មហាសន្និបាតតាមតំបន់នៃស្មរបន្ទាល់ព្រះយេហូវ៉ាសំរាប់ឆ្នាំ២០០៥ មានប្រធាន«ចូរស្ដាប់បង្គាប់ព្រះ»
១ ដោយហេតុថាព្រះយេហូវ៉ាជាអ្នកបង្រៀនដ៏ឧត្តម ទ្រង់រៀបចំឲ្យយើងប្រជុំគ្នាដើម្បីរៀនអំពីផ្លូវរបស់ទ្រង់។ (អេសា. ៣០:២០, ២១; ៥៤:១៣) ទ្រង់បានធ្វើយ៉ាងនេះតាមរយៈអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អដើម្បីរៀបចំកិច្ចប្រជុំដូចជាមហាសន្និបាតតាមតំបន់ប្រចាំឆ្នាំរបស់យើង។ (ម៉ាថ. ២៤:៤៥-៤៧) យើងមានអារម្មណ៍ដូចដាវីឌ ដែលតែងទំនុកដំកើងថា៖«ទូលបង្គំនឹងលើកសរសើរដល់ព្រះយេហូវ៉ា នៅក្នុងពួកជំនុំទាំងប៉ុន្មាន»។ (ទំនុក. ២៦:១២) ស្តេចដាវីឌបានដឹងយ៉ាងច្បាស់អំពីគុណប្រយោជន៍ដែលមកពីទ្រង់ត្រូវបានបង្រៀនដោយព្រះយេហូវ៉ា ហើយទ្រង់ប្ដេជ្ញាថានឹងនៅក្នុងចំណោមរាស្ត្ររបស់ព្រះរាល់ពេលដែលពួកគេរួមប្រជុំគ្នា។
២ តើអ្នកនឹងនៅក្នុងចំណោម«ពួកជំនុំទាំងប៉ុន្មាន»ឬទេដែលនឹងប្រជុំគ្នានៅឯមហាសន្និបាតតាមតំបន់ឆ្នាំនេះដែលមានប្រធានថា«ចូរស្ដាប់បង្គាប់ព្រះ»? បើមែន ពត៌មានជាបន្តបន្ទាប់នេះនឹងមានប្រយោជន៍សំរាប់ការត្រៀមខ្លួនចូលរួមប្រជុំ។
៣ សូមគ្រោងទុកពីឥឡូវដើម្បីអាចចូលរួមបានគ្រប់ថ្ងៃ: «គំនិតរបស់មនុស្សឧស្សាហ៍ នោះនាំឲ្យបានបរិបូរឡើង»។ (សុ. ២១:៥) តើពាក្យទាំងនេះគូសបញ្ជាក់នូវប្រយោជន៍នៃការរៀបចំគម្រោងការគ្មានបង្អង់ ដើម្បីចូលរួមមហាសន្និបាតឬទេ? ដើម្បីធានាថាអ្នកនឹងមិនអាក់ខានចូលរួមកម្មវិធីដែលពង្រឹងកម្លាំងខាងវិញ្ញាណណាមួយនោះ ជាការល្អបើឥឡូវនេះអ្នកចាប់ផ្ដើមធ្វើការរៀបចំអ្វីដែលចាំបាច់ ដើម្បីអាចចូលរួមគ្រប់ទាំងបីថ្ងៃ។ ប្រសិនបើអ្នកត្រូវសុំច្បាប់ឈប់សំរាកពីនិយោជករបស់អ្នក ចូរធ្វើភ្លាមកុំបង្អង់។ បើអ្នកត្រូវការពិភាក្សាអំពីគម្រោងការអ្នកជាមួយនឹងគូរបស់អ្នកដែលជាអ្នកមិនជឿនោះ សូមកុំរង់ចាំរហូតដល់កៀកថ្ងៃនោះឡើយ។ ទោះបីជាអ្នកជួបការពិបាកយ៉ាងណាក៏ដោយ សូមអធិស្ឋានទូលដល់ព្រះយេហូវ៉ាអំពីរឿងទាំងនោះដោយទុកចិត្តថា បើមានជំនួយពីទ្រង់នោះ ‹អស់ទាំងគំនិតរបស់យើងនឹងបានសំរេច›។ (សុ. ១៦:៣) ម្យ៉ាងទៀត ជាការល្អបើអ្នកជួយសិស្សព្រះគម្ពីររបស់អ្នករៀបចំជាស្រេចដើម្បីឲ្យអាចមានវត្តមាននៅគ្រប់ពេលប្រជុំទាំងអស់។
