ចូរជួយសិស្សគម្ពីរឲ្យក្លាយជាអ្នកផ្សាយ
១ កិច្ចការដែលព្រះយេស៊ូបានបង្គាប់សិស្សរបស់ទ្រង់ឲ្យធ្វើនៅម៉ាថាយ ២៨:១៩, ២០ នោះគឺជាកិច្ចការធំណាស់។ ព្រះយេស៊ូបានបង្គាប់ពួកគេឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្សកាន់តែច្រើនឡើង ហើយសិស្សថ្មីនោះនឹងធ្វើកិច្ចការនេះបន្តទៅទៀត។ ដោយសារពួកគេខំធ្វើកិច្ចការនេះ ហេតុនេះហើយបានជាមានការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះលើកចុងក្រោយ ដែលមានក្នុងអំឡុងគ្រាសំខាន់នៃអវសានកាលរបស់ពិភពលោកនេះ ហើយយើងកំពុងតែរស់នៅគ្រានេះ។—ម៉ាថ. ២៤:១៤
២ សិស្សគម្ពីររបស់យើងអាចជាមនុស្សដែលសុខចិត្តរៀនគម្ពីរជាមួយយើង ឬកូនរបស់យើងតែម្ដង។ យើងពិតជាចង់ជួយពួកគេឲ្យទទួលស្គាល់ភារកិច្ចរបស់ខ្លួននិងបំពេញភារកិច្ចនោះដោយជួយអ្នកឯទៀតក្លាយទៅជាសិស្សរបស់ព្រះយេស៊ូគ្រិស្ត។—លូ. ៦:៤០
៣ ជួយពួកគេឲ្យចេះផ្សាយ : សូមលើកទឹកចិត្តសិស្សរបស់ខ្លួនឲ្យប្រាប់អ្នកឯទៀតអំពីអ្វីដែលគេបានរៀន។ សូមប្រាប់សិស្សបទពិសោធន៍ល្អៗដែលអ្នកមានពីកិច្ចបម្រើផ្សាយ។ ពេលកូននៅក្មេង សូមបង្ហាត់បង្រៀនកូនឲ្យចេះផ្សាយដោយប្រសិទ្ធភាព ដែលសមស្របនឹងសមត្ថភាពរបស់កូន។ (ទំនុក. ១៤៨:១២, ១៣) តាមពាក្យសម្ដីនិងការប្រព្រឹត្ត សូមបង្ហាញឲ្យកូនដឹងថាកិច្ចបម្រើផ្សាយគឺសំខាន់ណាស់ក្នុងជីវិតរបស់យើង។—១ធី. ១:១២
៤ ព្រះយេហូវ៉ាប្រើតែអ្នកដែលទទួលយកនិងធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់។ ពិតមែន អ្នកផ្សាយដែលបានថ្វាយខ្លួននិងជ្រមុជទឹកហើយព្រមទាំងមានបទពិសោធន៍ ធម្មតាមានចំណេះច្រើនជាងអ្នកផ្សាយថ្មី។ ប៉ុន្តែចាំបាច់ឲ្យអ្នកថ្មីនោះជឿនិងអាចពន្យល់សេចក្ដីបង្រៀនបឋមៗក្នុងគម្ពីរ។ (សូមមើលសន្លឹកបន្ថែមពីកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៧ ទំព័រ៥-៦) អ្នកថ្មីនោះក៏ត្រូវផ្ដាច់ខ្លួនទាំងស្រុងពីសាសនាមិនពិតឬ«បាប៊ីឡូនដ៏ជាធំ» និងរឿងដែលទាក់ទងនឹងនយោបាយ ហើយគប្បីឲ្យពួកគេចូលរួមកិច្ចប្រជុំក្រុមជំនុំយ៉ាងទៀងទាត់។—វិវរ. ១៨:២, ៤; យ៉ូន. ១៧:១៦; ហេ. ១០:២៤, ២៥
៥ នៅពេលដែលយើងជឿថាសិស្សមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក នោះយើងគួរជម្រាបប្រធានត្រួតពិនិត្យ។ គាត់នឹងរៀបចំឲ្យអ្នកចាស់ទុំពីរនាក់ជួបជាមួយយើងនិងសិស្សគម្ពីរដើម្បីសម្រេចថា សិស្សនោះមានលក្ខណៈគ្រប់គ្រាន់ឬអត់ដើម្បីផ្សាយដំណឹងល្អជាមួយក្រុមជំនុំក្នុងនាមជាអ្នកផ្សាយដែលមិនទាន់ជ្រមុជទឹក។ បន្ទាប់ពីនេះ យើងនឹងមានភារកិច្ចដែលប្រកបដោយកិត្ដិយសដើម្បីបន្តហ្វឹកហ្វឺនសិស្សនោះ នៅពេលដែលគាត់ទៅផ្សាយជាមួយយើង។