កម្មវិធីសន្និបាតពិសេសសម្រាប់ឆ្នាំ២០១០
១. (ក) តើមានបទគម្ពីរជាប្រធានសម្រាប់សន្និបាតពិសេសអ្វីខ្លះ ដែលត្រូវបានបកស្រាយនៅឆ្នាំថ្មីៗនេះ? (ខ) តើមានចំណុចណាពីកម្មវិធីសន្និបាតពិសេសមុនៗ ដែលបានជួយអ្នកក្នុងកិច្ចបម្រើផ្សាយ?
១ ប្រធានខ្លះៗដែលបានពិគ្រោះក្នុងកម្មវិធីសន្និបាតពិសេសមុនៗគឺ «ចូរពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង» «ចូរកាន់ជំហរមាំមួនជាហ្វូងចៀមតែមួយ» «ចូរបន្តធ្វើជាសាក្សីបញ្ជាក់អំពីសេចក្ដីពិត» និង«យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយ[ព្រះយេហូវ៉ា]ជាជាងស្មូន»។ (ភី. ១:៩, ១០, ២៧; យ៉ូន. ១៨:៣៧; អេ. ៦៤:៨) តើបងប្អូនរង់ចាំដោយចិត្តរំភើបដើម្បីចូលរួមកម្មវិធីសន្និបាតពិសេសសម្រាប់ឆ្នាំកិច្ចបម្រើ២០១០ឬទេ? កម្មវិធីសន្និបាតពិសេសនោះនឹងបកស្រាយប្រធាន«នៅសល់ពេលវេលាតែបន្ដិចទេ» ដកស្រង់ចេញពីកូរិនថូសទី១ ៧:២៩។
២. តើយើងអាចបណ្ដុះឲ្យមានចិត្តរំភើបចំពោះសន្និបាតពិសេសយ៉ាងដូចម្ដេច?
២ ក្រោយពីមានការប្រកាសក្នុងក្រុមជំនុំអំពីថ្ងៃខែដែលនឹងមានសន្និបាតពិសេស សូមចាប់ផ្ដើមពិគ្រោះអំពីកម្មវិធីនោះដោយចិត្តរំភើប។ ឪពុកម្ដាយខ្លះជួយកូនៗឲ្យរង់ចាំដោយចិត្តរំភើបដើម្បីចូលរួមសន្និបាតពិសេសនោះ ដោយកត់ថ្ងៃខែលើប្រតិទិន រួមទាំងរបស់ខ្លះៗដែលត្រូវយកទៅ រួចពួកគេចាប់រាប់ថានៅសល់ប៉ុន្មានថ្ងៃទៀតដល់ពេលនោះ។ នៅអំឡុងពេលល្ងាចគោរពប្រណិប័តន៍ជាគ្រួសារ អ្នកអាចពិនិត្យកំណត់របស់អ្នកអំពីកម្មវិធីសន្និបាតពិសេសមុនៗ។ បន្ថែមទៅទៀត អ្នកអាចត្រៀមចិត្តគំនិតរបស់អ្នកដោយអធិដ្ឋានសូមឲ្យអ្នក និងក្រុមគ្រួសារទទួលការបង្ហាត់បង្រៀនពីព្រះដោយចិត្តដឹងគុណ។—លូក. ៨:១៨
៣. តើយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីកម្មវិធីសន្និបាតនោះយ៉ាងដូចម្ដេច?
៣ ចូរអនុវត្តចំណុចដែលអ្នកបានរៀន : ក្រោយពីសន្និបាតមួយៗយើងតែងឮពាក្យថា៖ «នេះជាកម្មវិធីដ៏ល្អណាស់!»។ ពាក្យនេះគឺពិតមែន ដ្បិតនេះជាសំវិធានការដ៏វិសេសមួយពីព្រះយេហូវ៉ា។ (សុភ. ១០:២២) ដើម្បីឲ្យព័ត៌មាននោះបង្កើតផល យើងត្រូវតែរំពឹងគិតលើព័ត៌មាននោះ និងរក្សាទុកក្នុងចិត្ត។ (លូក. ៨:១៥) ក្រោយសន្និបាតពេលត្រឡប់ទៅផ្ទះវិញ ចូរឆ្លៀតយកពេលពិគ្រោះកម្មវិធីនោះជាគ្រួសារ ឬជាមួយអ្នកដែលជិះឡានជាមួយយើង។ ចូរពិគ្រោះអំពីគោលដៅម្នាក់ៗនិងចំណុចផ្សេងៗដែលនឹងជួយអ្នកក្នុងកិច្ចបម្រើផ្សាយ។ ការពិគ្រោះចំណុចទាំងនេះនឹងជួយឲ្យអ្នកទទួលប្រយោជន៍យ៉ាងយូរក្រោយសន្និបាត។—យ៉ា. ១:២៥
៤. ហេតុអ្វីសន្និបាតពិសេសនេះពិតជានឹងមានប្រយោជន៍ចំពោះយើង?
៤ យើងមានអារម្មណ៍ថាមានកិត្ដិយសណាស់ ពេលយើងទទួលអំណោយដែលមានប្រយោជន៍។ យើងរង់ចាំដោយចិត្តរំភើបនូវអ្វីដែលព្រះយេហូវ៉ាទុកសម្រាប់យើងនៅសន្និបាតពិសេស មែនទេ? យើងអាចប្រាកដក្នុងចិត្តថា ពិតជាមានប្រយោជន៍គ្រប់បែបយ៉ាងចំពោះយើង។ យើងអាចទន្ទឹងទទួលពីព្រះយេហូវ៉ាដែលជាបិតានៅស្ថានសួគ៌ នូវអំណោយដែលយើងត្រូវការ តាមរយៈការលើកទឹកចិត្តនិងការអប់រំឲ្យយើងធ្វើកិច្ចការ ដែលលោកចាត់ឲ្យយើងធ្វើ។—២ធី. ៤:២; យ៉ា. ១:១៧