អត្ថប្រយោជន៍ពីអ្នកបម្រើវ័យចំណាស់
«ឱព្រះអង្គអើយ! សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពី ព្រះចេស្ដាទ្រង់ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ដល់ពួកអ្នកដែលត្រូវកើតខាងមុខ»។—ទំនុកដំកើង ៧១:១៨
១, ២. តើអ្នកបម្រើព្រះដែលមានវ័យចំណាស់គួរទទួលស្គាល់អ្វី? តទៅនេះ តើយើងនឹងពិនិត្យមើលអ្វី?
អ្នកចាស់ទុំគ្រិស្តសាសនិកម្នាក់នៅប្រទេសអាហ្វ្រិកខាងលិច បានទៅសួរសុខទុក្ខបងប្រុសវ័យចំណាស់ម្នាក់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ ពេលអ្នកចាស់ទុំសួរគាត់ថា៖ «អ៊ំសុខសប្បាយទេ?» គាត់ធ្វើកាយវិការនិងឆ្លើយថា៖ «ខ្ញុំហក់ ខ្ញុំរត់ ខ្ញុំលោតបាន។ ប៉ុន្តែ ខ្ញុំមិនអាចហោះបានទេ»។ អ្នកចាស់ទុំយល់អត្ថន័យភ្លាមថា៖ ‹អ្វីដែលខ្ញុំអាចធ្វើបាន នោះខ្ញុំសប្បាយចិត្តធ្វើណាស់! ប៉ុន្តែ អ្វីដែលខ្ញុំគ្មានលទ្ធភាពធ្វើ នោះខ្ញុំមិនធ្វើទេ›។ ឥឡូវ អ្នកចាស់ទុំនេះមានអាយុ៨០ឆ្នាំហើយ តែគាត់នៅចាំពាក្យកំប្លែងនិងភក្ដីភាពដែលអ៊ំប្រុសនោះមានចំពោះព្រះ។
២ ពេលបងៗវ័យចំណាស់ប្រព្រឹត្តស្របទៅតាមការណែនាំពីព្រះ ទង្វើនោះជាគំរូដែលអាចដក់ជាប់ក្នុងចិត្តគំនិតអ្នកដទៃដែរ។ យ៉ាងណាក៏ដោយ វ័យចំណាស់ប៉ុណ្ណោះមិននាំឲ្យមនុស្សមានប្រាជ្ញា ហើយក៏មិនតែងតែជំរុញឲ្យអ្នកនោះប្រព្រឹត្តស្របទៅតាមគំរូរបស់ព្រះយេស៊ូទេ។ (សាស្ដា ៤:១៣) ដូច្នេះ គម្ពីរព្រះចែងថា៖ «ឯសក់ស្កូវ បើឃើញនៅក្នុងផ្លូវសុចរិត នោះជាមកុដនៃកិត្ដិសព្ទ»។ (សុភាសិត ១៦:៣១) បើបងៗមានវ័យចំណាស់ហើយ តើបងៗទទួលស្គាល់ថាពាក្យនិងអាកប្បកិរិយារបស់ខ្លួនអាចមានឥទ្ធិពលល្អលើអ្នកដទៃឬទេ? សូមពិនិត្យមើលគំរូខ្លះក្នុងគម្ពីរដែលបង្ហាញថា មនុស្សវ័យចំណាស់ពិតជាបាននាំឲ្យមនុស្សវ័យក្មេងជាងទទួលពរយ៉ាងវិសេសមែន។
ជំនឿដែលជះឥទ្ធិពលតកូនតចៅ
៣. តើភាពស្មោះត្រង់របស់លោកណូអេមានឥទ្ធិពលយ៉ាងណាលើមនុស្សទាំងឡាយនៅសព្វថ្ងៃនេះ?
