តើអ្នកនឹងនៅទីនោះទេ?
១ បុរសម្នាក់ដែលជាស្មរបន្ទាល់យូរយារមកហើយបានប្រាប់ថា៖«បើសិនជាអ្នកខកខានមិននៅថ្ងៃទីមួយនៃមហាសន្និបាត នោះ អ្នកនឹងបានទទួលការខ្វះខាតច្រើនណាស់!»។ ហេតុអ្វីគាត់មានអារម្មណ៍អ៊ីចឹង? ពីព្រោះថ្ងៃទីមួយជាទីចាប់ផ្ដើមនៃជប់លៀងខាងវិញ្ញាណមួយ ដ៏សម្បូរនឹងម្ហូបអាហារខាងវិញ្ញាណដ៏ឈ្ងុយឆ្ងាញ់ ដែលអង្គការរបស់ព្រះយេហូវ៉ាបានរៀបចំសំរាប់យើង។ (អេសាយ ២៥:៦) ការចូលរួមពីថ្ងៃចាប់ផ្ដើមបង្ហាញថា យើងយល់ព្រមនឹងអារម្មណ៍របស់អ្នកសរសេរទំនុកដំកើងដែលថា៖«កាលគេនិយាយមកខ្ញុំថា ចូរយើងចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា នោះខ្ញុំមានសេចក្ដីអំណរអរណាស់»។—ទំនុកដំកើង ១២២:១
២ ប៉ុន្តែ ឆ្នាំមុននៅមហាសន្និបាត«បន្ទូលរបស់ព្រះខាងទំនាយ»ក្នុងតំបន់ខ្លះនោះ ចំនួនមនុស្សនៅថ្ងៃសុក្រគឺតិចជាងថ្ងៃសៅរ៍និងថ្ងៃអាទិត្យមួយចំនួនក្រែល។ នេះមានន័យថា ដែលបងប្អូនរបស់យើងមួយភាគធំ បានខានដោយមិនបានឮផ្នែកផ្សេងៗនៅឯមហាសន្និបាត ដែលបានផ្ដល់ឲ្យពត៌មានដ៏សំខាន់ដែលលះចោលមិនបានអំពីព្រះបន្ទូលខាងទំនាយ។ ពួកគេក៏បានបាត់បង់នូវការសេពគប់រួបរួមដ៏សប្បាយជាមួយនឹងអ្នកជឿគ្នីគ្នា។
៣ កុំឲ្យការងារធ្វើការរំខាន: កង្វល់ពីការធ្វើឲ្យមានផលអាក្រក់ដល់ការងារធ្វើរបស់ខ្លួន នោះប្រហែលជាមូលហេតុដែលអ្នកខ្លះមិនចូលរួមនៅថ្ងៃសុក្រ។ ក៏ប៉ុន្តែ ស្មរបន្ទាល់ជាច្រើននាក់បានឃើញថា និយោជករបស់គេគឺសុខចិត្តជួយគេក្នុងរឿងនេះ បើសិនជាគេសូមឈប់តាំងពីយូរមុនថ្ងៃនោះមកដល់។ និយោជកម្នាក់បានកោតស្ងើចដល់ម្ល៉េះ ចំពោះជំហរដ៏មាំមួនរបស់បងស្រីម្នាក់ ដើម្បីចូលរួមគ្រប់ទាំងកិច្ចប្រជុំក្រុមជំនុំថែមទាំងសន្និបាត រហូតដល់ធ្វើឲ្យនិយោជកបានទៅចូលរួមមហាសន្និបាតរបស់នាងពេញមួយថ្ងៃដែរ!
៤ អ្នកមិនគួរសន្មតជាមុនថា និយោជករបស់អ្នកគ្មានចិត្តចង់ឲ្យអ្នកឈប់ទេ ហើយអ្នកក៏មិនគួរសន្និដ្ឋានថា គឺមិនសំខាន់ទេបើសិនជាអ្នកខកខានចូលរួមមួយថ្ងៃនៃសន្និបាត។ ដោយមានជំនឿស៊ប់ក្នុងចិត្ត រៀបចំបង្ហាញដោយការប៉ិនប្រសប់ដល់និយោជករបស់អ្នក ពីមូលហេតុតាមព្រះគម្ពីរដែលការចូលរួមមហាសន្និបាត គឺជាផ្នែកធំនៃការថ្វាយបង្គំរបស់អ្នកនោះ។ (ហេព្រើរ ១០:២៤, ២៥) ក្រោយនោះ មានការទុកចិត្តទាំងស្រុងទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាទាំងទទួលស្គាល់ថា អ្វីក៏ដោយដែលអ្នកត្រូវការខាងវត្ថុទ្រព្យនឹងត្រូវផ្គត់ផ្គង់ បើសិនជាអ្នករក្សាទុកអ្វីខាងវិញ្ញាណឲ្យមានអាទិភាពក្នុងជីវិតរបស់អ្នកជាមុន។—ម៉ាថាយ ៦:៣៣; ហេព្រើរ ១៣:៥, ៦
៥ កត្ដាដែលសំខាន់បំផុត គឺជាការយល់តម្លៃនៃ«សេចក្ដីដែលប្រសើរ»។ (ភីលីព ១:១០, ១១; ទំនុកដំកើង ២៧:៤) នេះជំរុញឲ្យយើងធ្វើការរៀបចំដើម្បីទទួលប្រយោជន៍ពេញលេញ ពីសំវិធានការដ៏សំខាន់នេះពីព្រះយេហូវ៉ា។ ចាប់ផ្ដើមធ្វើការរៀបចំជាក់លាក់របស់អ្នកឥឡូវនេះ ហើយតាំងចិត្តថា អ្នកនឹងនៅទីនោះគ្រប់បីថ្ងៃមែន!