មហាសន្និបាតតាមតំបន់នៃស្មរបន្ទាល់ព្រះយេហូវ៉ាសម្រាប់ឆ្នាំ២០០៧ មានប្រធាន«ចូរដើរតាមលំអានព្រះគ្រិស្ត»
១ លោកម៉ូសេបានផ្ដល់ការណែនាំឲ្យសាសន៍អ៊ីស្រាអែលនិងសាសន៍ដ៏ទៃទាំងឡាយនូវការប្រជុំគ្នា៧ឆ្នាំម្ដងដើម្បីអានក្រឹត្យវិន័យដល់ពួកគេ។ តើការប្រជុំគ្នានេះមានគោលបំណងអ្វី? គឺ «ដើម្បីឲ្យគេស្ដាប់ ហើយបានរៀន»។ (ចោទិ. ៣១:១០-១២) ព្រះយេហូវ៉ាបានទតឃើញសេចក្ដីត្រូវការឲ្យប្រមូលរាស្ត្ររបស់ទ្រង់ប្រជុំគ្នាជាក្រុមធំ។ បន្ដិចទៀត រាស្ត្ររបស់ទ្រង់នឹងប្រជុំជាមួយគ្នាម្ដងទៀតនៅឯមហាសន្និបាតតាមតំបន់អស់រយៈបីថ្ងៃ ដែលមានប្រធាន«ចូរដើរតាមលំអានព្រះគ្រិស្ត»។
២ តើអ្នកចាប់ផ្ដើមធ្វើការរៀបចំហើយឬនៅ? តើអ្នកត្រូវការសុំច្បាប់ឈប់សម្រាកពីនិយោជករបស់អ្នកទេ? តើអ្នកអាចជួយសិស្សព្រះគម្ពីរ ឬក៏សមាជិករបស់អ្នកដែលមិនជឿ ឲ្យចូលរួមមហាសន្និបាតជាមួយអ្នកទេ? តើមានអ្នកឯទៀតនៅក្នុងក្រុមជំនុំដែលត្រូវការជំនួយដើម្បីចូលរួមមហាសន្និបាតទេ? តើអ្នកមានគម្រោងចូលរួមមហាសន្និបាតផ្សេងឬទេ? តើអ្នកនឹងត្រូវការកន្លែងស្នាក់នៅទេ? ព័ត៌មានជាបន្តបន្ទាប់នេះនឹងជួយអ្នកឲ្យអាចរៀបចំចូលរួមប្រជុំមហាសន្និបាត។
៣ ចូលរួមឲ្យបានពេញទាំងបីថ្ងៃ: ព្រះយេហូវ៉ាប្រទានអាហារខាងវិញ្ញាណជាបរិបូរសម្រាប់រាស្ត្ររបស់ទ្រង់។ (អេសា. ២៥:៦) នេះរួមបញ្ចូលការជប់លៀងអាហារខាងវិញ្ញាណដែលត្រូវផ្គត់ផ្គង់នៅឯមហាសន្និបាតប្រចាំឆ្នាំ។ ចំនួនអ្នកចូលរួមនៅថ្ងៃសុក្រ គឺបានសង្កេតឃើញថា តិចជាងឆ្ងាយណាស់ពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ សូមមានគោលបំណងឲ្យមានវត្តមានពេញទាំងបីថ្ងៃនៃមហាសន្និបាតដែលគួរឲ្យលើកទឹកចិត្តនេះ ដែលអង្គការរបស់ទ្រង់បានរៀបចំឲ្យយើងគ្រប់រូប! ប្រសិនបើអ្នកត្រូវសុំច្បាប់ឈប់សម្រាកពីការងារ ចូរអធិស្ឋានអំពីរឿងនេះចុះ! បន្ទាប់មក ចូរឲ្យមាន«ចិត្តក្លាហាន»ដើម្បីនិយាយជាមួយនិយោជកយ៉ាងឆាប់ ចាប់ពីថ្ងៃប្រកាសមហាសន្និបាត។ (១ថែ. ២:២; នេ. ២:៤, ៥) ប្រហែលមានប្រយោជន៍បើពន្យល់ទៅគាត់ថា មហាសន្និបាតប្រចាំឆ្នាំគឺជាផ្នែកនៃការថ្វាយបង្គំរបស់អ្នក។ ការឆាប់ធ្វើនេះ អាចជួយនិយោជកស្រួលកែសម្រួលការងារទៅតាមសេចក្ដីស្នើសុំរបស់អ្នក។
