តើការរកស៊ីជាឧបសគ្គបង្អាក់កិច្ចការផ្សព្វផ្សាយឬទេ?
១ មនុស្សភាគច្រើនមានជីវិតរវល់ណាស់។ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាក៏ជាអ្នកមមាញឹកណាស់ដែរ ក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះ ការទៅឯកិច្ចប្រជុំក្រុមជំនុំ និងការចូលរួមកិច្ចបំរើផ្សាយ។ បន្ថែមទៅទៀត យើងរវល់រកស៊ី រវល់ធ្វើការក្នុងផ្ទះ និងរវល់ធ្វើលំហាត់ពីសាលាផង ថែមទាំងមានភារកិច្ចជាច្រើនទៀតដែលស៊ីពេលច្រើនដែរ។ នេះគឺជាការពិបាកមួយ ជាពិសេសសំរាប់មេគ្រួសារនានា។
២ ដោយព្រោះមានបញ្ហាសេដ្ឋកិច្ចនៅកន្លែងជាច្រើននោះ មេគ្រួសារនិមួយៗប្រហែលជាត្រូវធ្វើការច្រើនម៉ោង និងប្រឹងប្រែងទាំងនឿយហត់ដើម្បីចិញ្ចឹមជីវិត។ នៅពេលដែលការងារធ្វើនោះ ស៊ីពេលនិងកម្លាំងភាគច្រើនរបស់គេៗក៏ខ្វះពេលនិងកម្លាំងចូលរួមកិច្ចការផ្សព្វផ្សាយនោះទៅ។ ដោយហេតុថា គេមានកាតព្វកិច្ចផ្គត់ផ្គង់ក្រុមគ្រួសាររបស់គេ នោះអ្នកខ្លះអាចមានអារម្មណ៍ថា ខ្លួនគេអាចចូលរួមកិច្ចបំរើផ្សាយបានតែមួយកំរិតប៉ុណ្ណោះ។ (ធីម៉ូថេទី១ ៥:៨) ការរករបស់សំខាន់ៗក្នុងជីវិតយើង ប្រាកដជានាំឲ្យយើងទទួលការគាបសង្កត់ផ្សេងៗនៅសព្វថ្ងៃនេះមែន។ ក៏ប៉ុន្តែ ការរកស៊ីរបស់យើងមិនគួរនឹងក្លាយជាឧបសគ្គបង្អាក់កិច្ចការផ្សព្វផ្សាយដំណឹងល្អនោះឡើយ។ (ម៉ាកុស ១៣:១០) ហេតុដូច្នេះហើយ បានជាយើងគួរនឹងពិនិត្យមើលនូវស្ថានការណ៍របស់យើង។
៣ ដោយព្រោះស្ថានភាពក្នុងលោកីយ៍នេះប្រែប្រួលជានិច្ចដូច្នេះ មេគ្រួសារក៏អាចមានចិត្តទោរទន់ចង់ចំណាយច្រើនម៉ោងហួសហេតុក្នុងការរកស៊ី ដោយមានគំនិតចង់ប្រមូលលុយកាក់ទុកសំរាប់គ្រាអាសន្ន។ (កូរិនថូសទី១ ៧:៣១) ទោះជាការរកស៊ីជាបន្ថែមនោះ អាចជួយផ្ដល់វត្ថុទ្រព្យថែមទៀតបាន ឬឱកាសដើរលេងកំសាន្តកាន់តែច្រើនក៏ដោយ តើរបស់ទាំងនោះនឹងនាំឲ្យក្រុមគ្រួសារមានសុភមង្គលឬចិត្តស្កប់ស្កល់ច្រើនជាងឬទេ បើធ្វើឡើងដោយខាតបង់ពេលរកប្រយោជន៍ខាងវិញ្ញាណ និងខានចូលរួមកិច្ចប្រជុំជាទៀងទាត់ដូច្នេះ? យើងពិតជាចង់ជៀសចេញពីអ្វីៗក៏ដោយដែលនឹងនាំឲ្យយើងមានគ្រោះថ្នាក់ខាងវិញ្ញាណ។ ការធ្វើតាមឱវាទរបស់ព្រះយេស៊ូ ឲ្យ‹ប្រមូលទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌› និងការ‹ប្រមូលទ្រព្យសម្បត្ដិខាងឯព្រះ› នោះជាផ្លូវដែលប្រកបទៅដោយប្រាជ្ញា។—ម៉ាថាយ ៦:១៩-២១; លូកា ១២:១៥-២១
៤ ចូរស្វែងរកប្រយោជន៍ខាងវិញ្ញាណជាមុនសិន : ព្រះយេស៊ូបានបង្រៀនអ្នកកាន់តាមទ្រង់ឲ្យចាត់ទុករឿងខាងវិញ្ញាណជាអ្វីដ៏សំខាន់ជាងអ្វីៗទាំងអស់ទៀត។ ទ្រង់បានដាស់តឿនគេដោយមានបន្ទូលថា៖ «កុំឲ្យខ្វល់ខ្វាយថា៖ ‹តើត្រូវបរិភោគអ្វី› ឬ‹ស្លៀកពាក់អ្វី›នោះឡើយ»។ តើហេតុអ្វីបានជាទ្រង់មានបន្ទូលដូច្នេះ? ទ្រង់បានមានបន្ទូលពន្យល់ថា៖ «ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ»។ បើយើងជឿស៊ប់ដូច្នោះ នោះនឹងគ្មានឧបសគ្គណាដែលអាចបង្អាក់យើងពីការធ្វើតាមអ្វីដែលព្រះយេស៊ូបានមានបន្ទូលជាបន្តបន្ទាប់ទៀត គឺថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់[វត្ថុទ្រព្យដ៏ជាចាំបាច់]ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ ព្រះទ្រង់នឹងប្រាកដជាធ្វើដូច្នេះមែន! (ម៉ាថាយ ៦:៣១-៣៣) យ៉ាងច្បាស់ណាស់ នេះមិនមែនជាគ្រាអែអង់ដោយព្រោះតែខ្វល់ខ្វាយហួសហេតុអំពីការរកស៊ី ឬដោយមានចិត្តប្រាថ្នាចង់បានជីវិតធូរធារសំបូរសប្បាយ ក្នុងរបបលោកីយ៍មួយដែលហៀបនឹងកន្លងផុតទៅនោះទេ។—ពេត្រុសទី១ ៥:៧; យ៉ូហានទី១ ២:១៥-១៧
