‹អាហារបរិភោគតាមត្រូវពេល›
១ ក្រោយពីបានចូលរួមសន្និបាតពិសេស យើងប្រហែលជានិយាយថា៖ «ពិតជាចំនឹងកាលៈទេសៈយើងមែន!»។ អ្នកត្រួតពិនិត្យមណ្ឌលម្នាក់បានរាយការណ៍ថា ក្រោយពីបានស្ដាប់កម្មវិធីសន្និបាតក្នុងពេលថ្មីៗនេះ បងប្អូនខ្លះក្នុងមណ្ឌលរបស់គាត់បានប្រាប់ថាពួកគាត់ចង់ពង្រីកកិច្ចបម្រើផ្សាយរបស់ខ្លួន។ អ្នកត្រួតពិនិត្យម្នាក់ទៀតបានមានប្រសាសន៍ថា៖ «នេះពិតជាជួយយើងឲ្យគិតពិចារណាយ៉ាងច្បាស់លាស់អំពីគ្រាណាដែលយើងកំពុងរស់នៅ ពេលដែលយើងគិតឡើងវិញអំពីការសម្រេចចិត្តរបស់យើងក្នុងជីវិត»។ អ្នកត្រួតពិនិត្យឯទៀតបាននិយាយថា៖ «អ្នកផ្សាយមួយចំនួនបាននិយាយថា នេះបានធ្វើឲ្យពួកគេភ្ញាក់ខ្លួនថាត្រូវប្រមូលអារម្មណ៍ទៅលើអ្វីដែលសំខាន់បំផុតក្នុងជីវិត ពោលគឺកិច្ចបម្រើព្រះ»។ តើសន្និបាតពិសេសបានជួយអ្នកយ៉ាងដូចម្ដេច?
២ កម្មវិធីសន្និបាតសម្រាប់ឆ្នាំកិច្ចបម្រើថ្មីក៏នឹងផ្ដល់អ្វីដែលយើងត្រូវការផងដែរ។ ប្រធាននៃសន្និបាតនេះគឺ«ចូរ‹ពឹងជ្រកនៅព្រះយេហូវ៉ា›» ដែលមានមូលដ្ឋានលើទំនុកតម្កើង ១១៨:៨, ៩។ ប្រធានខ្លះៗដែលនឹងត្រូវពិចារណានៅឯសន្និបាតមានដូចតទៅនេះ: «របៀបដែលព្រះយេហូវ៉ាធ្វើជាទីពឹងជ្រកសំរាប់យើង ក្នុងគ្រាដែលមានទុក្ខលំបាក» «ចូរជួយអ្នកឯទៀតឲ្យជ្រកក្រោមស្លាបរបស់ព្រះយេហូវ៉ា» «ចូរធ្វើតាមគំរូព្រះយេហូវ៉ាក្នុងការធ្វើជាទីពឹងជ្រកដល់អ្នកឯទៀត» «ប្អូនៗយុវវ័យ ចូរយកព្រះយេហូវ៉ាជាទីទុកចិត្តរបស់អ្នក!» និង«ព្រះយេហូវ៉ាផ្ដល់ជម្រកដែលប្រៀបដូចជាសួនឧទ្យាន»។
៣ វិធីទទួលប្រយោជន៍: ពេលដែលថ្ងៃខែនៃសន្និបាតត្រូវប្រកាសជូន សូមរៀបចំគម្រោងដើម្បីចូលរួមនិងអញ្ជើញសិស្សគម្ពីរមកចូលរួមដែរ។ យើងត្រូវចងចាំនូវអ្វីដែលយើងស្ដាប់ ដើម្បីយើងអាចបន្ត«ស៊ូទ្រាំព្រមទាំងបង្កើតផល»។ (លូក. ៨:១៥) ដូច្នេះ ចូរស្ដាប់កម្មវិធីដោយយកចិត្តទុកដាក់ និងសរសេរកំណត់ខ្លីៗអំពីគោលចំណុច ព្រមទាំងការណែនាំដែលអ្នកចង់យកមកអនុវត្តក្នុងជីវិតនិងកិច្ចបម្រើផ្សាយ។ ក្រោយសន្និបាត ចូរចំណាយពេលពិគ្រោះអំពីកម្មវិធីនោះជាមួយនឹងក្រុមគ្រួសារ និងនិយាយចំៗអំពីវិធីដែលអ្នកនិងក្រុមគ្រួសារអាចអនុវត្តតាមព័ត៌មានទាំងនេះ។
៤ អង្គការព្រះយេហូវ៉ាបានរៀបចំកម្មវិធីសន្និបាតពិសេសសម្រាប់ឆ្នាំនេះដោយសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ ដូចម្ដាយរៀបចំអាហារឈ្ងុយឆ្ងាញ់សម្រាប់កូនៗ។ សូមឲ្យព្រះយេហូវ៉ាឲ្យពរលើការព្យាយាមរបស់អ្នកដើម្បីចូលរួមទទួលប្រយោជន៍ពី‹អាហារតាមត្រូវពេល›ដែលអាចបំប៉នជំនឿរបស់អ្នកបម្រើព្រះ។—ម៉ាថ. ២៤:៤៥
[សំណួរសម្រាប់អត្ថបទសិក្សា]
១. តើកម្មវិធីសន្និបាតពិសេសនៅពេលថ្មីៗនេះបានជួយអ្នកនិងអ្នកឯទៀតយ៉ាងណា?
២. តើយើងនឹងពិចារណាប្រធានអ្វីខ្លះនៅសន្និបាតសម្រាប់ឆ្នាំកិច្ចបម្រើថ្មី?
៣. ដើម្បីទទួលប្រយោជន៍ឲ្យបានពេញលេញពីកម្មវិធីសន្និបាត តើយើងអាចធ្វើអ្វីខ្លះ?
៤. ហេតុអ្វីយើងគួររំភើបចិត្តចូលរួមសន្និបាតពិសេសនៅឆ្នាំកិច្ចបម្រើថ្មី?