ការរៀបចំពិសេសសំរាប់ចែកសៀវភៅស្តើងថ្មី
១ សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងព្រួយបារម្ភអំពីស្ថានការណ៍ពិភពលោក តែមនុស្សតិចណាស់ដែលយល់នូវមូលហេតុដែលមានស្ថានការណ៍បែបនេះ និងអ្វីដែលនឹងកើតឡើងនៅថ្ងៃខាងមុខ ហើយអ្វីដែលពួកគេត្រូវធ្វើដើម្បីទទួលសេចក្ដីសង្គ្រោះនៅថ្ងៃជំនុំជំរះខាងមុខនេះ។ (អេសេ. ៩:៤) ដើម្បីជួយឲ្យពួកគេដឹងសារៈសំខាន់នៃសម័យយើងនេះមានការរៀបចំពិសេសមួយ ដើម្បីចែកសៀវភៅស្តើងថ្មីដែលមានចំណងជើងថាចូរចាំយាមចុះ! ចាប់ពីថ្ងៃច័ន្ទ ទី១៧ ខែមករា រហូតដល់ថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ។
២ យើងអាចចែកសៀវភៅស្តើងនេះបានពេលផ្សាយពីផ្ទះមួយទៅផ្ទះមួយ ពេលត្រឡប់ទៅជួបគេ ពេលផ្សាយក្រៅផ្លូវការ ឬនៅទីសាធារណៈ។ ក៏ប៉ុន្តែ សៀវភៅស្តើងចូរចាំយាមចុះ! យើងមិនគួរចេះតែចែកឲ្យតែបាននោះទេ។ ផ្ទុយទៅវិញ សៀវភៅស្តើងនេះត្រូវចែកឲ្យអ្នកដែលបង្ហាញចំណាប់អារម្មណ៍យ៉ាងស្មោះដែលចង់ដឹងថាព្រឹត្ដិការណ៍ពិភពលោកមានន័យអ្វីក្នុងព្រះគម្ពីរ។ សំរាប់អ្នកដែលបង្ហាញចំណាប់អារម្មណ៍តែបន្ដិចនោះ យើងអាចអានបទគម្ពីរមួយជូនពួកគេស្ដាប់ រួចហើយជំរាបលាពួកគេ។
៣ អ្នកអាចធ្វើឲ្យមនុស្សចាប់អារម្មណ៍ដោយនិយាយថា:
◼ «មនុស្សជាច្រើនកំពុងបង្ហាញការព្រួយបារម្ភអំពីបញ្ហាលំបាកនិងព្រឹត្ដិការណ៍គួរឲ្យខ្លោចផ្សាដែលកើតឡើងជារឿយៗសព្វថ្ងៃនេះ។ [សូមលើកឡើងនូវឧទាហរណ៍មួយដែលគេដឹងទូទៅ] តើអ្នកបានដឹងទេថា ព្រឹត្ដិការណ៍ទាំងនេះបានត្រូវទាយទុកជាមុនក្នុងសៀវភៅព្រះគម្ពីរ? [អនុញ្ញាតឲ្យឆ្លើយ រួចអានបទគម្ពីរមួយដែលសមស្របតាមឧទាហរណ៍ដែលអ្នកបានលើកឡើងនោះដូចម៉ាថាយ ២៤:៣, ៧, ៨; លូកា ២១:៧, ១០, ១១; ឬធីម៉ូថេទី២ ៣:១-៥] ព្រះគម្ពីរប្រាប់អត្ថន័យនៃព្រឹត្ដិការណ៍នៅសម័យយើងនេះ ហើយអ្វីដែលនឹងកើតឡើងដល់មនុស្សជាតិនៅថ្ងៃមុខ។ តើអ្នកចង់ដឹងថែមទៀតទេ? [អនុញ្ញាតឲ្យឆ្លើយ រួចជូនសៀវភៅស្តើងបើគេមានចំណាប់អារម្មណ៍យ៉ាងស្មោះ] សៀវភៅស្តើងនេះអាចទទួលបានដោយមិនគិតថ្លៃទេ។ បើអ្នកចង់ជូនវិភាគទានស្ម័គ្រចិត្តដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោករបស់យើង យើងសប្បាយចិត្តនឹងទទួល»។
៤ ប្រហែលជាពាក្យដូចតទៅនេះនឹងមានប្រសិទ្ធភាព:
◼ «សព្វថ្ងៃនេះមនុស្សជាច្រើនតានតឹងចិត្តដោយសាររឿងគួរឲ្យតក់ស្លុតដែលកើតឡើងនៅជុំវិញ ឬដោយសារបានជួបនឹងរឿងខ្លោចផ្សាដោយខ្លួនឯងតែម្ដង។ មនុស្សខ្លះឆ្ងល់ថា តើហេតុអ្វីបានជាព្រះមិនធ្វើអន្តរាគមន៍កុំឲ្យរឿងបែបនេះកើតឡើង? សៀវភៅបុរាណនេះជួយយើងឲ្យមានទំនុកចិត្តថា បន្ដិចទៀត ព្រះនឹងបំបាត់ចោលរាល់ហេតុដែលធ្វើឲ្យមនុស្សឈឺចាប់។ សូមកត់សម្គាល់នូវអ្វីដែលទ្រង់នឹងធ្វើដើម្បីមនុស្ស។ [សូមអាន ទំនុកដំកើង ៣៧:១០, ១១] តើអ្នកចង់ដឹងថែមទៀតទេ?»។ បញ្ចប់សេចក្ដីតាមគំរូដូចក្នុងវគ្គមុន។
៥ ចូរកត់ឈ្មោះហើយនិងអាស័យដ្ឋានរបស់មនុស្សម្នាក់ៗដែលទទួលសៀវភៅស្តើងមួយក្បាល ហើយរៀបចំត្រឡប់ទៅជួបពួកគេដើម្បីបណ្ដុះបណ្ដាលចំណាប់អារម្មណ៍តទៅទៀត។ យោបល់ស្តីអំពីវិធីបណ្ដុះបណ្ដាលចំណាប់អារម្មណ៍តទៅទៀតនឹងមានក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងខែមករា ឆ្នាំ២០០៥។ បើមនុស្សម្នាក់បង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅលើកទីមួយ អ្នកប្រហែលជាអាចចាប់ផ្ដើមការសិក្សាភ្លាមៗ ដោយប្រើសៀវភៅស្តើងចូរចាំយាមចុះ! ឬសៀវភៅណាមួយផ្សេងទៀតដូចជាសៀវភៅស្តើងតម្រូវ។
៦ អ្នកនឹងអាចទទួលសៀវភៅស្តើងថ្មីពេលដែលចប់កម្មវិធីប្រជុំអប់រំកិច្ចបំរើដែលពិគ្រោះផ្នែកនេះ។ យើងសូមជូនយោបល់ឲ្យអ្នកផ្សាយហើយនិងអ្នកត្រួសត្រាយយកសៀវភៅប៉ុន្មានក្បាលដែលត្រូវការសំរាប់តែបីបួនថ្ងៃដំបូងនៃសកម្មភាពពិសេសនេះ។ សូមឲ្យព្រះយេហូវ៉ាប្រទានពរទៅលើសកម្មភាពពិសេសនេះ ដើម្បីឲ្យទ្រង់បានទទួលសេចក្ដីសរសើរ ហើយមនុស្សមានចិត្តទៀងត្រង់នៅគ្រប់កន្លែងនឹងបានទទួលប្រយោជន៍។—ទំនុក. ៩០:១៧