៣ ជំនឿនិងជំហររឹងមាំរបស់លោកណូអេបានផ្ដល់ប្រយោជន៍រហូតមកដល់សម័យនេះដែរ។ គាត់មានអាយុជិត៦០០ឆ្នាំ ពេលគាត់សង់ទូកធំ ប្រមូលសត្វនានានិងផ្សព្វផ្សាយដល់អ្នកជិតខាងទាំងឡាយ។ (លោកុប្បត្តិ ៧:៦; ពេត្រុសទី២ ២:៥) ដោយសារលោកកោតខ្លាចព្រះយេហូវ៉ា គាត់និងក្រុមគ្រួសាររបស់គាត់បានរួចរស់ជីវិតពេលទឹកជំនន់ធំបានលិចផែនដី។ ជាលទ្ធផល គាត់បានក្លាយជាបុព្វបុរសនៃមនុស្សទាំងឡាយដែលរស់នៅលើផែនដីនាបច្ចុប្បន្ននេះ។ នៅសម័យលោកណូអេ មនុស្សមានអាយុវែងជាងមនុស្សនៅសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ ពេលគាត់មានអាយុចាស់ណាស់ទៅហើយក្ដី គាត់នៅតែស្មោះត្រង់ចំពោះព្រះ ហើយនោះបាននាំឲ្យមានប្រយោជន៍ច្រើន។ តើភាពស្មោះត្រង់របស់គាត់ផ្ដល់ប្រយោជន៍អ្វីខ្លះ?
៤. តើជំហររឹងមាំរបស់លោកណូអេមានប្រយោជន៍អ្វីខ្លះមកលើអ្នកបម្រើព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?
៤ លោកណូអេមានអាយុជិត៨០០ឆ្នាំ ពេលបុរសឈ្មោះនីមរ៉ុឌបានចាប់ផ្ដើមសាងសង់ប៉មខ្ពស់មួយនៅទីក្រុងបាបិល។ ទង្វើនោះជាការប្រឆាំងនឹងច្បាប់របស់ព្រះយេហូវ៉ាពីព្រោះទ្រង់បានបង្គាប់មនុស្សឲ្យរស់«នៅពេញពាសលើផែនដី»វិញ។ (លោកុប្បត្តិ ៩:១; ១១:១-៩) លោកណូអេមិនព្រមរួមចំណែកក្នុងការបះបោររបស់នីមរ៉ុឌ។ ជាលទ្ធផល ពេលព្រះយេហូវ៉ាបានបំភាន់ភាសារបស់មនុស្សបះបោរទាំងនោះ មើលទៅដូចជាទ្រង់មិនបានបំភាន់ភាសារបស់លោកណូអេទេ។ លោកណូអេមានជំនឿនិងជំហររឹងមាំរហូតអស់មួយជីវិត សូម្បីតែនៅពេលដែលគាត់មានវ័យចំណាស់ក្ដី។ ដូច្នេះ គួរគប្បីឲ្យអ្នកបម្រើរបស់ព្រះយេហូវ៉ាធ្វើតាមគំរូរបស់គាត់ មិនថាយើងមានអាយុប៉ុណ្ណាក៏ដោយ។—ហេព្រើរ ១១:៧
ឥទ្ធិពលរបស់អ្នកបម្រើវ័យចំណាស់លើក្រុមគ្រួសារ
៥, ៦. (ក) ពេលលោកអ័ប្រាហាំមានអាយុ៧៥ឆ្នាំ តើព្រះយេហូវ៉ាបង្គាប់គាត់ឲ្យធ្វើអ្វី? (ខ) តើលោកអ័ប្រាហាំបានធ្វើយ៉ាងណា?
៥ គំរូរបស់បុព្វបុរសនៃសាសន៍អ៊ីស្រាអែលដែលបានរស់ក្រោយសម័យលោកណូអេ សឲ្យឃើញច្បាស់នូវឥទ្ធិពលដែលអ្នកបម្រើវ័យចំណាស់អាចជះលើជំនឿនៃក្រុមគ្រួសាររបស់ខ្លួន។ លោកអ័ប្រាហាំមានអាយុប្រមាណ៧៥ឆ្នាំ ពេលព្រះយេហូវ៉ាបង្គាប់គាត់ថា៖ «ចូរឯងចេញពីស្រុក ពីញាតិសន្ដាននឹងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ! អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង»។—លោកុប្បត្តិ ១២:១, ២
