ យើងនឹងអរសប្បាយនឹងបទពិសោធន៍ផ្ទាល់ខ្លួនខ្លះៗរបស់អ្នកទាំងនោះ។
មនុស្សទាំងអស់ក្នុងសង្គមមនុស្សជាតិត្រូវចុះចូលនឹងអំណាចគ្រប់គ្រង។ ដូច្នេះ អ្នកថ្លែងដែលជាភ្ញៀវនោះនឹងថ្លែងសុន្ទរកថាបញ្ចប់ ដែលបញ្ជាក់វិស័យបួនផ្សេងៗដែលយើងត្រូវបង្ហាញការចុះចូលនឹងព្រះ។ គឺជា (១) ចំពោះរដ្ឋាភិបាល (២) ក្នុងក្រុមជំនុំ (៣) នៅកន្លែងធ្វើការ និង(៤) ក្នុងក្រុមគ្រួសារ។ កម្មវិធីនេះពិតជាមានប្រយោជន៍មែនហ្ន៎!
អស់អ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកនៅថ្ងៃសន្និបាតពិសេសនេះ ត្រូវជំរាបប្រធានត្រួតពិនិត្យឲ្យបានឆាប់បំផុត។ យើងទាំងអស់គ្នាត្រូវកត់ថ្ងៃខែនេះលើប្រក្រតិទិនរបស់យើង និងរៀបចំមានវត្តមានសំរាប់កម្មវិធីនោះពីដើមដល់ចប់។ យើងនឹងទទួលពរជានិច្ចជាកាល ពេលយើងចុះចូលនឹងព្រះយេហូវ៉ាជារៀងរហូត។