ជំពូកទី៨
ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការឈឺចាប់កើតឡើង?
១, ២. តើគេតែងតបឆ្លើយយ៉ាងដូចម្ដេច ចំពោះការឈឺចាប់របស់មនុស្សជាតិ?
ពេលមហន្តរាយមកយាយី បំផ្លាញទ្រព្យសម្បត្ដិ ហើយផ្ដាច់អាយុជីវិត មនុស្សជាច្រើនមិនអាចយល់សោះ ថាហេតុអ្វីហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើង។ មនុស្សឯទៀតខ្វល់ចិត្ត ដោយព្រោះបទឧក្រិដ្ឋនិងអំពើឃោរឃៅដ៏ឥតបើគិត ដ៏ឥតត្រាប្រណី ដែលមានច្រើនពេញពាស។ រីឯអ្នកក៏ប្រហែលងឿងឆ្ងល់ដែរថា ‹ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការឈឺចាប់កើតឡើង›?
២ ពីព្រោះគេរកមិនបានចម្លើយដែលត្រូវចិត្តសំរាប់សំនួរនេះ មនុស្សជាច្រើនក៏ឈប់មានជំនឿលើព្រះទៀត។ ពួកគេយល់ថាព្រះអង្គមិនមានព្រះហឫទ័យចាប់អារម្មណ៍ចំពោះមនុស្សជាតិទេ។ មនុស្សឯទៀតដែលជឿថា ការឈឺចាប់គឺជាហេតុការណ៍ពិតក្នុងជីវិតក៏មានចិត្តជូរចត់ ហើយបន្ទោសព្រះចំពោះសេចក្ដីអាក្រក់ទាំងអស់ក្នុងសង្គមមនុស្ស។ បើអ្នកបានយល់យ៉ាងដូច្នេះ អ្នកប្រហែលនឹងចាប់អារម្មណ៍យ៉ាងខ្លាំង នឹងសេចក្ដីដែលព្រះគម្ពីរបានថ្លែងប្រាប់អំពីរឿងទាំងនេះ។
ការឈឺចាប់មិនមែនបណ្ដាលមកពីព្រះទេ
៣, ៤. ហេតុអ្វីយើងអាចដឹងប្រាកដបានថា អំពើអាក្រក់និងការឈឺចាប់គឺមិនមែនបណ្ដាលមកពីព្រះយេហូវ៉ា?
៣ ព្រះគម្ពីរធានាដល់យើងថា ការឈឺចាប់ដែលយើងឃើញនៅជុំវិញយើង នោះគឺមិនមែនបណ្ដាលមកពីព្រះយេហូវ៉ាទេ។ ជាឧទាហរណ៍ សិស្សគ្រីស្ទានឈ្មោះយ៉ាកុបបានសរសេរថា៖ «កាលណាមានសេចក្ដីល្បួង នោះកុំឲ្យអ្នកណានិយាយថា៖ ‹ព្រះទ្រង់ល្បួងខ្លួនឡើយ› ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ (យ៉ាកុប ១:១៣) ដោយហេតុដូច្នេះ ព្រះទ្រង់មិនអាចបង្កសេចក្ដីលំបាកវេទនាជាច្រើន ដែលធ្វើទុក្ខមនុស្សជាតិនោះឡើយ។ ទ្រង់មិនធ្វើឲ្យមនុស្សរងទុក្ខលំបាក ដើម្បីធ្វើឲ្យរូបគេស័ក្ដិសមនឹងមានជីវិតក្នុងស្ថានសួគ៌ ឬក៏ធ្វើមនុស្សឈឺចាប់ដោយព្រោះអំពើដែលគេស្មាន ថាគេបានប្រព្រឹត្តកាលពីជាតិមុនឡើយ។—រ៉ូម ៦:៧
៤ ថែមទៅទៀត សូម្បីតែការអាក្រក់ជាច្រើនដែលបានធ្វើឡើង ក្នុងព្រះនាមនៃព្រះឬនៃព្រះគ្រីស្ទក៏ដោយ ឥតមានសេចក្ដីណាក្នុងព្រះគម្ពីរ ដែលឲ្យយោបល់ថាព្រះឬព្រះគ្រីស្ទបានយល់ស្របនឹងអំពើបែបនេះសោះ។ ព្រះនិងព្រះគ្រីស្ទគឺគ្មានចំណែកជាមួយពួកដែលអះអាងថា ខ្លួនបំរើទ្រង់ ប៉ុន្តែពួកគេបោកបញ្ឆោត ប្លន់សម្លាប់គេ ហើយប្រព្រឹត្តអំពើជាច្រើនឯទៀត ដែលបណ្ដាលឲ្យមនុស្សឈឺចាប់។ តាមពិត «ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា»។ ព្រះ«ទ្រង់គង់នៅឆ្ងាយពីមនុស្សអាក្រក់»។—សុភាសិត ១៥:៩, ២៩
៥. តើគុណសម្បត្ដិរបស់ព្រះយេហូវ៉ាគឺអ្វីខ្លះ ហើយទ្រង់មានអារម្មណ៍យ៉ាងណាចំពោះសត្តនិកររបស់ទ្រង់?
