«ចូរផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ»
«ចូរផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ»។—កូឡុស ៣:២
១, ២. (ក) ហេតុអ្វីក្រុមជំនុំនៅក្រុងកូឡុសអាចបែកសាមគ្គី? (ខ) តើឱវាទអ្វីបានជួយបងប្អូននៅក្រុងកូឡុសឲ្យរក្សាមិត្តភាពជាមួយនឹងព្រះ?
ក្រុមជំនុំគ្រិស្តសាសនិកនៅក្រុងកូឡុសនាសតវត្សរ៍ទី១អាចបែកសាមគ្គី! បងប្អូនខ្លះបាននិយាយថាមនុស្សគ្រប់រូបគួរធ្វើតាមច្បាប់ម៉ូសេ។ បងប្អូនខ្លះទៀតបាននិយាយថាការមានជីវិតសប្បាយ គឺខុស។ ប៉ូលបានព្រមានពួកគាត់ថាគំនិតខុសគ្នាទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ ដោយនិយាយថា៖ «ចូរប្រយ័ត្ន ក្រែងលោមានអ្នកណាចាប់យកអ្នករាល់គ្នាធ្វើជាចំណី តាមរយៈទស្សនវិជ្ជានិងការបោកបញ្ឆោតអសារឥតការ ដែលមានមូលដ្ឋានលើទំនៀមទម្លាប់របស់មនុស្ស និងបឋមសេចក្ដីរបស់ពិភពលោកនេះ មិនមែនមានមូលដ្ឋានលើគ្រិស្តឡើយ»។—កូឡុស ២:៨
២ បើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងទាំងនោះបានធ្វើតាមគំនិតរបស់មនុស្ស ពួកគាត់នឹងបោះបង់ឯកសិទ្ធិធ្វើជាកូនព្រះ។ (កូឡុស ២:២០-២៣) ដើម្បីជួយពួកគាត់រក្សាចំណងមិត្តភាពដ៏មានតម្លៃរវាងពួកគាត់និងព្រះ ប៉ូលបានប្រាប់ពួកគាត់ថា៖ «ចូរផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ មិនមែនទៅលើអ្វីនៅផែនដីឡើយ»។ (កូឡុស ៣:២) គ្រិស្តសាសនិកទាំងនោះត្រូវចាំអំពីសេចក្ដីសង្ឃឹមពិសេសរបស់ពួកគាត់ស្តីអំពីជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌។—កូឡុស ១:៤, ៥
៣. (ក) តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងមានសេចក្ដីសង្ឃឹមអ្វី? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះនៅក្នុងអត្ថបទនេះ?
៣ សព្វថ្ងៃនេះ គ្រិស្តសាសនិកដែលបានត្រូវរើសតាំងក៏ផ្ចង់ចិត្តទៅលើរាជាណាចក្រព្រះនិងទៅលើសេចក្ដីសង្ឃឹមធ្វើជា«អ្នកទទួលមត៌ករួមជាមួយនឹងគ្រិស្ត»នៅស្ថានសួគ៌ដែរ។ (រ៉ូម ៨:១៤-១៧) ប៉ុន្តែ ចុះយ៉ាងណាពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី? តើពាក្យរបស់ប៉ូលជាប់ទាក់ទងនឹងពួកគេយ៉ាងដូចម្ដេច? តើតាមរបៀបណាពួកគេអាចផ្ចង់ចិត្តទៅលើ«អ្វីដែលនៅស្ថានលើ»? (យ៉ូហាន ១០:១៦) អាប្រាហាំនិងម៉ូសេបានផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ សូម្បីតែក្នុងអំឡុងគ្រាលំបាកក៏ដោយ។ តើយើងអាចយកតម្រាប់ពួកគាត់យ៉ាងដូចម្ដេច?
តើការផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ មានន័យយ៉ាងណា?
៤. តើតាមរបៀបណាគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីអាចផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ?
