បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w05 ១/១២ ទំ. ២៨-ទំ. ៣២ វ. ៣
  • គោលសំខាន់ៗពីសៀវភៅពង្សាវតារក្សត្រទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅពង្សាវតារក្សត្រទី២
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អេលីសេ​ទទួល​ភារកិច្ច​ពី​អេលីយ៉ា
  • (ពង្សាវតារក្សត្រទី២ ១:១​–​៨:២៩)
  • សាសន៍​អ៊ីស្រាអែល​និង​ជនជាតិ​យូដា​ត្រូវ​និរទេស
  • (ពង្សាវតារក្សត្រទី២ ៩:១​–​២៥:៣០)
  • មាន​ប្រយោជន៍​ចំពោះ​យើង
  • តើអ្នកណានឹងរួចរស់ជីវិតនៅ«ថ្ងៃនៃព្រះយេហូវ៉ា»?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • អេលីសេបានឃើញរទេះចម្បាំងដែលសុទ្ធតែជាភ្លើង ចុះអ្នកវិញ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • នាងមានចិត្ដចង់ជួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
w05 ១/១២ ទំ. ២៨-ទំ. ៣២ វ. ៣

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​ពង្សាវតារក្សត្រ​ទី២

សៀវភៅ​ពង្សាវតារក្សត្រ​ទីពីរ​រៀបរាប់​ប្រាប់​បន្ត​ពី​ពង្សាវតារក្សត្រ​ទី​មួយ​អំពី​ប្រវត្ដិ​អ៊ីស្រាអែល​និង​ស្រុក​យូដា។ នេះ​ជា​កំណត់​ហេតុ​អំពី​ស្តេច​២៩​អង្គ ពោល​គឺ​១២​អង្គ​មក​ពី​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​ខាង​ជើង និង​១៧​អង្គ​មក​ពី​ព្រះ​រាជាណាចក្រ​យូដា​ខាង​ត្បូង។ ពង្សាវតារក្សត្រ​ទីពីរ​ក៏​រៀបរាប់​អំពី​សកម្មភាព​របស់​ព្យាការី​អេលីយ៉ា អេលីសេ​និង​អេសាយ​ដែរ។ កំណត់​ហេតុ​នេះ​រួម​បញ្ចូល​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​នៅ​គ្រា​នៃ​សេចក្ដី​ហិនវិនាស​ក្រុង​សាម៉ារី​និង​ក្រុង​យេរូសាឡិម ទោះ​ជា​មិន​បាន​រៀបរាប់​តាម​កាល​ប្រវត្ដិវិទ្យា​ក៏​ដោយ។ សរុប​ទៅ ពង្សាវតារក្សត្រ​ទីពីរ​រៀបរាប់​អំពី​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​៣៤០​ឆ្នាំ ចាប់​ផ្ដើម​ពី​ឆ្នាំ​៩២០ មុនគ.ស. រហូត​ដល់​ឆ្នាំ​៥៨០ មុនគ.ស. ពេល​ដែល​ព្យាការី​យេរេមា​បាន​សរសេរ​សៀវភៅ​នេះ​ចប់។

តើ​ពង្សាវតារក្សត្រ​ទីពីរ​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​យើង? តើ​សៀវភៅ​នេះ​បង្ហាញ​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា​និង​ការ​ប្រព្រឹត្ត​របស់​ទ្រង់​ចំពោះ​មនុស្ស? តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​ការ​ប្រព្រឹត្ត​របស់​ស្តេច ព្យាការី និង​អ្នក​ឯ​ទៀត​ដែល​បាន​រៀបរាប់​ក្នុង​សៀវភៅ​នេះ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ប្រយោជន៍​ដែល​យើង​អាច​ទាញ​យក​ពី​ពង្សាវតារក្សត្រ​ទីពីរ។

អេលីសេ​ទទួល​ភារកិច្ច​ពី​អេលីយ៉ា

(ពង្សាវតារក្សត្រទី២ ១:១​–​៨:២៩)

ស្តេច​អ័ហាស៊ីយ៉ា​នៃ​ស្រុក​អ៊ីស្រាអែល​ទ្រង់​ធ្លាក់​ពី​ទី​ខ្ពស់ ហើយ​ទ្រង់​ប្រឈួន​ឬ​ឈឺ​យ៉ាង​ខ្លាំង។ ទ្រង់​បាន​សុំ​យោបល់​ពី​ព្យាការី​អេលីយ៉ា ហើយ​បាន​ទទួល​ដំណឹង​ថា​នឹង​សោយទិវង្គត។ ស្តេច​អ័ហាស៊ីយ៉ា​បាន​សោយទិវង្គត ហើយ​ព្រះ​អនុជ​នាម​យ៉ូរ៉ាម​បាន​ឡើង​សោយរាជ្យ​ជំនួស។ ក្នុង​គ្រា​នោះ យ៉ូសាផាត​ជា​ស្តេច​ស្រុក​យូដា។ អេលីយ៉ា​ត្រូវ​បាន​ខ្យល់​កួច​យក​ទៅ​បាត់ ហើយ​អេលីសេ​ក៏​ជា​អ្នក​ស្នង​ភារកិច្ច​ធ្វើ​ជា​ព្យាការី។ អេលីសេ​បាន​ធ្វើ​អព្ភូតហេតុ​ជា​ច្រើន​មែន​ក្នុង​ប្រមាណ​៦០​ឆ្នាំ​នៃ​កិច្ចបំរើ​របស់​គាត់។—សូម​មើល​ប្រអប់«អព្ភូតហេតុ​ដែល​អេលីសេ​បាន​ធ្វើ»។

