មហាសន្និបាតប្រចាំតំបន់របស់ស្មរបន្ទាល់ព្រះយេហូវ៉ាសម្រាប់ឆ្នាំ២០០៨
១ សាវ័កប៉ុលបានដាស់តឿនពួកគ្រិស្តសាសនិកដែលជាសាសន៍ហេព្រើរឲ្យប្រជុំគ្នា ហើយលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យ«កាន់តែខ្លាំងឡើង» ដោយឃើញថាថ្ងៃនោះជិតមកដល់ហើយ។ (ហេ. ១០:២៤, ២៥) មានទីសំអាងកាន់តែច្រើនឡើងៗ ដែលបង្ហាញថា«ថ្ងៃនោះ» ដែលសាវ័កប៉ុលបានរៀបរាប់ គឺជិតណាស់ហើយ! ហេតុនេះហើយបានជាយើងទន្ទឹងចាំឱកាសប្រជុំគ្នាជាមួយនឹងបងប្អូនរួមជំនឿ ដើម្បីទទួលការអប់រំពីព្រះ។ ការអប់រំនេះអាចជួយណែនាំយើងនៅគ្រា«ជាន់ក្រោយបង្អស់» ដែលជាគ្រាប្រកបទៅដោយគ្រោះថ្នាក់កាន់តែច្រើនឡើងៗ។ (២ធី. ៣:១) យើងនឹងមានឱកាសប្រជុំគ្នាទទួលការអប់រំដូច្នេះ នៅឯមហាសន្និបាតប្រចាំតំបន់សម្រាប់ឆ្នាំ២០០៨។
២ ចូលរួមឲ្យបានពេញទាំងបីថ្ងៃ : យើងលើកទឹកចិត្តបងប្អូនចូលរួមឲ្យបានពេញទាំងបីថ្ងៃ។ បើយើង«ឥតលែងប្រជុំគ្នា» យើងនឹងមិនខានទទួលការអប់រំដ៏ចាំបាច់ពីព្រះនៅឯមហាសន្និបាតទេ។ (ហេ. ១០:២៥) សូមចាប់ផ្ដើមរៀបចំភ្លាមៗដើម្បីចូលរួម។ អ្នកគួរជម្រាបនិយោជកយ៉ាងឆាប់ ដើម្បីឲ្យគាត់អាចចាត់ចែងការងារទាំងនោះបានបើចាំបាច់។ ប្រសិនបើកូនអ្នកនៅរៀនឯសាលាក្នុងអំឡុងមហាសន្និបាត សូមជម្រាបលោកគ្រូអ្នកគ្រូអំពីគម្រោងរបស់អ្នក។ សូមប្រាប់ឲ្យគេដឹងថា មហាសន្និបាតគឺជាផ្នែកដែលទៀងទាត់មួយនៃការថ្វាយបង្គំរបស់អ្នក។ អ្នកអាចប្រាកដថា ព្រះយេហូវ៉ានឹងប្រទានពរដល់ការព្យាយាមរបស់អ្នក ក្នុងការទុកប្រយោជន៍រាជាណាចក្រព្រះជាអាទិភាព។—ម៉ាថ. ៦:៣៣
៣ ជួយអ្នកឯទៀតឲ្យចូលរួម : សាវ័កប៉ុលក៏បានអំពាវនាវឲ្យបងប្អូននៅសម័យនោះ «ពិចារណាមើលគ្នាទៅវិញទៅមក»។ (ហេ. ១០:២៤) តើបងប្អូននៅក្នុងក្រុមសិក្សាសៀវភៅរបស់អ្នក ត្រូវការជំនួយឲ្យចូលរួមមហាសន្និបាតទេ? តើអ្នកអាចជួយសិស្សគម្ពីរឲ្យចូលរួមមហាសន្និបាតជាមួយអ្នក សូម្បីតែគាត់អាចចូលរួមមួយថ្ងៃប៉ុណ្ណោះឬទេ? កាលណាអ្នកប្រាប់គម្រោងរបស់អ្នកអំពីមហាសន្និបាតដល់សមាជិកក្រុមគ្រួសារដែលមិនជាអ្នកជឿ សូមអញ្ជើញគាត់ឲ្យមកចូលរួមជាមួយអ្នកដែរ។ ការព្យាយាមដ៏ប្រកបដោយសេចក្ដីស្រឡាញ់របស់អ្នក ប្រហែលនាំឲ្យមានពរដែលអ្នកគិតស្មានមិនដល់។