៥ ព្រះគម្ពីររៀបរាប់ព្រះយេហូវ៉ា ថាជាព្រះដ៏«មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញ»។ (យ៉ាកុប ៥:១១) ព្រះគម្ពីរក៏ថ្លែងប្រកាសថា «ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីយុត្ដិធម៌»។ (ទំនុកដំកើង ៣៧:២៨; អេសាយ ៦១:៨) ទ្រង់មិនចងគំនុំទេ។ ទ្រង់ថែរក្សាសត្តនិករទាំងអស់របស់ទ្រង់ ហើយប្រទានអ្វីៗដែលល្អបំផុតសំរាប់សុខុមាលភាពរបស់គេ។ (កិច្ចការ ១៤:១៦, ១៧) ព្រះយេហូវ៉ាទ្រង់បានធ្វើយ៉ាងនេះ តាំងពីកាលជីវិតបានចាប់ផ្ដើមលើផែនដីជាលើកដំបូងម្ល៉េះ។
ការចាប់ផ្ដើមដ៏ល្អគ្រប់ល័ក្ខណ៍
៦. តើរឿងព្រេងខ្លះនិយាយទាក់ទងនឹងប្រវត្ដិសាស្ត្រដើមរបស់មនុស្សជាតិយ៉ាងដូចម្ដេច?
៦ យើងទាំងអស់គ្នាធ្លាប់តែឃើញនិងដឹងនូវការឈឺចុកចាប់។ ដូច្នេះ យើងប្រហែលមានការពិបាកនឹកអំពីគ្រាដ៏គ្មានការឈឺចាប់ ប៉ុន្តែ គឺគ្មានការឈឺចាប់ពិតមែនក្នុងគ្រាដើមដំបូងនៃប្រវត្ដិសាស្ត្រមនុស្សលោក។ សូម្បីតែរឿងព្រេងនៃសាសន៍ខ្លះ ក៏មានទាក់ទងនឹងសេចក្ដីសប្បាយក្រៃលែងក្នុងគ្រាដំបូង។ ក្នុងរឿងតាមប្រពៃណីសាសន៍ក្រិក សម័យដំបូងនៃ«សម័យទាំងប្រាំរបស់មនុស្ស» គឺត្រូវគេហៅថា «សម័យរុងរឿង»។ ក្នុងសម័យនោះ មនុស្សរស់នៅយ៉ាងសប្បាយ គ្មានទុក្ខលំបាក គ្មានការឈឺចាប់និងការទ្រុឌទ្រោមចាស់ជរាអ្វីទាំងអស់។ ជនជាតិចិននិយាយថា ក្នុងរាជ្យរបស់អធិរាជលើង (ហ្វាង-ទី) តាមរឿងប្រពៃណី ពួករាស្ត្ររស់នៅដោយសន្ដិភាព ទាំងមានសេចក្ដីសុខដុមរមនាជាមួយជនគ្រប់ប្រភេទ និងពពួកសត្វព្រៃផង។ សាសន៍ពើស៊ី អេស៊ីប ទីបេ ពេរូ និង ម៉ិចស៊ិចកូ សុទ្ធតែមានរឿងព្រេងអំពីគ្រាដ៏ប្រកបដោយសុភមង្គលនិងសេចក្ដីគ្រប់ល័ក្ខណ៍ ក្នុងគ្រាដើមដំបូងនៃប្រវត្ដិសាស្ត្រមនុស្សជាតិ។
៧. ហេតុអ្វីព្រះបង្កើតផែនដីនិងមនុស្សជាតិ?
៧ រឿងតាមប្រពៃណីរបស់សាសន៍នានា គឺគ្រាន់តែប្រាប់តាមសេចក្ដីកត់ទុក ដ៏ចាស់បំផុតនៃប្រវត្ដិសាស្ត្រមនុស្ស គឺព្រះគម្ពីរ ដែលប្រាប់យើងថា ព្រះបានដាក់មនុស្សមួយគូដំបូង អ័ដាមនិងអេវ៉ាក្នុងសួនមនោរម្យមួយ ហៅថាសួនច្បារអេដែន ហើយបញ្ជាដល់ពួកគេថា៖ «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ[ហើយ]ត្រូវបង្ក្រាបផែនដី»។ (លោកុប្បត្តិ ១:២៨) ឪពុកម្ដាយដំបូងរបស់យើងមានភាពគ្រប់ល័ក្ខណ៍ ហើយសង្ឃឹមនឹងបានឃើញផែនដីទាំងមូល ក្លាយជាសួនមនោរម្យ ដែលមានគ្រួសារមនុស្សគ្រប់ល័ក្ខណ៍រស់នៅ ដោយសន្ដិភាពនិងសុភមង្គលដ៏នៅជាប់រហូត។ នេះហើយជាគោលបំណងនៃព្រះ ក្នុងការបង្កើតផែនដីនិងមនុស្សជាតិ។—អេសាយ ៤៥:១៨
ការរកប្រកួតដែលតាមព្យាបាទ
៨. តើអ័ដាមនិងអេវ៉ាត្រូវស្ដាប់បង្គាប់បញ្ជាអ្វី ប៉ុន្តែតើអ្វីបានកើតឡើង?
