ចូរសំដែងខ្លួនទុកជាគំរូពីការល្អ
១ នៅពេលយើងជួបជុំគ្នាជាមួយក្រុមធំនៅមហាសន្និបាតនោះ មនុស្សអាចមើលមកឃើញយ៉ាងច្បាស់នូវកិរិយារបស់យើងនិងរបៀបដែលយើងប្រព្រឹត្តទៅលើអ្នកឯទៀត។ ហេតុនេះហើយ យើងម្នាក់ៗត្រូវតែយកចិត្តទុកដាក់ធ្វើតាមដំបូន្មានក្នុងព្រះគម្ពីរដែលថា៖ «[ចូរ]មានចិត្តធ្ងន់ធ្ងរហើយត្រូវឲ្យអ្នកសំដែងខ្លួនទុកជាគំរូពីការល្អគ្រប់ជំពូក»។ (ទីត. ២:៦, ៧) យើងប្រហែលជាត្រូវខំព្យាយាមលើសជាងធម្មតាដើម្បី‹កុំឲ្យយើងស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែស្វែងរកប្រយោជន៍របស់អ្នកដទៃផង›។ (ភី. ២:៤) សូមយើងពិចារណារបៀបខ្លះៗដែលយើងអាចអនុវត្តតាមការលើកទឹកចិត្តនេះនៅមហាសន្និបាតខាងមុខនេះដែលមានប្រធាន«ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះ»។
២ មាតាបិតានិងកូន: ក្នុងលោកីយ៍នេះដែលមានក្មេងឈ្លើយជាច្រើនមិនចេះគួរសម នោះគេនឹងឃើញកូនរបស់យើងលេចធ្លោខុសប្លែកពីគេហើយនេះនាំឲ្យអ្នកដទៃលើកសរសើរព្រះយេហូវ៉ានិងអង្គការរបស់ទ្រង់។ ក៏ប៉ុន្តែ ជួនកាលមានបញ្ហាកើតឡើងនៅពេលកូនរបស់យើងគ្មានអ្នកណាមើលខុសត្រូវពួកគេឲ្យបានត្រឹមត្រូវ។ (សុ. ២៩:១៥) មាតាបិតាគួរត្រួតពិនិត្យមើលកូននៅសណ្ឋាគារ នៅអាងហែលទឹក និងនៅកន្លែងមហាសន្និបាតដែរ។
៣ មុនមហាសន្និបាត មាតាបិតាខ្លះបានទទួលផលប្រយោជន៍ល្អពីការលើកឡើងពន្យល់កូនអំពីរបៀបពួកគេត្រូវប្រព្រឹត្តនៅទីនោះ។ (អេភ. ៦:៤) ពួកគាត់ជួយឲ្យកូនយល់ថា សេចក្ដីស្រឡាញ់ដ៏ពិតរបស់គ្រីស្ទានគឺ«មិនដែលប្រព្រឹត្តបែបមិនគួរសម»ឬ «មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»ឡើយ។ (១កូ. ១៣:៥) មហាសន្និបាតជាពេលដែលរៀបចំសំរាប់ទទួលការបង្រៀនពីព្រះយេហូវ៉ា ហើយកូនយើងនិងមនុស្សពេញវ័យអាចបង្ហាញការគោរពចំពោះការរៀបចំនេះដោយការប្រព្រឹត្តរបស់ពួកគេនៅកន្លែងមហាសន្និបាតនិងកន្លែងផ្សេងទៀតដែរ។—អេសា. ៥៤:១៣
៤ ការប្រព្រឹត្តដ៏ល្អរបស់យើងអាចជួយជាច្រើនក្នុងការកែប្រែគំនិតដែលយល់ច្រឡំរបស់មនុស្ស និងទាក់ទាញអ្នកឯទៀតមកឯការថ្វាយបង្គំពិត។ (ម៉ាថ. ៥:១៦; ១ពេ. ២:១២) សូមឲ្យអស់អ្នកណាដែលជួបយើងនៅមហាសន្និបាតទទួលនូវបន្ទាល់ដ៏ល្អប្រសើរតាមរយៈកិរិយារបស់យើងនិងរបៀបយើងប្រព្រឹត្តទៅលើពួកគេ។ តាមវិធីនេះយើងនឹង«សំដែងខ្លួនទុកជាគំរូពីការល្អ»និងលើកតម្កើងសិរីរុងរឿងរបស់ព្រះយេហូវ៉ា។—ទីត. ២:៧
[Study Questions]
១. ហេតុអ្វីបានជាយើងត្រូវយកចិត្តទុកដាក់ឲ្យមែនទែនទៅលើការប្រព្រឹត្តរបស់យើងនៅមហាសន្និបាត?
២, ៣. តើកូនអាចនាំសេចក្ដីសរសើរចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? ហើយតើមាតាបិតាមានភារកិច្ចអ្វី?
៤. តើការប្រព្រឹត្តរបស់យើងអាចមានអានុភាពយ៉ាងណាទៅលើអ្នកឯទៀត?