៤ សេចក្ដីត្រូវការពិសេស: ប៉ុលបានពណ៌នាអំពីបងប្រុសខ្លះដែលបាន«កំសាន្តចិត្ត[ឬ«ជួយពង្រឹងកម្លាំង», ព.ថ.]»គាត់។ (កូល. ៤:៧-១១) របៀបមួយដែលពួកគាត់បានជួយគឺដោយជួយបំពេញសេចក្ដីត្រូវការផ្ទាល់ខ្លួនរបស់ប៉ុល។ តើអ្នកអាច«ជួយពង្រឹងកម្លាំង»អ្នកឯទៀតនៅឱកាសមហាសន្និបាតយ៉ាងដូចម្ដេច? អ្នកផ្សាយដែលមានវ័យចាស់ អ្នកពិការ អ្នកត្រួសត្រាយពេញពេល និងអ្នកឯទៀតអាចត្រូវការជំនួយជាកន្លែងស្នាក់នៅឬមធ្យោបាយធ្វើដំណើរទៅកន្លែងមហាសន្និបាត។ អ្នកដែលជាញាតិសន្ដានមានករណីយកិច្ចជាបឋមក្នុងការមើលថែទាំអ្នកទាំងនោះ។ (១ធី. ៥:៤) បើពួកគាត់មិនអាចជួយបានទេនោះ អ្នកជឿគ្នីគ្នាប្រហែលជាអាចជួយបានដែរ។ (យ៉ា. ១:២៧) អ្នកត្រួតពិនិត្យក្រុមសិក្សាសៀវភៅតាមក្រុមត្រូវពិនិត្យមើលក្នុងក្រុមរបស់គាត់ឲ្យដឹងថាតើនរណាខ្លះដែលត្រូវការជំនួយពិសេសដើម្បីឲ្យប្រាកដថាគម្រោងការចូលរួមមហាសន្និបាតរបស់ពួកគេបានរៀបរយល្អហើយ។
៥ ពាក្យស្នើសុំសំរាប់កន្លែងស្នាក់នៅសំរាប់តែអ្នកផ្សាយណាដែលពិតជាត្រូវការកន្លែងស្នាក់នៅ ហើយដែលក្រុមគ្រួសារឬក្រុមជំនុំមិនអាចទទួលឲ្យស្នាក់នៅបានតែប៉ុណ្ណោះ។ គណៈកម្មាធិការកិច្ចបំរើនៃក្រុមជំនុំត្រូវពិនិត្យពិច័យនូវគុណវុឌ្ឍិរបស់អ្នកផ្សាយ ដោយប្រើគោលការណ៍ណែនាំក្នុងពាក្យសុំក៏ដូចជាក្នុងលិខិតចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៤ ដែលបានផ្ញើមកក្រុមអ្នកចាស់ទុំ។ សំវិធានការនេះសំរាប់តែអ្នកផ្សាយណាដែលមានកេរ្ដិ៍ឈ្មោះល្អហើយនិងកូនដែលមានកិរិយាល្អប៉ុណ្ណោះ។
៦ ការចូលរួមមហាសន្និបាតផ្សេងទៀត: ដើម្បីធានាថាមានកន្លែងអង្គុយ ប្រកាសនវត្ថុ បន្ទប់ស្នាក់នៅនិងអ្វីៗផ្សេងៗទៀតឲ្យបានគ្រប់គ្រាន់នោះ អ្នកផ្សាយបានត្រូវលើកទឹកចិត្តឲ្យចូលរួមតែមហាសន្និបាតណាដែលក្រុមជំនុំរបស់ពួកគេត្រូវបានចាត់ឲ្យទៅចូលរួមប៉ុណ្ណោះ។ ប្រសិនបើកាលៈទេសៈតម្រូវឲ្យអ្នកចូលរួមមហាសន្និបាតមួយផ្សេងពីនេះ សូមទៅជួបលេខាក្រុមជំនុំរបស់អ្នក។ សូមដាក់សំបុត្រស្នើសុំកន្លែងស្នាក់នៅឬសុំពត៌មានថែមទៀតនៅក្នុងស្រោមសំបុត្រដែលមានបិទតែមមួយ។ នៅលើខ្នងស្រោមសំបុត្រនោះ សូមសរសេរអាសយដ្ឋានដែលលេខាក្រុមជំនុំបានប្រាប់។ រួចមក ក្នុងស្រោមសំបុត្រដដែលនោះ សូមដាក់ស្រោមសំបុត្រមួយទៀតដែលមានបិទតែមមួយ ហើយមានអាសយដ្ឋានរបស់អ្នកសរសេរនៅខ្នងស្រោមសំបុត្រនោះ ដើម្បីអ្នកទទួលខុសត្រូវ
អាចតបឆ្លើយនឹងការស្នើសុំរបស់អ្នកបាន។ បើនៅក្នុងក្រុងនោះមានមហាសន្និបាតលើសពីមួយ សូមប្រាប់អំពីកាលបរិច្ឆេទនៃមហាសន្និបាតដែលអ្នកនឹងចូលរួម។
