ចូរធ្វើបុណ្យរំលឹកអំពីថ្លៃលោះដោយចិត្តកតញ្ញូ
១ ដោយធ្វើតាមបង្គាប់របស់ព្រះយេស៊ូ គ្រិស្តសាសនិកនៅទូទាំងពិភពលោកនឹងមកប្រជុំគ្នានៅថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០០៨ ក្រោយពីថ្ងៃលិចដើម្បីធ្វើពិធីបុណ្យរំលឹកពីមរណភាពរបស់ព្រះយេស៊ូគ្រិស្ត។ (លូ. ២២:១៩; ១កូ. ១១:២៣-២៦) យើងស្ម័គ្រចិត្តធ្វើបុណ្យនេះដោយសារយើងមានចិត្តកតញ្ញូយ៉ាងខ្លាំងពីអ្វីដែលបានសម្រេចនៅថ្ងៃនោះ គឺ១.៩៧៥ឆ្នាំកន្លងទៅហើយ។ ពេលគេកំពុងតែធ្វើបាបនិងសម្លាប់ព្រះយេស៊ូនៅលើបង្គោលឈើ នោះទ្រង់បានធ្វើឲ្យនាមរបស់បិតានៅស្ថានសួគ៌បរិសុទ្ធ ហើយបានផ្ដល់ចម្លើយដ៏ល្អបំផុតដល់ការតិះដៀលរបស់សាតាំង។—យ៉ូប ១:១១; សុ. ២៧:១១
២ លោហិតរបស់ព្រះយេស៊ូដែលហូរចេញមកនោះ បានធ្វើឲ្យកិច្ចព្រមព្រៀងថ្មីមានសុពលភាព។ កិច្ចព្រមព្រៀងថ្មីនោះអនុញ្ញាតឲ្យមនុស្សមិនល្អឥតខ្ចោះធ្វើជាកូនចិញ្ចឹមរបស់ព្រះ ហើយឲ្យមានសេចក្ដីសង្ឃឹមសោយរាជ្យជាមួយព្រះគ្រិស្តក្នុងរាជាណាចក្ររបស់ទ្រង់នៅស្ថានសួគ៌។ (យេ. ៣១:៣១-៣៤; ម៉ាក. ១៤:២៤) ម្យ៉ាងទៀត ដូចព្រះយេស៊ូបានពន្យល់ដល់លោកនីកូដេម ជម្រៅនៃក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សជាតិបានឃើញជាក់ស្តែងពេលទ្រង់បូជាបុត្រដ៏ស្ងួនភ្ងារបស់ទ្រង់។—យ៉ូន. ៣:១៦
៣ ចូរអញ្ជើញអ្នកឯទៀត : កិច្ចបម្រើព្រះខែមករា ឆ្នាំ២០០៨ បានជូនយោបល់ឲ្យយើងកត់ឈ្មោះមនុស្សដែលយើងស្គាល់ក្នុងបញ្ជីមួយ ហើយអញ្ជើញពួកគាត់ម្នាក់ៗដោយផ្ទាល់ខ្លួន។ តើយើងបានចាប់ផ្ដើមអញ្ជើញអស់អ្នកដែលមានឈ្មោះក្នុងបញ្ជីយើងហើយឬនៅ? ការចែកចាយលិខិតអញ្ជើញឲ្យមកពិធីបុណ្យរំលឹកនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែមីនា តើយើងកំពុងតែរៀបចំដើម្បីអាចចូលរួមឲ្យបានពេញលេញក្នុងកិច្ចការនេះឬទេ? អស់អ្នកដែលចូលរួមក្នុងពិធីបុណ្យរំលឹកនឹងឮព័ត៌មានអំពីព្រះ ដែលអាចជួយពួកគេឲ្យមានជំនឿលើថ្លៃលោះ ហើយនេះអាចនាំពួកគេឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។—រ៉ូម ១០:១៧