៤ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីត្រូវផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ។ ពួកគេធ្វើដូច្នេះ ពេលពួកគេចាត់ទុកព្រះយេហូវ៉ានិងរាជាណាចក្ររបស់លោកជាអ្វីសំខាន់បំផុតក្នុងជីវិត។ (លូកា ១០:២៥-២៧) នេះគឺជាអ្វីដែលគ្រិស្តបានធ្វើ ហើយនេះក៏ជាអ្វីដែលយើងត្រូវធ្វើដែរ។ (ពេត្រុសទី១ ២:២១) នៅជុំវិញគ្រិស្តសាសនិកនាសតវត្សរ៍ទី១ មានពេញទៅដោយការវែកញែកមិនត្រឹមត្រូវ ទស្សនវិជ្ជារបស់ពិភពលោកនិងការចង់បានទ្រព្យសម្បត្ដិ។ សព្វថ្ងៃនេះក្នុងរបៀបរបបរបស់សាថាន យើងក៏ឃើញអ្វីៗទាំងនេះដែរ។ (សូមអាន កូរិនថូសទី២ ១០:៥) យើងត្រូវយកតម្រាប់លោកយេស៊ូ ហើយប្រុងប្រយ័ត្ននឹងអ្វីទាំងអស់ដែលអាចបង្ខូចចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា។
តើយើងបានឲ្យទស្សនៈរបស់ពិភពលោកអំពីលុយនិងទ្រព្យសម្បត្ដិមានឥទ្ធិពលមកលើយើងឬទេ?
៥. ស្តីអំពីទស្សនៈរបស់យើងចំពោះលុយនិងទ្រព្យសម្បត្ដិ តើយើងអាចដណ្ដឹងសួរខ្លួនយើងអំពីអ្វីខ្លះ?
៥ តើយើងបានឲ្យទស្សនៈរបស់ពិភពលោកអំពីលុយនិងទ្រព្យសម្បត្ដិមានឥទ្ធិពលមកលើយើងឬទេ? តាមរយៈអ្វីដែលយើងគិតនិងអ្វីដែលយើងធ្វើ យើងបង្ហាញឲ្យឃើញអំពីអ្វីដែលយើងពិតជាស្រឡាញ់។ លោកយេស៊ូបានពន្យល់ចំណុចនេះ ពេលលោកបានមានប្រសាសន៍ថា៖ «ទ្រព្យសម្បត្ដិរបស់អ្នកនៅកន្លែងណា ចិត្តរបស់អ្នកក៏នៅកន្លែងនោះដែរ»។ (ម៉ាថាយ ៦:២១) យើងត្រូវដណ្ដឹងសួរខ្លួនយើងអំពីអ្វីដែលសំខាន់បំផុតចំពោះយើង។ តើយើងចំណាយពេលច្រើនដើម្បីខ្វល់ខ្វាយអំពីលុយ គិតអំពីការរកការងារល្អជាង ឬខំព្យាយាមឲ្យមានរបៀបរស់នៅស្រួលជាងឬទេ? ឬតើយើងព្យាយាមមានជីវិតសាមញ្ញ ហើយផ្ដោតអារម្មណ៍ទៅលើចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ាវិញ? (ម៉ាថាយ ៦:២២) លោកយេស៊ូបានមានប្រសាសន៍ថា បើយើងផ្ដោតអារម្មណ៍ទៅលើការប្រមូល‹ទ្រព្យសម្បត្ដិទុកនៅផែនដី› នោះយើងប្រហែលជាបាត់បង់ចំណងមិត្តភាពរវាងយើងនិងព្រះយេហូវ៉ា។—ម៉ាថាយ ៦:១៩, ២០, ២៤
យើងអាចឈ្នះក្នុងការប្រយុទ្ធប្រឆាំងទំនោរចិត្តមិនល្អឥតខ្ចោះរបស់យើង លុះត្រាតែយើងផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ
៦. តើតាមរបៀបណាយើងអាចឈ្នះក្នុងការប្រយុទ្ធនឹងទំនោរចិត្តមិនល្អឥតខ្ចោះរបស់យើង?