នៅ​ពេល​ដែល​ស្តេច​ជនជាតិ​ម៉ូអាប់​មួយ​អង្គ​បាន​ប្រឆាំង​សាសន៍​អ៊ីស្រាអែល នោះ​ស្តេច​យ៉ូរ៉ាម ស្តេច​យ៉ូសាផាត និង​ស្តេច​ស្រុក​អេដំម​បាន​ទៅ​ច្បាំង​នឹង​ស្តេច​នោះ។ ស្តេច​បី​អង្គ​ទាំង​នោះ​បាន​ទទួល​ជោគជ័យ​ពីព្រោះ​ស្តេច​យ៉ូសាផាត​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ។ ក្រោយ​មក ស្តេច​នៃ​ស្រុក​ស៊ីរី​បាន​គ្រោង​វាយលុក​ស្រុក​អ៊ីស្រាអែល​ដោយ​សម្ងាត់។ ក៏​ប៉ុន្តែ លោក​អេលីសេ​បាន​ធ្វើ​ឲ្យ​គម្រោង​នោះ​ឥត​កើត​ការ។ ស្តេច​ស្រុក​ស៊ីរី​ខ្ញាល់​ណាស់ ហើយ​ចាត់«ពល​សេះ រទេះ​ចំបាំង នឹង​ពួក​ទ័ព​សន្ធឹក​ឲ្យ​ចេញ​ទៅ»ចាប់​អេលីសេ។ (ពង្សាវតារក្សត្រទី២ ៦:១៤) អេលីសេ​បាន​ធ្វើ​អព្ភូតហេតុ​ពីរ ហើយ​ដោយ​សន្ដិ​វិធី​ក៏​ជំរុញ​ពួក​ស៊ីរី​ឲ្យ​ត្រឡប់​ទៅ​វិញ។ ក្រោយ​មក ស្តេច​ស៊ីរី​នាម​បេនហាដាឌ់​ក៏​ឡោមព័ទ្ធ​ក្រុង​សាម៉ារី។ នេះ​នាំ​ឲ្យ​មាន​ទុរភិក្ស​ខ្លាំង​មួយ ប៉ុន្តែ​អេលីសេ​ទាយ​ប្រាប់​ថា​ទុរភិក្ស​នឹង​ត្រូវ​ចប់។

ក្រោយ​មក អេលីសេ​ទៅ​ក្រុង​ដាម៉ាស។ ពេល​នោះ​ស្តេច​បេនហាដាឌ់​ទ្រង់​ប្រឈួន ហើយ​ទ្រង់​ចាត់​ឲ្យ​ហាសែល​ទៅ​សួរ​អេលីសេ​ថា តើ​ទ្រង់​អាច​ជា​ពី​ជំងឺ​នេះ​ទេ? អេលីសេ​ទាយ​ថា​ស្តេច​នឹង​សោយទិវង្គត ហើយ​ថា​ហាសែល​នឹង​សោយរាជ្យ​ជំនួស​ទ្រង់​វិញ។ នៅ​ថ្ងៃ​ស្អែក នោះ​ហាសែល​បាន​យក«ផួយ​មួយ​ជ្រលក់​ទឹក»ទៅ​ខ្ទប់​ព្រះ​ភក្ដ្រ​នៃ​ស្តេច​ឲ្យ​ទ្រង់​សុគត​ទៅ រួច​ហាសែល​បាន​សោយរាជ្យ​ជំនួស​បេនហាដាឌ់។ (ពង្សាវតារក្សត្រទី២ ៨:១៥) នៅ​ស្រុក​យូដា​វិញ បុត្រា​របស់​យ៉ូសាផាត​នាម​យ៉ូរ៉ាម​បាន​ឡើង​ជា​ស្តេច ហើយ​បន្ទាប់​មក អ័ហាស៊ីយ៉ា​ក៏​ស្នង​រាជ្យ​បន្ទាប់​ពី​យ៉ូរ៉ាម។—សូម​មើល​ប្រអប់«ស្តេច​ស្រុក​យូដា​និង​អ៊ីស្រាអែល»។

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទ​គម្ពីរ:

២:៩—ហេតុ​អ្វី​បាន​ជា​អេលីសេ​សុំ‹វិញ្ញាណ​របស់​អេលីយ៉ា​ដល់​ទៅ​ពីរ​ភាគ›? ដើម្បី​បំពេញ​កិច្ចការ​ជា​ព្យាការី​នៃ​សាសន៍​អ៊ីស្រាអែល នោះ​អេលីសេ​ត្រូវ​មាន​វិញ្ញាណ​ឬ​ចិត្ត​គំនិត​ដូច​អេលីយ៉ា​ដែរ ពោល​គឺ​សេចក្ដី​ក្លាហាន​និង​ការ​ឥត​ភ័យ​ខ្លាច។ ដោយសារ​អេលីសេ​ដឹង​ថា​ខ្លួន​គាត់​ត្រូវការ​នូវ​ចិត្ត​គំនិត​បែប​នោះ គាត់​បាន​សុំ​វិញ្ញាណ​របស់​អេលីយ៉ា​ដល់​ទៅ​ពីរ​ភាគ។ អេលីយ៉ា​បាន​តែងតាំង​អេលីសេ​ដើម្បី​បំរើ​ជា​ព្យាការី​ជំនួស​លោក ហើយ​អេលីសេ​បាន​បំរើ​ជា​អ្នក​ជំនួយ​អស់​ប្រាំមួយ​ឆ្នាំ​ហើយ ដូច្នេះ​អេលីសេ​ចាត់​ទុក​អេលីយ៉ា​ជា​ឪពុក​ខាង​វិញ្ញាណ។ អេលីសេ​ប្រៀប​ដូច​ជា​កូន​ច្បង​ខាង​វិញ្ញាណ​របស់​លោក​អេលីយ៉ា។ (ពង្សាវតារក្សត្រទី១ ១៩:១៩​-​២១; ពង្សាវតារក្សត្រទី២ ២:១២) ហេតុ​ដូច្នេះ​ហើយ ដូច​ជា​កូន​ច្បង​ទទួល​មត៌ក​របស់​ឪពុក​ដល់​ទៅ​ពីរ​ភាគ នោះ​អេលីសេ​ក៏​បាន​សុំ​វិញ្ញាណ​របស់​អេលីយ៉ា​ដល់​ទៅ​ពីរ​ភាគ​នូវ​មត៌ក​ខាង​វិញ្ញាណ ហើយ​គាត់​បាន​ទទួល​មត៌ក​ខាង​វិញ្ញាណ​នោះ​មែន។

