ចូររៀបចំឲ្យបានសព្វគ្រប់ សម្រាប់ពិធីបុណ្យរំលឹក
នេះគឺជាអំណរនិងជាកិត្ដិយសណាស់ ចំពោះអស់អ្នកដែលកាន់តាមគ្រិស្ត ក្នុងការរៀបចំឲ្យបានសព្វគ្រប់សម្រាប់រាត្រីដែលយើងរំលឹកនូវមរណភាពរបស់លោកយេស៊ូគ្រិស្ត! (លូក. ២២:១៩) តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីរៀបចំពិធីបុណ្យរំលឹក?
◼ ពេលវេលានិងទីកន្លែង : ទាំងអស់គ្នាត្រូវដឹងឲ្យបានច្បាស់លាស់អំពីពេលវេលា ហើយទីកន្លែងដែលនឹងប្រារព្ធធ្វើពិធីបុណ្យរំលឹក។ ប្រសិនបើមានក្រុមជំនុំលើសពីមួយមកប្រជុំគ្នានៅសាលតែមួយ គឺចាំបាច់ណាស់ឲ្យយើងមកឲ្យទាន់ម៉ោង ហើយចាកចេញឲ្យមានរបៀបរៀបរយតាមពេលវេលាដែលបានកំណត់សម្រាប់ក្រុមជំនុំនីមួយៗ ដោយមិនបង្អែបង្អង់។ អ្វីដែលសំខាន់ គឺកុំឲ្យមានការស្ទះផ្លូវចេញចូល កន្លែងទទួលភ្ញៀវ ផ្លូវដើរ និងកន្លែងផ្ញើឡានម៉ូតូជាដើម។
◼ លិខិតអញ្ជើញ : តើអ្នកផ្សព្វផ្សាយទាំងអស់មានលិខិតអញ្ជើញល្មមគ្រប់គ្រាន់ និងស្គាល់សាច់រឿងហើយឬនៅ? តើអ្នកបានហាត់ពីរបៀបនិយាយដើម្បីជូនលិខិតអញ្ជើញឬទេ? តើអ្នកណាខ្លះដែលអ្នកនឹងជូនលិខិតអញ្ជើញ? គួរឲ្យយើងព្យាយាមជូនលិខិតអញ្ជើញឲ្យអស់។
◼ មធ្យោបាយធ្វើដំណើរ : អ្នកចាប់អារម្មណ៍ ក៏ដូចជាបងប្អូនប្រុសស្រីខ្លះដែរ ប្រហែលជាត្រូវការមធ្យោបាយដើម្បីធ្វើដំណើរ ឬអ្នកឯទៀតប្រហែលជាត្រូវការជំនួយផ្សេងទៀត។ តើមានការរៀបចំអ្វីខ្លះដើម្បីផ្ដល់ជាជំនួយសម្រាប់ពួកគាត់?
◼ វត្ថុតំណាង : សូមចាំថាវត្ថុតំណាងមិនគួរហុចមុនថ្ងៃលិចទេ។ គួរមានការរៀបចំ ដើម្បីជូនវត្ថុតំណាងដល់អ្នករើសតាំងណាដែលឈឺនិងមិនអាចចូលរួមបាន។ គួរត្រៀមនំប៉័ងនិងស្រាប្រភេទត្រឹមត្រូវឲ្យមានទុកជាមុន (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៣ ទំព័រ២៥-២៦ វគ្គ១៤, ១៧)។
◼ សាលប្រជុំ : គួរសម្អាតសាលប្រជុំឲ្យបានហ្មត់ចត់ទុកជាមុន។ គួរយកចាន កែវស្រា តុនិងកម្រាលតុដែលសមរម្យមកប្រើនៅសាលប្រជុំ ហើយរៀបចំទុកជាមុន។ ប្រសិនបើពិធីបុណ្យរំលឹកមាននៅកន្លែងផ្សេងក្រៅពីសាលប្រជុំ សូមប្រាកដថា មានប្រព័ន្ធសំឡេងត្រឹមត្រូវដែលអ្នកស្ដាប់ទាំងពួងអាចឮបានល្អ។ គួរជ្រើសរើសឆ្មាំនិងអ្នកជូនវត្ថុតំណាង ទាំងជម្រាបពួកគាត់ជាមុនអំពីមុខងារ និងរបៀបបំពេញមុខងារឲ្យបានត្រឹមត្រូវ ហើយភាពចាំបាច់នៃការស្លៀកពាក់សម្អិតសម្អាងខ្លួនឲ្យបានថ្លៃថ្នូរ។
ក្នុងឱកាសដ៏សំខាន់នៃពិធីបុណ្យរំលឹកមរណភាពរបស់លោកយេស៊ូគ្រិស្ត យើងចង់រៀបចំខ្លួននិងក្រុមជំនុំឲ្យបានសព្វគ្រប់។ យ៉ាងច្បាស់ណាស់ ព្រះយេហូវ៉ានឹងប្រទានពរជាបរិបូរដល់ទាំងអស់គ្នា ដែលបង្ហាញចិត្តកតញ្ញូដ៏ជ្រាលជ្រៅចំពោះវិធានការទាំងប៉ុន្មានដែលព្រះយេហូវ៉ាផ្ដល់ឲ្យសម្រាប់មនុស្សជាតិ តាមរយៈការបូជាជីវិតនៃបុត្រស្ងួនភ្ងារបស់លោកគឺ យេស៊ូគ្រិស្ត។