ចូរត្រឡប់ទៅជួបអស់អ្នកបង្ហាញចំណាប់អារម្មណ៍ សូម្បីតែបន្ដិចបន្តួច
១ យើងភាគច្រើនដែលស្ថិតក្នុងសេចក្ដីពិតសព្វថ្ងៃនេះ គឺដោយសារនរណាម្នាក់បានកត់សម្គាល់អំពីចំណាប់អារម្មណ៍របស់យើងចំពោះសារព្រះរាជាណាចក្រ ហើយព្យាយាមធ្វើការត្រឡប់ទៅជួប (ប្រហែលច្រើនដង) ដើម្បីបង្កើនចំណាប់អារម្មណ៍នោះថែមទៀត។ យើងក៏គួរយកចិត្តទុកដាក់ធ្វើការត្រឡប់ទៅជួបដល់អស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ដែរ សូម្បីតែបន្ដិចបន្តួចក៏ដោយ។ ពិតមែន ត្រឡប់ទៅជួបអស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ ជាអ្វីដែលយើងត្រូវធ្វើក្នុងកិច្ចការ«បញ្ចុះបញ្ចូលឲ្យមានសិស្ស»។—ម៉ាថ. ២៨:១៩, ២០
២ រកយល់ចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះ: សូម្បីតែបុគ្គលនោះមិនព្រមទទួលទស្សនាវដ្ដីក៏ដោយ ទឹកមុខ ទំហំសំឡេង ឬក៏ការប្រើពាក្យអាចបង្ហាញឲ្យយើងឃើញអំពីចំណាប់អារម្មណ៍របស់គាត់ចំពោះសារព្រះរាជាណាចក្រ។ ផ្អែកទៅលើកត្ដានោះយើងអាចធ្វើការត្រឡប់ទៅជួប។ បងប្រុសម្នាក់បានត្រឡប់ទៅជួបបុរសម្នាក់អស់រយៈប្រាំសប្ដាហ៍ជាបន្តបន្ទាប់ ដោយមិនបានផ្ដល់ទស្សនាវដ្ដី។ នៅលើកទីប្រាំមួយ បុរសនោះព្រមទទួលទស្សនាវដ្ដី និងជាយថាហេតុការសិក្សាព្រះគម្ពីរបានចាប់ផ្ដើម។
៣ បើអ្នកយល់ថាគាត់មានចំណាប់អារម្មណ៍ខ្លះ សូមរហ័សត្រឡប់ទៅជួប ប្រហែលក្នុងរយៈពេលតែពីរឬបីថ្ងៃប៉ុណ្ណោះ។ កុំផ្ដល់ឱកាសឲ្យ«អាកំណាច»ឆក់យកអ្វីដែលបានបណ្ដុះនៅក្នុងចិត្តឡើយ។ (ម៉ាថ. ១៣:១៩) ចូរត្រឡប់ទៅជួបដូចបានសន្យា។—ម៉ាថ. ៥:៣៧
៤ ផ្សព្វផ្សាយតាមផ្លូវ: តើអ្នកព្យាយាមធ្វើការត្រឡប់ទៅជួបអស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ ពេលផ្សព្វផ្សាយតាមផ្លូវ ឬពេលធ្វើបន្ទាល់ក្រៅផ្លូវការឬទេ? នៅពេលដែលអ្នកបញ្ចប់ការសន្ទនា អ្នកអាចនិយាយថា៖ «ខ្ញុំចូលចិត្តនិយាយជាមួយអ្នក។ តើកន្លែងណាដែលខ្ញុំអាចជួបអ្នក ហើយអាចនិយាយជាមួយអ្នកម្ដងទៀត?»។ នៅពេលដែលមើលទៅឃើញថាសមរម្យ អ្នកផ្សព្វផ្សាយខ្លះជូនលេខទូរស័ព្ទផ្ទាល់ខ្លួនទៅអ្នកចាប់អារម្មណ៍ ឬក៏ប្ដូរលេខទូរស័ព្ទជាមួយគាត់។ ម្យ៉ាងទៀត បើសិនជាមនុស្សទូទៅឃើញយើងនៅកន្លែងដដែលជាទៀងទាត់ ពួកគេប្រហែលជាមិនស្ទាក់ស្ទើរ នឹងឲ្យយើងស្គាល់លេខទូរស័ព្ទឬអាសយដ្ឋានរបស់ខ្លួនឡើយ។ សូម្បីតែពួកគេបដិសេធមិនព្រមប្រាប់អ្នកអ្វីបន្ដិចក៏ដោយ អ្នកអាចជួយពួកគេឲ្យបន្តលូតលាស់បាន ពេលអ្នកជួបពួកគេម្ដងទៀតតាមផ្លូវ។
៥ កាលណាឃើញដើមរុក្ខជាតិតូចៗដែលយើងបានស្រោចទឹក ដុះលូតលាស់ឡើង នោះនាំឲ្យយើងមានអំណរមែន។ ស្រដៀងគ្នាដែរ យើងអាចមានអំណរកាន់តែច្រើន ដោយធ្វើការត្រឡប់ទៅជួប និងជួយពួកគេឲ្យមានការរីកចម្រើនខាងវិញ្ញាណ។ (១កូ. ៣:៦) ចូរចាត់ទុកការត្រឡប់ទៅជួបអស់អ្នកដែលបង្ហាញចំណាប់អារម្មណ៍ សូម្បីតែបន្ដិចបន្តួច ជាគោលដៅរបស់អ្នក។