ចូរយកតម្រាប់តាមព្រះយេហូវ៉ាដែលជា‹ព្រះដ៏មានសុភមង្គល›របស់យើង
១ ព្រះយេហូវ៉ាពិតជាមានបំណងព្រះហឫទ័យចង់ឲ្យមនុស្សមានសុភមង្គល។ ព្រះគម្ពីរជាបន្ទូលទ្រង់ធ្វើឲ្យយើងមានចិត្តរំភើបដោយសារពរដ៏អស្ចារ្យដែលទ្រង់រៀបចំទុកសម្រាប់មនុស្សជាតិ។ (អេសា. ៦៥:២១-២៥) គួរឲ្យអ្នកឯទៀតងាយសម្គាល់ថា យើងមានចិត្តសប្បាយពេលយើងផ្សព្វផ្សាយ«ដំណឹងពីសិរីល្អនៃព្រះដ៏មានពរ[សុភមង្គល]»។ (១ធី. ១:១១) របៀបដែលយើងនិយាយអំពីសារព្រះរាជាណាចក្រគួរបង្ហាញថាយើងស្រឡាញ់សេចក្ដីពិត និងថាយើងពិតជាយកចិត្តទុកដាក់ចំពោះមនុស្សដែលយើងផ្សព្វផ្សាយ។—រ៉ូម ១:១៤-១៦
២ ពិតមែន ជួនកាលការរក្សាឲ្យមានចិត្តសប្បាយអាចជាការពិបាក។ នៅតំបន់ខ្លះ យើងជួបប្រទះមនុស្សតិចណាស់ដែលស្ដាប់សារព្រះរាជាណាចក្រ។ មានពេលខ្លះយើងត្រូវប្រឈមមុខនឹងកាលៈទេសៈដ៏លំបាកក្នុងជីវិត។ ដើម្បីរក្សាឲ្យមានចិត្តសប្បាយ យើងគួរគិតពិចារណាថា មនុស្សនៅក្នុងតំបន់ផ្សាយរបស់យើងត្រូវការចង់ឮនិងចង់យល់ជាបន្ទាន់អំពីសារដំណឹងល្អនៃព្រះរាជាណាចក្រដែលយើងកំពុងតែផ្សព្វផ្សាយ។ (រ៉ូម ១០:១៣, ១៤, ១៧) ការសញ្ជឹងគិតអំពីនេះនឹងជួយយើងឲ្យបន្តប្រាប់គេដោយចិត្តសប្បាយចំពោះសំវិធានការដែលប្រកបដោយព្រះទ័យមេត្ដាករុណារបស់ព្រះយេហូវ៉ាដើម្បីសង្គ្រោះមនុស្ស។
៣ ចូរនិយាយរឿងដែលល្អៗ: យើងក៏ត្រូវប្រុងប្រយ័ត្នអំពីអ្វីដែលយើងនិយាយដែរ។ ទោះបីជាយើងប្រហែលជាចាប់ផ្ដើមពិភាក្សាអំពីបញ្ហាណាមួយឬអំពីព្រឹត្ដិការណ៍ថ្មីៗដែលមនុស្សយកចិត្តទុកដាក់ក៏ពិតមែន បើមិនចាំបាច់ យើងគួរជៀសវាងពិភាក្សាអំពីរឿងដែលនាំឲ្យធ្លាក់ទឹកចិត្ត។ ភារកិច្ចរបស់យើងគឺដើម្បី«នាំដំណឹងល្អពីការប្រសើរ»។ (អេសា. ៥២:៧; រ៉ូម ១០:១៥) ដំណឹងល្អនេះគឺជាសារដែលមានមូលដ្ឋានលើសេចក្ដីសន្យារបស់ព្រះស្តីអំពីអនាគតដ៏ភ្លឺស្វាងជាង។ (២ពេ. ៣:១៣) ដោយគិតអំពីនេះ ចូរប្រើបទគម្ពីរដើម្បី«កំសាន្តចិត្តនៃអស់អ្នកណាដែលសោយសោក»។ (អេសា. ៦១:១, ២) នេះនឹងជួយយើងម្នាក់ៗរក្សាឲ្យមានចិត្តសប្បាយនឹងប្រមូលអារម្មណ៍ទៅលើដំណឹងល្អ។
៤ ពេលដែលយើងធ្វើកិច្ចផ្សព្វផ្សាយ គេច្បាស់ជានឹងកត់សម្គាល់អំពីចិត្តសប្បាយរបស់យើង។ បើដូច្នេះ ចូរឲ្យយើងបង្ហាញនូវចិត្តគំនិតដូចព្រះយេហូវ៉ាជា‹ព្រះដ៏មានសុភមង្គល› ពេលដែលយើងប្រាប់ដំណឹងល្អនៃព្រះរាជាណាចក្រដល់មនុស្សនៅតំបន់ផ្សាយ។