៤ បងប្អូនណាដែលអាចធ្វើបាន គួររៀបចំមកឲ្យបានមុនម៉ោងនៅកន្លែងធ្វើបុណ្យរំលឹក ដើម្បីទទួលស្វាគមន៍អស់អ្នកដែលអញ្ជើញមក។ ធម្មតាមនុស្សដែលចូលរួមពិធីបុណ្យរំលឹកមានចំនួនច្រើន ហេតុនេះហើយបានជាសំខាន់ឲ្យយើងយកចិត្តទុកដាក់ទៅលើអ្នកថ្មី ព្រមទាំងអ្នកដែលចូលរួមកិច្ចប្រជុំរបស់យើងម្ដងម្កាល។
៥ ប្រុងប្រៀបចិត្តរបស់យើង : នៅក្នុងសៀវភៅការពិនិត្យមើលបទគម្ពីរប្រចាំថ្ងៃឆ្នាំ២០០៨ ហើយប្រតិទិនឆ្នាំ២០០៨(ជាភាសាអង់គ្លេស) មានកាលវិភាគអំណានគម្ពីរពិសេសសម្រាប់បុណ្យរំលឹកដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៧ ខែមីនា។ ដោយពិចារណាអំពីព្រឹត្ដិការណ៍សំខាន់ៗដែលកើតឡើងក្នុងអំឡុងជីវិតចុងក្រោយរបស់ព្រះយេស៊ូនៅផែនដី នោះនឹងជួយយើងឲ្យប្រុងប្រៀបចិត្តសម្រាប់ពិធីបុណ្យរំលឹកនេះ។ (អែស. ៧:១០) ការរំពឹងគិតជាមួយការអធិដ្ឋានអំពីកំណត់ហេតុក្នុងគម្ពីរនឹងនាំឲ្យយើងមានចិត្តកតញ្ញូកាន់តែខ្លាំងទៅទៀត ចំពោះសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានិងបុត្ររបស់ទ្រង់ក្នុងការផ្ដល់ថ្លៃលោះ។—ទំនុក. ១៤៣:៥
៦ ពេលពិធីបុណ្យរំលឹកជិតមកដល់នោះ សូមឲ្យយើងយកចិត្តទុកដាក់រៀបចំសម្រាប់ខ្លួននិងជួយអ្នកឯទៀតឲ្យរៀបចំសម្រាប់ឱកាសដ៏សំខាន់នេះដែរ។ ការធ្វើបុណ្យរំលឹកអំពីថ្លៃលោះដោយចិត្តកតញ្ញូ នឹងពង្រឹងចំណងមេត្រីភាពរបស់យើងជាមួយព្រះយេហូវ៉ានិងបុត្ររបស់ទ្រង់។ (២កូ. ៥:១៤, ១៥) ណាមួយទៀត ការធ្វើបុណ្យរំលឹកនេះក៏នឹងជំរុញយើងឲ្យយកតម្រាប់តាមព្រះយេហូវ៉ានិងបុត្រទ្រង់ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនសម្រាប់អ្នកឯទៀត។—១យ៉ូន. ៤:១១
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. ហេតុអ្វីយើងគួរធ្វើបុណ្យរំលឹកអំពីថ្លៃលោះដោយចិត្តកតញ្ញូ?
៣. តើអស់អ្នកដែលចូលរួមក្នុងពិធីបុណ្យរំលឹកនឹងទទួលប្រយោជន៍អ្វី?
៤. ហេតុអ្វីយើងគួរមកដល់កន្លែងធ្វើបុណ្យរំលឹកឲ្យបានមុនម៉ោង?
៥. តើយើងអាចប្រុងប្រៀបចិត្តរបស់យើងសម្រាប់ពិធីនេះយ៉ាងដូចម្ដេច?
៦. តើការព្យាយាមបង្កើនចិត្តកតញ្ញូរបស់យើងចំពោះថ្លៃលោះ មានប្រយោជន៍យ៉ាងណា?