ការផ្សព្វផ្សាយជាសាធារណៈដោយដាក់តាំងសៀវភៅផ្សេងៗ
ការផ្សព្វផ្សាយដោយប្រើតុឬរទេះរុញដាក់តាំងសៀវភៅផ្សេងៗ គឺមានប្រសិទ្ធភាពណាស់ក្នុងការទាញនាំមនុស្សដែលមានចិត្តស្មោះឲ្យចូលក្នុងសេចក្ដីពិត។ (យ៉ូន. ៦:៤៤) ដូច្នេះ ពួកអ្នកចាស់ទុំបានត្រូវលើកទឹកចិត្តឲ្យរៀបចំកិច្ចផ្សព្វផ្សាយជាសាធារណៈ។ ការផ្សព្វផ្សាយដោយដាក់តុឬរទេះរុញអាចធ្វើឡើងនៅកន្លែងប្រជុំដែលបានចុះឈ្មោះនៅក្រសួងធម្មការហើយប៉ុណ្ណោះ។ ក្នុងករណីនេះ យើងមិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរទៀតទេ។ តើអ្នកណាខ្លះមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីចូលរួមកិច្ចផ្សព្វផ្សាយនេះ? គឺអ្នកផ្សាយដែលមានគំនិតសមហេតុសមផល មានភាពថ្លៃថ្នូរ និងប៉ិនប្រសប់ក្នុងការវែកញែក។ ចំណុចជាបន្តបន្ទាប់នេះបញ្ជាក់អំពីអ្វីដែលអ្នកផ្សាយគួរធ្វើនិងមិនគួរធ្វើ ហើយចំណុចទាំងនេះនឹងជួយពួកគាត់ឲ្យផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព។
អ្វីដែលគួរធ្វើ:
• សូមនិយាយដោយរួសរាយរាក់ទាក់ទៅកាន់អ្នកដែលដើរកាត់ ហើយប្រុងប្រៀបជួយគាត់។ អ្នកផ្សាយខ្លះញញឹមយ៉ាងកក់ក្ដៅនិងដោយស្មោះ រួចមកសួរសុខទុក្ខពួកគេ។ បើបុគ្គលណាម្នាក់ដែលដើរកាត់មើលសៀវភៅដែលបានដាក់តាំង យើងអាចនិយាយថា៖ «បើអ្នកចង់អានសៀវភៅមួយណា អ្នកអាចយកបាន»។
• សូមឈរឲ្យឆ្ងាយបន្ដិចពីតុឬរទេះរុញ។ នៅកន្លែងខ្លះ ពេលដែលអ្នកផ្សាយឈរឆ្ងាយពីតុឬរទេះរុញប្រហែលមួយម៉ែត្រ នោះអ្នកដើរកាត់ចង់មើលសៀវភៅដែលដាក់តាំង។ ប៉ុន្តែ ចំពោះអ្នកផ្សាយខ្លះទៀតគិតថា ការឈរនៅចម្ងាយដូចនេះធ្វើឲ្យអ្នកដើរកាត់មិនហ៊ានចូលយកសៀវភៅទេ។ ដូច្នេះ ពួកគាត់ឈរឆ្ងាយជាងនោះបន្ដិច ហើយចាំរហូតដល់មានអ្នកដើរកាត់ឈប់នៅមុខតុឬរទេះរុញ ទើបចូលទៅនិយាយជាមួយនឹងគាត់។ សូមព្យាយាមនិយាយជាមួយនឹងគាត់ ដោយសួរថា៖ «តើអ្នកធ្លាប់គិតអំពីសំណួរនេះទេ?»។
• សូមបើកគម្ពីរបង្ហាញអ្នកដែលចាប់អារម្មណ៍តាមដែលអាចធ្វើទៅបាន។
• សូមពន្យល់របៀបសិក្សាគម្ពីរដល់អ្នកដែលយកសៀវភៅជំនួយសិក្សាណាមួយរបស់យើង ដូចជាសៀវភៅព្រះគម្ពីរបង្រៀនជាដើម។ រួចស្នើសុំបង្ហាញវីដេអូហេតុអ្វីគួររៀនគម្ពីរ?ក្នុងឧបករណ៍អេឡិចត្រូនិក។
• បើអាចធ្វើទៅបាន សូមសួរហើយកត់ទុកព័ត៌មានពីអ្នកចាប់អារម្មណ៍ ដើម្បីអាចទាក់ទងគាត់ម្ដងទៀត។ បើគាត់មិនរស់នៅក្នុងតំបន់ផ្សាយរបស់អ្នកទេ សូមបំពេញក្រដាសសូមរកជួប(S-43) រួចឲ្យលេខាធិការនៃក្រុមជំនុំឲ្យបានឆាប់បំផុត។
អ្វីដែលមិនគួរធ្វើ:
• សូមកុំបង្ខិតបង្ខំ ឬជំរុញអ្នកដើរកាត់ឲ្យយកសៀវភៅ ហើយកុំឈរជិតតុឬរទេះរុញដែលមើលទៅដូចជាអ្នកយាម។
• សូមកុំមានគំនិតថា កិច្ចផ្សព្វផ្សាយបែបនេះគ្រាន់តែជាវិធីធម្មតាមួយដើម្បីចែកសៀវភៅប៉ុណ្ណោះ។ ពេលយើងផ្សព្វផ្សាយ គោលដៅរបស់យើងគឺដើម្បីបង្រៀនគម្ពីរដល់អ្នកឯទៀត។ ដូច្នេះ យើងគួរព្យាយាមសន្ទនាជាមួយនឹងពួកគេ។
• សូមកុំឈរបាំងតុឬរទេះរុញ និងកុំរវល់និយាយជាមួយដៃគូផ្សាយរបស់អ្នកច្រើនពេក។ បើអ្នកត្រូវប្រើទូរស័ព្ទដៃ ធម្មតាជាការល្អឲ្យអ្នកដើរចេញឆ្ងាយពីតុឬរទេះរុញ។
• សូមកុំប្រកែកជាមួយនឹងអ្នកប្រឆាំង។ បើអ្នកប្រឆាំងចាប់ផ្ដើមខឹង ប្រហែលល្អជាងឲ្យអ្នកផ្អាកផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនោះ។