ព្រះយេហូវ៉ាគួរទទួលការសរសើរក្រៃលែង អាហារល្ងាចរបស់ព្រះអម្ចាស់ត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា
១ កាលដែលថ្ងៃទី១៦ ខែមេសាជិតឈានចូលមកដល់ នោះធ្វើឲ្យយើងរង់ចាំយ៉ាងរំភើប។ នៅរាត្រីនោះ យើងនឹងធ្វើបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូ ដោយចូលរួមលើកដំកើងព្រះនាមរបស់ព្រះយេហូវ៉ាជាមួយនឹងពួកអ្នកបំរើទ្រង់រាប់លាននាក់ទៀតទូទាំងពិភពលោក។ ព្រះយេហូវ៉ាគួរទទួលនូវការសរសើររបស់យើងចំពោះសំវិធានការដ៏អស្ចារ្យនៃតម្លៃលោះ។ តាមរយៈតម្លៃលោះនេះ ព្រះយេហូវ៉ានឹងប្រទានពរដ៏អស្ចារ្យដល់មនុស្សជាតិទាំងអស់ណាដែលចេះស្ដាប់បង្គាប់។ យើងឯកភាពយ៉ាងស្មោះអស់ពីចិត្តជាមួយអ្នកតែងបទទំនុកដំកើងដែលបន្លឺសម្លេងថា៖ «ព្រះយេហូវ៉ាទ្រង់ធំប្រសើរ គឺគួរសរសើរយ៉ាងក្រៃលែង»។—ទំនុក. ១៤៥:៣
២ នេះជាពេលសំរាប់រំពឹងគិតលើសេចក្ដីល្អរបស់ព្រះ និងចិត្តកតញ្ញូដែលយើងមានចំពោះព្រះយេហូវ៉ា ដោយសារទ្រង់បញ្ជូន«ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់»។ (១យ៉ូន. ៤:៩, ១០) ការធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់ដោយចិត្តគោរពនោះតែងដិតជាប់ក្នុងចិត្តគំនិតយើងហើយនេះជួយយើងឲ្យដឹងថា «ព្រះយេហូវ៉ាទ្រង់ប្រកបដោយមេត្ដាករុណា . . . ក៏មានសេចក្ដីសប្បុរសដ៏ធំទូលាយ»។ (ទំនុក. ១៤៥:៨) ប្រាកដហើយ តម្លៃលោះជាការសម្ដែងនូវសេចក្ដីស្រឡាញ់ដ៏ធំបំផុតរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិ។ (យ៉ូន. ៣:១៦) នៅពេលយើងសញ្ជឹងគិតលើសេចក្ដីស្រឡាញ់របស់ព្រះ និងរំពឹងគិតលើភាពស្មោះត្រង់របស់ព្រះយេស៊ូ នោះនឹងជំរុញចិត្តយើងឲ្យសរសើរព្រះយេហូវ៉ា។ យើងនឹងសរសើរព្រះយេហូវ៉ាជារៀងរហូតតទៅ ដោយសារសេចក្ដីស្រឡាញ់ដែលគ្មានកំរិតរបស់ទ្រង់ ក្នុងការរៀបផ្លូវឲ្យយើងទទួលជីវិតជារៀងរហូតបាន។—ទំនុក. ១៤៥:១, ២
៣ ជួយអ្នកដទៃឲ្យសរសើរព្រះយេហូវ៉ា: ចិត្តកតញ្ញូចំពោះតម្លៃលោះដែលជាអំណោយដ៏ប្រសើរបំផុតពីព្រះ នឹងជំរុញយើងឲ្យអញ្ជើញអ្នកឯទៀតចូលរួមជាមួយក្នុងការសរសើរព្រះយេហូវ៉ាដែរ។ អ្នកតែងបទទំនុកដំកើងបានត្រូវព្រះបណ្ដាលឲ្យសរសេរថា៖ «គេនឹងបញ្ចេញសេចក្ដីដែលនឹកចាំពីព្រះហឫទ័យដ៏ល្អប្រសើរ ហើយច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់»។ (ទំនុក. ១៤៥:៧) ក្នុងរយៈពេលតែមួយឆ្នាំមុននេះ ស្មរបន្ទាល់ព្រះយេហូវ៉ានៅទូទាំងពិភពលោកបានចំណាយជាងមួយពាន់លានម៉ោងក្នុងកិច្ចការផ្សព្វផ្សាយ។ តើមានលទ្ធផលយ៉ាងណាពីការខំប្រឹងរបស់ពួកគេ? រៀងរាល់សប្ដាហ៍ នោះជាមធ្យមមាន៥.១០០នាក់បានទទួលបុណ្យជ្រមុជទឹក ដែលជានិមិត្តរូបនៃការថ្វាយខ្លួនចំពោះព្រះយេហូវ៉ា។ នៅឆ្នាំមុន មានមនុស្ស១៥.៥៩៧.៧៤៦នាក់បានចូលរួមពិធីបុណ្យរំឭក ដោយរួមបញ្ចូលជាង៩លាននាក់ដែលពុំទាន់ចាប់ផ្ដើមសរសើរព្រះយេហូវ៉ាជាអ្នកផ្សាយដំណឹងល្អនៅឡើយ នេះបង្ហាញថានៅមានលទ្ធភាពរីកចំរើនច្រើនថែមទៀតមែន! ជាអ្នកប្រកាសសារព្រះរាជាណាចក្រ យើងមានចិត្តកតញ្ញូចំពោះកិត្ដិយសជាអ្នកប្រកាសដំណឹងល្អដែលអាចជួយនាំឲ្យអ្នកដទៃស្រឡាញ់ព្រះយេហូវ៉ា រាជបុត្រារបស់ទ្រង់ និងព្រះរាជាណាចក្រទ្រង់ផងដែរ។
