បទភ្លេងដែលផ្ដល់នូវកម្លាំងចិត្ត
១ ចំរៀងនិងបទភ្លេងគឺជាលក្ខណៈសំខាន់នៃការថ្វាយបង្គំពិត។ នៅអ៊ីស្រាអែលពីសម័យបុរាណ លោកអេសាភនិងបងប្អូនប្រុសៗរបស់គាត់បានច្រៀងថា៖ «ចូរអរព្រះគុណដល់ព្រះយេហូវ៉ា . . . ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ! ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់»។ (១របា. ១៦:៨, ៩) សព្វថ្ងៃនេះយើងច្រៀងថ្វាយព្រះយេហូវ៉ានៅឯកិច្ចប្រជុំតាមក្រុមជំនុំប្រចាំសប្ដាហ៍។ (អេភ. ៥:១៩) នេះជាឱកាសដ៏ល្អមែនដែលឲ្យយើងសរសើរព្រះនាមរបស់ទ្រង់។—ទំនុក. ៦៩:៣០
២ ការស្ដាប់បទភ្លេងព្រះរាជាណាចក្រឬចំរៀងព្រះរាជាណាចក្រដែលបានថតដោយវង់ភ្លេង ក៏អាចធ្វើឲ្យគំនិតយើងពេញដោយរបស់ខាងវិញ្ញាណ។ បងស្រីម្នាក់បានពន្យល់ថា៖ «ពេលដែលខ្ញុំស្ដាប់បទភ្លេងនោះ ខ្ញុំនឹកដល់ពាក្យតាមបទចំរៀងនោះ ថែមទាំងបើកឱកាសដ៏ល្អឲ្យខ្ញុំគិតអំពីព្រះយេហូវ៉ាផងដែរ»។—ភី. ៤:៨
៣ ឱកាសសប្បាយឲ្យស្ដាប់បទភ្លេងនោះ: ការស្ដាប់បទភ្លេងព្រះរាជាណាចក្រនៅឯផ្ទះ បង្កើតឲ្យមានបរិយាកាសខាងវិញ្ញាណដែលប្រកបដោយភាពកក់ក្ដៅ នេះក៏ជួយរក្សាឲ្យមានសេចក្ដីសុខសាន្តក្នុងក្រុមគ្រួសារ។ ក្រុមគ្រួសារមួយបានសរសេរថា៖ «យើងស្ដាប់បទភ្លេងនេះម្ដងហើយម្ដងទៀតនៅឯផ្ទះផង ហើយក្នុងឡានផងដែរ តែមិនចេះធុញនឹងស្ដាប់បទភ្លេងដែលពីរោះគួរឲ្យចង់ស្ដាប់នោះ។ ជួនកាលបទភ្លេងព្រះរាជាណាចក្រជួយយើងមានទឹកចិត្តត្រឹមត្រូវពេលដែលយើងរៀបចំខ្លួនសំរាប់កិច្ចប្រជុំគ្រីស្ទាន ឬក៏ពេលដែលធ្វើដំណើរទៅឯសន្និបាត»។ បងស្រីម្នាក់បាននិយាយថា៖ «ការស្ដាប់បទភ្លេងព្រះរាជាណាចក្រពេលដែលធ្វើកិច្ចការនៅក្នុងផ្ទះ ធ្វើឲ្យខ្ញុំសប្បាយជាង។ គ្មានអ្នកណាអាចគិតស្មានថាខ្ញុំមានអារម្មណ៍អរសប្បាយពេលដែលបត់ខោអាវដែលបានបោកហើយ មែនទេ? ខ្ញុំមានបំណងចង់ស្ដាប់បទភ្លេងនេះនៅពេលដែលខ្ញុំធ្លាក់ទឹកចិត្ត។ ភ្លេងនេះមានអានុភាពបណ្ដាលឲ្យយើងរីករាយណាស់! . . . គឺហាក់ដូចជាសុភមង្គលផុសចេញពីបទភ្លេងនិមួយៗ»។ តើមានគ្រាណាខ្លះដែលបទភ្លេងផ្ដល់នូវកម្លាំងចិត្តបែបនេះនឹងមានប្រយោជន៍សំរាប់អ្នកឬទេ?
៤ បទភ្លេងភាគច្រើនសព្វថ្ងៃនេះ គឺសម្ដែងនូវវិញ្ញាណរបស់លោកីយ៍នេះ។ មាតាបិតាអាចជួយកូនៗបណ្ដុះឲ្យមានចិត្តចង់ស្ដាប់បទភ្លេងល្អដែលមានប្រយោជន៍ដោយមានទម្លាប់ស្ដាប់បទភ្លេងព្រះរាជាណាចក្រតាមរយៈកាសែតឬស៊ីឌី។ សិស្សព្រះគម្ពីរជាច្រើនហើយនិងអ្នកដែលចាប់អារម្មណ៍នឹងមានចិត្តសប្បាយដែរ បើអាចឮដឹងអំពីបទភ្លេងដ៏ពីរោះស្ដាប់ទាំងនេះដែលសរសើរតម្កើងសិរីល្អរបស់ព្រះយេហូវ៉ា ហើយផ្ដល់កម្លាំងចិត្តដែរ។—ទំនុក. ៤៧:១, ២, ៦, ៧