៨ ដើម្បីឲ្យបានព្រះគុណតទៅទៀត អ័ដាមនិងអេវ៉ាត្រូវតែកុំបរិភោគផ្លែពី«ដើមដឹងខុសត្រូវ»។ (លោកុប្បត្តិ ២:១៦, ១៧) បើសិនជាពួកគេបានគោរពតាមច្បាប់របស់ព្រះយេហូវ៉ា នោះជីវិតមនុស្សនឹងមិនបានជួបប្រទះនឹងការឈឺចាប់ឡើយ។ ដោយស្ដាប់តាមបញ្ជានៃព្រះ ពួកគេនឹងបានសម្ដែងនូវសេចក្ដីស្រឡាញ់របស់គេចំពោះព្រះយេហូវ៉ា និងសេចក្ដីស្មោះត្រង់របស់គេចំពោះទ្រង់។ (យ៉ូហានទី១ ៥:៣) ប៉ុន្តែ ដូចយើងបានរៀននៅជំពូកទី៦ ដំណើរការមិនបានកើតឡើងយ៉ាងដូច្នោះឡើយ។ ដោយត្រូវសាតាំងទទូចបង្ខំ នាងអេវ៉ាក៏បរិភោគផ្លែពីដើមឈើនោះទៅ។ ក្រោយមកអ័ដាមក៏ចូលរួមបរិភោគផ្លែហាមឃាត់នោះដែរ។
៩. តើរឿងអ្វីដែលទាក់ទងនឹងព្រះយេហូវ៉ា ដែលសាតាំងបានចោទឡើង?
៩ តើអ្នកយល់នូវសារសំខាន់នៃហេតុការណ៍ទាំងនេះឬទេ? សាតាំងកំពុងតែប្រឆាំងនឹងឋានៈរបស់ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។ ដោយប្រាប់ថា«អ្នកមិនស្លាប់ជាពិតមែន» នោះអារក្សគឺនិយាយប្រឆាំងនឹងបន្ទូលរបស់ព្រះ ដែលប្រាប់ថា «ឯង . . . នឹងត្រូវស្លាប់ជាមិនខាន»។ សំដីថែមទៀតរបស់សាតាំង គឺដៀមតានថាព្រះយេហូវ៉ាទុកឲ្យអ័ដាមនិងអេវ៉ានៅខ្លៅល្ងង់ មិនដឹងថាខ្លួនអាចក្លាយឲ្យដូចព្រះបាន ម្ល៉ោះហើយក៏មិនបាច់ត្រូវការព្រះសម្រេចរឿងខុសត្រូវទៀត។ ដូច្នេះ ការរកប្រកួតរបស់សាតាំងក៏ចោទសួរដេញដល់នូវភាពត្រឹមត្រូវ នៃឋានៈរបស់ព្រះយេហូវ៉ា ជាព្រះមហាក្សត្រសកលលោក។—លោកុប្បត្តិ ២:១៧; ៣:១-៦
១០. តើសាតាំងបាននិយាយដៀមតានយ៉ាងដូចម្ដេចអំពីមនុស្ស?
១០ អារក្សសាតាំងក៏និយាយដៀមតានដែរថា មនុស្សនឹងនៅស្ដាប់បង្គាប់ព្រះយេហូវ៉ា ឲ្យតែគេបានទទួលផលប្រយោជន៍។ ក្នុងន័យម្យ៉ាងទៀតគឺថា នេះបានចោទសួរដេញដល់នូវសេចក្ដីស្មោះស្ម័គ្ររបស់មនុស្ស។ សាតាំងចោទថា គ្មានមនុស្សណានៅស្មោះត្រង់ចំពោះព្រះ ដោយស្ម័គ្រចិត្តនោះឡើយ។ ការអះអាងតាមរករឿងរបស់សាតាំងនេះបានត្រូវបង្ហាញ ឲ្យឃើញច្បាស់ក្នុងដំណើររឿងព្រះគម្ពីរអំពីលោកយ៉ូបជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា ដែលរងទុក្ខលំបាកយ៉ាងខ្លាំងនាគ្រាមួយ មុនឆ្នាំ១៦០០ម.ស.យ.។ ពេលអ្នកអានពីរជំពូកដំបូងនៃសៀវភៅយ៉ូប នោះអ្នកអាចយល់ជ្រៅជ្រះនូវមូលហេតុដែលមនុស្សមានការឈឺចាប់ នឹងហេតុដែលព្រះអនុញ្ញាតឲ្យការណ៍នេះកើតឡើង។
១១. តើយ៉ូបជាមនុស្សបែបណា ប៉ុន្តែសាតាំងបានចោទយ៉ាងដូចម្ដេច?
