រ៉ូម
១៥ ក៏ប៉ុន្តែយើងដែលជាអ្នកមានជំនឿខ្លាំងគួរទ្រាំទ្រពួកអ្នកដែលមានចំណុចខ្សោយ ហើយយើងមិនត្រូវរកបំពេញចិត្តខ្លួនយើងឡើយ។ ២ ចូរយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងដោយការល្អដែលពង្រឹងជំនឿរបស់គេ។ ៣ ព្រោះសូម្បីតែគ្រិស្តមិនបានរកបំពេញចិត្តខ្លួនលោកដែរ ប៉ុន្តែដូចបទគម្ពីរចែងថា៖ «ពាក្យជេរប្រមាថរបស់ពួកអ្នកដែលកំពុងជេរប្រមាថលោក បានធ្លាក់មកលើខ្ញុំវិញ»។ ៤ ព្រោះអ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុន បានត្រូវសរសេរទុកដើម្បីណែនាំយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹម តាមរយៈការស៊ូទ្រាំរបស់យើង និងការសម្រាលទុក្ខពីបទគម្ពីរ។ ៥ សូមព្រះដែលផ្ដល់សមត្ថភាពស៊ូទ្រាំនិងការសម្រាលទុក្ខ អនុគ្រោះឲ្យអ្នកទាំងអស់គ្នាមានចិត្តគំនិតដូចគ្រិស្តយេស៊ូ ៦ ដើម្បីឲ្យអ្នករាល់គ្នាមានចិត្តព្រមព្រៀងគ្នាដោយសំឡេងតែមួយសរសើរតម្កើងលោកដែលជាព្រះនិងជាបិតារបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។
៧ ចូរទទួលស្វាគមន៍គ្នាទៅវិញទៅមក ដូចគ្រិស្តបានទទួលស្វាគមន៍យើង ដើម្បីឲ្យព្រះទទួលការសរសើរតម្កើង។ ៨ ព្រោះខ្ញុំសូមប្រាប់ថា គ្រិស្តបានទៅជាអ្នកបម្រើពួកអ្នកដែលបានទទួលការកាត់ចុងស្បែក* ដើម្បីសឲ្យឃើញថាព្រះគឺពិតត្រង់ ហើយដើម្បីបញ្ជាក់សេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះចំពោះពួកបុព្វបុរសរបស់ពួកគេ ៩ ហើយដើម្បីឲ្យប្រជាជាតិនានាសរសើរតម្កើងព្រះដោយសារសេចក្ដីមេត្ដាករុណារបស់លោក។ ដូចបទគម្ពីរចែងថា៖ «ហេតុនេះហើយបានជាខ្ញុំនឹងប្រកាសទទួលស្គាល់លោកជាចំហនៅក្នុងចំណោមប្រជាជាតិនានា ហើយខ្ញុំនឹងច្រៀងសរសើរនាមរបស់លោក»។ ១០ លោកមានប្រសាសន៍ទៀតថា៖ «ប្រជាជាតិទាំងឡាយអើយ ចូរត្រេកអរជាមួយនឹងរាស្ត្ររបស់លោកចុះ»។ ១១ បទគម្ពីរមួយទៀតចែងថា៖ «ប្រជាជាតិទាំងឡាយអើយ ចូរសរសើរព្រះយេហូវ៉ា ហើយចូរឲ្យជនជាតិទាំងឡាយសរសើរលោកចុះ»។ ១២ ក្នុងបទគម្ពីរមួយទៀតអេសាយថា៖ «ឫសនៃអ៊ីសាយនឹងលេចមក ហើយនឹងមានលោកម្នាក់មកដល់ដើម្បីគ្រប់គ្រងប្រជាជាតិនានា។ ប្រជាជាតិនានានឹងសង្ឃឹមលើលោក»។ ១៣ សូមព្រះដែលផ្ដល់សេចក្ដីសង្ឃឹម ធ្វើឲ្យអ្នករាល់គ្នាពោរពេញទៅដោយអំណរនិងសេចក្ដីសុខសាន្តគ្រប់ប្រការ ដោយសារអ្នករាល់គ្នាមានជំនឿលើលោក ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមដ៏បរិបូរដោយឫទ្ធានុភាពនៃសកម្មពល* បរិសុទ្ធ។
១៤ ម្យ៉ាងទៀត បងប្អូនខ្ញុំអើយ ខ្ញុំជឿជាក់ថាអ្នករាល់គ្នា ក៏ពោរពេញទៅដោយគុណធម៌ដែរ ដូចអ្នករាល់គ្នាពោរពេញទៅដោយចំណេះសព្វគ្រប់ ហើយថាអ្នករាល់គ្នាអាចដាស់តឿនគ្នាទៅវិញទៅមកទៀតផង។ ១៥ ក៏ប៉ុន្តែខ្ញុំសរសេរមកអ្នករាល់គ្នាយ៉ាងត្រង់ៗអំពីចំណុចខ្លះ ទុកជាការរំលឹកដល់អ្នករាល់គ្នាម្ដងទៀត ដោយសារគុណដ៏វិសេសលើសលប់ដែលខ្ញុំបានទទួលពីព្រះ ១៦ ដើម្បីឲ្យខ្ញុំធ្វើជាអ្នកបម្រើ* នៃគ្រិស្តយេស៊ូដើម្បីប្រជាជាតិនានា ដោយចូលរួមក្នុងកិច្ចការដ៏បរិសុទ្ធ គឺជាការប្រកាសដំណឹងល្អនៃព្រះ ដើម្បីឲ្យគ្រឿងបូជា ពោលគឺប្រជាជាតិទាំងនេះ ជាគ្រឿងបូជាដែលល្អគួរទទួលយក និងដែលបានត្រូវញែកជាបរិសុទ្ធដោយសកម្មពលបរិសុទ្ធ។
១៧ ដូច្នេះ បើគិតពីកិច្ចបម្រើព្រះ ខ្ញុំមានហេតុត្រេកអរក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ ១៨ ខ្ញុំមិនហ៊ានប្រាប់អ្វីសោះ ប្រសិនបើមិនមែនជាការដែលគ្រិស្តបានធ្វើតាមរយៈខ្ញុំដើម្បីឲ្យប្រជាជាតិនានាស្ដាប់បង្គាប់។ លោកបានធ្វើដូច្នេះតាមរយៈពាក្យនិងការប្រព្រឹត្តរបស់ខ្ញុំ ១៩ ព្រមទាំងដោយឫទ្ធានុភាពនៃទីសម្គាល់និងការអស្ចារ្យ ហើយដោយឫទ្ធានុភាពនៃសកម្មពលបរិសុទ្ធ។ ជាលទ្ធផល ខ្ញុំបានផ្សាយដំណឹងល្អអំពីគ្រិស្តយ៉ាងសព្វគ្រប់ តាំងពីក្រុងយេរូសាឡិម រហូតដល់អ៊ីលីរីកុម។ ២០ យ៉ាងនេះ ខ្ញុំបានតាំងចិត្តមិនប្រកាសដំណឹងល្អនៅកន្លែងដែលគេបានឮនាមរបស់គ្រិស្តរួចហើយទេ ដើម្បីកុំឲ្យខ្ញុំសង់លើគ្រឹះដែលអ្នកផ្សេងទៀតបានចាក់រួចហើយ ២១ ប៉ុន្តែដូចបទគម្ពីរចែងថា៖ «ពួកអ្នកដែលមិនមានគេប្រកាសប្រាប់អំពីលោកនឹងឃើញលោក ហើយពួកអ្នកដែលមិនបានឮនឹងយល់»។
