ចូរឲ្យបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់
១ ជាអ្នកបំរើរបស់ព្រះយេហូវ៉ាដែលទ្រង់ជាព្រះដ៏បរិសុទ្ធ យើងខំប្រឹងឲ្យបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់។ (១ពេ. ១:១៥, ១៦) នេះបានន័យថាយើងខំប្រឹងគាំទ្រខ្នាតតម្រារបស់ព្រះយេហូវ៉ាក្នុងទិដ្ឋភាពផ្សេងៗនៃជីវិតរបស់យើង។ មហាសន្និបាតតាមតំបន់នៅឆ្នាំនេះផ្ដល់ឲ្យយើងនូវឱកាសដ៏ពិសេសដើម្បីបង្ហាញនូវភាពបរិសុទ្ធរបស់យើងដោយអ្វីៗដែលយើងប្រព្រឹត្ត។
២ នៅឯសណ្ឋាគារ: ម្ចាស់សណ្ឋាគារម្នាក់បាននិយាយពីស្មរបន្ទាល់ព្រះយេហូវ៉ាដែលបានស្នាក់នៅសណ្ឋាគាររបស់គាត់ក្នុងកំឡុងពេលមហាសន្និបាតនៅឆ្នាំមុនថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាជាមនុស្សដ៏ល្អ។ . . . អ្នកជាភ្ញៀវមួយប្រភេទដែលយើងចង់ឲ្យស្នាក់នៅទីនេះ»។ អ្វីដែលនឹងជួយយើងឲ្យរក្សាកេរ្ដិ៍ឈ្មោះដ៏ល្អគឺដោយស្ដាប់តាមការរំឭកផ្សេងៗដូចជា: (១) កុំកក់បន្ទប់ច្រើនជាងយើងត្រូវការ និងកុំឲ្យមានមនុស្សស្នាក់នៅក្នុងបន្ទប់លើសចំនួន។ (២) បើអ្នកមិនត្រូវការបន្ទប់ដែលបានកក់នោះទេ សូមជំរាបឲ្យសណ្ឋាគារដឹងភ្លាមៗ។ (៣) កុំចំអិនម្ហូបអាហារក្នុងបន្ទប់ដែលគ្មានប្រដាប់ប្រដាសំរាប់ចំអិនអាហារ។ (៤) យើងមិនយកច្រើនហួសហេតុនូវរបស់ដែលសណ្ឋាគារឲ្យដោយឥតគិតថ្លៃ ដូចជាអាហារពេលព្រឹក កាហ្វេ និងទឹកកកសំរាប់ភ្ញៀវក្នុងកាលដែលស្នាក់នៅឯសណ្ឋាគារនោះ។ (៥) បង្ហាញផលផ្លែខាងវិញ្ញាណពេលទាក់ទងនឹងអ្នកបំរើក្នុងសណ្ឋាគារ ជាពិសេសក្នុងវេលាដ៏រវល់ពេលចុះឈ្មោះចូលនិងពេលឈប់ជួលបន្ទប់ក្នុងសណ្ឋាគារ។—កា. ៥:២២, ២៣
៣ យើងអាចធ្វើបន្ទាល់យ៉ាងមានប្រសិទ្ធភាពដោយសុជីវធម៌ដ៏ល្អរបស់យើង។ ឆ្នាំមុនមានស្មរបន្ទាល់ក្មេងម្នាក់ដែលចេះគួរសមបានទៅសុំប៊ិចនិងក្រដាសពីស្មៀនបំរើក្នុងសណ្ឋាគារ ហើយបាននិយាយអរគុណ។ នេះធ្វើឲ្យស្មៀននោះស្ងើចចិត្ត ហើយគាត់បាននិយាយថា៖ «យើងពុំសូវដែលឃើញមានយុវជនមានសុជីវធម៌យ៉ាងគួរសមបែបនេះទេ»។ យ៉ាងណាក៏ដោយ គេបានសង្កេតឃើញថា មានករណីខ្លះៗកូនក្មេងនិយាយឡូឡា លេងនៅឯជណ្ដើរយន្ត រត់លេងក្នុងសណ្ឋាគារ ហើយនៅអាងហែលទឹកដោយគ្មានការត្រួតពិនិត្យពីឪពុកម្ដាយ។ ឪពុកម្ដាយមិនត្រូវអនុញ្ញាតឲ្យកូនៗធ្វើតាមតែចិត្ត ប៉ុន្តែគួរត្រួតពិនិត្យមើលកូនដើម្បីធ្វើឲ្យប្រាកដថា កិរិយារបស់ពួកគេនាំឲ្យអ្នកដទៃសរសើរព្រះយេហូវ៉ា។—សុ. ២៩:១៥