៦ បើព្រះយេហូវ៉ាបង្គាប់អ្នកឲ្យចេញពីស្រុកកំណើត ទាំងចាកចោលផ្ទះរបស់ខ្លួននិងលាចេញពីញាតិមិត្តទាំងឡាយ ព្រមទាំងតម្រូវឲ្យអ្នកទៅស្រុកឆ្ងាយដែលអ្នកមិនដែលស្គាល់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណា? នេះហើយជាអ្វីដែលព្រះយេហូវ៉ាបង្គាប់ឲ្យលោកអ័ប្រាហាំធ្វើ ហើយគាត់បាន«ចេញទៅដូចជាព្រះយេហូវ៉ាបានបង្គាប់»។ គាត់បានរស់នៅស្រុកកាណានជាអ្នកប្រទេសក្រៅ ទាំងស្នាក់នៅក្នុងត្រសាលដែលគាត់ផ្លាស់ទីកន្លែងជានិច្ចជាកាលរហូតអស់មួយជីវិត។ (លោកុប្បត្តិ ១២:៤; ហេព្រើរ ១១:៨, ៩) ព្រះយេហូវ៉ាសន្យាដល់គាត់ថា គាត់នឹងមានកូនចៅយ៉ាងសន្ធឹកដែលនឹងក្លាយជា«នគរ១យ៉ាងធំ»។ ប៉ុន្តែ គាត់បានទទួលមរណភាពយូរឆ្នាំហើយ មុនសេចក្ដីសន្យានោះបានសម្រេច។ តាមពិត អស់រយៈពេល២៥ឆ្នាំ គាត់បានរស់នៅស្រុកសន្យានោះទាំងបោះជំរំច្រើនកន្លែង ទើបភរិយារបស់គាត់ឈ្មោះសារ៉ា បានបង្កើតកូនប្រុសតែមួយគត់ ឈ្មោះអ៊ីសាក។ (លោកុប្បត្តិ ២១:២, ៥) ទោះជាយ៉ាងណាក៏ដោយ លោកអ័ប្រាហាំមិនមានអារម្មណ៍ធុញទ្រាន់នឹងការរស់នៅក្នុងស្រុកនោះ ហើយគាត់មិនដែលវិលទៅស្រុកកំណើតទេ។ ដូច្នេះ គាត់ជាគំរូដ៏អស្ចារ្យមួយដែលបង្ហាញពីជំនឿរឹងមាំនិងការស៊ូទ្រាំ!
៧. តើការស៊ូទ្រាំរបស់លោកអ័ប្រាហាំជះឥទ្ធិពលយ៉ាងណាលើកូនរបស់គាត់ឈ្មោះអ៊ីសាក? តើមនុស្សលោកទទួលប្រយោជន៍អ្វីពីជំនឿរបស់ពួកគាត់?
៧ ការស៊ូទ្រាំរបស់លោកអ័ប្រាហាំជះឥទ្ធិពលយ៉ាងខ្លាំងទៅលើអ៊ីសាកដែលជាកូនគាត់ ពីព្រោះអ៊ីសាកបានរស់ជាអ្នកប្រទេសក្រៅនៅឯស្រុកកាណាននោះអស់មួយជីវិតដែរ គឺគ្រប់១៨០ឆ្នាំ។ អ៊ីសាកអាចស៊ូទ្រាំបាន ពីព្រោះគាត់ជឿទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា។ អ៊ីសាកមានជំនឿរឹងមាំពីព្រោះមាតាបិតាវ័យចំណាស់របស់គាត់បានផ្ដល់ហេតុឲ្យគាត់ជឿ ហើយក្រោយៗមកព្រះយេហូវ៉ាក៏បាននិយាយទៅកាន់គាត់ដែលពង្រឹងជំនឿរបស់គាត់ទៀត។ (លោកុប្បត្តិ ២៦:២-៥) ជំហររឹងមាំរបស់អ៊ីសាកមានសារៈសំខាន់ក្នុងការសម្រេចសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដែលថា មនុស្សលោកទាំងឡាយនឹងទទួលពរតាមរយៈ«ពូជ»របស់លោកអ័ប្រាហាំ។ រាប់រយឆ្នាំក្រោយមក ព្រះយេស៊ូគ្រិស្តដែលជាតួអង្គសំខាន់ជាងគេក្នុង«ពូជ»នោះ បានបើកផ្លូវឲ្យអស់អ្នកដែលជឿទៅលើទ្រង់មានឱកាសទទួលមេត្រីភាពជាមួយនឹងព្រះយេហូវ៉ាដើម្បីឲ្យបានជីវិតគ្មានទីបញ្ចប់។—កាឡាទី ៣:១៦; យ៉ូហាន ៣:១៦
៨. តើលោកយ៉ាកុបបង្ហាញថាគាត់មានជំនឿរឹងមាំដោយធ្វើអ្វី? តើមានលទ្ធផលអ្វី?
