កម្មវិធីថ្មីសម្រាប់ថ្ងៃសន្និបាតពិសេស
បណ្ដាគ្រីស្ទាននាសម័យដើមដែលត្រូវបានពង្រឹងកម្លាំងដោយវិញ្ញាណបរិសុទ្ធ បានខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីប្រកាសដំណឹងល្អឲ្យបានសុសសាយពាសពេញ។ (កិច្ច. ១:៨; កូល. ១:២៣) កម្មវិធីថ្ងៃសន្និបាតពិសេសសម្រាប់ឆ្នាំកិច្ចបម្រើ២០០៧ «[ចូរ]ផ្សាយព្រះបន្ទូល . . . អស់ពីចិត្ត» នឹងជួយយើងយកតម្រាប់តាមគំរូដ៏ល្អរបស់ពួកគាត់។—កិច្ច. ១៨:៥
ស្តីអំពីបន្ទូលរបស់ព្រះ ស្តេចដាវីឌមានបន្ទូលថា៖ «សេចក្ដី[រំលឹក]បន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា»។ (ទំនុក. ១៩:៧) កម្មវិធីដែលបានរៀបចំយ៉ាងហ្មត់ចត់សម្រាប់ថ្ងៃសន្និបាតពិសេសឆ្នាំកិច្ចបម្រើ២០០៧ នឹងបញ្ជាក់ពីប្រយោជន៍នៃបទគម្ពីរដើម្បី«ប្រដៅដំរង់» ហើយលើកទឹកចិត្តយើងឲ្យប្រើព្រះគម្ពីរក្នុងការផ្សព្វផ្សាយនិងការបង្រៀនដោយទទួលស្គាល់ថាគ្រានេះជាគ្រាបន្ទាន់។ (២ធី. ៣:១៦, ១៧) កម្មវិធីថ្មីនោះនឹងបង្ហាញនូវរបៀបដែលយើងអាចជៀសវាងពីអន្ទាក់ផ្សេងៗនិងរបៀបដែលយើងទទួលប្រយោជន៍ដោយអនុវត្តតាមគោលការណ៍ព្រះគម្ពីរក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ កម្មវិធីនឹងជួយយើងប្រើបន្ទូលរបស់ព្រះដើម្បីជួយប្អូនៗយុវវ័យនិងអ្នកថ្មីឲ្យមានការរីកចម្រើនខាងវិញ្ញាណ។
កាលណាកម្មវិធីចាប់ផ្ដើមឡើង យើងត្រូវអង្គុយនិងត្រូវប្រុងស្មារតីស្ដាប់។ សូមកត់ចំណុចដែលអ្នកអាចធ្វើតាម។ យើងបង្ហាញចិត្តកតញ្ញូចំពោះការណែនាំនិងការរំលឹកដោយប្រុងស្មារតីស្ដាប់ ហើយគិតពិចារណាពីរបៀបអនុវត្តតាមអ្វីដែលយើងបានរៀន។
កម្មវិធីសម្រាប់ថ្ងៃសន្និបាតពិសេសនឹងបង្កើនចិត្តកតញ្ញូរបស់យើងចំពោះបន្ទូលរបស់ព្រះ រំលឹកយើងឲ្យបន្តផ្សព្វផ្សាយព្រះបន្ទូលដោយចិត្តខ្នះខ្នែង ហើយបង្ហាញរបៀបដែលយើងអាចជួយអ្នកឯទៀតឲ្យធ្វើដូច្នោះដែរ។ ចូរតាំងចិត្តមានវត្តមាននៅគ្រប់កម្មវិធីទាំងអស់ដើម្បីទទួលការណែនាំនិងការបង្ហាត់បង្រៀនខាងវិញ្ញាណ ដែលព្រះយេហូវ៉ាប្រទានឲ្យ!—អេស. ៣០:២០ខ, ២១