៦ យើងជាមនុស្សមិនល្អឥតខ្ចោះ ម្ល៉ោះហើយ យើងងាយស្រួលធ្វើអ្វីដែលខុស។ (សូមអាន រ៉ូម ៧:២១-២៥) បើយើងមិនពឹងផ្អែកលើសកម្មពលបរិសុទ្ធរបស់ព្រះទេ យើងប្រហែលជាចូលរួមក្នុងការ«ជប់លៀងសប្បាយឥតបើគិត»និងការ«ផឹកស្រាឲ្យស្រវឹង» ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ឬមាន«សីលធម៌ធូររលុង» ដោយគ្មានការគោរពចំពោះច្បាប់របស់ព្រះឡើយ។ (រ៉ូម ១៣:១២, ១៣) យើងកំពុងប្រយុទ្ធជាប់ជានិច្ចនឹងទំនោរចិត្តមិនល្អឥតខ្ចោះរបស់យើង។ យើងអាចឈ្នះក្នុងការប្រយុទ្ធនេះ លុះត្រាតែយើងផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ។ នេះតម្រូវឲ្យមានការខំប្រឹង ហើយនេះជាមូលហេតុដែលប៉ូលបាននិយាយថា៖ «ខ្ញុំវាយដំរូបកាយរបស់ខ្ញុំ ហើយបង្ខំឲ្យចុះចូលដូចខ្ញុំបម្រើ»។ (កូរិនថូសទី១ ៩:២៧) យើងក៏ត្រូវតែតឹងរ៉ឹងចំពោះខ្លួនយើងដែរ។ សូមយើងពិភាក្សាអំពីគំរូរបស់បុរសដ៏ស្មោះត្រង់ពីរនាក់ដែលបានខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យព្រះពេញចិត្ត។—ហេប្រឺ ១១:៦
អាប្រាហាំ«បង្ហាញជំនឿលើព្រះយេហូវ៉ា»
៧, ៨. (ក) តើអាប្រាហាំនិងសារ៉ាមានបញ្ហាអ្វីខ្លះ? (ខ) តើអាប្រាហាំបានគិតជាប់ជានិច្ចអំពីអ្វី?
៧ ពេលព្រះយេហូវ៉ាបានសុំអាប្រាហាំឲ្យរើទៅស្រុកកាណានជាមួយនឹងក្រុមគ្រួសាររបស់គាត់ អាប្រាហាំបានសុខចិត្តធ្វើតាម។ ដោយសារជំនឿនិងការស្ដាប់បង្គាប់របស់អាប្រាហាំ ព្រះយេហូវ៉ាបានឲ្យពរដល់គាត់ដោយធ្វើកិច្ចព្រមព្រៀងមួយជាមួយនឹងគាត់។ ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង»។ (លោកុប្បត្តិ ១២:២) ច្រើនឆ្នាំបានកន្លងផុតទៅ អាប្រាហាំនិងសារ៉ានៅតែគ្មានកូន។ តើអាប្រាហាំបានឆ្ងល់ថាព្រះយេហូវ៉ាបានភ្លេចសេចក្ដីសន្យារបស់លោកឬ? នៅពេលនោះ ជីវិតរបស់អាប្រាហាំមិនមែនស្រួលទេ។ គាត់បានលះបង់ជីវិតសុខស្រួលនៅក្រុងអ៊ើរដ៏ចម្រុងចម្រើន ហើយបានធ្វើដំណើរជាង១.៦០០គីឡូម៉ែត្រ(១.០០០ម៉ៃល៍)ទៅស្រុកកាណាន។ គាត់និងក្រុមគ្រួសាររបស់គាត់បានរស់នៅក្នុងត្រសាល។ ពួកគាត់មិនតែងតែមានអាហារគ្រប់គ្រាន់ដើម្បីបរិភោគទេ ហើយជួនកាលពួកគាត់រងគ្រោះដោយសារពួកចោរ។ (លោកុប្បត្តិ ១២:៥, ១០; ១៣:១៨; ១៤:១០-១៦) ទោះជាយ៉ាងនេះក្ដី អាប្រាហាំនិងក្រុមគ្រួសាររបស់គាត់មិនចង់ត្រឡប់ទៅរស់នៅយ៉ាងសុខស្រួលនៅក្រុងអ៊ើរវិញឡើយ។—សូមអាន ហេប្រឺ ១១:៨-១២, ១៥