២២ ម្ល៉ោះហើយ ខ្ញុំបានត្រូវរារាំងជាច្រើនដង មិនឲ្យមកឯអ្នករាល់គ្នា។ ២៣ ប៉ុន្តែឥឡូវ ដោយសារគ្មានតំបន់ណានៅទីនេះដែលខ្ញុំមិនទាន់ផ្សព្វផ្សាយ ហើយដោយសារខ្ញុំចង់ជួបអ្នករាល់គ្នាយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំមកហើយ ២៤ នោះខ្ញុំសង្ឃឹមយ៉ាងមុតមាំថាអាចឃើញអ្នករាល់គ្នា ពេលដែលខ្ញុំកំពុងធ្វើដំណើរទៅស្រុកអេស្ប៉ាញ ហើយក៏សង្ឃឹមថាក្រោយពីខ្ញុំបានសំណេះសំណាលជាមួយនឹងអ្នករាល់គ្នាអស់មួយរយៈពេល អ្នករាល់គ្នានឹងជូនដំណើរខ្ញុំមួយកំណាត់ផ្លូវទៅស្រុកនោះ។ ២៥ ប៉ុន្តែឥឡូវនេះ ខ្ញុំហៀបនឹងចេញដំណើរទៅក្រុងយេរូសាឡិមដើម្បីបម្រើពួកអ្នកបរិសុទ្ធ។ ២៦ ព្រោះអ្នកដែលនៅម៉ាសេដូន និងខេត្តអាខេយ៉ាបានជួយជាវិភាគទានដោយអំណរសម្រាប់ពួកអ្នកបរិសុទ្ធដែលក្រីក្រនៅក្រុងយេរូសាឡិម។ ២៧ ពិតមែន ពួកគាត់បានធ្វើដូច្នេះដោយអំណរ ប៉ុន្តែពួកគាត់ក៏ជំពាក់ពួកអ្នកបរិសុទ្ធនៅក្រុងយេរូសាឡិម ព្រោះប្រសិនបើប្រជាជាតិនានាបានរួមចំណែកក្នុងអ្វីៗពីព្រះដែលជារបស់ពួកអ្នកបរិសុទ្ធទាំងនេះ ពួកគាត់ក៏មានភារកិច្ចជួយបំពេញសេចក្ដីត្រូវការក្នុងជីវភាពរបស់ពួកអ្នកបរិសុទ្ធដែរ។ ២៨ ម្ល៉ោះហើយ បន្ទាប់ពីខ្ញុំបានសម្រេចការនេះ ហើយបានប្រគល់វិភាគទាននេះដល់ដៃពួកគាត់ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ហើយពេលដែលធ្វើដំណើរ ខ្ញុំនឹងមកឯអ្នករាល់គ្នា។ ២៩ ម្យ៉ាងទៀត ខ្ញុំដឹងថាពេលខ្ញុំមកឯអ្នករាល់គ្នា ខ្ញុំនឹងមកដោយមានពរដ៏បរិបូរពីគ្រិស្ត។
៣០ បងប្អូនអើយ ឥឡូវខ្ញុំសូមបំផុសទឹកចិត្តអ្នករាល់គ្នាតាមរយៈលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង និងតាមរយៈសេចក្ដីស្រឡាញ់ពីសកម្មពលរបស់ព្រះ ឲ្យរួមជាមួយនឹងខ្ញុំក្នុងការព្យាយាមអធិដ្ឋានអង្វរព្រះដើម្បីខ្ញុំ ៣១ ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅតំបន់យូឌា ហើយដើម្បីឲ្យកិច្ចបម្រើរបស់ខ្ញុំសម្រាប់ក្រុងយេរូសាឡិមបានគាប់ចិត្តដល់ពួកអ្នកបរិសុទ្ធ ៣២ ដើម្បីនៅពេលដែលខ្ញុំមកឯអ្នករាល់គ្នាទាំងមានអំណរដោយបំណងប្រាថ្នារបស់ព្រះ ខ្ញុំនឹងទទួលកម្លាំងចិត្តជាមួយនឹងអ្នករាល់គ្នា។ ៣៣ សូមព្រះដែលផ្ដល់សេចក្ដីសុខសាន្តនៅជាមួយនឹងអ្នកទាំងអស់គ្នា។ អាមេន។