៤ ចូរជួយសិស្សព្រះគម្ពីរនិងក្រុមគ្រួសាររបស់អ្នកត្រៀមខ្លួន: ជាការល្អណាស់ បើសិស្សព្រះគម្ពីរចូលរួមមហាសន្និបាតជាមួយអ្នក ហើយអាចឃើញផ្ទាល់ភ្នែកនូវភាពកក់ក្ដៅនៃភាតរភាពគ្រិស្តសាសនិក«ក្នុងជំនុំធំ»! (ទំនុក. ២២:២៥) សូមជម្រាបពួកគាត់យូរទុកជាមុន ដើម្បីឲ្យអាចរៀបចំចូលរួមបាន។ ប្រាប់ពួកគាត់មូលហេតុដែលអ្នកផ្ទាល់ សប្បាយពេលបានចូលរួមមហាសន្និបាត។ អ្នកអាចជួយសិស្សព្រះគម្ពីរឲ្យដឹងពីអ្វីដែលនឹងកើតឡើងនៅទីនោះ ដោយចាក់វីដេអូដែលបង្ហាញអំពីមហាសន្និបាតពីមុន ជាពិសេសវីដេអូដែលមានចំណងជើងថា មានសាមគ្គីភាពដោយសារការបង្រៀនពីព្រះ (United by Divine Teaching)។ ចូរឲ្យសមាជិកគ្រួសារដែលមិនជាអ្នកជឿ ដឹងអំពីគម្រោងរបស់អ្នកដែរ។ ប្រហែលពួកគាត់អាចចូលរួមទស្សនាឈុតសម្ដែង ឬក៏យ៉ាងហោចណាស់ចូលរួមមួយថ្ងៃនៃមហាសន្និបាតជាមួយអ្នក។
៥ ចូរជួយបងប្អូនគ្រិស្តសាសនិក: សាវ័កប៉ុលបានដាស់តឿនពួកគ្រិស្តសាសនិកដែលមានធនធាន «ឲ្យគេធ្វើគុណ នឹងការល្អជាបរិបូរ ព្រមទាំងចែកទានដោយសទ្ធា ហើយប្រុងប្រៀបនឹងជួយគេផង»។ (១ធី. ៦:១៧, ១៨) យើងអាចបង្ហាញចិត្តសទ្ធាដែលប៉ុលបានលើកឡើងបើយើងពិចារណាអំពីស្ថានភាពរបស់មនុស្សវ័យចាស់ អ្នកពិការ អ្នកបម្រើពេញពេល ក្រុមគ្រួសារដែលមានតែមាតាឬបិតា និងប្រហែលអ្នកឯទៀតនៅក្នុងក្រុមជំនុំដែលត្រូវការជំនួយដើម្បីចូលរួមមហាសន្និបាត។ អ្នកដែលជាញាតិសន្ដានមានករណីយកិច្ចជាបឋមក្នុងការផ្ដល់ជំនួយនេះ ប៉ុន្តែអ្នកចាស់ទុំនិងអ្នកឯទៀតអាចថ្លឹងថ្លែងមើលនិងផ្ដល់ជំនួយបើត្រូវការដែរ។—កា. ៦:១០; ១ធី. ៥:៤
៦ ប្រសិនបើអ្នកផ្សាយណាម្នាក់នៅក្នុងក្រុមជំនុំត្រូវការជំនួយរកកន្លែងស្នាក់នៅ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំគួរសម្រេចចិត្តបើអ្នកផ្សាយនោះមានលក្ខណៈគ្រប់គ្រាន់ ដើម្បីជូនពាក្យស្នើសុំសម្រាប់កន្លែងស្នាក់នៅ (Special Needs Room Request)។
៧ ការចូលរួមមហាសន្និបាតផ្សេងទៀត: ប្រសិនបើអ្នកត្រូវការតារាងរាយឈ្មោះកន្លែងស្នាក់នៅ ឬក៏ព័ត៌មានបន្ថែមសម្រាប់មហាសន្និបាតឯទៀតក្រៅពីមហាសន្និបាតដែលក្រុមជំនុំត្រូវចាត់ឲ្យទៅ អ្នកអាចសសេរសំបុត្រជូនដល់អ្នកទទួលខុសត្រូវសម្រាប់មហាសន្និបាតនោះ ដោយប្រើអាសយដ្ឋានដែលលេខាធិការក្រុមជំនុំរកឲ្យនៅខ្នងក្រដាស់ពាក្យស្នើសុំសម្រាប់កន្លែងស្នាក់នៅ (Special Needs Room Request)។ ដើម្បីឲ្យអ្នកទទួលខុសត្រូវសម្រាប់មហាសន្និបាតនោះអាចតបឆ្លើយវិញ សូមសរសេរអាសយដ្ឋាននៅខ្នងស្រោមសំបុត្រមួយដែលលេខាក្រុមជំនុំបានប្រាប់។ រួចមក ក្នុងស្រោមសំបុត្រនោះ សូមដាក់ស្រោមសំបុត្រមួយទៀតដែលមានបិទតែមមួយ ហើយមានអាសយដ្ឋានរបស់ខ្លួននៅខ្នងស្រោមសំបុត្រនោះដែរ។
៨ សហការគ្នាធ្វើតាមការរៀបចំ: ពេលយើងចូលកន្លែងប្រជុំមហាសន្និបាត ច្បាស់ជាយើងឃើញថាមានកិច្ចការជាច្រើនដែលបានត្រូវរៀបចំឲ្យយើងគ្រប់រូប។ បងប្រុសជាទីស្រឡាញ់ដែលបម្រើជាឆ្មាំស្វាគមន៍យើង ផ្ដល់ឲ្យកម្មវិធី និងជួយរកកន្លែងអង្គុយឲ្យយើង។ បងប្អូនប្រុសស្រីបានបោសសម្អាតកន្លែងមហាសន្និបាតនិងបានរៀបចំវេទិកាដ៏ស្អាត។ កិច្ចការដ៏ចាំបាច់ក៏ត្រូវបានបំពេញ ដែលយើងមើលមិនឃើញ ដូចជារៀបចំកម្មវិធីមហាសន្និបាត និយាយតម្លៃជាមួយនឹងម្ចាស់សណ្ឋាគារ និងបំពេញភារកិច្ចជាច្រើនឯទៀត។
៩ សម្រាប់មហាសន្និបាតនីមួយៗ មានបងប្អូនជាច្រើនដែលបានធ្វើកិច្ចការអស់ច្រើនខែ ដើម្បីរៀបចំអ្វីៗដែលចាំបាច់។ ក្រុមគ្រួសាររបស់បងប្អូននោះក៏មានចំណែកក្នុងការជួយដែរ ដោយអនុញ្ញាតឲ្យពួកគាត់មានពេលបំពេញកិច្ចការដ៏សំខាន់នោះ។ តើយើងមានចិត្តអំណរដើម្បីលះបង់ប្រយោជន៍យើងផ្ទាល់ទេ? យើងអាចបង្ហាញការដឹងគុណដោយចុះចូលតាមការណែនាំនៅអត្ថបទនេះ និងការណែនាំថែមទៀតដែលយើងប្រហែលនឹងទទួលមុនមហាសន្និបាត។ (ហេ. ១៣:១៧) ការសហការគ្នាដោយស្ម័គ្រចិត្តរបស់បងប្អូនគ្រប់រូប នាំឲ្យកិច្ចការទាំងអស់កើតឡើង «តាមបែបគួរសម ហើយដោយលំដាប់លំដោយ»។—១កូ. ១៤:៤០
១០ ពេលដែលយើង «ឃើញថាថ្ងៃនោះជិតមកដល់ហើយ» ការប្រជុំគ្នានៃរាស្ត្ររបស់ព្រះគឺមានសារៈសំខាន់បំផុត។ (ហេ. ១០:២៥) នៅឯមហាសន្និបាតរបស់យើង អ្នកបម្រើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អផ្ដល់ព័ត៌មានដើម្បីជួយយើងឲ្យ «ប្រយ័តនឹងប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រិត្យវិន័យ» ដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើតាម។ (ចោទិ. ៣១:១២) ចូរចាប់ផ្ដើមធ្វើគម្រោងពីឥឡូវដើម្បីចូលរួមអស់ទាំងបីថ្ងៃនៃមហាសន្និបាត «ចូរដើរតាមលំអានព្រះគ្រិស្ត» ហើយទទួលប្រយោជន៍ពីការណែនាំខាងវិញ្ញាណ និងសំណេះសំណាលដ៏សប្បាយ!