៨ អ៊ីសាកក៏បានជួយកូនរបស់គាត់ឈ្មោះយ៉ាកុបឲ្យមានជំនឿរឹងមាំដែរ ហើយនេះបានពង្រឹងកម្លាំងរបស់លោកយ៉ាកុបពេលគាត់មានវ័យចំណាស់។ ពេលគាត់មានអាយុ៩៧ឆ្នាំ គាត់ចំបាប់នឹងទេវតាមួយរូបអស់មួយយប់ ដោយព្រោះគាត់ចង់ឲ្យទេវតានោះជូនពរគាត់។ (លោកុប្បត្តិ ៣២:២៤-២៨) មិនយូរប៉ុន្មានមុនគាត់ទទួលមរណភាពក្នុងអាយុ១៤៧ឆ្នាំ គាត់ខំប្រមូលកម្លាំងដើម្បីជូនពរដល់កូនប្រុសម្នាក់ៗរបស់គាត់ដែលមានចំនួន១២នាក់។ (លោកុប្បត្តិ ៤៧:២៨) ពាក្យដែលយ៉ាកុបនិយាយពេលនោះ ដែលយើងអានក្នុងសៀវភៅលោកុប្បត្តិ ៤៩:១-២៨ ជាទំនាយដែលបានសម្រេចហើយកំពុងសម្រេចនៅពេលឥឡូវនេះ។
៩. តើអ្នកបម្រើវ័យចំណាស់ដែលមានជំនឿរឹងមាំអាចមានឥទ្ធិពលយ៉ាងណាទៅលើក្រុមគ្រួសាររបស់ខ្លួន?
៩ គឺច្បាស់ហើយថា ពួកអ្នកដែលបម្រើព្រះយេហូវ៉ាដោយស្មោះត្រង់អាចជះឥទ្ធិពលល្អលើក្រុមគ្រួសាររបស់ខ្លួនបាន។ ពេលអ្នកបម្រើវ័យចំណាស់តាំងគំរូជាអ្នកស៊ូទ្រាំ ព្រមទាំងបង្រៀនតកូនតចៅដោយផ្អែកលើការណែនាំក្នុងគម្ពីរនិងបទពិសោធន៍របស់ខ្លួន នេះអាចជួយកូនចៅទាំងឡាយឲ្យមានជំនឿរឹងមាំដែរ។ (សុភាសិត ២២:៦) អ្នកបម្រើវ័យចំណាស់មិនគួរសង្ស័យអ្វីឡើយថា ពួកគាត់អាចជះឥទ្ធិពលល្អយ៉ាងខ្លាំងទៅលើក្រុមគ្រួសាររបស់ខ្លួន។
ឥទ្ធិពលរបស់អ្នកបម្រើវ័យចំណាស់លើអ្នកថ្វាយបង្គំគ្នីគ្នា
១០. តើលោកយ៉ូសែប«ផ្ដាំ»អ្វីស្តីអំពី«ដំណើរសព»របស់គាត់? តើបណ្ដាំនោះមានឥទ្ធិពលយ៉ាងណា?
១០ អ្នកបម្រើវ័យចំណាស់ក៏អាចមានឥទ្ធិពលល្អលើអ្នកថ្វាយបង្គំគ្នីគ្នាដែរ។ ពេលកូនរបស់លោកយ៉ាកុប ឈ្មោះយ៉ូសែប មានវ័យចំណាស់ គាត់មានសំណូមពរមួយដែលបង្ហាញពីជំនឿរបស់គាត់។ អ្វីដែលគាត់សូមនោះ ក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកបម្រើព្រះយេហូវ៉ារាប់លាននាក់នៅជំនាន់ក្រោយៗផងដែរ។ លោកយ៉ូសែបមានអាយុ១១០ឆ្នាំហើយ ពេលគាត់«ផ្ដាំពីដំណើរសពរបស់ខ្លួន»ថា ពេលពួកអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេត្រូវយកឆ្អឹងរបស់គាត់ទៅជាមួយដែរ។ (ហេព្រើរ ១១:២២; លោកុប្បត្តិ ៥០:២៥) ក្រោយគាត់ទទួលមរណភាព ប្រជាជនអ៊ីស្រាអែលបានក្លាយជាខ្ញុំបម្រើនៅស្រុកអេស៊ីបអស់រយៈពេលយូរ។ យ៉ាងណាក៏ដោយ បណ្ដាំរបស់គាត់ផ្ដល់ហេតុឲ្យពួកគេស៊ូទ្រាំក្នុងអំឡុងគ្រាលំបាក ដោយសង្ឃឹមទៅលើថ្ងៃដែលពួកគេនឹងទទួលសេចក្ដីប្រោសលោះ។
១១. តើលោកម៉ូសេទំនងជាមានឥទ្ធិពលយ៉ាងណាទៅលើយ៉ូស្វេ?