១១ យ៉ូប «ជាអ្នកដែល[គ្មានកំហុស] ហើយទៀងត្រង់» បានត្រូវសាតាំងពាធា។ ដំបូង សាតាំងចោទប្រកាន់អំពីបំណងចិត្តអាក្រក់ដល់យ៉ូប ដោយសួរសំនួរថា «ដែលយ៉ូបកោតខ្លាចដល់ព្រះអង្គ តើឥតមានប្រយោជន៍ទេឬ»? បន្ទាប់មក អារក្សក៏ប្រើល្បិចនិយាយបង្កាច់ដាក់ព្រះនិងយ៉ូប ដោយចោទថា ព្រះយេហូវ៉ារក្សាការពារនិងប្រទានពរដល់យ៉ូប ដើម្បីឲ្យគាត់នៅស្មោះត្រង់ចំពោះទ្រង់។ សាតាំងរកប្រកួតនឹងព្រះយេហូវ៉ាថា៖ «ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ដ្រ»។—យ៉ូប ១:៨-១១
១២. (ក) តើសំនួរអ្វីដែលអាចឆ្លើយបាន លុះត្រាតែព្រះអនុញ្ញាតឲ្យសាតាំងសាកល្បងយ៉ូប? (ខ) តើការសាកល្បងដែលយ៉ូបទទួលនោះកើតបានលទ្ធផលអ្វី?
១២ តើយ៉ូបបំរើព្រះយេហូវ៉ាព្រោះតែគាត់បានទទួលរបស់ល្អៗទាំងប៉ុន្មានពីព្រះឬ? តើយ៉ូបអាចនៅស្មោះស្ម័គ្រជានិច្ចឬ នៅក្រោមការសាកល្បង? ឯព្រះយេហូវ៉ា តើទ្រង់អាចទុកចិត្តលើអ្នកបំរើរបស់ទ្រង់នេះបានឬទេ ដោយអនុញ្ញាតឲ្យគាត់ទទួលការសាកល្បងនេះ? សំនួរទាំងនេះនឹងត្រូវឆ្លើយបាន បើព្រះយេហូវ៉ាអនុញ្ញាតឲ្យសាតាំងដាក់ការសាកល្បង ដ៏ពិបាកជាទីបំផុតលើយ៉ូប។ ផ្លូវស្មោះត្រង់របស់យ៉ូបក្រោមការសាកល្បង ដែលព្រះអនុញ្ញាតឲ្យកើតឡើង ដូចរាយរាប់ប្រាប់ក្នុងសៀវភៅយ៉ូប បានបង្ហាញឲ្យឃើញគ្រប់សព្វ ថាការបន្ទោសលើសេចក្ដីសុចរិតនៃព្រះយេហូវ៉ា និងសេចក្ដីស្មោះត្រង់នៃមនុស្សគឺខុសទាំងស្រុង។—យ៉ូប ៤២:១, ២, ១២
១៣. តើយើងជាប់ទាក់ទងយ៉ាងដូចម្ដេច ក្នុងការណ៍ដែលកើតឡើងក្នុងសួនអេដែន និងកើតឡើងដល់យ៉ូប?
១៣ ប៉ុន្តែអ្វីដែលកើតឡើងក្នុងសួនច្បារអេដែន និងកើតឡើងដល់យ៉ូប គឺមានសារៈសំខាន់ថែមទៀត។ រឿងដែលសាតាំងបានចោទឡើង គឺទាក់ទងនឹងមនុស្សជាតិទាំងអស់ រួមទាំងយើងសព្វថ្ងៃនេះ។ ព្រះនាមនៃព្រះបានត្រូវបង្ខូច ហើយព្រះអធិបតេយ្យភាពនៃទ្រង់បានទទួលការប្រកួតប្រឆាំងផង។ សេចក្ដីទៀងត្រង់នៃមនុស្សលោក ជាសត្តនិកររបស់ព្រះបានត្រូវចោទសួរដេញដល់។ រឿងទាំងនេះត្រូវតែយកមកដោះស្រាយ។
របៀបដោះស្រាយរឿងដែលបានត្រូវចោទឡើង
១៤. ពេលជួបនឹងការប្រកួតដែលតាមព្យាបាទ តើអ្នកដែលត្រូវគេចោទគួរធ្វើយ៉ាងណា?
