ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយកត់ព័ត៌មានអំពីអ្នកចាប់អារម្មណ៍
ក្រោមការដឹកនាំរបស់ព្រះ សាវ័កប៉ូលបានសរសេរឱវាទដល់ធីម៉ូថេថា៖ «ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក»។ (១ធី. ៤:១៦) ឱវាទនេះបញ្ជាក់ថាយើងគួរព្យាយាមរីកចម្រើន មិនថាយើងជាអ្នកផ្សាយមានបទពិសោធន៍ឬក៏គ្មានក្ដី។ ដើម្បីជួយយើងឲ្យធ្វើដូច្នោះ នឹងមានអត្ថបទតភាគថ្មីក្នុងកិច្ចបម្រើព្រះ មានចំណងជើងថា«ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ»។ អត្ថបទនីមួយៗនឹងពិគ្រោះអំពីចំណុចដ៏សំខាន់មួយដែលចាំបាច់ដើម្បីមានភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ហើយផ្ដល់យោបល់ផ្សេងៗអំពីរបៀបអនុវត្ត។ យើងសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យយកចិត្តទុកដាក់ជាពិសេសចំពោះចំណុចដ៏សំខាន់នោះក្នុងអំឡុងខែនោះ។ បន្ទាប់មកនៅចុងខែ ក្នុងប្រជុំអប់រំកិច្ចបម្រើយើងនឹងមានឱកាសឆ្លើយប្រាប់បទពិសោធន៍និងប្រយោជន៍ដែលយើងបានទទួលពីការធ្វើតាមយោបល់នោះ។ ខែនេះយើងបានត្រូវលើកទឹកចិត្តឲ្យកត់ទុកព័ត៌មានអំពីអ្នកចាប់អារម្មណ៍។
ហេតុអ្វីសំខាន់?: ដើម្បីបំពេញភារកិច្ចរបស់យើង យើងមិនគ្រាន់តែផ្សព្វផ្សាយប៉ុណ្ណោះទេ តែយើងក៏ត្រូវត្រឡប់ទៅជួបអ្នកដែលបង្ហាញចំណាប់អារម្មណ៍ ហើយបង្រៀនពួកគេដែរ។ នេះប្រៀបដូចជាយើងកំពុងស្រោចទឹកគ្រាប់ពូជនៃសេចក្ដីពិតដែលយើងបានដាំ។ (ម៉ាថ. ២៨:១៩, ២០; ១កូ. ៣:៦-៩) នេះតម្រូវឲ្យយើងទៅជួបបុគ្គលនោះវិញ ហើយនិយាយអំពីកង្វល់របស់គាត់ ព្រមទាំងលើកយករឿងដែលយើងបាននិយាយជាមួយគាត់ពីលើកមុនមកពិភាក្សាបន្តទៀត។ ហេតុនោះហើយ ពេលយើងជួបអ្នកចាប់អារម្មណ៍ ជាការចាំបាច់ដែលយើងត្រូវកត់ព័ត៌មានអំពីគាត់។
របៀបអនុវត្ត:
• សូមប្រាកដថាពេលអ្នកផ្សព្វផ្សាយ អ្នកមានប្រដាប់ប្រដាសម្រាប់កត់ព័ត៌មានអំពីអ្នកចាប់អារម្មណ៍។ សូមទុកកំណត់ឲ្យបានស្អាត ឲ្យមានរបៀបរៀបរយ បើមានព័ត៌មានថ្មី សូមកត់បន្ថែម។ ក្រោយពីត្រឡប់ទៅជួបហើយ សូមកត់ទុកភ្លាមៗអំពីគាត់។
• សូមកត់ព័ត៌មានអំពីម្ចាស់ផ្ទះដូចជាឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ ឬអ៊ីម៉ែលជាដើម។ សូមកត់ទុកដែរអំពីស្ថានភាពរបស់គាត់និងក្រុមគ្រួសារគាត់ បើអ្នកគិតថាសំខាន់។
• សូមកត់ទុកយ៉ាងល្អិតល្អន់អំពីការសន្ទនារបស់អ្នកដូចជា តើអ្នកបានអានបទគម្ពីរអ្វី? តើគាត់បានប្រាប់អ្វីអំពីជំនឿរបស់គាត់? តើអ្នកបានឲ្យសៀវភៅមួយណាដល់គាត់? សូមកត់អំពីម៉ោង និងថ្ងៃណាក្នុងសប្ដាហ៍នោះ ហើយថ្ងៃខែដែលអ្នកជួប។
• សូមកត់អ្វីដែលអ្នកចង់និយាយនៅពេលក្រោយដូចជា តើអ្នកបានសន្យាថានឹងពិគ្រោះរឿងអ្វី? តើអ្នកបានប្រាប់ថានឹងមកជួបគាត់វិញនៅពេលណា?
• រាល់ដងដែលអ្នកទៅជួបគាត់ សូមកត់ព័ត៌មានថ្មី។ បើអ្នកត្រូវកត់ព័ត៌មានអំពីគាត់ច្រើនជាង នោះមិនខាតបង់អ្វីទេ។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• ពេលអ្នកកំពុងកត់ព័ត៌មានទាំងនោះ សូមប្រាប់ដៃគូផ្សាយអំពីអ្វីខ្លះដែលអ្នកកំពុងសរសេរ។