៨ អាប្រាហាំបាន«ជឿដល់ព្រះយេហូវ៉ា» ហើយគាត់មិនបានផ្ដោតអារម្មណ៍ទៅលើ«អ្វីនៅផែនដី»ឡើយ។ (លោកុប្បត្តិ ១៥:៦) គាត់បានគិតជាប់ជានិច្ចអំពីសេចក្ដីសន្យារបស់ព្រះចំពោះគាត់។ ព្រះយេហូវ៉ាបានឃើញជំនឿរបស់អាប្រាហាំ ហើយបានមានប្រសាសន៍ថា៖ «ចូរមើលទៅលើមេឃឥឡូវ ហើយរាប់ផ្កាយចុះ បើឯងអាចនឹងរាប់ទាំងអស់បាន»។ បន្ទាប់មកលោកបានប្រាប់គាត់ថា៖ «ពូជឯងនឹងបានដូច្នោះដែរ»។ (លោកុប្បត្តិ ១៥:៥) ពេលអាប្រាហាំបានឮដូច្នេះ គាត់បានដឹងថាព្រះយេហូវ៉ាមិនបានភ្លេចគាត់ទេ។ រាល់លើកដែលគាត់មើលទៅផ្កាយ គាត់បាននឹកចាំអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថាគាត់នឹងមានកូនចៅជាច្រើននាក់។ ម្យ៉ាងទៀត កាលដែលពេលរបស់ព្រះយេហូវ៉ាបានមកដល់ អាប្រាហាំមានកូនប្រុសម្នាក់ ដូចព្រះយេហូវ៉ាបានសន្យាមែន។—លោកុប្បត្តិ ២១:១, ២
៩. តើតាមរបៀបណាយើងអាចយកតម្រាប់អាប្រាហាំ?
៩ ដូចអាប្រាហាំដែរ យើងកំពុងរង់ចាំឲ្យសេចក្ដីសន្យារបស់ព្រះយេហូវ៉ាបានសម្រេច។ (ពេត្រុសទី២ ៣:១៣) បើយើងមិនផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើទេ យើងប្រហែលជាមានអារម្មណ៍ថាសេចក្ដីសន្យាទាំងនោះបានត្រូវពន្យារពេល ហើយយើងប្រហែលជាមិនមានចិត្តខ្នះខ្នែងចំពោះកិច្ចបម្រើព្រះយេហូវ៉ាដូចយើងធ្លាប់មានពីមុនឡើយ។ ប្រហែលជាពីមុនអ្នកបានធ្វើការលះបង់សម្រាប់ព្រះយេហូវ៉ា ដើម្បីអ្នកអាចធ្វើជាអ្នកត្រួសត្រាយ ឬបម្រើតាមរបៀបពិសេសផ្សេងទៀត។ ប៉ុន្តែ ឥឡូវនេះតើអ្នកកំពុងធ្វើអ្វី? តើអ្នកដូចអាប្រាហាំដែលខំអស់ពីសមត្ថភាពដើម្បីព្រះយេហូវ៉ា ហើយទន្ទឹងរង់ចាំពរនៅពេលអនាគតឬទេ? (ហេប្រឺ ១១:១០) អាប្រាហាំបាន«បង្ហាញជំនឿលើព្រះយេហូវ៉ា» ហើយគាត់បានត្រូវចាត់ទុកជាមិត្តសម្លាញ់របស់ព្រះ។—រ៉ូម ៤:៣
ម៉ូសេបាន«មើលឃើញលោកដែលមនុស្សមើលពុំឃើញ»
១០. តើម៉ូសេបានត្រូវចិញ្ចឹមអប់រំយ៉ាងដូចម្ដេច?
