សំណួរពីយុវវ័យ
ចុះបើគេធ្វើបាបខ្ញុំតាមអ៊ីនធឺណិត?
អ្វីដែលប្អូនគួរដឹង
តាមរយៈអ៊ីនធឺណិតគឺងាយស្រួលធ្វើបាបអ្នកឯទៀត។ សៀវភៅមួយបានរៀបរាប់ថា៖«សូម្បីតែក្មេងល្អក៏អាចធ្វើបាបអ្នកឯទៀតតាមអ៊ីនធឺណិតបានដែរ ព្រោះតាមរយៈអ៊ីនធឺណិតគេមិនដឹងច្បាស់ថាគាត់ជាអ្នកណាទេ»(CyberSafe)។
មនុស្សមួយចំនួនដែលច្រើនតែត្រូវគេធ្វើបាប។ បុគ្គលទាំងនោះរួមមានបុគ្គលដែលមិនសូវមាត់សូវក បុគ្គលដែលមើលទៅខុសពីគេ និងបុគ្គលដែលគិតថាខ្លួនគ្មានតម្លៃ។
ការធ្វើបាបតាមអ៊ីនធឺណិតមិនមែនជារឿងស្រាលទេ។ ព្រោះនោះអាចធ្វើឲ្យជនរងគ្រោះមានជំងឺបាក់ទឹកចិត្ត មានអារម្មណ៍ថាខ្លួនមានតែឯង ហើយជួនកាលឈានទៅដល់ការសម្លាប់ខ្លួនទៀតផង។
អ្វីដែលប្អូនអាចធ្វើ
ដំបូង សូមសួរខ្លួនថា‹តើគាត់ពិតជាចង់ធ្វើបាបខ្ញុំមែនឬ?›។ ជួនកាល អ្នកខ្លះនិយាយអ្វីមួយដែលធ្វើឲ្យអ្នកឯទៀតឈឺចិត្ត តែតាមពិតគាត់គ្មានចេតនាទេ។ បើនោះកើតឡើងមែន យើងអាចធ្វើតាមយោបល់ក្នុងគម្ពីរដូចខាងក្រោម៖
«កុំឆាប់ទើសចិត្ត ព្រោះកំហឹងជាសញ្ញាសម្គាល់របស់មនុស្សល្ងង់ខ្លៅ»។—អ្នកទូន្មាន ៧:៩, កំណត់សម្គាល់
ផ្ទុយទៅវិញ បើបុគ្គលម្នាក់និយាយបន្ទាបបន្ថោក ប្រមាថមើលងាយ ឬគំរាមកំហែងអ្នកឯទៀតតាមអ៊ីនធឺណិត នោះគឺជាការធ្វើបាបហើយ។
បើប្អូនត្រូវគេធ្វើបាបតាមអ៊ីនធឺណិត សូមចាំថារឿងនោះអាចបាត់ទៅឬកាន់តែអាក្រក់ឡើង គឺអាស្រ័យទៅលើប្រតិកម្មរបស់ប្អូន។ សូមសាកធ្វើតាមយោបល់មួយឬពីរខាងក្រោម។
ធ្វើមិនដឹងមិនឮ។ គម្ពីរចែងថា៖«អ្នកដែលមានចំណេះចេះទប់មាត់របស់ខ្លួន ហើយមនុស្សដែលមានសមត្ថភាពវែកញែកនឹងនៅស្ងៀម»។—សុភាសិត ១៧:២៧
មូលហេតុមួយដែលយោបល់នេះមានប្រយោជន៍៖ ដូចអ្វីដែលលោកស្រីនែនស៊ី វីលអាត បានរៀបរាប់ក្នុងសៀវភៅរបស់គាត់ថា៖«គោលដៅចម្បងរបស់អ្នកដែលធ្វើបាបគេ គឺចង់ឲ្យជនរងគ្រោះបង្ហាញប្រតិកម្ម។ ហើយពេលពួកគេឃើញថាជនរងគ្រោះបង្ហាញប្រតិកម្មមកវិញ នោះពួកគេកាន់តែធ្វើបាបបុគ្គលនោះថែមទៀត»(Cyberbullying and Cyberthreats)។
សរុបសេចក្ដី៖ ជួនកាល វិធីល្អបំផុតគឺមិនបង្ហាញប្រតិកម្មអ្វីទាល់តែសោះ។