១៤ ចូរយើងប្រើឧទាហរណ៍ពន្យល់រឿងនេះ ឧបមាអ្នកជាឪពុកម្ដាយដ៏ប្រកបដោយសេចក្ដីស្រឡាញ់ មានកូនបីបួននាក់ក្នុងគ្រួសារដ៏សប្បាយមួយ។ ហើយឧបមាអ្នកជិតខាងម្នាក់ ពោលពាក្យកុហកផ្សាយពេញពាស ចោទថាអ្នកជាឪពុកម្ដាយដ៏អាក្រក់។ ចុះបើអ្នកជិតខាងនេះនិយាយថា កូនអ្នកមិនស្រឡាញ់អ្នកទេ ថាពួកគេនៅជាមួយអ្នកព្រោះតែគ្នាមិនដឹងថាមានអ្វីផ្សេងល្អប្រសើរជាង ហើយថាពួកគេនឹងចាកចេញពីផ្ទះភ្លាម បើអ្នកណាម្នាក់បង្ហាញផ្លូវដល់គេ។ អ្នកប្រហែលនឹងឆ្លើយថា ‹នេះចំជាហួសហេតុមែន›! ពិតហើយ ប៉ុន្តែ តើអ្នកនឹងធ្វើយ៉ាងណាដើម្បីបង្ហាញនូវសេចក្ដីពិត? ឪពុកម្ដាយខ្លះតបឆ្លើយដោយកំហឹងខ្លាំង។ ក្រៅពីបង្ករឿងថែមទៀត របៀបតបឆ្លើយយ៉ាងឃោរឃៅបែបនេះនឹងជួយគាំទ្រពាក្យកុហកវិញ។ របៀបត្រឹមត្រូវសំរាប់ដោះស្រាយបញ្ហាបែបនេះ គឺមានតែទុកឱកាសឲ្យមនុស្សដែលចោទអ្នកបង្ហាញភស្តុតាងបញ្ជាក់ពាក្យអះអាងរបស់គេ ហើយឲ្យកូនរបស់អ្នកថ្លែងបញ្ជាក់ថា ពួកគេស្រឡាញ់អ្នកដោយស្មោះមែន។
១៥. តើព្រះយេហូវ៉ាសម្រេចយ៉ាងដូចម្ដេចដើម្បីដោះស្រាយការប្រកួតរបស់សាតាំង?
១៥ ព្រះយេហូវ៉ាគឺប្រៀបដូចជាឪពុកដ៏ប្រកបដោយសេចក្ដីស្រឡាញ់នោះ។ អ័ដាមនិងអេវ៉ាគឺប្រៀបដូចនឹងកូន ហើយឯសាតាំងវិញគឺសមដូចជាអ្នកជិតខាង ដែលពោលពាក្យកុហកនោះ។ ព្រះទ្រង់មានប្រាជ្ញា មិនបំផ្លាញសាតាំង អ័ដាម និងអេវ៉ាចោលភ្លាមទេ ប៉ុន្តែ ទុកឲ្យពួកធ្វើខុសទាំងនេះរស់នៅមួយរយៈតទៅទៀត។ នេះទុកពេលវេលាឲ្យឪពុកម្ដាយដំបូងរបស់យើង បង្កើតកូនចៅឲ្យមានជាគ្រួសារមនុស្សមក ហើយក៏ឲ្យអារក្សមានឱកាសរកភស្តុតាងមកបញ្ជាក់ ថាពាក្យអះអាងរបស់វាគឺត្រូវឬខុស ដើម្បីដោះស្រាយរឿងចោទទាំងនេះ។ ប៉ុន្តែ តាំងពីដើមរៀងមក ព្រះទ្រង់បានដឹងថា មនុស្សខ្លះនឹងនៅស្មោះត្រង់ចំពោះទ្រង់ ហើយដូច្នេះក៏បង្ហាញថាសាតាំងជាអ្នកភូតភរ។ យើងត្រេកអរម្ល៉េះហ្ន៎ ដែលព្រះយេហូវ៉ានៅតែប្រទានពរ ហើយជួយពួកអ្នកដែលស្រឡាញ់ទ្រង់!—របាក្សត្រទី២ ១៦:៩; សុភាសិត ១៥:៣
តើអ្វីបានត្រូវបង្ហាញឲ្យឃើញ?
១៦. តើលោកីយ៍បានធ្លាក់ក្រោមអំណាចរបស់សាតាំងយ៉ាងដូចម្ដេច?
