NASA Photo
ចូរចាំយាម!
តើមានរដ្ឋាភិបាលមួយដែលអាចធ្វើឲ្យផែនដីយើងមានស្ថិរភាពឬទេ? តើគម្ពីរចែងយ៉ាងណា?
រដ្ឋាភិបាលផ្សេងៗនៅទូទាំងពិភពលោកកំពុងមានភាពច្របូកច្របល់។ សូម្បីតែក្នុងប្រទេសដែលមើលទៅមានស្ថិរភាពក៏ដោយ ក៏មានភាពរង្គោះរង្គើដែរ ដូចជាបញ្ហារឿងអាស្រូវរបស់អ្នកនយោបាយ បញ្ហាខាងការបោះឆ្នោត អ្នកនយោបាយឈ្លោះប្រកែកគ្នា និងការធ្វើបាតុកម្មជាដើម។
គម្ពីរបង្ហាញថាមានរដ្ឋាភិបាលមួយដែលមានស្ថិរភាព។ លោកអ្នកទំនងជាបានឮអំពីរដ្ឋាភិបាលនោះរួចហើយ។ រដ្ឋាភិបាលនេះហើយដែលលោកយេស៊ូគ្រិស្តបានលើកឡើងក្នុងសេចក្ដីអធិដ្ឋានគំរូ។
«ដូច្នេះ អ្នករាល់គ្នាត្រូវអធិដ្ឋានតាមរបៀបនេះវិញ៖‹ឱបិតារបស់យើងដែលនៅស្ថានសួគ៌អើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ›»។—ម៉ាថាយ ៦:៩, ១០
តើគម្ពីរចែងយ៉ាងណាអំពីរាជាណាចក្រនេះ?
រាជាណាចក្រនេះជារដ្ឋាភិបាលមួយដែលមានស្ថិរភាព
រាជាណាចក្រនេះគ្រប់គ្រងពីស្ថានសួគ៌។
លោកយេស៊ូបានហៅរដ្ឋាភិបាលនេះថា«រាជាណាចក្រស្ថានសួគ៌»។ (ម៉ាថាយ ៤:១៧; ៥:៣, ១០, ១៩, ២០) ហេតុនេះហើយបានជាលោកយេស៊ូមានប្រសាសន៍ថា៖«រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។—យ៉ូហាន ១៨:៣៦
រាជាណាចក្រនេះនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលទាំងអស់នៅផែនដី។
គម្ពីរចែងថា៖«រាជាណាចក្រនេះនឹងបំបាក់បំបែក ថែមទាំងកម្ទេចរាជាណាចក្រ[របស់មនុស្ស]ទាំងអស់នោះឲ្យសាបសូន្យទៅ ហើយមានតែរាជាណាចក្រនេះប៉ុណ្ណោះនឹងស្ថិតស្ថេរជារៀងរហូត»។—ដានីយ៉ែល ២:៤៤
រាជាណាចក្រនេះមានលោកយេស៊ូគ្រិស្តជាស្ដេច ហើយរាជាណាចក្រនេះនឹងមិនត្រូវបំផ្លាញចោលឡើយ។
គម្ពីរចែងថា៖«អំណាចគ្រប់គ្រងរបស់គាត់នឹងមិនសាបសូន្យទេ គឺនៅស្ថិតស្ថេរជារៀងរហូត ហើយរាជាណាចក្ររបស់គាត់នឹងមិនត្រូវបំផ្លាញឡើយ»។—ដានីយ៉ែល ៧:១៣, ១៤
រាជាណាចក្រនេះនឹងនាំមកនូវសេចក្ដីសុខសាន្តនិងសន្តិភាពពេញផែនដី។
គម្ពីរចែងថា៖«គ្រប់គ្នានឹងរស់នៅដោយសុខសាន្តនៅក្រោមដើមទំពាំងបាយជូរនិងដើមល្វារបស់ខ្លួន ហើយនឹងគ្មានអ្នកណាមកបំភ័យពួកគេឡើយ»។—មីកា ៤:៤, Good News Translation
សូមស្វែងយល់ថែមទៀតអំពីរាជាណាចក្រនេះ
ពេលលោកយេស៊ូនៅផែនដី លោកបានចំណាយពេលស្ទើរតែទាំងអស់ដើម្បី‹ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ›។ (ម៉ាថាយ ៩:៣៥) លោកក៏បានប្រកាសទុកជាមុនថា៖
«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤
សព្វថ្ងៃនេះ ដំណឹងល្អអំពីរាជាណាចក្រព្រះកំពុងត្រូវផ្សព្វផ្សាយនៅជាង២៤០ប្រទេស។ យើងសូមអញ្ជើញលោកអ្នកស្វែងយល់ថែមទៀតអំពីរដ្ឋាភិបាលនេះ ហើយថាលោកអ្នកអាចទទួលប្រយោជន៍អ្វីខ្លះពីការគ្រប់គ្រងនៃរដ្ឋាភិបាលនេះ។
សូមទស្សនាវីដេអូតើរាជាណាចក្ររបស់ព្រះជាអ្វី?