៤ វិធីដ៏ល្អដើម្បីលើកទឹកចិត្តអ្នកដទៃឲ្យលើកកិត្ដិយសព្រះយេហូវ៉ា គឺដោយអញ្ជើញពួកគេឲ្យចូលរួមជាមួយយើងក្នុងការធ្វើពិធីអាហារល្ងាចរបស់ព្រះអម្ចាស់។ តើអ្នកបានកត់បញ្ជីឈ្មោះនៃអស់អ្នកដែលចង់អញ្ជើញឲ្យមកចូលរួម ព្រមទាំងអ្នកដទៃទៀតដែលអ្នកចង់រំឭកអំពីថ្ងៃនិងម៉ោងនៃពិធីបុណ្យរំឭកឬទេ? តើអ្នកបានឲ្យសេចក្ដីអញ្ជើញដល់មនុស្សគ្រប់គ្នាក្នុងបញ្ជីរបស់អ្នកហើយឬនៅ? បើមិនទាន់ឲ្យសេចក្ដីអញ្ជើញទេ សូមទៅអញ្ជើញគេក្នុងកាលដែលមានពេលនៅឡើយ។ សូមជួយគេឲ្យយល់នូវគោលបំណងនៃពិធីបុណ្យនេះ។ នៅឯពិធីបុណ្យ ចូរប្រុងប្រៀបជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវផងដែរ។ ចូរធ្វើឲ្យគេមានអារម្មណ៍ស្រួល ដោយនាំឲ្យគេស្គាល់ដល់អ្នកដទៃ និងសូមសរសើរគេដែលបានមកចូលរួម។
៥ ការមកពិធីបុណ្យរំឭកអាចជំរុញទឹកចិត្តអ្នកមានចំណាប់អារម្មណ៍ឲ្យមានការរីកចំរើនខាងវិញ្ញាណ។ អ្នកសិក្សាព្រះគម្ពីរម្នាក់បានមកធ្វើពិធីបុណ្យរំឭក ទោះជាគាត់មានជំងឺម្យ៉ាងធ្វើឲ្យគាត់ខ្លាចពេលទៅកន្លែងដែលមានមនុស្សច្រើនក៏ដោយ។ ពេលគេបានសួរពីទស្សនៈរបស់គាត់អំពីកិច្ចប្រជុំនោះ គាត់បាននិយាយថា៖ «រាត្រីនោះពិសិដ្ឋណាស់ ហើយខ្ញុំក៏មានវត្តមានដែរ»។ តាំងពីពេលនោះមក គាត់បានចាប់ផ្ដើមមកកិច្ចប្រជុំនានា។
៦ ក្រោយពីពិធីបុណ្យរំឭក: តើយើងអាចធ្វើអ្វីដើម្បីជួយអ្នកមានចំណាប់អារម្មណ៍ទាំងនេះឲ្យក្លាយជាអ្នកសរសើរព្រះយេហូវ៉ា? ពួកអ្នកចាស់ទុំនឹងយកចិត្តទុកដាក់ចំពោះអ្នកចាប់អារម្មណ៍ដែលចូលរួមពិធីបុណ្យរំឭក ហើយពួកគាត់នឹងរៀបចំឲ្យអ្នកផ្សាយដែលមានលក្ខណៈគ្រប់គ្រាន់ជួបពួកគេក្រោយពិធីបុណ្យរំឭក ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីៗដែលគេបានរៀននិងបានឃើញនៅទីនោះ។ អ្នកខ្លះប្រហែលជាចង់សិក្សាព្រះគម្ពីរតាមផ្ទះ។ យើងក៏ត្រូវអញ្ជើញគេឲ្យមកកិច្ចប្រជុំក្រុមជំនុំប្រចាំសប្ដាហ៍ ដ្បិតការមកប្រជុំជាទៀងទាត់នឹងបង្កើននូវចំណេះរបស់គេពីព្រះគម្ពីរ។
៧ ឥឡូវកំពុងតែមានការរៀបចំដើម្បីលើកទឹកចិត្តបងប្អូនដែលមិនសូវផ្សព្វផ្សាយទៀងទាត់ ឬលែងមានសកម្មភាពសោះ ឲ្យពួកគេមកប្រជុំជាទៀងទាត់វិញ។ ប្រសិនបើអ្នកចាស់ទុំសុំអ្នកឲ្យជួយបុគ្គលដែលលែងមានសកម្មភាពឲ្យពួកគេចូលរួមក្នុងកិច្ចផ្សព្វផ្សាយវិញ ចូរស្ម័គ្រចិត្តធ្វើតាមសំណូមពរនោះ។ បើយើងបង្ហាញនូវការយកចិត្តទុកដាក់ដ៏ស្មោះចំពោះបងប្អូនរបស់យើង នេះគឺសមស្របនឹងការដាស់តឿនរបស់ប៉ុល ដែលថា៖ «កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។—កា. ៦:១០
៨ សូមឲ្យយើងទាំងអស់គ្នាខំប្រឹងឲ្យខ្លាំងបំផុត ដើម្បីមានវត្តមាននៅពិធីបុណ្យរំឭកនៅថ្ងៃ១៦ ខែមេសា។ យើងមិនចង់ខានចូលរួមក្នុងកម្មវិធីដ៏ពិសិដ្ឋនេះដើម្បីសរសើរព្រះយេហូវ៉ាឡើយ។ ត្រូវហើយ នៅពេលឥឡូវនេះនិងជារៀងរហូតតទៅ សូមឲ្យយើងសរសើរព្រះយេហូវ៉ាចំពោះកិច្ចការដ៏អស្ចារ្យរបស់ទ្រង់!—ទំនុក. ១៤៥:២១