បើអ្នកត្រូវការសៀវភៅភាសាផ្សេងភ្លាមៗ
ជួនកាលយើងជួបមនុស្សដែលចង់បានសៀវភៅរបស់អង្គការយើងជាភាសាបរទេសមួយ ប៉ុន្តែក្រុមជំនុំរបស់យើងគ្មានសៀវភៅជាភាសានោះក្នុងស្តុកទេ។ តើអ្នកបានដឹងទេថា បើអ្នកមានប្រព័ន្ធអ៊ីនធឺណិតនិងម៉ាស៊ីនព្រីន អ្នកអាចព្រីនព័ត៌មានអំពីគម្ពីរជាង៤០០ភាសាដោយខ្លួនឯង? នេះជារបៀបដែលអ្នកអាចធ្វើដូច្នេះ:
• សូមបើកគេហទំព័រជាផ្លូវការរបស់យើងគឺ www.watchtower.org។
• នៅខាងស្ដាំនៃគេហទំព័រនោះមានឈ្មោះភាសាខ្លះៗ។ សូមចុចលើរូបភាពផែនដីដើម្បីឃើញភាសាទាំងអស់ដែលមាន។
• សូមចុចនៅលើភាសាដែលអ្នកចង់បាន។ ទំព័រមួយទៀតនឹងចេញមកបង្ហាញអំពីឯកសារដែលអ្នកអាចព្រីនបាន ដូចជាខិត្តប័ណ្ណ សៀវភៅស្តើង និងអត្ថបទផ្សេងៗ។ ដោយសារទំព័រនេះនឹងត្រូវសរសេរជាភាសាដែលអ្នកជ្រើសរើស ដូច្នេះសូមកុំបារម្ភបើអ្នកមិនអាចសម្គាល់ចំណងជើងនីមួយៗបាននោះ។
• សូមចុចលើអត្ថបទមួយណាក៏បាន។ អត្ថបទនោះនឹងលេចឡើងក្នុងកញ្ចក់កុំព្យូទ័រ បន្ទាប់មកអ្នកអាចចុចសញ្ញាព្រីន ដើម្បីព្រីនចេញពីកុំព្យូទ័ររបស់អ្នក។
គេហទំព័ររបស់យើងមានតែសៀវភៅខ្លះៗប៉ុណ្ណោះ ប៉ុន្តែអ្នកអាចទទួលសៀវភៅឯទៀតតាមរយៈក្រុមជំនុំបាន។ ប្រសិនបើអ្នកដឹងច្បាស់ថាអ្នកនោះចាប់អារម្មណ៍ចំពោះគម្ពីរ ជាការល្អបំផុតបើអ្នកស្នើសុំសៀវភៅពីអ្នកទទួលខុសត្រូវផ្នែកសៀវភៅនៅក្នុងក្រុមជំនុំវិញ។