២:១១—នៅ​ពេល​ដែល​‹អេលីយ៉ា​ឡើង​ទៅ​ដោយ​ខ្យល់​កួច› តើ​គាត់​ពិត​ជា​ឡើង​ទៅ​ស្ថានសួគ៌​មែន​ឬ? សូម​កត់សម្គាល់​ពាក្យ​ដើម​ជា​ភាសា​ហេព្រើរ​ដែល​បាន​បកប្រែ​នៅ​ទី​នេះ​ថា ‹ស្ថានសួគ៌› ក៏​អាច​បកប្រែ​ថា ‹មេឃ›ក៏​បាន។ ជា​ឧទាហរណ៍ សូម​មើល​ទំនុកដំកើង ៧៨:២៦ ដែល​ប្រើ​ពាក្យ​ដើម​ភាសា​ហេព្រើរ​ដូច​គ្នា។ អេលីយ៉ា​បាន​ឡើង​ទៅ​លើ​មេឃ មិន​មែន​ឡើង​ទៅ​ភព​ណា​ផ្សេង​នៅ​ឆ្ងាយ​ក្នុង​សកលលោក​យើង​នេះ​ទេ ហើយ​ក៏​មិន​បាន​ឡើង​ទៅ​កន្លែង​ដែល​ព្រះ​និង​ទេវតា​គង់​នៅ​នោះ​ទេ។ (ចោទិយកថា ៤:១៩; ទំនុកដំកើង ១១:៤; ម៉ាថាយ ៦:៩; ១៨:១០) តាម​មើល​ទៅ រទេះ​ដែល​មាន​អណ្ដាត​ភ្លើង​នោះ​បាន​ធ្វើ​ដំណើរ​នៅ​លើ​បរិយាកាស​ផែនដី​ដើម្បី​ដឹក​អេលីយ៉ា​ទៅ​កន្លែង​ផ្សេង​ទៀត​នៅ​ផែនដី ដែល​ជា​ទី​កន្លែង​ដែល​គាត់​រស់​នៅ​អស់​មួយ​រយៈ។ តាម​ពិត ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​អេលីយ៉ា​បាន​សរសេរ​សំបុត្រ​ទៅ​ស្តេច​យ៉ូរ៉ាម ដែល​ជា​ស្តេច​នៃ​ស្រុក​យូដា។—របាក្សត្រទី២ ២១:១, ១២​-​១៥

៥:១៥, ១៦—ហេតុអ្វី​បាន​ជា​អេលីសេ​មិន​ព្រម​ទទួល​រង្វាន់​ពី​ណាម៉ាន់? អេលីសេ​បដិសេធ​មិន​ព្រម​ទទួល​យក​រង្វាន់​នោះ​ពីព្រោះ​គាត់​បាន​ទទួល​ស្គាល់​ថា អព្ភូតហេតុ​ដែល​ធ្វើ​ឲ្យ​ណាម៉ាន់​ជា នោះ​គឺ​ជា​អំណាច​របស់​ព្រះ​យេហូវ៉ា​ទេ មិន​មែន​របស់​គាត់​ឡើយ។ គាត់​មិន​ដែល​គិត​យក​ចំណេញ​ពី​ការងារ​ដែល​ព្រះ​តែងតាំង​គាត់​ឲ្យ​ធ្វើ​នោះ​ទេ។ អ្នក​ថ្វាយ​បង្គំ​ពិត​សព្វថ្ងៃ​នេះ​ក៏​មិន​រក​ចំណេញ​ពី​កិច្ចការ​ដែល​យើង​ធ្វើ​ដើម្បី​បំរើ​ព្រះ​យេហូវ៉ា​ដែរ។ ពួក​គេ​ស្ដាប់​តាម​ការ​ដាស់តឿន​របស់​ព្រះ​យេស៊ូ​ថា​៖ «អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ»។—ម៉ាថាយ ១០:៨

៥:១៨, ១៩—តើ​ណាម៉ាន់​សុំ​ការ​អត់ឱនទោស ដោយសារ​គាត់​បាន​ចូល​រួម​ថ្វាយបង្គំ​ព្រះ​ផ្សេង​ឬ? តាម​មើល​ទៅ ស្តេច​ស៊ីរី​គឺ​ចាស់​ជរា​ហើយ​ទន់ខ្សោយ ហើយ​ត្រូវ​ពឹង​លើ​ណាម៉ាន់​ឲ្យ​ជួយ។ នៅ​ពេល​ដែល​ស្តេច​លុត​ជង្គង់​ថ្វាយបង្គំ​ព្រះ​រីម៉ូន នោះ​ណាម៉ាន់​ក៏​ត្រូវ​លុត​ជង្គង់​ដែរ។ ប៉ុន្តែ ចំពោះ​ណាម៉ាន់ ទង្វើ​នេះ​គ្រាន់​តែ​ដើម្បី​បង្គ្រប់​កិច្ច​តែ​ប៉ុណ្ណោះ ក្នុង​បំណង​ជួយ​ទ្រ​ព្រះ​កាយ​របស់​ស្តេច ហើយ​មិន​មែន​ថ្វាយបង្គំ​ព្រះ​នោះ​ទេ។ ណាម៉ាន់​សុំ​ព្រះ​យេហូវ៉ា​អត់ឱនទោស​ឲ្យ​គាត់​ចំពោះ​ការ​ប្រព្រឹត្ត​នេះ​ដែល​ជា​ភារកិច្ច​បំពេញ​ជូន​ស្តេច។ អេលីសេ​ជឿ​ពាក្យ​របស់​ណាម៉ាន់ ក៏​និយាយ​ទៅ​គាត់​ថា​៖ «អញ្ជើញ​ទៅ​ដោយ​សុខសាន្ត​ចុះ!»។

