របៀបរស់នៅជាគ្រិស្តសាសនិក
ចូរកាន់ខ្ជាប់ខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាមានខ្នាតតម្រាសីលធម៌សម្រាប់មនុស្សជាតិ។ ជាឧទាហរណ៍ លោកបញ្ជាក់ថាអាពាហ៍ពិពាហ៍ត្រូវតែជាចំណងជារៀងរហូតរវាងបុរសនិងស្ត្រី។ (ម៉ាថ. ១៩:៤-៦, ៩) លោកផ្ដន្ទាទោសអស់អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគ្រប់យ៉ាង។ (១កូ. ៦:៩, ១០) លោកក៏ផ្ដល់គោលការណ៍ស្តីអំពីរបៀបស្លៀកពាក់និងការសម្អិតសម្អាងខ្លួនដែលធ្វើឲ្យរាស្ត្ររបស់លោកខុសពីអ្នកឯទៀត។—ចោ. ២២:៥; ១ធី. ២:៩, ១០
ក្នុងពិភពលោកសព្វថ្ងៃនេះ មនុស្សជាច្រើនបដិសេធនឹងខ្នាតតម្រារបស់ព្រះយេហូវ៉ា។ (រ៉ូម ១:១៨-៣២) ពួកគេអនុញ្ញាតឲ្យគំនិតពេញនិយមមានឥទ្ធិពលទៅលើរបៀបដែលពួកគេស្លៀកពាក់ សម្អិតសម្អាងខ្លួន និងការប្រព្រឹត្តរបស់ពួកគេ។ មនុស្សជាច្រើនប្រព្រឹត្តអំពើដ៏ស្មោកគ្រោក ហើយរិះគន់ពួកអ្នកដែលមានរបៀបរស់នៅខុសពីពួកគេ។—១ពេ. ៤:៣, ៤
ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងត្រូវកាន់ខ្ជាប់ខ្នាតតម្រាសីលធម៌របស់ព្រះដោយចិត្តក្លាហាន។ (រ៉ូម ១២:៩) តើតាមរបៀបណា? យើងគួរស្គាល់អ្វីដែលលោកពេញចិត្ត។ តែយើងក៏ត្រូវរក្សាខ្នាតតម្រាខ្ពង់ខ្ពស់ក្នុងជីវិតរបស់យើងដែរ។ ជាឧទាហរណ៍ ពេលជ្រើសរើសម៉ូដសម្លៀកបំពាក់និងរបៀបសម្អិតសម្អាងខ្លួន យើងអាចសួរខ្លួនថា ‹តើការសម្រេចចិត្តរបស់ខ្ញុំឆ្លុះបញ្ចាំងអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ាឬក៏របស់ពិភពលោកនេះ? តើរបៀបស្លៀកពាក់និងការសម្អិតសម្អាងខ្លួនរបស់ខ្ញុំបញ្ជាក់ថាខ្ញុំជាគ្រិស្តសាសនិកដែលកោតខ្លាចព្រះឬទេ?›។ ពេលជ្រើសរើសកម្មវិធីឬភាពយន្តដើម្បីទស្សនា យើងអាចសួរខ្លួនថា ‹តើព្រះយេហូវ៉ានឹងពេញចិត្តកម្មវិធីនោះឬទេ? តើកម្មវិធីនោះលើកស្ទួយខ្នាតតម្រាសីលធម៌របស់អ្នកណា? តើការកម្សាន្តដែលខ្ញុំជ្រើសរើសអាចបន្ធូរបន្ថយខ្នាតតម្រាសីលធម៌របស់ខ្ញុំឬទេ? (ទំនុក. ១០១:៣) តើនោះអាចទៅជាឧបសគ្គដែលនាំឲ្យសមាជិកក្រុមគ្រួសារខ្ញុំនិងអ្នកឯទៀតជំពប់ដួលឬទេ?›។—១កូ. ១០:៣១-៣៣
ហេតុអ្វីគឺសំខាន់ម្ល៉េះដែលយើងត្រូវកាន់ខ្ជាប់ខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា? មិនយូរទៀត លោកយេស៊ូគ្រិស្តនឹងបំផ្លាញប្រជាជាតិនានានិងអំពើអាក្រក់ទាំងអស់។ (អេស. ៩:៤-៧) មានតែពួកអ្នកដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះប៉ុណ្ណោះដែលនឹងមិនត្រូវបំផ្លាញ។ (១យ៉ូន. ២:១៥-១៧) ដូច្នេះ សូមយើងកាន់ខ្ជាប់តាមខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ាដើម្បីឲ្យមនុស្សឯទៀតឃើញដោយផ្ទាល់ភ្នែកនូវការប្រព្រឹត្តដ៏ល្អរបស់យើង រួចពួកគេអាចនឹងសរសើរព្រះ។—១ពេ. ២:១១, ១២
តើការសម្រេចចិត្តរបស់ខ្ញុំស្តីអំពីរបៀបស្លៀកពាក់និងសម្អិតសម្អាងខ្លួនបង្ហាញយ៉ាងណាអំពីខ្នាតតម្រាសីលធម៌របស់ខ្ញុំ?
សូមទស្សនាវីដេអូចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា បុរសម្នាក់និងស្ត្រីម្នាក់ រួចមកសូមពិចារណាសំណួរដូចតទៅនេះ៖
ហេតុអ្វីជាការឈ្លាសវៃដែលរស់នៅសមស្របតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា?
ហេតុអ្វីឪពុកម្ដាយគួរចាប់ផ្ដើមបង្រៀនកូនពីខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ាតាំងពីពួកគេនៅតូច?
តើតាមរបៀបណាមនុស្សទាំងចាស់ទាំងក្មេងអាចជួយមនុស្សឯទៀតឲ្យទទួលប្រយោជន៍ពីគុណធម៌របស់ព្រះ?