១៦ សឹងតែគ្រប់គ្រាទាំងអស់ក្នុងប្រវត្ដិសាស្ត្រមនុស្ស សាតាំងបានសេរីភាពបង្កើតគម្រោងការណ៍របស់វាតាមតែចិត្ត ដើម្បីគ្រប់គ្រងលើមនុស្សជាតិ។ ក្នុងចំណោមរបស់ឯទៀត វាបានប្រើអនុភាពលើអំណាចនយោបាយ ហើយបានលើកដំកើងសាសនាដែលប្រើកលល្បិចឲ្យមនុស្សថ្វាយបង្គំវា មិនមែនថ្វាយបង្គំព្រះយេហូវ៉ាទេ។ ដូច្នេះ អារក្សក៏បានក្លាយជា «ព្រះរបស់[របប]លោកីយនេះ» ហើយគេក៏ហៅវាថា «ចៅហ្វាយរបស់លោកីយនេះ»។ (កូរិនថូសទី២ ៤:៤; យ៉ូហាន ១២:៣១) ពិតមែនហើយ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហានទី១ ៥:១៩) តើនេះមានន័យថា សាតាំងបានបង្ហាញភស្តុតាងបញ្ជាក់ពាក្យអះអាងរបស់វា ដែលថាវាអាចទាក់ទាញមនុស្សជាតិទាំងអស់ពីព្រះមែនឬ? គឺមិនមែនសោះឡើយ! កាលកំពុងអនុញ្ញាតឲ្យសាតាំងមានជីវិតរស់នៅ ព្រះយេហូវ៉ាក៏ចាប់សម្រេចគោលបំណងផ្ទាល់របស់ទ្រង់តទៅទៀត។ ដូច្នេះ តើព្រះគម្ពីរបង្ហាញឲ្យឃើញអ្វីខ្លះ អំពីការដែលព្រះអនុញ្ញាតឲ្យអំពើអាក្រក់កើតឡើង?
១៧. តើយើងគួរចាំយ៉ាងណាអំពីបុព្វហេតុនៃអំពើអាក្រក់និងការឈឺចាប់?
១៧ អំពើអាក្រក់នឹងការឈឺចាប់ គឺមិនមែនបណ្ដាលមកពីព្រះយេហូវ៉ាទេ។ ពីព្រោះសាតាំងជាអ្នកគ្រប់គ្រងលោកីយ៍នេះ ហើយជាព្រះនៃរបបលោកីយ៍នេះផង វានិងពួកដែលនៅខាងវា គឺជាអ្នកទទួលខុសត្រូវចំពោះស្ថានភាពបច្ចុប្បន្ននៃសង្គមមនុស្ស ហើយនិងអស់ទាំងសេចក្ដីវេទនាដែលមនុស្សជាតិបានជួប។ គ្មានអ្នកណាមួយអាចនិយាយដោយត្រឹមត្រូវបានឡើយថា ព្រះជាអ្នកបង្កទុក្ខលំបាកបែបនេះ។—រ៉ូម ៩:១៤
១៨. ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យអំពើអាក្រក់និងការឈឺចាប់កើតឡើង សឲ្យឃើញអ្វីខ្លះអំពីការមិនពឹងពាក់លើព្រះ?
១៨ ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យអំពើអាក្រក់និងការឈឺចាប់កើតឡើងសឲ្យឃើញថា ការមិនពឹងពាក់លើព្រះគឺមិនបានធ្វើឲ្យពិភពលោកបានល្អប្រសើរឡើយ។ ប្រាកដណាស់ ក្នុងប្រវត្ដិសាស្ត្រ គឺឃើញមានតែមហន្តរាយកើតឡើងជាបន្តបន្ទាប់។ នេះគឺមកពីមនុស្សបានសម្រេចចិត្តប្រព្រឹត្តតាមគំនិតរបស់គេផ្ទាល់ដោយមិនពឹងលើព្រះ ហើយគ្មានសេចក្ដីគោរពចំពោះបន្ទូលនិងបំណងព្រះហឫទ័យនៃទ្រង់ផង។ ពេលរាស្ត្រពីបុរាណរបស់ព្រះយេហូវ៉ាឥតមានសេចក្ដីស្មោះត្រង់ ដើរតាម«ផ្លូវរបស់ខ្លួន» ហើយផ្ទាត់ចោលបន្ទូលរបស់ទ្រង់ នោះគ្រោះមហន្តរាយក៏បានកើតឡើង។ តាមរយៈព្យាការីយេរេមារបស់ទ្រង់ ព្រះមានបន្ទូលប្រាប់ពួកគេថា៖ «ពួកអ្នកប្រាជ្ញគេត្រូវខ្មាស ត្រូវស្រយុតចិត្ត ហើយចាប់បាន មើល! គេបានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះ តើគេមានប្រាជ្ញានៅក្នុងខ្លួនជាយ៉ាងណាវិញ»? (យេរេមា ៨:៥, ៦, ៩) ដោយមិនបានធ្វើតាមខ្នាតតម្រានៃព្រះយេហូវ៉ា មនុស្សជាតិទូទៅគឺប្រៀបបាននឹងនាវាដែលគ្មានចង្កូត អណ្ដែតរសាត់តាមរលកសមុទ្រកួចបក់បោក។
១៩. តើមានភស្តុតាងអ្វីខ្លះ ដែលបង្ហាញថាសាតាំងមិនអាចនាំមនុស្សទាំងអស់ឲ្យបែរប្រឆាំងនឹងព្រះ?