មេ​រៀន​សំរាប់​យើង:

១:១៣, ១៤: ការ​រៀន​ពី​ការ​ពិនិត្យ​មើល​និង​ប្រព្រឹត្ត​ដោយ​ចិត្ត​រាបទាប​អាច​សង្គ្រោះ​ជីវិត​យើង។

២:២, ៤, ៦: ទោះ​ជា​អេលីសេ​បាន​បំរើ​ជា​អ្នក​ជំនួយ​ប្រហែល​ជា​ដល់​អេលីយ៉ា​អស់​ប្រាំមួយ​ឆ្នាំ​ក៏ដោយ គាត់​ទទូច​មិន​ចង់​ឃ្លាត​ចេញ​ពី​លោក​ទេ។ នេះ​ជា​គំរូ​ដ៏​ល្អ​មែន​ចំពោះ​ការ​សម្ដែង​ចិត្ត​ស្មោះត្រង់​និង​ចំណង​មិត្តភាព​ដែល​ពួក​គាត់​មាន!—សុភាសិត ១៨:២៤

២:២៣, ២៤: មូលហេតុ​ចំបង​ចំពោះ​ការ​មើលងាយ​អេលីសេ គឺ​ដោយសារ​គាត់​ពាក់​ក្រមា​របស់​អេលីយ៉ា។ ក្មេងៗ​ទាំង​នោះ​បាន​ទទួល​ស្គាល់​អេលីសេ​ជា​អ្នក​តំណាង​ព្រះ​យេហូវ៉ា ហើយ​មិន​ចង់​ឲ្យ​គាត់​មាន​វត្តមាន​នៅ​តំបន់​របស់​ពួក​គេ​ទេ។ ពួក​គេ​ពោល​ប្រាប់​អេលីសេ​ឲ្យ​«ឡើង​ទៅ​ចុះ» ពោល​គឺ​ឲ្យ​បន្ត​ឡើង​ទៅ​បេតអែល​ឬ​ធ្វើ​ការ​នៅ​កន្លែង​ដែល​អេលីយ៉ា​ធ្លាប់​ធ្វើ។ តាម​មើល​ទៅ កូន​ក្មេងៗ​ទាំង​នេះ​បង្ហាញ​នូវ​ចិត្ត​គំនិត​ដ៏​អាក្រក់​របស់​ឪពុក​ម្ដាយ​របស់​គេ​ដែរ។ គឺ​សំខាន់​ចាំបាច់​មែន ដែល​ឪពុក​ម្ដាយ​បង្រៀន​កូនៗ​ឲ្យ​គោរព​អ្នក​តំណាង​របស់​ព្រះ!

៣:១៤, ១៨, ២៤: ពាក្យ​បន្ទូល​របស់​ព្រះ​យេហូវ៉ា​តែង​តែ​សម្រេច​ជានិច្ច។

៣:២២: ថ្ងៃ​ចាំង​នៅ​ព្រឹក​ព្រហាម​ធ្វើ​ឲ្យ​មើល​ឃើញ​ទឹក​ដូច​ជា​ឈាម ប្រហែល​ជា​ដី​នោះ​ដែល​ទើប​តែ​ជីក​មាន​ភក់​ក្រហម។ ព្រះ​យេហូវ៉ា​អាច​ប្រើ​អំណាច​អធិធម្មជាតិ​ដើម្បី​សម្រេច​គោលបំណង​របស់​ទ្រង់។

៤:៨​-​១១: ដោយ​ទទួល​ស្គាល់​ថា អេលីសេ​ជា«អ្នក​បរិសុទ្ធ​របស់​ព្រះ» នោះ​ស្ត្រី​ពី​ក្រុង​ស៊ូណែម​បាន​បង្ហាញ​ភាព​រាក់ទាក់​ដល់​គាត់។ យើង​គួរ​បង្ហាញ​ចិត្ត​រាក់ទាក់​ដល់​អ្នក​ថ្វាយបង្គំ​ដ៏​ស្មោះភក្ដី​របស់​ព្រះ​យេហូវ៉ា​ដែរ មែន​ទេ?

៥:៣: ក្មេង​ស្រី​ជនជាតិ​អ៊ីស្រាអែល​មាន​ជំនឿ​ថា​ព្រះ​មាន​សមត្ថភាព​ធ្វើ​អព្ភូតហេតុ។ ក្មេង​ស្រី​នេះ​ក៏​មាន​ចិត្ត​ក្លាហាន​និយាយ​ប្រាប់​អំពី​ជំនឿ​ខ្លួន​ដែរ។ តើ​ប្អូនៗ​យុវវ័យ​ខំប្រឹង​ពង្រឹង​ជំនឿ​ប្អូន​លើ​សេចក្ដី​សន្យា​របស់​ព្រះ និង​ប្រមូល​ចិត្ត​ក្លាហាន​ដើម្បី​ប្រាប់​គ្រូ​និង​មិត្ត​រួម​ថ្នាក់​អំពី​សេចក្ដី​ពិត​ឬ​ទេ?