១០ ម៉ូសេគឺជាបុរសម្នាក់ទៀតដែលបានផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ។ គាត់បានត្រូវចិញ្ចឹមអប់រំជាសមាជិករាជវង្សនៃស្រុកអេស៊ីប នៅពេលដែលជនជាតិអេស៊ីបជាប្រជាជាតិដែលខ្លាំងក្លាបំផុតនៅក្នុងពិភពលោក។ គម្ពីរចែងថាគាត់«បានត្រូវអប់រំទៅតាមអស់ទាំងចំណេះវិជ្ជារបស់ជនជាតិអេស៊ីប»។ ការអប់រំខ្ពស់នេះបានធ្វើឲ្យម៉ូសេ«ពូកែក្នុងពាក្យសម្ដីនិងក្នុងកិច្ចការដែលគាត់បានធ្វើ»។ (សកម្មភាព ៧:២២) ដោយសារជីវប្រវត្ដិរបស់គាត់ ម៉ូសេមានឱកាសជាច្រើនដើម្បីធ្វើជាមនុស្សសំខាន់ម្នាក់នៅស្រុកអេស៊ីប។ ប៉ុន្តែ មានការអប់រំមួយប្រភេទទៀតដែលសំខាន់ជាងចំពោះម៉ូសេ។
១១, ១២. តើការអប់រំដែលសំខាន់បំផុតចំពោះម៉ូសេគឺជាអ្វី? ហេតុអ្វីយើងដឹង?
១១ ពេលម៉ូសេជាកុមារ យ៉ុកិបិតដែលជាម្ដាយរបស់គាត់ បានបង្រៀនគាត់អំពីព្រះរបស់ជនជាតិហេប្រឺ។ ចំពោះម៉ូសេ ចំណេះនេះអំពីព្រះយេហូវ៉ាគឺសំខាន់ជាងអ្វីឯទៀតទាំងអស់។ ដោយចិត្តរីករាយ គាត់បានបោះបង់ឱកាសមានទ្រព្យសម្បត្ដិនិងអំណាច ដើម្បីគាត់អាចធ្វើតាមបំណងប្រាថ្នារបស់ព្រះ។ (សូមអាន ហេប្រឺ ១១:២៤-២៧) ការបង្ហាត់បង្រៀនដែលម៉ូសេបានទទួលកាលគាត់នៅក្មេងនិងជំនឿរបស់គាត់លើព្រះយេហូវ៉ាបានជួយគាត់ឲ្យផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ។
ដោយចិត្តរីករាយ ម៉ូសេបានបោះបង់ឱកាសមានទ្រព្យសម្បត្ដិនិងអំណាច ដើម្បីគាត់អាចធ្វើតាមបំណងប្រាថ្នារបស់ព្រះ
១២ ទោះជាម៉ូសេបានទទួលការអប់រំប្រសើរបំផុតដែលអាចមាននៅស្រុកអេស៊ីបក៏ដោយ គាត់មិនបានប្រើការអប់រំនោះដើម្បីក្លាយទៅជាមនុស្សម្នាក់ដែលមានអំណាច ល្បីឈ្មោះ ឬមានទ្រព្យសម្បត្ដិឡើយ។ តាមពិត គម្ពីរចែងថាគាត់«មិនព្រមឲ្យគេហៅគាត់ថាជាកូនរបស់កូនស្រីផារ៉ូឡើយ ដោយសម្រេចចិត្តឲ្យគេធ្វើបាបគាត់ជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងសប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង»។ ជាយូរក្រោយមក ម៉ូសេបានប្រើចំណេះរបស់គាត់អំពីព្រះយេហូវ៉ាដើម្បីដឹកនាំរាស្ត្ររបស់លោក។
១៣, ១៤. (ក) មុនម៉ូសេអាចរំដោះរាស្ត្ររបស់ព្រះយេហូវ៉ា តើគាត់ត្រូវរៀនអ្វីខ្លះ? (ខ) តើយើងក៏ត្រូវរៀនអ្វីដែរ?