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. (ក) តើលោកម៉ូសេបានលើកទឹកចិត្តសាសន៍អ៊ីស្រាអែលឲ្យទទួលប្រយោជន៍ពីការប្រជុំគ្នាយ៉ាងដូចម្ដេច? (ខ) តើយើងត្រូវចាប់ផ្ដើមរៀបចំអ្វីខ្លះពីឥឡូវនេះ?
៣. (ក) តើអ្វីកំពុងតែកើតឡើងសព្វថ្ងៃនេះ ដែលសម្រេចទំនាយអេសាយ ២៥:៦? (ខ) តើចំនួនអ្នកចូលរួមនៅថ្ងៃសុក្រនៃមហាសន្និបាតសង្កេតឃើញយ៉ាងណា? ហើយតើយើងគួរធ្វើអ្វីផ្ទាល់ខ្លួន?
៤. តើយើងអាចជួយសិស្សព្រះគម្ពីរនិងក្រុមគ្រួសារដែលមិនមែនជាអ្នកជឿឲ្យត្រៀមខ្លួនចំពោះមហាសន្និបាតយ៉ាងដូចម្ដេច?
៥, ៦. (ក) តើតាមរបៀបណាយើងអាចសម្ដែងចិត្តសទ្ធាដូចបានចែងនៅធីម៉ូថេទី១ ៦:១៨? (ខ) តើមានសំវិធានការអ្វីដើម្បីជួយបងប្អូនដែលប្រហែលត្រូវការជំនួយក្នុងការរកកន្លែងស្នាក់នៅ?
៧. តើមានការណែនាំអ្វីដែលបានផ្ដល់ឲ្យ បើយើងត្រូវចូលរួមមហាសន្និបាតឯទៀតក្រៅពីមហាសន្និបាតដែលក្រុមជំនុំចាត់ឲ្យទៅ?
៨, ៩. (ក) តើអ្វីបានរៀបចំសម្រាប់យើង មុនដែលយើងមកដល់កន្លែងមហាសន្និបាត? (ខ) តើតាមរបៀបណាយើងអាចបង្ហាញចិត្តអំណរនិងការដឹងគុណចំពោះកិច្ចការទាំងអស់ដែលត្រូវបានធ្វើសម្រាប់យើង? (អាន ហេព្រើរ ១៣:១៧)
១០. (ក) ហេតុអ្វីការប្រជុំគ្នានៃរាស្ត្ររបស់ព្រះយេហូវ៉ា សំខាន់ម្ល៉េះនៅសព្វថ្ងៃនេះ? (ខ) តើយើងម្នាក់ៗអាចចាប់ផ្ដើមធ្វើអ្វីពីឥឡូវ?
[ប្រអប់នៅទំព័រ៣]
កម្មវិធី
ថ្ងៃសុក្រនិងថ្ងៃសៅរ៍
ម៉ោង៨:៥០ព្រឹក—៤:០៥រសៀល
ថ្ងៃអាទិត្យ
ម៉ោង៨:៥០ព្រឹក—៣:៣០រសៀល