៧ ត្រូវការអ្នកស្ម័គ្រចិត្ត: ព្រះយេស៊ូបានតាំងគំរូល្អឥតខ្ចោះក្នុងការយកព្រះទ័យទុកដាក់យ៉ាងរាបទាបចំពោះសេចក្ដីត្រូវការរបស់អ្នកឯទៀត។ (លូ. ៩:១២-១៧; យ៉ូន. ១៣:៥, ១៤-១៦) អ្នកដែលស្ម័គ្រចិត្តធ្វើការនៅឯមហាសន្និបាតបង្ហាញចិត្តគំនិតស្រដៀងគ្នានេះដែរ។ ដើម្បីបំពេញសេចក្ដីត្រូវការនៃផ្នែកផ្សេងៗរបស់មហាសន្និបាត បន្ដិចទៀតគណៈកម្មាធិការមហាសន្និបាតនៃតំបន់នឹងអញ្ជើញបងប្អូនឯទៀតឲ្យមកជួយ។ មានសេចក្ដីត្រូវការជាពិសេសសំរាប់អ្នកចាស់ទុំដើម្បីស្ម័គ្រចិត្តទទួលភារកិច្ច។ ស្មារតីស្ម័គ្រចិត្តរបស់ពួកគាត់តាំងជាគំរូដ៏ប្រសើរដល់ក្រុមជំនុំទាំងមូល។—១ពេ. ៥:២, ៣
៨ ទស្សនៈរបស់អ្នកឯទៀត: ស្ត្រីម្នាក់ជានាយកពាណិជ្ជកម្មនៃសណ្ឋាគារមួយបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាជាពួកអ្នកដែលយើងចូលចិត្តជាងគេ។ អ្នកមានកិរិយាល្អមែនបើប្រៀបនឹងពួកអ្នកឯទៀត។ អ្នកបោសសំអាតថ្លែងថាពួកអ្នកបានប្រព្រឹត្តយ៉ាងសប្បុរសទៅលើពួកគាត់ ថែមទាំងបានឲ្យប្រាក់ក្រៅម៉ោងផងដែរ។ តាមពិត គ្រប់គ្នាចង់ធ្វើការនៅចុងសប្ដាហ៍ពេលដែលពួកអ្នកមកទីនេះ!»។ បុរសម្នាក់ជាអ្នកតំណាងសណ្ឋាគារបានអត្ថាធិប្បាយថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាជាពួកអ្នកដែលស្រួលធ្វើការជាមួយបំផុត»។ ប្រហែលជាចរិយាដែលគួរយកជាគំរូរបស់អ្នកបានជួយជំរុញឲ្យមានការថ្លែងនេះ។ សូមនឹកក្នុងចិត្តមើលថាតើព្រះយេហូវ៉ាទ្រង់សប្បាយព្រះទ័យយ៉ាងណាពេលដែលទ្រង់ទតឃើញយើងកំពុងតែប្រព្រឹត្តតាមរបៀបដែលនាំមកនូវការសរសើរដូចនេះ។—១ពេ. ២:១២
៩ តាមរយៈ«នាយតំរួតការដែលស្មោះត្រង់» ព្រះយេហូវ៉ាបានរៀបចំក្នុងឆ្នាំនេះឲ្យរាស្ត្រទ្រង់ប្រជុំគ្នាដើម្បីទទួលការបង្ហាត់បង្រៀនខាងវិញ្ញាណ។ (លូ. ១២:៤២) ការរៀបចំដើម្បីចូលរួមគ្រប់ទាំងបីថ្ងៃ នឹងតម្រូវឲ្យមានការខំប្រឹងប្រែង ប៉ុន្តែក៏នឹងមានអត្ថប្រយោជន៍ផងដែរ។ មហាសន្និបាតតាមតំបន់«ចូរស្ដាប់បង្គាប់ព្រះ»នឹងពិតជាពង្រឹងការតាំងចិត្តរបស់យើងដើម្បីបំរើព្រះយេហូវ៉ានៅពេលឥឡូវនេះ ហើយរហូតដល់អនន្តភាពផង។ ចូរយើងប្ដេជ្ញាធ្វើតាមការក្រើនរំឭករបស់អ្នកតែងទំនុកដំកើងដែលថា៖ «ចូរលើកដំកើងព្រះ គឺជាព្រះអម្ចាស់ នៅក្នុងពួកជំនុំ»។—ទំនុក. ៦៨:២៦
[ប្រអប់នៅទំព័រ៤]
កម្មវិធី
ថ្ងៃសុក្រនិងថ្ងៃសៅរ៍
ម៉ោង៩:០០ព្រឹក—៤:០៥រសៀល
ថ្ងៃអាទិត្យ
ម៉ោង៩:០០ព្រឹក—៣:៣០រសៀល