ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយរៀបចំដើម្បីត្រឡប់ទៅជួប
ហេតុអ្វីសំខាន់?: ពេលយើងជួបអ្នកណាម្នាក់ដែលបង្ហាញចំណាប់អារម្មណ៍ យើងចង់ត្រឡប់ទៅជួបគាត់វិញ ពេលដែលគាត់នៅផ្ទះ ដើម្បីយើងអាចស្រោចពូជនៃសេចក្ដីពិតដែលយើងបានដាំ។ (១កូ. ៣:៦) ដើម្បីអាចជួបគាត់ម្ដងទៀត យើងច្រើនតែត្រូវសួរគាត់ថា តើយើងអាចមកជួបគាត់វិញនៅពេលណា? ម្យ៉ាងទៀត ជាការល្អបើយើងទុកសំណួរមួយដើម្បីពិគ្រោះជាមួយគាត់នៅលើកក្រោយ។ ការធ្វើដូច្នេះនឹងជួយម្ចាស់ផ្ទះឲ្យរង់ចាំដោយចិត្តរំភើបដើម្បីជួបយើងម្ដងទៀត។ ណាមួយទៀត បើសំណួរដែលយើងទុកនោះមានចម្លើយពីក្នុងសៀវភៅដែលយើងបានឲ្យគាត់ គាត់ទំនងជាចង់អានសៀវភៅនោះច្រើនជាង។ បើយើងទុកសំណួរសម្រាប់ការពិគ្រោះនៅលើកក្រោយ នោះនឹងនាំឲ្យការត្រឡប់ទៅជួបមានភាពងាយស្រួលជាង។ ហេតុអ្វី? ពីព្រោះយើងបានជ្រើសរើសប្រធានបទសម្រាប់ការពិគ្រោះរួចហើយ។ ការធ្វើដូច្នេះជួយម្ចាស់ផ្ទះឲ្យដឹងនូវអ្វីដែលយើងនឹងនិយាយជាមួយគាត់នៅលើកក្រោយ។ ពេលយើងមកជួបគាត់វិញ យើងអាចពន្យល់ប្រាប់ពីមូលហេតុដែលយើងមក គឺដើម្បីឆ្លើយសំណួរពីលើកមុន រួចមកចាប់ផ្ដើមពិគ្រោះ។
របៀបអនុវត្ត:
• ពេលរៀបចំពាក្យផ្សព្វផ្សាយ សូមរៀបចំសំណួរមួយដែរ ដើម្បីអ្នកអាចផ្ដល់ចម្លើយពេលត្រឡប់ទៅជួបម្ចាស់ផ្ទះវិញ។ សំណួរនោះអាចមានមូលដ្ឋានលើប្រធានបទក្នុងសៀវភៅដែលអ្នកបានស្នើផ្ដល់ឲ្យគាត់ ឬក្នុងសៀវភៅសិក្សាណាមួយរបស់អង្គការយើង ដែលអ្នកអាចបង្ហាញគាត់ពេលត្រឡប់ទៅជួបវិញ។
• ពេលបញ្ចប់ការសន្ទនាជាមួយនឹងអ្នកចាប់អារម្មណ៍ហើយ សូមប្រាប់គាត់ឲ្យដឹងថាអ្នកមានបំណងចង់និយាយជាមួយគាត់ម្ដងទៀត បន្ទាប់មកទុកសំណួរមួយដែលបានរៀបចំរួចហើយ។ នៅតំបន់ផ្សាយខ្លះមនុស្សរវល់ខ្លាំងណាស់ ហើយប្រហែលជាមិនចង់ណាត់ពេលជួបអ្នកម្ដងទៀតទេ។ បើដូច្នេះ អ្នកអាចនិយាយថា៖ «តើពេលណាជាពេលល្អដែលខ្ញុំអាចជួបអ្នកបាន? [ទុកឲ្យគាត់ឆ្លើយ] សប្ដាហ៍ក្រោយ ខ្ញុំចង់ជួបអ្នកមួយភ្លែតដើម្បីឆ្លើយសំណួរនេះ . . .។ ពេលខ្ញុំមកជួប បើអ្នកជាប់រវល់ អ្នកអាចប្រាប់ខ្ញុំបាន»។
• បើអ្នកប្រាប់ម្ចាស់ផ្ទះយ៉ាងច្បាស់ថាអ្នកនឹងត្រឡប់មកវិញនៅពេលណា សូមមកតាមការណាត់របស់អ្នក។ (ម៉ាថ. ៥:៣៧) មុនបញ្ចប់ការសន្ទនាក្នុងពេលដែលអ្នកត្រឡប់ទៅជួបគាត់ សូមណាត់ម្ដងទៀត ហើយទុកសំណួរមួយទៀតដើម្បីជួបនៅលើកក្រោយ។
សូមសាកធ្វើដូច្នេះក្នុងអំឡុងខែនេះ:
• ពេលរៀបចំពាក្យផ្សព្វផ្សាយ សូមរៀបចំសំណួរមួយដែរ ដើម្បីទុកឆ្លើយពេលអ្នកត្រឡប់ទៅជួបវិញ។ សូមប្រាប់ដៃគូផ្សាយរបស់អ្នកអំពីសំណួរដែលអ្នកបានរៀបចំនោះ។