៥ គោលបំណងចំបងក្នុងការរកស៊ីនោះ គឺដើម្បីផ្គត់ផ្គង់ខ្លួន។ ប៉ុន្តែ តើយើងត្រូវការប៉ុន្មានទៅ? សាវ័កប៉ុលបានសរសេរថា៖ «បើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។ តើយើងកំពុងតែរកច្រើនជាងនោះឬទេ? បើដូច្នេះមែន យើងប្រហែលជាកំពុងតែទទួលផលដែលប៉ុលបានព្រមានអំពីនោះ ដោយថា៖ «ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ»។ (ធីម៉ូថេទី១ ៦:៨, ៩; ម៉ាថាយ ៦:២៤; លូកា ១៤:៣៣) តើយើងអាចធ្វើយ៉ាងណាដើម្បីដឹងថា សេចក្ដីប្រាថ្នាហួសហេតុកំពុងតែរារាំងយើងឬក៏អត់នោះ?
៦ បើយើងរួមចំណែកកិច្ចបំរើផ្សាយតែបន្ដិចបន្តួចប៉ុណ្ណោះ ដោយព្រោះការរកស៊ីរបស់យើង ឬខានទទួលស្គាល់ថាយើងត្រូវធ្វើពលិកម្មអ្វីផ្សេងៗប្រយោជន៍ឲ្យដំណឹងល្អ នោះចាំបាច់ត្រូវឲ្យយើងកែប្រែនូវអាទិភាពរបស់យើង។ (ហេព្រើរ ១៣:១៥, ១៦) របៀបរស់នៅដែលមិនសូវស្មុគស្មាញនោះ អាចជួយច្រើនណាស់ ក្នុងការលើកចោលនូវឧបសគ្គមួយនេះដែលបង្អាក់នឹងកិច្ចការផ្សព្វផ្សាយរបស់យើង។ ស្តីអំពីការប្រើប្រាស់នូវពេលនិងកម្លាំងរបស់យើង នោះការរកប្រយោជន៍ខាងព្រះរាជាណាចក្រគួរធ្វើជាអាទិភាពចំបងជានិច្ច។
៧ កិច្ចការដែលមិនមែនឥតប្រយោជន៍: ពាក្យរបស់ប៉ុលលើកទឹកចិត្តឲ្យយើង«ធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែល[យើង]រាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។ (កូរិនថូសទី១ ១៥:៥៨) «[កិច្ច]ការព្រះអម្ចាស់» ដែលសំខាន់ជាងគេ គឺជាកិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រ និងការបង្កើតឲ្យមានសិស្ស។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ដើម្បីរួមចំណែកកិច្ចការនេះយ៉ាងពេញលេញដែលខ្លួនអាចធ្វើទៅបាន នោះយើងគួរកំណត់ពេលសំរាប់កិច្ចបំរើផ្សាយជារៀងរាល់សប្ដាហ៍ និងខំជៀសវាងចំណាយពេលនោះដើម្បីសម្រេចការផ្សេងៗទៀត។ (អេភេសូរ ៥:១៥-១៧) បើធ្វើដូច្នោះ គ្មានការរកស៊ីឬអ្វីៗផ្សេងទៀតអាចក្លាយជាឧបសគ្គបង្អាក់កិច្ចការផ្សព្វផ្សាយរបស់យើងឡើយ។
៨ នៅពេលដែលយើងស្ម័គ្រចិត្តជួយចែកប្រាប់សេចក្ដីពិតនានាពីព្រះគម្ពីរឲ្យអ្នកដទៃ យើងនឹងពិសោធនូវសុភមង្គលដ៏ឧត្តមជាង ដែលមកពីការឲ្យ។ (កិច្ចការ ២០:៣៥) ដោយខិតខំសម្រេចកិច្ចការផ្សព្វផ្សាយអំពីព្រះរាជាណាចក្រ នោះយើងអាចមានទំនុកចិត្តសង្ឃឹមទៅមុខបាន «ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការ[យើង]រាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែល[យើង]រាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់»ទេ។—ហេព្រើរ ៦:១០