ពេលផ្សាយ ចូរប្រើពេលវេលាឲ្យមានតម្លៃ
១ យើងត្រូវធ្វើកិច្ចការជាច្រើនក្នុងកិច្ចបម្រើផ្សាយ ហើយពេលវេលាដើម្បីធ្វើកិច្ចការនោះគឺនៅសល់តិចតួចណាស់។ (យ៉ូន. ៤:៣៥; ១កូ. ៧:២៩) ពេលវេលាដែលយើងបានគ្រោងទុកសម្រាប់កិច្ចផ្សាយនឹងមានតម្លៃមែនបើយើងមានការរៀបចំល្អទុកជាមុន។
២ រៀបចំទុកជាមុន : មុនទៅប្រជុំសម្រាប់កិច្ចបម្រើផ្សាយ សូមប្រាកដថាយើងមានសៀវភៅដែលត្រូវការ ហើយពាក្យផ្សាយក៏បានរៀបចំហើយដែរ។ បន្ទាប់ពីកិច្ចប្រជុំនោះចប់ដោយការអធិស្ឋាន សូមធ្វើដំណើរទៅតំបន់ផ្សាយភ្លាមៗ។ ដោយធ្វើដូចនេះ យើងនិងដៃគូអាចផ្សាយបានច្រើនបំផុតក្នុងរយៈពេលនោះ។
៣ ប្រសិនបើពួកអ្នកចាស់ទុំបានចាត់យើងឲ្យដឹកនាំប្រជុំសម្រាប់កិច្ចបម្រើផ្សាយ សូមចាប់ផ្ដើមប្រជុំនោះឲ្យទាន់ពេល។ សូមដឹកនាំកិច្ចប្រជុំនោះមិនឲ្យលើសពី១០ទៅ១៥នាទីឡើយ។ មុនដែលយើងបញ្ចប់កិច្ចប្រជុំនោះ សូមប្រាកដថាបងប្អូនម្នាក់ៗស្គាល់ដៃគូរបស់ខ្លួន ហើយកន្លែងដែលគាត់ផ្សាយដែរ។
៤ ពេលកំពុងផ្សាយ : ពេលប្រជុំសម្រាប់កិច្ចបម្រើផ្សាយចប់ហើយ សូមកុំរេរានៅទីនោះដោយមិនចាំបាច់ ប៉ុន្តែសូមចាប់ផ្ដើមធ្វើដំណើរទៅតំបន់ផ្សាយភ្លាមៗ។ ប្រសិនបើយើងដឹងថាយើងនឹងឈប់ផ្សាយមុនបងប្អូនឯទៀត ប្រហែលយើងអាចរកមធ្យោបាយធ្វើដំណើរដោយខ្លួនឯង ដើម្បីមិនឲ្យបងប្អូនឯទៀតត្រូវឈប់ផ្សាយដែរ។ ពេលផ្សាយជាមួយក្រុម សូមយកចិត្តទុកដាក់ទៅលើបងប្អូនឯទៀតដែលប្រហែលជាចាំយើងបញ្ចប់ការសន្ទនាជាមួយម្ចាស់ផ្ទះ។ យើងអាចបង្ហាញការយកចិត្តទុកដាក់នេះដោយរកវិធីបញ្ចប់ការសន្ទនាដោយប៉ិនប្រសប់ជាមួយម្ចាស់ផ្ទះដែលចង់តែរកឈ្លោះ ឬយើងអាចណាត់ពេលត្រឡប់ទៅជួបអ្នកដែលមានចំណាប់អារម្មណ៍។—ម៉ាថ. ១០:១១
៥ ពេលត្រឡប់ទៅជួបគេ យកល្អបើយើងទៅជួបអ្នកចាប់អារម្មណ៍ទាំងអស់ក្នុងតំបន់មួយឲ្យហើយ មុនធ្វើដំណើរទៅតំបន់ណាមួយទៀត ពីព្រោះបើធ្វើដូចនេះយើងនឹងមិនខាតពេលធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតដោយមិនចាំបាច់។ បើអាចធ្វើទៅបាន យើងអាចទូរស័ព្ទទៅអ្នកចាប់អារម្មណ៍នោះដើម្បីដឹងពិតប្រាកដថាគាត់នឹងនៅផ្ទះឬក៏អត់។ (សុ. ២១:៥) ប្រសិនបើមានបងប្អូនច្រើននាក់ធ្វើការត្រឡប់ទៅជួបជាមួយគ្នា ហើយយើងគិតថាយើងនឹងចំណាយពេលយូរក្នុងការត្រឡប់ទៅជួបនោះ បងប្អូនឯទៀតដែលទៅជាមួយយើងអាចទៅផ្សាយនៅជិតៗនោះឬក៏អាចធ្វើការត្រឡប់ទៅជួបរបស់ខ្លួនដែរ។
៦ យើងកំពុងរស់នៅក្នុងគ្រាដែលមានការប្រមូលដ៏ធំមួយ ពោលគឺការប្រមូលមនុស្ស។ (ម៉ាថ. ៩:៣៧, ៣៨) បន្ដិចទៀតការប្រមូលមនុស្សនេះនឹងលែងមានទៀត។ ហេតុនេះហើយបានជាពេលដែលយើងទៅផ្សាយ យើងចង់ប្រើពេលវេលានោះឲ្យមានតម្លៃ។