៤ ព័ត៌មានចំពោះមហាសន្និបាតឯទៀត : ប្រសិនបើអ្នកនឹងចូលរួមនៅឯមហាសន្និបាតក្រៅពីមហាសន្និបាតដែលក្រុមជំនុំត្រូវចាត់ឲ្យទៅ អ្នកអាចទទួលព័ត៌មានអំពីកន្លែងស្នាក់នៅ ដោយសសេរសំបុត្រជូនដល់មន្ទីរចាត់ការសម្រាប់មហាសន្និបាតនោះ។ អាសយដ្ឋានសម្រាប់មន្ទីរចាត់ការមហាសន្និបាតនោះ គឺនៅខ្នងក្រដាសពាក្យស្នើសុំសម្រាប់កន្លែងស្នាក់នៅ (Special Needs Room Request)។ បន្ដិចទៀតក្រដាសពាក្យស្នើសុំនេះ នឹងបញ្ជូនទៅលេខាធិការក្រុមជំនុំទាំងឡាយ។ ដើម្បីទទួលការតបឆ្លើយបាន នៅក្នុងស្រោមសំបុត្ររបស់អ្នក សូមដាក់ស្រោមសំបុត្រមួយទៀតដែលមានបិទតែមប្រិ៍មួយ ហើយមានអាសយដ្ឋានរបស់ខ្លួននៅខ្នងស្រោមសំបុត្រនោះដែរ។
៥ សេចក្ដីត្រូវការពិសេស : ប្រសិនបើអ្នកផ្សាយណាម្នាក់ស្នើសុំជំនួយរកកន្លែងស្នាក់នៅ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំគួរសម្រេចចិត្តបើអ្នកផ្សាយនោះមានលក្ខណៈគ្រប់គ្រាន់ ដើម្បីជូនពាក្យស្នើសុំសម្រាប់កន្លែងស្នាក់នៅ (Special Needs Room Request)។
៦ ចូរប្រព្រឹត្តការល្អ : ការស្ដាប់បង្គាប់តាមបញ្ជារបស់ព្រះយេហូវ៉ា ឲ្យប្រជុំគ្នាដើម្បីថ្វាយបង្គំទ្រង់ នាំឲ្យយើង‹ទទួលប្រយោជន៍ខ្លួនឯង›។ សំខាន់ជាងនេះទៅទៀត ការស្ដាប់បង្គាប់នេះផ្ដល់ឱកាសឲ្យលើកតម្កើងនាមរបស់ព្រះយេហូវ៉ា។ (អេសា. ៤៨:១៧) នៅឯមហាសន្និបាត«ការល្អ[របស់យើង] ក៏ឃើញច្បាស់»ដោយមនុស្សជាច្រើននាក់ ហើយនេះជំរុញឲ្យអ្នកខ្លះរៀបរាប់ពីអារម្មណ៍របស់ខ្លួន។ (១ធី. ៥:២៥) នៅទីក្រុងមួយដែលមហាសន្និបាតយើងតែងតែធ្វើឡើងច្រើនឆ្នាំមកហើយនោះ ប្រធានសណ្ឋាគារម្នាក់បានទទួលស្គាល់ថា៖ «មនុស្សជាច្រើននាក់នៅក្រុងនេះនិយាយអំពីស្មរបន្ទាល់ព្រះយេហូវ៉ា ព្រមទាំងប្រយោជន៍ដែលក្រុងទទួលពីមហាសន្និបាតរបស់អ្នក។ យើងដឹងថាពួកអ្នកសម្អាតមជ្ឈមណ្ឌល ហើយយើងឃើញពួកអ្នកបោសសម្អាតទីធ្លាចតឡាន។ យើងមានសេចក្ដីសោមនស្សរីករាយចំពោះវត្តមានរបស់លោកអ្នក។ យើងសង្ឃឹមថា យើងអាចបន្តឲ្យមានទំនាក់ទំនងបែបនេះរហូតទៅដល់ពេលអនាគត»។ បន្ទាប់ពីរៀបរាប់អំពីបញ្ហាដែលមកពីក្រុម និងតារាល្បីល្បាញឯទៀត ប្រធានសណ្ឋាគារម្នាក់បាននិយាយអំពីបងប្អូនរួមជំនឿដែលបានស្នាក់នៅសណ្ឋាគារនោះ ថាពួកគេបង្ហាញការរួមដៃគ្នានិងចិត្តអត់ធ្មត់។ គាត់ក៏មានប្រសាសន៍ថា៖ «យើងចង់ឲ្យភ្ញៀវទាំងអស់ប្រព្រឹត្តដូចជាស្មរបន្ទាល់ព្រះយេហូវ៉ា!»។ កិរិយាប្រព្រឹត្តរបស់បងប្អូនយើងដែលនាំឲ្យមានពាក្យសរសើរទាំងនេះ និងពាក្យឯទៀតដែលស្រដៀងនឹងនេះ ពិតជានាំឲ្យព្រះយេហូវ៉ាមានចិត្តសប្បាយរីករាយមែន!
