ថ្ងៃពិសេសដើម្បីអញ្ជើញមនុស្សឲ្យរៀនគម្ពីរ
១ ចាប់ពីខែមករា ហើយបន្តរាល់ខែក្រោយមក ក្រុមជំនុំនីមួយៗនឹងចាត់ទុកមួយថ្ងៃនៅចុងសប្ដាហ៍មួយណា ដើម្បីឲ្យសមាជិកទាំងឡាយផ្ចង់អារម្មណ៍ទៅលើការអញ្ជើញមនុស្សឲ្យរៀនគម្ពីរ។ យោងទៅតាមតំបន់ ថ្ងៃពិសេសនេះអាចជាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យដំបូងក្នុងខែនីមួយៗក៏បាន។ នៅថ្ងៃពិសេសនោះ ប្រសិនបើម្ចាស់ផ្ទះមិនព្រមរៀនគម្ពីរ នោះអ្នកផ្សាយនៅតែអាចស្នើផ្ដល់សៀវភៅព្រះគម្ពីរបង្រៀន ឬជូនទស្សនាវដ្ដីថ្មីៗ។ ពួកអ្នកចាស់ទុំនិងពួកអ្នកងារជំនួយទាំងអស់ គួររៀបចំដើម្បីចូលរួមក្នុងកិច្ចការនេះឲ្យអស់ពីសមត្ថភាព ហើយជួយអ្នកផ្សាយឲ្យចាប់ផ្ដើមបង្រៀនគម្ពីរផង។
២ គណៈកម្មាធិការកិច្ចបម្រើក្រុមជំនុំនឹងសម្រេចចិត្តថា ថ្ងៃសៅរ៍ឬថ្ងៃអាទិត្យមួយណានឹងត្រូវចាត់ទុកជាថ្ងៃពិសេស។ គប្បីឲ្យពួកគាត់រំលឹកបងប្អូនក្នុងក្រុមជំនុំម្ដងម្កាល ដើម្បីអ្នកផ្សាយអាចរៀបចំ ព្រមទាំងខំប្រឹងលើសជាងធម្មតាក្នុងការអញ្ជើញមនុស្សឲ្យរៀនគម្ពីរពេលផ្សាយពីផ្ទះមួយទៅផ្ទះមួយ និងពេលធ្វើការត្រឡប់ទៅជួបអស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ពីមុន។
៣ របៀបដែលយើងអាចរៀបចំ : ក្នុងសន្លឹកបន្ថែមពីកិច្ចបម្រើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ២០០៦ និងនៅទំព័រទី៤ក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ នោះមានយោបល់ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរ។ បងប្អូនខ្លះទំនងជាជ្រើសរើសប្រើខិត្តប័ណ្ណតើអ្នកចង់ដឹងអំពីសេចក្ដីពិតទេ? ម្យ៉ាងទៀត នៅកិច្ចបម្រើព្រះរាជាណាចក្រយើង ទំព័រទី៣ ខែសីហា ឆ្នាំ២០០៧ ក៏មានយោបល់ដើម្បីចាប់ផ្ដើមបង្រៀនគម្ពីរពេលត្រឡប់ទៅជួបអស់អ្នកដែលទទួលទស្សនាវដ្ដី។ ពួកអ្នកចាស់ទុំនិងអ្នកងារជំនួយនឹងត្រូវបានរៀបចំទុកជាមុនឲ្យដឹកនាំប្រជុំសម្រាប់កិច្ចបម្រើផ្សាយ។ ក្នុងអំឡុងកិច្ចប្រជុំដ៏ខ្លីនេះដែលមានរយៈពេលរវាង១០ទៅ១៥នាទី ពួកគាត់គួរពិភាក្សាឬរៀបចំការសម្ដែង ស្តីអំពីយោបល់មួយឬពីរក្នុងការចាប់ផ្ដើមបង្រៀនគម្ពីរ។
៤ ពិតមែន មនុស្សទាំងអស់នឹងមិនព្រមរៀនគម្ពីរ ឬបន្តរៀនអស់រយៈពេលយូរទេ។ ប៉ុន្តែ នេះមិនគួរបង្អាក់យើងពីការអញ្ជើញមនុស្សឲ្យរៀនគម្ពីរឡើយ ដោយព្រោះព្រះយេហូវ៉ាជាអ្នកដែលទាញមនុស្សដែលមានលក្ខណៈដូចជាចៀមឲ្យមកអង្គការរបស់ទ្រង់។ (យ៉ូន. ៦:៤៤) ភារកិច្ចរបស់យើងគឺមិនគ្រាន់តែសាបព្រោះពូជនៃសេចក្ដីពិតប៉ុណ្ណោះឡើយ តែក៏ត្រូវបណ្ដុះនិងស្រោចទឹកអ្វីដែលបានចាក់ឫសរួចហើយ ហើយនេះរួមបញ្ចូលការសិក្សាគម្ពីរជាមួយអស់អ្នកដែលមានចិត្តស្មោះ។ ដោយរៀនគម្ពីរជាមួយពួកគាត់ នោះបង្ហាញថាយើងកំពុងបម្រើក្នុងឋានៈជាអ្នកធ្វើការជាមួយនឹងព្រះ។—១កូ. ៣:៩