៥:៩​-​១៩: គំរូ​របស់​ណាម៉ាន់​បង្ហាញ​ថា មនុស្ស​ដែល​មាន​អំនួត​អាច​រៀន​ឲ្យ​ចេះ​បង្ហាញ​ចិត្ត​រាបទាប​បាន មែន​ទេ?—ពេត្រុសទី១ ៥:៥

៥:២០​-​២៧: ការ​ភូតភរ​គឺ​ខាតបង់​ប្រយោជន៍​មែន! បើ​យើង​គិត​អំពី​ការ​ឈឺចាប់​ដែល​មក​ពី​ការ​ធ្វើ​ជា​មនុស្ស​ពុត​ត្បុត នេះ​អាច​ជួយ​យើង​ចៀសវាង​ពី​ការ​ធ្វើ​ជា​មនុស្ស​បែប​នេះ។

សាសន៍​អ៊ីស្រាអែល​និង​ជនជាតិ​យូដា​ត្រូវ​និរទេស

(ពង្សាវតារក្សត្រទី២ ៩:១​–​២៥:៣០)

យេហ៊ូវ​បាន​ត្រូវ​តែងតាំង​ជា​ស្តេច​លើ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល។ ស្តេច​យេហ៊ូវ​បាន​ចាត់​វិធានការ​ភ្លាម​ដើម្បី​ប្រហារ​ជំនួរ​វង្ស​អ័ហាប់។ ដោយ​ប៉ិនប្រសប់ នោះ​យេហ៊ូវ‹បាន​បំបាត់​ការ​ថ្វាយបង្គំ​ព្រះ​បាល​ចេញ​ពី​ពួក​អ៊ីស្រាអែល›។ (ពង្សាវតារក្សត្រទី២ ១០:២៨) ពេល​មហាក្សត្រី​នាម​អ័ថាលា​ជ្រាប​ថា​យេហ៊ូវ​បាន​ធ្វើ​គុត​ដល់​បុត្រ​របស់​ព្រះ​នាង នាម​អ័ហាស៊ីយ៉ា​នោះ ‹ព្រះ​នាង​ក៏​ចាត់ចែង​បំផ្លាញ​ជំនួរ​វង្ស​នៃ​ស្តេច​ទាំង​ប៉ុន្មាន​នៃ​ព្រះ​រាជាណាចក្រ​យូដា› ហើយ​ប្រឆាំង​ដណ្ដើម​យក​អំណាច​គ្រប់គ្រង។ (ពង្សាវតារក្សត្រទី២ ១១:១) មាន​តែ​បុត្រ​របស់​អ័ហាស៊ីយ៉ា នាម​យ៉ូអាស​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​បាន​សង្គ្រោះ ហើយ​ក្រោយ​ពី​បាន​លាក់​ខ្លួន​អស់​ប្រាំមួយ​ឆ្នាំ នោះ​ក៏​ត្រូវ​បាន​តែងតាំង​ជា​ស្តេច​លើ​ស្រុក​យូដា។ យ៉ូអាស​បាន​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ពីព្រោះ​បាន​ត្រូវ​បង្ហាត់​បង្រៀន​ដោយ​យេហូយ៉ាដា​ដែល​ជា​សម្ដេច​សង្ឃ។

ស្តេច​ទាំង​ឡាយ​ដែល​បាន​គ្រប់គ្រង​នៅ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល​បន្ទាប់​ពី​យេហ៊ូវ​នោះ សុទ្ធតែ​បាន​ធ្វើ​អំពើ​អាក្រក់​នៅ​ព្រះ​នេត្រ​របស់​ព្រះ​យេហូវ៉ា។ អេលីសេ​បាន​ស្លាប់​ដោយ​ចាស់ជរា​នៅ​សម័យ​ចៅ​យេហ៊ូវ។ អ័ហាស​ជា​ស្តេច​ទី​បួន​ដែល​បាន​គ្រប់គ្រង​ព្រះ​រាជាណាចក្រ​យូដា​បន្ទាប់​ពី​ស្តេច​យ៉ូអាស ហើយ​អ័ហាស​«មិន​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹមត្រូវ នៅ​ព្រះ​នេត្រ​ព្រះ​យេហូវ៉ា»ទេ។ (ពង្សាវតារក្សត្រទី២ ១៦:១, ២) ប៉ុន្តែ បុត្រ​ស្តេច​អ័ហាស នាម​ហេសេគា​ជា​ស្តេច​មួយ​អង្គ​ដែល​បាន«កាន់ខ្ជាប់​តាម​ព្រះ​យេហូវ៉ា»។ (ពង្សាវតារក្សត្រទី២ ១៧:២០; ១៨:៦) នៅ​ឆ្នាំ​៧៤០ មុនគ.ស. ហេសេគា​ជា​ស្តេច​នៃ​ព្រះ​រាជាណាចក្រ​យូដា​និង​ហូស៊ា​ជា​អ្នក​គ្រប់គ្រង​លើ​ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល នោះ​ស្តេច​អាសស៊ើរ នាម​សាលម៉ានេស៊ើរ​បាន«វាយ​យក​ក្រុង​សាម៉ារី​បាន ហើយ​ទ្រង់​ដឹក​នាំ​ពួក​អ៊ីស្រាអែល​ទៅ​ឯ​ស្រុក​អាសស៊ើរ»។ (ពង្សាវតារក្សត្រទី២ ១៧:៦) បន្ទាប់​មក ពួក​បរទេស​ត្រូវ​បាន​នាំ​មក​ដែនដី​អ៊ីស្រាអែល ហើយ​សាសនា​របស់​ពួក​សាម៉ារី​ក៏​កើត​ឡើង។

ក្នុង​ចំណោម​ស្តេច​ប្រាំពីរ​អង្គ​ដែល​សោយរាជ្យ​លើ​ព្រះ​រាជាណាចក្រ​យូដា​បន្ទាប់​ពី​ហេសេគា​នោះ មាន​តែ​យ៉ូសៀស​ទេ​ដែល​ចាត់​វិធានការ​កំចាត់​ការ​ថ្វាយបង្គំ​ក្លែងក្លាយ។ នៅ​ទី​បំផុត នៅ​ឆ្នាំ​៦០៧ មុនគ.ស. នោះ​ពួក​បាប៊ីឡូន​ចាប់​យក​ក្រុង​យេរូសាឡិម ហើយ«យូដា​ត្រូវ​ដឹកនាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន»។—ពង្សាវតារក្សត្រទី២ ២៥:២១

ចម្លើយ​ចំពោះ​សំនួរ​អំពី​បទគម្ពីរ:

១៣:២០, ២១—តើ​អព្ភូតហេតុ​នេះ​គាំទ្រ​ការ​ថ្វាយបង្គំ​វត្ថុស័ក្ដិសិទ្ធិ​ឬ? អត់​ទេ! ព្រះគម្ពីរ​មិន​បង្ហាញ​ថា​ឆ្អឹង​របស់​អេលីសេ​ធ្លាប់​មាន​គេ​ថ្វាយបង្គំ​នោះ​ឡើយ។ គឺ​ជា​ព្រះ​ចេស្ដា​របស់​ព្រះ​ទេ​ដែល​បណ្ដាល​ឲ្យ​មាន​អព្ភូតហេតុ​នេះ ក៏​ដូច​អព្ភូតហេតុ​ផ្សេងៗ​ដែល​អេលីសេ​បាន​ធ្វើ​ពេល​ដែល​គាត់​នៅ​រស់។

១៥:១​-​៦—ហេតុអ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​អ័សារា (ដែល​ហៅ​ថា អូសៀស នៅ​របាក្សត្រទី២ ២៦:១​-​២៣ និង​សាការី ១៤:៥ ហើយ អ៊ូសៀស នៅ​អេសាយ ៦:១) កើត​រោគ​ឃ្លង់? «កាល[អូសៀស]មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង . . . ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ ក្នុង​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាសនា​គ្រឿង​ក្រអូប»។ នៅ​ពេល​ដែល​ពួក​សង្ឃ​«បាន​ឃាត់​ស្តេច​អូសៀស» ហើយ​ប្រាប់​ទ្រង់​ឲ្យ​«ចេញ​ពី​ទី​បរិសុទ្ធ​នេះ​ទៅ» ទ្រង់​ក្រេវក្រោធ​នឹង​ពួក​សង្ឃ ដូច្នេះ​ក៏​កើត​រោគ​ឃ្លង់​ភ្លាម។—របាក្សត្រទី២ ២៦:១៦​-​២០

១៨:១៩​-​២១, ២៥—តើ​ស្តេច​ហេសេគា​បាន​ចង​មិត្តភាព​ជា​មួយ​នឹង​ស្តេច​ស្រុក​អេស៊ីប​ទេ? អត់​ទេ! ការ​ចោទ​របស់​រ៉ាបសាកេ​គឺ​ខុស ហើយ​ពាក្យ​អះអាង​ថា​គាត់​មាន‹អំណាច​ពី​ព្រះ​យេហូវ៉ា› នោះ​ក៏​ខុស​ដែរ។ ស្តេច​ហេសេគា​មាន​ចិត្ត​ស្មោះភក្ដី​ដូច្នេះ​បាន​ទុកចិត្ត​ទាំង​ស្រុង​លើ​ព្រះ​យេហូវ៉ា។

មេរៀន​សំរាប់​យើង:

៩:៧, ២៦: ការ​ផ្ដន្ទាទោស​យ៉ាង​ខ្លាំង​ចំពោះ​ជំនួរ​វង្ស​អ័ហាប់​បង្ហាញ​ថា​ការ​ថ្វាយបង្គំ​មិន​ពិត​និង​ការ​សម្លាប់​មនុស្ស​ឥតទោស គឺ​ជា​អ្វី​ដ៏​ស្អប់​ខ្ពើម​ចំពោះ​ព្រះ​យេហូវ៉ា។

៩:២០: កេរ្ដិ៍ឈ្មោះ​របស់​យេហ៊ូវ​ជា​អ្នក​បើកបរ​រទេះ​យ៉ាង​លឿន​នោះ ជា​ទី​សំអាង​ដែល​បញ្ជាក់​ពី​ចិត្ត​ខ្នះខ្នែង​ចំពោះ​ការ​បំពេញ​កិច្ចការ​របស់​ខ្លួន។ តើ​មនុស្ស​ដទៃ​ស្គាល់​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ចិត្ត​ខ្នះខ្នែង​ប្រកាស​ដំណឹង​ល្អ​ពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ទេ?—ធីម៉ូថេទី២ ៤:២

៩:៣៦, ៣៧; ១០:១៧; ១៣:១៨, ១៩, ២៥; ១៤:២៥; ១៩:២០, ៣២​-​៣៦; ២០:១៦, ១៧; ២៤:១៣: យើង​អាច​មាន​ទំនុកចិត្ត​ថា‹ពាក្យ​របស់​ព្រះ​យេហូវ៉ា​ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ទ្រង់ នោះ​នឹង​បាន​សម្រេច​ជាក់​ជា​ពុំ​ខាន›។—អេសាយ ៥៥:១០, ១១

១០:១៥: យ៉ូណាដាប​បាន​យល់ព្រម​ភ្លាម​ពេល​ដែល​យេហ៊ូវ​អញ្ជើញ​គាត់​ឡើង​ជិះ​រទេះ​ជា​មួយ។ ដូច​គ្នា​ដែរ«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»ក៏​ពេញចិត្ត​គាំទ្រ​ព្រះ​យេស៊ូ​គ្រីស្ទ​ក្នុង​នាម​ជា​យេហ៊ូវ​នៅ​សម័យ​នេះ ហើយ​គាំទ្រ​ពួក​អ្នក​ចាក់ប្រេងតាំង​ដែល​ជា​អ្នក​កាន់​តាម​ទ្រង់​ផង។—វិវរណៈ ៧:៩

១០:៣០, ៣១: ទោះ​ជា​យេហ៊ូវ​មិន​មាន​ប្រវត្ដិ​ល្អឥតខ្ចោះ​ក៏ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​បង្ហាញ​ការ​អបអរ​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​ដែរ។ ប្រាកដ​ហើយ ‹ព្រះ​ទ្រង់​មិន​មែន​ជា​អ្នក​រមិលគុណ ដែល​នឹង​ភ្លេច​ការ​ដែល​យើង​រាល់​គ្នា​ធ្វើ​ទេ›។—ហេព្រើរ ៦:១០

