ចូរប្រកាសសារព្រះរាជាណាចក្ររបស់ព្រះ
១ «ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះ ដល់អស់ទាំងស្រុកឯទៀតដែរ គឺហេតុនោះបានជាព្រះវរបិតាចាត់ឲ្យខ្ញុំមក»។ (លូ. ៤:៤៣) ពេលព្រះយេស៊ូបានមានបន្ទូលនោះ ទ្រង់បានបញ្ជាក់ពីផ្ទៃរឿងនៃកិច្ចបំរើផ្សាយរបស់ទ្រង់ ពោលគឺ ព្រះរាជាណាចក្ររបស់ព្រះ។ សារដែលយើងប្រកាសផ្សាយនៅសព្វថ្ងៃនេះ ក៏ដៅបញ្ជាក់ពីព្រះរាជាណាចក្ររបស់ព្រះ ដូចបានទាយនៅម៉ាថាយ ២៤:១៤ ដែលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ តើមនុស្សត្រូវស្ដាប់សេចក្ដីពិតអ្វីខ្លះ អំពីព្រះរាជាណាចក្ររបស់ព្រះ?
២ ព្រះរាជាណាចក្ររបស់ព្រះកំពុងតែគ្រប់គ្រងនៅស្ថានសួគ៌ ហើយមិនយូរប៉ុន្មានទៀតនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលទាំងឡាយរបស់មនុស្សជាតិ។ អារក្សបានត្រូវទំលាក់ចេញពីស្ថានសួគ៌រួចហើយ ឯរបបលោកីយ៍បច្ចុប្បន្ននេះក៏កំពុងតែស្ថិតក្នុងថ្ងៃជាន់ក្រោយបង្អស់ដែរ។ (វិវរ. ១២:១០, ១២) របបលោកីយ៍ចាស់ហើយទុច្ចរិតរបស់សាតាំងនេះនឹងត្រូវបំផ្លាញចោលទាំងស្រុង ក៏ប៉ុន្តែព្រះរាជាណាចក្ររបស់ព្រះកក្រើករញ្ជួយពុំបានឡើយ។ ព្រះរាជាណាចក្ររបស់ព្រះនឹងស្ថិតស្ថេរជារៀងរហូត។—ដា. ២:៤៤; ហេ. ១២:២៨
៣ ព្រះរាជាណាចក្ររបស់ព្រះនឹងបំពេញសេចក្ដីប្រាថ្នាដ៏ល្អរបស់មនុស្សជាតិទាំងឡាយដែលចេះស្ដាប់បង្គាប់។ ព្រះរាជាណាចក្ររបស់ព្រះនឹងដកចេញនូវការរងទុក្ខដោយសារសង្គ្រាម ឧក្រិដ្ឋកម្ម ការសង្កត់សង្កិន និងភាពក្រីក្រ។ (ទំនុក. ៤៦:៨, ៩; ៧២:១២-១៤) មនុស្សគ្រប់គ្នានឹងមានម្ហូបអាហារយ៉ាងបរិបូរ។ (ទំនុក. ៧២:១៦; អេសា. ២៥:៦) ជំងឺឈឺថ្កាត់ហើយពិការភាពនឹងត្រូវក្លាយជារបស់អតីតកាល។ (អេសា. ៣៣:២៤; ៣៥:៥, ៦) ពេលដែលមនុស្សជាតិមានភាពល្អឥតខ្ចោះវិញ ផែនដីនឹងត្រូវកែប្រែទៅជាទីមនោរម្យ ហើយមនុស្សរស់នៅដោយចុះសំរុងនឹងគ្នា។—អេសា. ១១:៦-៩
៤ យើងបង្ហាញរបៀបរស់នៅនាបច្ចុប្បន្ននេះថា យើងចង់ធ្វើជារាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះ។ សារព្រះរាជាណាចក្ររបស់ព្រះគួរមានឥទ្ធិពលលើជីវិតទាំងមូលរបស់យើង រួមទាំងគោលដៅ និងអ្វីដែលយើងចាត់ទុកជាអាទិភាព។ ជាឧទាហរណ៍ ទោះជាយើងមានភារកិច្ចចិញ្ចឹមក្រុមគ្រួសាររបស់យើងក៏ដោយ យើងក៏មិនអនុញ្ញាតឲ្យកង្វល់ខាងទ្រព្យសម្បត្ដិមករួបរឹតកិច្ចបំរើរបស់យើងខាងព្រះរាជាណាចក្រឡើយ។ (ម៉ាថ. ១៣:២២; ១ធី. ៥:៨) ផ្ទុយទៅវិញ យើងត្រូវធ្វើតាមការទូន្មានរបស់ព្រះយេស៊ូដែលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ[គឺរបស់ដែលយើងត្រូវការដើម្បីរស់] នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។—ម៉ាថ. ៦:៣៣
៥ មនុស្សត្រូវតែស្ដាប់និងធ្វើតាមសារព្រះរាជាណាចក្ររបស់ព្រះ កាលដែលនៅមានពេលនៅឡើយ។ ចូរយើងជួយពួកគេឲ្យធ្វើដូច្នោះ ដោយ«បញ្ចុះបញ្ចូលគេ ឲ្យជឿតាមអស់ទាំងសេចក្ដីពីនគរព្រះ»។—កិច្ច. ១៩:៨