កុំតបត។ គម្ពីរចែងថា៖«មិនត្រូវធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន ឬប្រមាថតបទៅអ្នកដែលប្រមាថខ្លួននោះឡើយ»។—ពេត្រុសទី១ ៣:៩
មូលហេតុមួយដែលយោបល់នេះមានប្រយោជន៍៖ សៀវភៅមួយបានរៀបរាប់ថា៖«បើយើងខឹង នោះយើងធ្វើឲ្យអ្នកដែលធ្វើបាបយើងកាន់តែចង់ធ្វើបាបយើងថែមទៀត។ ហើយបើយើងសងសឹកទៅវិញ នោះអ្នកឯទៀតនឹងគិតថា យើងក៏ដូចជាពួកអ្នកធ្វើបាបគេដែរ»(Cyber-Safe Kids, Cyber-Savvy Teens)។
សរុបសេចក្ដី៖ កុំបន្ថែមសាំងលើភ្លើង។
ចាត់វិធានការ។ គម្ពីរចែងថា៖«កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ»។ (រ៉ូម ១២:២១) មានវិធីជាច្រើនដែលប្អូនអាចធ្វើដើម្បីបញ្ឈប់ការធ្វើបាបនោះ ដោយមិនធ្វើឲ្យរឿងនោះកាន់តែធ្ងន់ធ្ងរឡើង។
ជាឧទាហរណ៍៖
បិទកុំឲ្យគាត់ផ្ញើសារមកទៀត។ សៀវភៅមួយរៀបរាប់ថា៖«បើយើងមិនអានសារនោះទេ យើងក៏មិនឈឺចិត្តដែរ»(Mean Behind the Screen)។
ប្អូនអាចរក្សាទុកសារទាំងអស់ដែលអ្នកធ្វើបាបនោះផ្ញើមក សូម្បីតែប្អូនមិនបានអានក៏ដោយ។ អ្វីទាំងនោះរួមមាន សារគំរាមកំហែង មិនថាតាមអ៊ីមែល ជាសារសំឡេង ឬជារូបដែលគេបង្ហោះតាមបណ្ដាញសង្គម ឬការឆ្លងឆ្លើយជាមួយបុគ្គលនោះជាដើម។
ប្រាប់អ្នកធ្វើបាបនោះកុំឲ្យផ្ញើសារមកទៀត។ សូមប្រាប់យ៉ាងម៉ឺងម៉ាត់ តែមិនធ្វើឲ្យឈឺចិត្ត។ ដូចជា៖
«កុំផ្ញើសារមកខ្ញុំទៀត»។
«សូមលុបអ្វីដែលអ្នកបង្ហោះភ្លាម»។
«បើមិនឈប់ទេ ខ្ញុំនឹងមានវិធានការខ្លាំងជាងនេះ»។
រៀនមានទំនុកចិត្តលើខ្លួនឯង។ សូមផ្ដោតអារម្មណ៍ទៅលើចំណុចខ្លាំងរបស់ខ្លួន មិនមែនចំណុចខ្សោយទេ។ (កូរិនថូសទី២ ១១:៦) មិនថាធ្វើបាបដោយផ្ទាល់ឬធ្វើបាបតាមអ៊ីនធឺណិតក្ដី គោលដៅពួកគេគឺធ្វើបាបអ្នកដែលមើលទៅទន់ខ្សោយ។
ប្រាប់មនុស្សពេញវ័យណាម្នាក់ ដូចជាឪពុកម្ដាយរបស់ប្អូនជាដើម។ ប្អូនក៏អាចរាយការណ៍អំពីរឿងនោះទៅគេហទំព័រឬកម្មវិធីដែលបុគ្គលធ្វើបាបនោះកំពុងប្រើ។ បើមានករណីធ្ងន់ធ្ងរ ប្អូនអាចរាយការណ៍ប្រាប់សាលា ឬរាយការណ៍ប្រាប់ប៉ូលីស ឬស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់។
សរុបសេចក្ដី៖ មានវិធីមួយចំនួនដែលប្អូនអាចធ្វើ ដើម្បីទប់ស្កាត់ពួកអ្នកដែលធ្វើបាបប្អូន ឬយ៉ាងហោចណាស់ក៏អាចកាត់បន្ថយបានដែរ។