១៩ ដែលព្រះអនុញ្ញាតឲ្យអំពើអាក្រក់និងការឈឺចាប់កើតឡើង ក៏សឲ្យឃើញដែរថា សាតាំងមិនអាចបំបែរមនុស្សជាតិទាំងអស់ឲ្យចេញពីព្រះយេហូវ៉ាបានឡើយ។ ប្រវត្ដិសាស្ត្របង្ហាញថា តែងតែមានបុគ្គលដែលនៅស្មោះត្រង់ចំពោះព្រះជានិច្ច ទោះបីពួកគេត្រូវជួបនឹងសេចក្ដីល្បងនិងការបៀតបៀនអាក្រក់យ៉ាងណាក៏ដោយ។ ក្នុងរាប់សតវត្សមកហើយ ព្រះយេហូវ៉ាបានសម្ដែងឫទ្ធិបារមីជួយស្រោចស្រង់ពួកអ្នកបំរើរបស់ទ្រង់ ហើយព្រះនាមទ្រង់ក៏បានត្រូវប្រកាសពេញពាសលើផែនដី។ (និក្ខមនំ ៩:១៦; សាំយូអែលទី១ ១២:២២) ហេព្រើរជំពូកទី១១ ប្រាប់យើងអំពីបុគ្គលដ៏ស្មោះត្រង់ជាច្រើនរូប ដែលមានរួមអេបិល ហេណុក ណូអេ អ័ប្រាហាំ និងម៉ូសេ។ ហេព្រើរ ១២:១ ហៅពួកគេថាជា ‹ស្មរបន្ទាល់មួយហ្វូងធំ›។ ពួកគេគឺជាឧទាហរណ៍ អំពីសេចក្ដីស្មោះត្រង់ដ៏ឥតល្អៀងចំពោះព្រះយេហូវ៉ា។ ក្នុងសម័យឥឡូវនេះក៏អញ្ចឹងដែរ មនុស្សជាច្រើនមានជីវិតដ៏ប្រកបដោយសេចក្ដីស្មោះស្ម័គ្រចំពោះព្រះ ដ៏មិនអាចបំបែកបំបាក់បាន។ ដោយសេចក្ដីស្មោះត្រង់និងសេចក្ដីស្រឡាញ់របស់គេ បុគ្គលទាំងនេះបង្ហាញឲ្យឃើញយ៉ាងប្រាកដប្រជា ថាសាតាំងមិនអាចនាំមនុស្សឲ្យបែរប្រឆាំងនឹងព្រះឡើយ។
២០. ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យមានអំពើអាក្រក់និងការឈឺចាប់តទៅទៀត នោះបានសឲ្យឃើញអ្វីអំពីព្រះនិងមនុស្សជាតិ?
២០ ក្រោយបំផុត ដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យមានអំពើអាក្រក់និងការឈឺចាប់តទៅទៀត បានផ្ដល់ភស្តុតាងថា មានតែព្រះយេហូវ៉ា ជាព្រះអាទិទេពទេ ដែលមានសមត្ថភាពនិងសិទ្ធិគ្រប់គ្រងលើមនុស្ស ដើម្បីឲ្យគេបានពរនិងសុភមង្គលដ៏នៅជាប់អស់កល្ប។ អស់ជាច្រើនសតវត្សមកហើយ មនុស្សជាតិបានសាកល្បងរដ្ឋាភិបាលជាច្រើនបែបយ៉ាង។ តើមានលទ្ធផលអ្វីកើតឡើង? បញ្ហានិងវិបត្ដិស្មុគស្មាញ ដែលនៅចំពោះមុខជាតិសាសន៍ទាំងឡាយសព្វថ្ងៃនេះ គឺជាទីសំអាងដ៏បរិបូណ៌ ដែលបញ្ជាក់ថាត្រូវដូចព្រះគម្ពីរចង្អុលប្រាប់មែនថា «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) គឺតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះ ដែលអាចយាងមកសង្គ្រោះយើងបាន ហើយព្រមទាំងសម្រេចគោលបំណងដើមរបស់ទ្រង់ផង។ តើទ្រង់នឹងសម្រេចការនេះយ៉ាងដូចម្ដេច ហើយនៅពេលណា?
២១. តើអ្វីនឹងត្រូវកើតឡើងដល់សាតាំង ហើយអ្នកណានឹងត្រូវប្រើឲ្យសម្រេចការនេះ?