១៣:១៤​-​១៩, ខ.ស.: ចៅ​របស់​ស្តេច​យេហ៊ូវ នាម​យ៉ូអាស មិន​បាន​ខំប្រឹង​ធ្វើ​នោះ​ទេ គ្រាន់​តែ​បាន​យក​ព្រួញ​វាយ​លើ​ដី​បី​ដង​ប៉ុណ្ណោះ ដូច្នេះ​ទ្រង់​មិន​សូវ​មាន​ជ័យជំនះ​ប៉ុន្មាន​ទេ​ក្នុង​ការ​យក​ឈ្នះ​លើ​ពួក​ស៊ីរី។ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ធ្វើ​កិច្ចការ​ដែល​ទ្រង់​ចាត់​ឲ្យ​ធ្វើ​នោះ​ដោយ​អស់​ពី​ចិត្ត​និង​ដោយ​ចិត្ត​ខ្នះខ្នែង។

២០:២​-​៦: ព្រះ​យេហូវ៉ា​ជា«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន»។—ទំនុកដំកើង ៦៥:២

២៤:៣, ៤: ព្រះ​យេហូវ៉ា«មិន​ព្រម​អត់​ទោស​ឲ្យ»ស្រុក​យូដា​ទេ ដោយសារ​ទោស​របស់​ម៉ាន៉ាសេ​ក្នុង​ការ​កំចាយ​ឈាម។ ព្រះ​យេហូវ៉ា​ចាត់ទុក​ឈាម​នៃ​មនុស្ស​ដែល​គ្មាន​ទោស​នោះ ជា​អ្វី​ដែល​មាន​តម្លៃ។ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ដែរ​ថា ព្រះ​យេហូវ៉ា​នឹង​សងសឹក​ជំនួស​មនុស្ស​ដែល​ស្លាប់​ដោយ​ឥត​ទោស ដោយ​បំផ្លាញ​ពួក​មនុស្ស​ដែល​កំចាយ​ឈាម​ដែរ។—ទំនុកដំកើង ៣៧:៩​-​១១; ១៤៥:២០

មាន​ប្រយោជន៍​ចំពោះ​យើង

សៀវភៅ​ពង្សាវតារក្សត្រ​ទីពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​អង្គ​ដែល​បំពេញ​សេចក្ដី​សន្យា​របស់​ទ្រង់។ ការ​និរទេស​ប្រជាជន​ចេញ​ពី​ព្រះ​រាជាណាចក្រ​ទាំង​ពីរ​នោះ ពោល​គឺ​រាជាណាចក្រ​អ៊ីស្រាអែល​ជា​មុន​និង​រាជាណាចក្រ​យូដា​បន្ទាប់​មក បញ្ជាក់​យ៉ាង​ច្បាស់​ដល់​យើង​ថា​ទំនាយ​អំពី​ការ​ជំនុំជំរះ​ដែល​បាន​កត់ទុក​នៅ​ចោទិយកថា ២៨:១៥​–​២៩:២៧ បាន​កើត​ឡើង​មែន។ ពង្សាវតារក្សត្រ​ទីពីរ​ក៏​រៀបរាប់​អំពី​អេលីសេ​ជា​ព្យាការី​មួយ​រូប​ដែល​មាន​ចិត្ត​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​នាម​ព្រះ​យេហូវ៉ា​និង​ចំពោះ​ការ​ថ្វាយបង្គំ​ពិត។ ដូច​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​មុន​នោះ ស្តេច​ហេសេគា​និង​យ៉ូសៀស​ជា​ស្តេច​ពីរ​អង្គ​ដែល​មាន​ចិត្ត​រាបទាប ដែល​បាន​គោរព​តាម​ក្រិត្យវិន័យ​របស់​ព្រះ។

កាល​ដែល​យើង​រំពឹងគិត​លើ​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត​របស់​ស្តេច ព្យាការី និង​អ្នក​ដទៃ​ដែល​បាន​រៀបរាប់​ក្នុង​សៀវភៅ​ពង្សាវតារក្សត្រ​ទីពីរ យើង​ទាញ​យក​មេរៀន​ល្អ​ផ្សេងៗ​ស្តី​អំពី​អ្វី​ដែល​យើង​ត្រូវ​ប្រព្រឹត្ត​និង​អ្វី​ដែល​យើង​ត្រូវ​ចៀសវាង មែន​ទេ? (រ៉ូម ១៥:៤; កូរិនថូសទី១ ១០:១១) មែន​ហើយ «ព្រះ​បន្ទូល​នៃ​ព្រះ​នោះ​រស់​នៅ ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

[ប្រអប់​/​រូបភាព​នៅ​ទំព័រ​៣០]

អព្ភូតហេតុ​ដែល​អេលីសេ​បាន​ធ្វើ

១​. ទឹក​ទន្លេ​យ័រដាន់​ញែកចេញ​ពី​គ្នា។—ពង្សាវតារក្សត្រទី២ ២:១៤

២​. ទឹក​មិន​ល្អ​នៅ​ទី​ក្រុង​យេរីខូរ​បាន​ប្រែ​ជា​ល្អ​វិញ។—ពង្សាវតារក្សត្រទី២ ២:១៩​-​២២

៣​. ខ្លាឃ្មុំ​បាន​ចាប់​ហែក​ក្មេង​ដែល​ព្រហើន​កោងកាច។—ពង្សាវតារក្សត្រទី២ ២:២៣, ២៤

៤​. ការ​ប្រទាន​ទឹក​ដល់​ពួក​ទាហាន។—ពង្សាវតារក្សត្រទី២ ៣:១៦​-​២៦

៥​. ស្ត្រី​មេម៉ាយ​បាន​ទទួល​ប្រេង​ចំអិន​អាហារ។—ពង្សាវតារក្សត្រទី២ ៤:១​-​៧

៦​. ស្ត្រី​អារ​ម្នាក់​នៅ​ស្រុក​ស៊ូណែម​មាន​គភ៌។—ពង្សាវតារក្សត្រទី២ ៤:៨​-​១៧

៧​. ក្មេង​ម្នាក់​ត្រូវ​ប្រោស​ឲ្យ​រស់ឡើង​វិញ។—ពង្សាវតារក្សត្រទី២ ៤:១៨​-​៣៧

៨​. បបរ​ដែល​មាន​ជាតិពុល ត្រូវ​បរិភោគ​បាន​វិញ។—ពង្សាវតារក្សត្រទី២ ៤:៣៨​-​៤១

៩​. មនុស្ស​មួយរយ​នាក់​អាច​បរិភោគ​ឆ្អែត ដោយ​មាន​តែ​នំប៉័ង​២០​ដុំ​តែ​ប៉ុណ្ណោះ។—ពង្សាវតារក្សត្រទី២ ៤:៤២​-​៤៤