៧ ព្រះយេស៊ូបានមានប្រសាសន៍ថា ជីវិតរបស់យើងគឺអាស្រ័យទៅលើការស្ដាប់តាម«គ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមក»។ (ម៉ាថ. ៤:៤) នៅឯមហាសន្និបាតប្រចាំឆ្នាំរបស់យើង ព្រះយេហូវ៉ាប្រទានសេចក្ដីបង្រៀនដែលប្រៀបដូចជា‹អាហារតាមត្រូវពេល› ដែលត្រូវបានរៀបចំដោយ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។ (ម៉ាថ. ២៤:៤៥) បងប្អូនយើងបានធ្វើកិច្ចការជាច្រើនដើម្បីរៀបចំ និងថ្លែងសេចក្ដីបង្រៀនរបស់ព្រះដែលប្រៀបដូចជាការជប់លៀង។ សូមឲ្យយើងបង្ហាញចិត្តកតញ្ញូចំពោះការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ាដែលប្រកបដោយសេចក្ដីស្រឡាញ់ ដោយមានវត្តមានហើយប្រុងស្មារតីស្ដាប់សុន្ទរកថាទាំងអស់ក្នុងកម្មវិធីមហាសន្និបាត។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. (ក) ហេតុអ្វីដំបូន្មានរបស់សាវ័កប៉ុល ចំពោះពួកគ្រិស្តសាសនិកដែលជាសាសន៍ហេព្រើរ មានភាពបន្ទាន់សព្វថ្ងៃនេះ? (សូមអាន ហេព្រើរ ១០:២៤, ២៥) (ខ) តើយើងនឹងមានឱកាសអ្វី ដើម្បីធ្វើតាមដំបូន្មានរបស់សាវ័កប៉ុលនោះ?
២. (ក) ហេតុអ្វីការចូលរួមមហាសន្និបាតឲ្យបានពេញទាំងបីថ្ងៃគឺសំខាន់ម្ល៉េះ? (ខ) តើយើងគួរចាប់ផ្ដើមរៀបចំដើម្បីចូលរួមដោយដូចម្ដេច?
៣. តើតាមរបៀបណាយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត?
៤. ប្រសិនបើយើងត្រូវការព័ត៌មានអំពីកន្លែងស្នាក់នៅ ចំពោះមហាសន្និបាតឯទៀតក្រៅពីមហាសន្និបាតដែលក្រុមជំនុំចាត់ឲ្យទៅ តើយើងគួរធ្វើអ្វី?
៥. តើមានការរំលឹកណាខ្លះចំពោះក្រដាសពាក្យស្នើសុំសម្រាប់កន្លែងស្នាក់នៅ?
៦. (ក) តើយើងអាចលើកតម្កើងព្រះយេហូវ៉ានៅពេលយើងចូលរួមមហាសន្និបាតតាមរបៀបណា? (ខ) ដោយសារបងប្អូនយើងមានកិរិយាប្រព្រឹត្តល្អ តើបុគ្គលិកសណ្ឋាគារបានពោលពាក្យអ្វីខ្លះ?
៧. តើម៉ាថាយ ៤:៤ បញ្ជាក់ពីសារៈសំខាន់នៃការប្រុងស្មារតីស្ដាប់សុន្ទរកថាទាំងអស់ក្នុងកម្មវិធីយ៉ាងដូចម្ដេច?
[ប្រអប់នៅទំព័រ៣]
កម្មវិធី
ថ្ងៃសុក្រនិងថ្ងៃសៅរ៍
ម៉ោង៨:៥០ព្រឹក—៤:០៥រសៀល
ថ្ងៃអាទិត្យ
ម៉ោង៨:៥០ព្រឹក—៣:៣០រសៀល