៤ នៅឯភោជនីយដ្ឋាន: អ្នករត់តុនៅឯភោជនីយដ្ឋានជិតមហាសន្និបាតមួយបាននិយាយថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាគឺខុសប្លែកពីគេ។ ពួកគេចេះគោរពដល់អ្នកដទៃនិងចេះគួរសម»។ កិរិយាល្អតម្រូវឲ្យយើងជៀសវាងការនិយាយឡូឡានិងសើចឮខ្លាំងៗដែលរំខានអ្នកដទៃពេលកំពុងបរិភោគ។ សូម្បីតែក្នុងកាលដែលផឹកនិងបរិភោគ យើងចង់ធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះ។—១កូ. ១០:៣១
៥ នៅឯមហាសន្និបាត: កិរិយាដ៏ល្អរបស់យើងត្រូវឃើញជាក់ស្តែងនៅឯមហាសន្និបាត។ សូមសហការជាមួយនឹងឆ្មាំដែលមើលខុសត្រូវនៅឯកន្លែងចតឡានឬម៉ូតូនិងក្នុងសាលប្រជុំ។ (ហេ. ១៣:១៧) ក្រុមគ្រួសារគួរអង្គុយជាមួយគ្នា មិនត្រូវឲ្យកូនៗសូម្បីតែកូនដែលមានវ័យជំទង់អង្គុយជាមួយនឹងក្រុមអ្នកស្រករគ្នានោះឡើយ។ ម៉ាស៊ីនថតបែបណាក៏ដោយមិនត្រូវដោតភ្លើងនៅតាមកន្លែងមហាសន្និបាតឡើយ។ យើងអាចប្រើម៉ាស៊ីនថតបានបើនោះពុំរំខានដល់អ្នកដទៃ។ បើអ្នកចង់ថតរូប មិនត្រូវប្រើពន្លឺភ្លឹបភ្លែតៗពេលដែលកម្មវិធីកំពុងតែដំណើរការនោះទេ។ ហ្វូងលីននិងទូរស័ព្ទដៃត្រូវបន្ថយសម្លេងឲ្យឮតិចៗដើម្បីកុំឲ្យរំខានដល់អ្នកដទៃ។ បើអ្នកឃើញមានគ្រោះថ្នាក់នៅឯមហាសន្និបាត ជាជាងទូរស័ព្ទទៅមន្ទីរពេទ្យ សូមប្រាប់ឆ្មាំម្នាក់ឬពួកអ្នកសង្គ្រោះបន្ទាន់។ ជំនួយខាងពេទ្យគឺមាននៅកន្លែងមហាសន្និបាត។
៦ កិរិយារបស់យើងធ្វើឲ្យយើងប្លែកពីគេនិងឲ្យគេសរសើរដល់ព្រះរបស់យើង។ (១ពេ. ២:១២) នៅឯមហាសន្និបាត អ្នកដទៃនឹងសង្កេតឃើញការប្រព្រឹត្តរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។ ដូច្នេះហើយ ចូរប្ដេជ្ញាចិត្តខំឲ្យបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់។
[សំណួរសម្រាប់អត្ថបទសិក្សា]
១. ហេតុអ្វីក៏សំខាន់ដែលយើងត្រូវបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់?
២. តើយើងអាចបង្ហាញនូវកិរិយាដ៏ល្អនៅឯសណ្ឋាគារយ៉ាងដូចម្ដេច?
៣. តើកិរិយានៃស្មរបន្ទាល់ក្មេងម្នាក់ធ្វើឲ្យអ្នកដទៃស្ងើចសរសើរយ៉ាងណា?
៤. តើយើងអាចបង្ហាញថាយើងចេះគិតដល់អ្នកដទៃពេលដែលបរិភោគនៅឯភោជនីយដ្ឋានយ៉ាងណា?
៥. តើកិរិយាល្អនៅឯមហាសន្និបាតរួមបញ្ចូលអ្វី?
៦. តើកិរិយារបស់យើងនៅឯមហាសន្និបាតធ្វើឲ្យគេសរសើរដល់ព្រះយ៉ាងដូចម្ដេច?
[ប្រអប់នៅទំព័រ៥]
ចូរបង្ហាញនូវកិរិយាបរិសុទ្ធ
◼ ធ្វើតាមវិន័យទាំងអស់នៅឯសណ្ឋាគារ
◼ ត្រួតពិនិត្យមើលកូនៗឲ្យបានហ្មត់ចត់
◼ ចេះគិតដល់អ្នកដទៃ