១៣ ម៉ូសេស្រឡាញ់ព្រះយេហូវ៉ានិងរាស្ត្ររបស់លោក ដែលជាខ្ញុំបម្រើនៅស្រុកអេស៊ីបនៅពេលនោះ។ ពេលម៉ូសេមានអាយុ៤០ឆ្នាំ គាត់បានគិតថាគាត់បានត្រៀមលក្ខណៈហើយដើម្បីរំដោះពួកគេ។ (សកម្មភាព ៧:២៣-២៥) ប៉ុន្តែ ព្រះយេហូវ៉ាបានជ្រាបថាម៉ូសេមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីធ្វើដូច្នេះទេ។ គាត់នៅតែត្រូវរៀនឲ្យចេះមានចិត្តរាបទាប ចិត្តអត់ធ្មត់ ចិត្តស្លូតបូត និងចេះទប់ចិត្ត។ (សុភាសិត ១៥:៣៣) ម៉ូសេត្រូវការការបង្ហាត់បង្រៀនដែលនឹងជួយគាត់ត្រៀមលក្ខណៈសម្រាប់បញ្ហាធ្ងន់ធ្ងរដែលនៅខាងមុខ។ រយៈពេល៤០ឆ្នាំដែលម៉ូសេបានធ្វើជាគង្វាល បានជួយគាត់ឲ្យបណ្ដុះនូវគុណសម្បត្ដិទាំងនេះ។
១៤ តើការបង្ហាត់បង្រៀននេះបានជួយម៉ូសេឬទេ? នេះបានជួយគាត់មែន ពីព្រោះគម្ពីរចែងថាគាត់បានទៅជាមនុស្ស«សុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជនគណនា ១២:៣) ដោយសារគាត់បានរៀនឲ្យចេះមានចិត្តរាបទាប នោះគាត់អាចមានចិត្តអត់ធ្មត់ចំពោះមនុស្សផ្សេងៗនិងបញ្ហារបស់ពួកគេ។ (និក្ខមនំ ១៨:២៦) យើងក៏ត្រូវការនូវគុណសម្បត្ដិដែលនឹងជួយយើងឲ្យរួចជីវិតនៅ«គ្រាទុក្ខវេទនាដ៏ខ្លាំង» ហើយចូលទៅពិភពលោកថ្មីរបស់ព្រះ។ (ការបើកបង្ហាញ ៧:១៤) តើយើងស្រុះស្រួលជាមួយនឹងមនុស្ស រួមទាំងពួកអ្នកដែលយើងគិតថាងាយខឹង ឬងាយអន់ចិត្តឬទេ? ពាក្យរបស់សាវ័កពេត្រុសដែលថា៖ «ចូរគោរពមនុស្សគ្រប់ប្រភេទ ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់គ្នា» អាចជួយយើង។—ពេត្រុសទី១ ២:១៧
ការផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ
១៥, ១៦. (ក) ហេតុអ្វីយើងត្រូវផ្ចង់ចិត្តទៅលើអ្វីដែលត្រឹមត្រូវ? (ខ) ហេតុអ្វីគ្រិស្តសាសនិកត្រូវរក្សាការប្រព្រឹត្តល្អ?
១៥ យើងរស់នៅក្នុងគ្រាដែល«លំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ហេតុនេះហើយ បានជាយើងត្រូវផ្ចង់ចិត្តទៅលើអ្វីដែលត្រឹមត្រូវដើម្បីរក្សាភាពជិតស្និទ្ធនឹងព្រះ។ (ថែស្សាឡូនិចទី១ ៥:៦-៩) សូមយើងពិចារណារបៀបបីយ៉ាងដែលយើងអាចធ្វើដូច្នេះ។
១៦ ការប្រព្រឹត្តរបស់យើង: ពេត្រុសបានពន្យល់ថាការប្រព្រឹត្តល្អគឺសំខាន់ណាស់ ពេលគាត់បាននិយាយថា៖ «ចូរប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ»។ គាត់បានបន្ថែមថាពួកអ្នកដែលមិនស្គាល់ព្រះយេហូវ៉ាប្រហែលជាកត់សម្គាល់របៀបដែលយើងប្រព្រឹត្ត ហើយប្រហែលជា«ពួកគេនឹងបែរជាសរសើរព្រះ»។ (ពេត្រុសទី១ ២:១២) យើងត្រូវធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើដើម្បីសរសើរព្រះយេហូវ៉ាតាមរយៈការប្រព្រឹត្តរបស់យើង ទោះជាយើងនៅផ្ទះ នៅកន្លែងធ្វើការ នៅសាលា នៅពេលកម្សាន្ត ឬនៅក្នុងកិច្ចផ្សព្វផ្សាយក្ដី។ ពិតមែន យើងទាំងអស់គ្នាមិនល្អឥតខ្ចោះ ហើយយើងទាំងអស់គ្នាធ្វើខុស។ (រ៉ូម ៣:២៣) ប៉ុន្តែ យើងមិនគួរធ្លាក់ទឹកចិត្តឡើយ។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាច«តស៊ូយ៉ាងប្រសើរដើម្បីជំនឿ»។—ធីម៉ូថេទី១ ៦:១២
