ចូរយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀត ដោយចេះសរសើរ
១ ការសរសើរដោយស្មោះគឺលើកទឹកចិត្ត នាំឲ្យមានអំណរ ហើយជំរុញចិត្តមនុស្សឲ្យប្រព្រឹត្តតាមអ្វីដែលយើងផ្សាយ។ អ្នកផ្សាយជាច្រើនបានសង្កេតឃើញថា ពាក្យសរសើរយ៉ាងខ្លីដែលស្មោះអស់ពីចិត្ត នោះច្រើនតែធ្វើឲ្យគេចង់ស្ដាប់ពេលយើងផ្សព្វផ្សាយ។ តើតាមរបៀបណាដែលយើងអាចសរសើរមនុស្ស ពេលដែលយើងខំប្រាប់ដំណឹងល្អដល់គេ?
២ ចូរចេះសង្កេត: បន្ទាប់ពីទ្រង់បានយាងត្រឡប់ទៅស្ថានសួគ៌វិញ ព្រះយេស៊ូបានកត់សម្គាល់ដោយសព្វព្រះហឫទ័យនូវការល្អរបស់ក្រុមជំនុំទាំង៧នៅតំបន់អាស៊ីមីន័រ។ (វិវរ. ២:២, ៣, ១៣, ១៩; ៣:៨) ស្រដៀងគ្នាដែរ ការយកចិត្តទុកដាក់ដ៏ស្មោះចំពោះមនុស្សដែលយើងជួបក្នុងកិច្ចបម្រើផ្សាយ នឹងជំរុញចិត្តយើងឲ្យរកមូលហេតុដើម្បីសរសើរគេ។ ជាឧទាហរណ៍ ការចេះថែរក្សាផ្ទះសំបែង មាតាបិតាដែលបង្ហាញសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅចំពោះកូន ឬការញញឹមរាក់ទាក់និងការសួរសុខទុក្ខរបស់ម្ចាស់ផ្ទះ ទាំងអស់នេះជាហេតុដែលយើងអាចសរសើរគេ។ តើអ្នកយកចិត្តទុកដាក់សង្កេតមើលហើយឆ្លៀតឱកាសសរសើរគេឬទេ?
៣ ចូរចេះស្ដាប់: ពេលអ្នកផ្សព្វផ្សាយដល់អ្នកឯទៀត ចូរសួរសំណួរសមរម្យដើម្បីលើកទឹកចិត្តឲ្យគេមានយោបល់។ ចូរខំរាប់អានឬលើកកិត្ដិយសពួកគេដោយយកចិត្តទុកដាក់ឲ្យមែនទែននឹងអ្វីដែលពួកគេនិយាយ។ (រ៉ូម ១២:១០) ប្រហែលជាពួកគេនឹងនិយាយអ្វីមួយដែលអ្នកអាចសរសើរដោយស្មោះហើយបន្ទាប់មកអាចធ្វើជាមូលដ្ឋានសម្រាប់ពិភាក្សាតទៅទៀត។
៤ ចូរចេះរិះគិត: តើយើងគួរធ្វើយ៉ាងណាប្រសិនបើម្ចាស់ផ្ទះនិយាយអ្វីដែលមិនសមស្របនឹងសេចក្ដីពិតនៃព្រះគម្ពីរ? ជាជាងខំកែគេភ្លាមៗ ចូរស្ដាប់អ្វីដែលគេនិយាយហើយពោលពាក្យសរសើរដូចជា«លោកអ្នកគិតរឿងនេះបានជ្រាលជ្រៅមែន»។ (កូល. ៤:៦) ជារឿយៗ សូម្បីតែបុគ្គលនោះមិនយល់ស្របនឹងយើងក៏ដោយ យើងអាចសរសើរគាត់អំពីការយកចិត្តទុកដាក់របស់គាត់ចំពោះរឿងនោះ។ ពាក្យសម្ដីទន់ភ្លន់បែបនេះប្រហែលជាអាចធ្វើឲ្យអ្នកដែលមើលទៅហាក់ដូចជាប្រឆាំងនឹងដំណឹងល្អយ៉ាងម៉ឺងម៉ាត់នោះ ទៅជាទន់ចិត្តវិញ។—សុ. ២៥:១៥
៥ ការសរសើររបស់យើងនឹងមិនមានតម្លៃទេ បើយើងមិនពោលដោយស្មោះអស់ពីចិត្តនោះ។ ការប្រើពាក្យសម្ដីដែលលើកទឹកចិត្តដូចនេះលើកកិត្ដិយសព្រះយេហូវ៉ាហើយប្រហែលជាទាក់ទាញចិត្តអ្នកឯទៀតមកលើសារនៃព្រះរាជាណាចក្ររបស់ព្រះ។