មូលហេតុដែលយើងស្រឡាញ់ភាតរភាពរបស់បងប្អូនយើង
ក្នុងរបបលោកីយ៍នេះដែលមានពេញទៅដោយបុគ្គលដែលគ្មានសេចក្ដីស្រឡាញ់នោះ តើយើងអាចបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនរបស់យើងយ៉ាងដូចម្ដេចបាន? (១ពេ. ២:១៧) តើយើងអាចបង្ហាញដល់អ្នកឯទៀតយ៉ាងដូចម្ដេចថា យើងប្រាកដជាមានភាតរភាពដ៏ពិតទូទាំងពិភពលោកនោះ? (ម៉ាថ. ២៣:៨) យើងអាចបង្ហាញពួកគេតាមរយៈកាសែតវីដេអូភាតរភាពរបស់បងប្អូនយើង។ កាសែតនេះបង្ហាញនូវមូលហេតុដែលយើងស្រឡាញ់គ្នាទៅវិញទៅមក។ សូមសាកឆ្លើយសំនួរដូចតទៅនេះ:
(១) យើងរួមចំណែកជាមួយបងប្អូនយើងទូទាំងពិភពលោកក្នុងសកម្មភាពបីយ៉ាង។ តើសកម្មភាពនោះជាអ្វី? (២) តើបងប្អូនរបស់យើងធ្វើយ៉ាងដូចម្ដេចខ្លះ ដែលបង្ហាញថាពួកគេប្ដេជ្ញាក្នុងកិច្ចផ្សព្វផ្សាយនៅ (ក) ទីរហោស្ថាននៅរដ្ឋអាឡាស្កា (ខ) កំពង់ផែធំៗនៅទ្វីបអឺរ៉ុប និង(គ) នៅព្រៃស្តុកនៅប្រទេសប៉េរូ? (៣) តើឧបករណ៍ផ្សាយអ្វីមានប្រសិទ្ធិភាពដ៏ប្រសើរក្នុងការធ្វើបន្ទាល់? (៤) ហេតុអ្វីយើងមិនគួរចាត់ទុកកិច្ចការផ្សព្វផ្សាយជាកិច្ចការធម្មតានោះ? (៥) សូមលើកឧទាហរណ៍អំពីរបៀបស្មរបន្ទាល់ព្រះយេហូវ៉ាសម្រាលទុក្ខនិងជួយគាំទ្រគ្នាទៅវិញទៅមក ពេលពួកគេជួបនឹងការលំបាកដូចជារញ្ជួយដី ខ្យល់ព្យុះ និងសង្គ្រាមស៊ីវិលជាដើម។ (សូមមើលបទពិសោធន៍របស់បងប្រុសថាកាអូវ ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ទំព័រ២៣ (ជាភាសាអង់គ្លេស) និងបទពិសោធន៍របស់បងស្រីកូតូយ៉ូ ក្នុងទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៦ ទំព័រ២០ (ជាភាសាអង់គ្លេស)) (៦) តើតាមវិធីណាខ្លះដែលយើងទាំងអស់គ្នាអាចបង្ហាញទីសម្គាល់ដ៏អស្ចារ្យនៃភាតរភាពគ្រីស្ទានក្នុងជីវិតប្រចាំថ្ងៃ? (យ៉ូន. ១៣:៣៥) (៧) តើកិច្ចប្រជុំគួរមានតម្លៃប៉ុនណាចំពោះយើង? (៨) តើបងប្អូនដែលមិនធ្លាប់មានសាលប្រជុំ មានអារម្មណ៍បែបណាពេលដែលពួកគេមានសាលប្រជុំនោះ? (៩) តើបងប្អូនរបស់យើងនៅអឺរ៉ុបប៉ែកខាងកើតនិងរុស្សី បានរក្សាភាពខាងវិញ្ញាណយ៉ាងដូចម្ដេចពេលដែលមានបំរាមនោះ? (១០) សូម្បីតែឥឡូវនេះក៏ដោយ តើស្មរបន្ទាល់ព្យាយាមយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់យ៉ាងណា ដើម្បីទៅឯមហាសន្និបាត? ហើយហេតុអ្វី? តើនេះបានលើកទឹកចិត្តអ្នកយ៉ាងដូចម្ដេចខ្លះ? (១១) ហេតុអ្វីបានជាអ្នកតាំងចិត្តថ្វាយបង្គំដោយសាមគ្គីភាព ជួយអ្នកឯទៀតពេលដែលពួកគេមានសេចក្ដីត្រូវការ និងផ្សព្វផ្សាយយ៉ាងស្មោះត្រង់នៅកន្លែងណានិងតាមរបៀបណាដែលអ្នកអាចធ្វើទៅបាននោះ? (១២) ហេតុអ្វីអ្នកគួរមានកាសែតមួយនេះផ្ទាល់ខ្លួន ដើម្បីបង្ហាញដល់អ្នកចាប់អារម្មណ៍ឲ្យបានច្រើនបំផុតនោះ?