បើយើងគិតដូចគ្រិស្ត យើងនឹងមានចិត្តរាបទាប ហើយមានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ
១៧. តើយើងអាចធ្វើតាមចិត្តគំនិតរបស់លោកយេស៊ូយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)។
១៧ ចិត្តគំនិតរបស់យើង: ដើម្បីរក្សាការប្រព្រឹត្តល្អ យើងត្រូវមានចិត្តគំនិតត្រឹមត្រូវ។ សាវ័កប៉ូលបាននិយាយថា៖ «ចូររក្សាឲ្យមានចិត្តគំនិតបែបនេះជានិច្ច គឺចិត្តគំនិតដូចគ្រិស្តយេស៊ូ»។ (ភីលីព ២:៥) តើលោកយេស៊ូមានចិត្តគំនិតបែបណា? លោកមានចិត្តរាបទាប ហើយនេះបានធ្វើឲ្យលោកចង់ជូនអ្វីដែលល្អបំផុតទៅព្រះយេហូវ៉ា។ លោកតែងតែគិតអំពីការផ្សព្វផ្សាយដំណឹងល្អនៃរាជាណាចក្រព្រះ។ (ម៉ាកុស ១:៣៨; ១៣:១០) ចំពោះលោកយេស៊ូ បណ្ដាំរបស់ព្រះផ្ដល់ការណែនាំដ៏សំខាន់បំផុត។ (យ៉ូហាន ៧:១៦; ៨:២៨) លោកបានសិក្សាបទគម្ពីរបរិសុទ្ធដោយយកចិត្តទុកដាក់ដើម្បីលោកអាចដកស្រង់ ការពារ និងពន្យល់បទគម្ពីរទាំងនោះ។ បើយើងគិតដូចគ្រិស្ត យើងក៏នឹងមានចិត្តរាបទាប មានចិត្តខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ ហើយឧស្សាហ៍ក្នុងការសិក្សាគម្ពីរដែរ។
១៨. តើយើងអាចគាំទ្រកិច្ចការរបស់ព្រះយេហូវ៉ាតាមរបៀបសំខាន់ៗណាខ្លះ?
១៨ ការគាំទ្ររបស់យើង: ព្រះមានគោលបំណងឲ្យ‹អ្នកនៅស្ថានសួគ៌និងអ្នកនៅផែនដី›ចុះចូលលោកយេស៊ូ។ (ភីលីព ២:៩-១១) ទោះជាលោកយេស៊ូមានឋានៈខ្ពង់ខ្ពស់ណាស់ក៏ដោយ លោកចុះចូលបិតាលោកដោយចិត្តរាបទាប។ យើងក៏គួរធ្វើដូច្នេះដែរ។ (កូរិនថូសទី១ ១៥:២៨) យើងរួមចំណែកក្នុងកិច្ចការរបស់ព្រះយេហូវ៉ា ពេលយើង«បង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាម»លោកយេស៊ូ។ (ម៉ាថាយ ២៨:១៩) យើងក៏«ធ្វើល្អដល់មនុស្សទាំងអស់» ពេលយើងធ្វើអំពើល្អចំពោះអ្នកជិតខាងនិងចំពោះបងប្អូនយើង។—កាឡាទី ៦:១០
១៩. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៩ យើងដឹងគុណព្រះយេហូវ៉ាយ៉ាងខ្លាំងដែលលោកប្រាប់យើងឲ្យផ្ចង់ចិត្តទៅលើអ្វីដែលនៅស្ថានលើ! យើងត្រូវ«រត់ដោយស៊ូទ្រាំ» ហើយផ្ដោតអារម្មណ៍ជានិច្ចទៅលើអ្វីដែលត្រឹមត្រូវ។ (ហេប្រឺ ១២:១) សូមយើងតាំងចិត្តធ្វើអ្វីទាំងអស់ដោយ«អស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា» ដោយដឹងថាបិតារបស់យើងដែលនៅស្ថានសួគ៌នឹងឲ្យពរយើងយ៉ាងបរិបូរ។—កូឡុស ៣:២៣, ២៤