១០​. ណាម៉ាន់​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​ពី​រោគ​ឃ្លង់។—ពង្សាវតារក្សត្រទី២ ៥:១​-​១៤

១១​. កេហាស៊ី​ទទួល​រោគ​ឃ្លង់​ពី​ណាម៉ាន់។—ពង្សាវតារក្សត្រទី២ ៥:២៤​-​២៧

១២​. ផ្លែ​ពូថៅ​អាច​អណ្ដែត​ឡើង​បាន។—ពង្សាវតារក្សត្រទី២ ៦:៥​-​៧

១៣​. អ្នក​បំរើ​បាន​ឃើញ​រទេះ​ចំបាំង​របស់​ពួក​ទេវតា។—ពង្សាវតារក្សត្រទី២ ៦:១៥​-​១៧

១៤​. ភ្នែក​របស់​ពួក​ទាហាន​ស៊ីរី​ត្រូវ​ថ្ពឹន។—ពង្សាវតារក្សត្រទី២ ៦:១៨

១៥​. ភ្នែក​របស់​ពួក​ទាហាន​ស៊ីរី​បាន​ភ្លឺ​ឡើង។—ពង្សាវតារក្សត្រទី២ ៦:១៩​-​២៣

១៦​. មនុស្ស​ស្លាប់​បាន​រស់ឡើង​វិញ។—ពង្សាវតារក្សត្រទី២ ១៣:២០, ២១

[តារាង​/​រូបភាព​នៅ​ទំព័រ​៣២]

ស្តេច​ស្រុក​យូដា​និង​អ៊ីស្រាអែល

សូល/ដាវីឌ/សាឡូម៉ូន: ១១១៧/១០៧៧/១០៣៧​មុនគ.ស.a

ព្រះ​រាជាណាចក្រ​យូដា ឆ្នាំ​(មុនគ.ស.) ព្រះ​រាជាណាចក្រ​អ៊ីស្រាអែល

រេហូបោម ․․ ៩៩៧ ․․ យេរ៉ូបោម

អ័ប៊ីយ៉ា/អេសា ․․ ៩៨០/៩៧៨ ․․

․․ ៩៧៦/៩៧៥/៩៥២ ․․ ណាដាប/ប្អាសា/អេឡា

․․ ៩៥១/៩៥១/៩៥១ ․․ ស៊ីមរី/អំរី/ធីបនី

․․ ៩៤០ ․․ អ័ហាប់

យ៉ូសាផាត ․․ ៩៣៧ ․․

․․ ៩២០/៩១៧ ․․ អ័ហាស៊ីយ៉ា/យ៉ូរ៉ាម

យ៉ូរ៉ាម ․․ ៩១៣ ․․

អ័ហាស៊ីយ៉ា ․․ ៩០៦ ․․

(អ័ថាលា) ․․ ៩០៥ ․․ យេហ៊ូវ

យ៉ូអាស ․․ ៨៩៨ ․․

․․ ៨៧៦/៨៥៩ ․․ យ៉ូអាហាស/យ៉ូអាស

អ័ម៉ាស៊ីយ៉ា ․․ ៨៥៨ ․․

․․ ៨៤៤ ․․ យេរ៉ូបោម​ទី២

អ័សារា​(អូសៀស​ឬ​អ៊ូសៀស) ․․ ៨២៩ ․․

․․ ៨០៣/៧៩១/៧៩១ ․․ សាការី/សាលូម/មណាហិម

․․ ៧៨០/៧៧៨ ․․ ពេកាហ៊ា/ពេកា

យ៉ូថាម/អ័ហាស ․․ ៧៧៧/៧៦២ ․․

․․ ៧៥៨ ․․ ហូស៊ា

ហេសេគា ․․ ៧៤៦ ․․

․․ ៧៤០ ․․ ស្រុក​សាម៉ារី​ត្រូវ​គេ​ដណ្ដើម​យក

ម៉ាន៉ាសេ/អាំម៉ូន/យ៉ូសៀស ․․ ៧១៦/៦៦១/៦៥៩ ․․

យ៉ូអា​ហាស/យេហូយ៉ាគីម ․․ ៦២៨/៦២៨ ․․

យ៉ូយ៉ាគីន/សេដេគា ․․ ៦១៨/៦១៧ ․․

ក្រុង​យេរូសាឡិម​ត្រូវ​បំផ្លាញ​ចោល ․․ ៦០៧ ․․

[កំណត់​សម្គាល់]

a ឆ្នាំ​ខ្លះ​គ្រាន់​តែ​ជា​ការ​ប្រមាណ​នៃ​ពេល​ដែល​ចាប់​ផ្ដើម​សោយ​រាជ្យ។

[រូបភាព​នៅ​ទំព័រ​២៨, ២៩]

ណាម៉ាន់​បាន​បន្ទាប​ខ្លួន​ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​ជា​ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះ​យេហូវ៉ា

[រូបភាព​នៅ​ទំព័រ​២៨, ២៩]

តើ​អ្វី​បាន​កើត​ឡើង​ដល់​អេលីយ៉ា​ពេល​ដែល​«ឡើង​ទៅ​ឯ​ស្ថានសួគ៌​ដោយ​ខ្យល់​កួច​នោះ»?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក