កម្មវិធីថ្មីនៃសន្និបាតប្រចាំមណ្ឌល
តើយើងអាចកាន់ជំហរមាំមួនដើម្បីទប់ទល់នឹងអស់អ្នកដែលប្រឆាំងយ៉ាងខ្លាំង ចំពោះការថ្វាយបង្គំពិតយ៉ាងដូចម្ដេច? តើយើងអាចយកឈ្នះនឹងឥទ្ធិពលអាក្រក់ដែលតែងតែខំទាក់ទាញចិត្តយើងឲ្យធ្វើតាមមនុស្សដែលមិនគោរពព្រះយ៉ាងណាបាន? កម្មវិធីសន្និបាតប្រចាំមណ្ឌលសម្រាប់ឆ្នាំកិច្ចបម្រើ២០០៩ នឹងឆ្លើយសំណួរដ៏សំខាន់ទាំងនេះ។ ប្រធាននៃកម្មវិធីគឺជា «ចូរ‹យកឈ្នះសេចក្ដីអាក្រក់ ដោយសារសេចក្ដីល្អ› »។ (រ៉ូម ១២:២១) កម្មវិធីនឹងមានដូចតទៅនេះ។
អ្នកត្រួតពិនិត្យតំបន់នឹងបកស្រាយសុន្ទរកថាដែលមានប្រធានបទ «ចូរពង្រឹងកម្លាំងដើម្បីយកឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អ» «ចូរប្រយ័ត្ន កុំទុកចិត្តខ្លួនហួសហេតុ!» «គ្រប់ទាំងការអាក្រក់នឹងត្រូវបញ្ចប់ឆាប់ៗនេះ!» និងប្រធាន «ចូរពង្រឹងជំនឿដើម្បីយកឈ្នះឥទ្ធិពលពីសង្គម»។ អ្នកត្រួតពិនិត្យមណ្ឌលនឹងថ្លែងសុន្ទរកថាប្រធាន «ឥឡូវជាគ្រាឲ្យចាំយាម!» ដែលមានមូលដ្ឋានទៅលើបទគម្ពីររ៉ូម ១៣:១១-១៣ និងសុន្ទរកថាប្រធាន «ចូរកុំឲ្យអន់ថយក្នុងថ្ងៃលំបាក» មានមូលដ្ឋានមកពីសុភាសិត ២៤:១០ ហើយសុន្ទរកថាដ៏លើកទឹកចិត្តឯទៀតរបស់គាត់គឺ «ចូរយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការមណ្ឌល» និង «តើអ្នកអាច‹បំរើ›ជាអ្នកត្រួសត្រាយបានទេ?»។ សុន្ទរកថាដែលចែកជាផ្នែកៗដំបូងមានប្រធាន «ចូរឈរមាំមួនប្រឆាំងនឹងឧបាយកលរបស់អារក្ស»។ សុន្ទរកថាទាំងនេះនឹងជួយយើងឲ្យចេះកត់សម្គាល់និងជៀសចេញពីឧបាយកលទាំងប៉ុន្មានរបស់អារក្សដូចជាតាមរយៈប្រព័ន្ធទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ការអប់រំ និងការកម្សាន្តជាដើម។ សុន្ទរកថាមួយទៀតគឺ «ចូរចម្រើនកម្លាំងដើម្បីតស៊ូក្នុងគ្រាអាក្រក់នេះ» នឹងបង្ហាញយើងពីរបៀបដែលយើងអាចអនុវត្តបណ្ដាំរបស់ព្រះ ដែលមាននៅអេភេសូរ ៦:១០-១៨។
ការឈ្នះលើសាតាំងដែលជាប្រភពនៃអំពើអាក្រក់ និងការផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះ តែងតែជាប់ទាក់ទងនឹងគ្នា។ (វិវរ. ១២:១៧) អាស្រ័យហេតុនេះ មិនជាការចម្លែកអ្វីឡើយដែលសាតាំងចេះតែពាធាដោយឥតឈប់ឈរទៅលើសាក្សីរបស់ព្រះយេហូវ៉ា! (អេសា. ៤៣:១០, ១២) ប៉ុន្តែ សាតាំងនឹងបរាជ័យទាំងស្រុង ដោយសារយើងបានតាំងចិត្តហើយថា យើងត្រូវយក«ឈ្នះសេចក្ដីអាក្រក់ដោយសារសេចក្ដីល្អ»។ សូមត្រៀមខ្លួនដើម្បីឲ្យបានទទួលប្រយោជន៍យ៉ាងពេញលេញ ពីកម្មវិធីទាំងពីរថ្ងៃនៃសន្និបាតប្រចាំមណ្ឌលនេះ។