២១ ក្រោយពេលអ័ដាមនិងអេវ៉ាធ្លាក់ខ្លួនចាញ់បោកកលល្បិចរបស់សាតាំងភ្លាម ព្រះក៏ប្រកាសប្រាប់គោលបំណងរបស់ទ្រង់ ដើម្បីផ្ដល់វិធីសង្គ្រោះ។ នេះគឺសេចក្ដីដែលព្រះយេហូវ៉ាថ្លែងប្រកាសអំពីសាតាំង៖ «អញនឹងធ្វើឲ្យឯងហើយនឹងស្ត្រី គឺទាំងពូជឯងនឹងពូជនាងមានសេចក្ដីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ»។ (លោកុប្បត្តិ ៣:១៥) សេចក្ដីថ្លែងប្រកាសនោះធានាថា អារក្សនឹងមិនមានសេចក្ដីអនុញ្ញាតឲ្យប្រព្រឹត្តអំពើអាក្រក់របស់វាជារៀងរហូតនោះឡើយ។ ជាស្តេចនៃព្រះរាជាណាចក្រ ព្រះមេស្ស៊ីពូជសន្យានោះដែលជាព្រះយេស៊ូគ្រីស្ទ នឹង‹កិនក្បាលសាតាំង›។ ពិតហើយ«បន្ដិចទៀត» ព្រះយេស៊ូនឹងកិនកំទេចមេបះបោរ សាតាំង នេះចោលមិនខានឡើយ!—រ៉ូម ១៦:២០
តើអ្នកនឹងធ្វើយ៉ាងណា?
២២. (ក) តើសំនួរអ្វីដែលអ្នកត្រូវឆ្លើយ? (ខ) ទោះបើសាតាំងបញ្ចេញកំហឹងឆេះឆួលដាក់ពួកអ្នកស្មោះត្រង់ចំពោះព្រះ តើពួកគេអាចដឹងប្រាកដអំពីអ្វី?
២២ ដោយបានជ្រាបនូវរឿងដែលជាប់ទាក់ទងទាំងនេះ តើអ្នកសម្រេចចិត្តចូលខាងអ្នកណា? តើអ្នកនឹងបង្ហាញឲ្យឃើញដោយអំពើដែលអ្នកប្រព្រឹត្ត ថាអ្នកជួយគាំទ្រព្រះយេហូវ៉ាយ៉ាងស្មោះឬ? ដ្បិតសាតាំងដឹងថាវាមានពេលវេលាខ្លី វានឹងខំប្រឹងអស់ពីសមត្ថភាព ដើម្បីបញ្ចេញកំហឹងឆេះឆួលដាក់ពួកអ្នកដែលចង់នៅស្មោះស្ម័គ្រចំពោះព្រះជានិច្ច។ (វិវរណៈ ១២:១២) ប៉ុន្តែ អ្នកអាចពឹងរកព្រះឲ្យជួយ ពីព្រោះ«[ព្រះយេហូវ៉ា]ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង»។ (ពេត្រុសទី២ ២:៩) ទ្រង់នឹងមិនឲ្យអ្នកត្រូវល្បួងហួសពីកម្លាំងរបស់អ្នកឡើយ ហើយទ្រង់នឹងចំហផ្លូវដើម្បីឲ្យអ្នកអាចនៅខ្ជាប់ខ្ជួនបាន ក្រោមសេចក្ដីល្បួង។—កូរិនថូសទី១ ១០:១៣
២៣. តើយើងអាចរង់ចាំអ្វីដោយទុកចិត្ត?
២៣ សូមយើងរង់ចាំដោយទុកចិត្ត គ្រាដែលព្រះយេស៊ូគ្រីស្ទដ៏ជាស្តេច នឹងចាប់ប្រតិបត្ដិការប្រឆាំងនឹងសាតាំង ព្រមទាំងអស់អ្នកដែលតាមវា។ (វិវរណៈ ២០:១-៣) ព្រះយេស៊ូនឹងកំចាត់អស់អ្នកដែលចូលរួមក្នុងការបង្កទុក្ខសោក និងចលាចលដែលធ្វើឲ្យមនុស្សជាតិវេទនា។ តែមុននឹងដល់គ្រានេះ ការឈឺចាប់ជាខ្លាំងម្យ៉ាង គឺការបាត់បង់ញាតិមិត្តជាទីស្រឡាញ់របស់យើងក្នុងសេចក្ដីស្លាប់។ សូមអានជំពូកបន្ទាប់នេះ ដើម្បីឲ្យបានជ្រាបនូវអ្វីដែលកើតឡើងដល់ពួកគេ។
សាកល្បងចំណេះរបស់អ្នក
តើតាមរបៀបណាដែលយើងដឹងថា ការឈឺចាប់គឺមិនមែនបណ្ដាលមកពីព្រះយេហូវ៉ា?
តើរឿងអ្វីខ្លះដែលសាតាំងបានចោទឡើងក្នុងសួនអេដែន ហើយដែលបានត្រូវបង្ហាញឲ្យឃើញច្បាស់ក្នុងជំនាន់យ៉ូប?
ដែលព្រះអនុញ្ញាតឲ្យការឈឺចាប់កើតឡើងនោះបានសឲ្យឃើញអ្វី?