១១ ប្រជាជនអ៊ីស្រាអែលជាច្រើននាក់រួមទាំងលោកម៉ូសេ មានកម្លាំងចិត្តដោយសារជំនឿរបស់លោកយ៉ូសែប ដែលថាពួកគេនិងចេញពីស្រុកអេស៊ីប។ ពេលគាត់មានអាយុ៨០ឆ្នាំ គាត់មានឯកសិទ្ធិយកឆ្អឹងខ្មោចលោកយ៉ូសែបចេញពីស្រុកអេស៊ីប។ (និក្ខមនំ ១៣:១៩) ពេលនោះលោកម៉ូសេចាប់ផ្ដើមមានទំនាក់ទំនងជាមួយយ៉ូស្វេដែលមានវ័យក្មេងជាងគាត់ឆ្ងាយណាស់។ ក្រោយនោះមក យ៉ូស្វេជាអ្នកជំនិតរបស់លោកម៉ូសេអស់រយៈពេល៤០ឆ្នាំ។ (ជនគណនា ១១:២៨) យ៉ូស្វេបានឡើងភ្នំស៊ីណាយជាមួយនឹងគាត់ ហើយយ៉ូស្វេក៏រង់ចាំរហូតដល់គាត់ចុះមកវិញ ទាំងមានបន្ទះថ្មពីរផ្ទាំងនៃសេចក្ដីបន្ទាល់។ (និក្ខមនំ ២៤:១២-១៨; ៣២:១៥-១៧) ក្នុងវ័យចំណាស់នោះ លោកម៉ូសេជាប្រភពប្រាជ្ញានិងយោបល់ល្អៗប្រៀបដូចជាអណ្ដូងដែលមានទឹកត្រជាក់ថ្លាឆ្វង់ចំពោះយ៉ូស្វេ!
១២. ពេលលោកយ៉ូស្វេនៅមានជីវិតនៅឡើយ តើគាត់ជះឥទ្ធិពលល្អអ្វីទៅលើប្រជាជនអ៊ីស្រាអែល?
១២ ដូចគ្នាដែរ យ៉ូស្វេបានជួយលើកទឹកចិត្តប្រជាជនអ៊ីស្រាអែលអស់មួយជីវិត។ សៀវភៅពួកចៅហ្វាយ ២:៧ រៀបរាប់ថា៖ «ពួកបណ្ដាជនក៏គោរពប្រតិបត្ដិដល់ព្រះយេហូវ៉ានៅគ្រប់១ជីវិតរបស់យ៉ូស្វេនឹងពួកចាស់ទុំដែលរស់នៅក្រោយលោកដែរ ជាពួកអ្នកដែលបានឃើញគ្រប់ទាំងការដ៏ធំដែលព្រះយេហូវ៉ាបានសំរេចឲ្យពួកអ៊ីស្រាអែល»។ ក៏ប៉ុន្តែ ក្រោយយ៉ូស្វេនិងពួកចាស់ទុំទាំងប៉ុន្មានបានទទួលមរណភាព ជួនកាលប្រជាជនអ៊ីស្រាអែលបានថ្វាយបង្គំព្រះយេហូវ៉ា ជួនកាលអត់ អស់រយៈពេល៣០០ឆ្នាំដរាបដល់សម័យលោកសាំយូអែលដែលជាអ្នកថ្លែងទំនាយ។
លោកសាំយូអែលបាន«សំរេចការសុចរិត»
១៣. តើលោកសាំយូអែលបាន«សំរេចការសុចរិត»ដោយធ្វើអ្វីខ្លះ?
១៣ គម្ពីរព្រះមិនចែងថា លោកសាំយូអែលមានអាយុប៉ុន្មានពេលគាត់ទទួលមរណភាពទេ តែព្រឹត្ដិការណ៍ដែលរាយការណ៍ក្នុងសៀវភៅសាំយូអែលទី១ បានកើតឡើងក្នុងរយៈពេល១០២ឆ្នាំ ហើយយើងដឹងថាគាត់បានឃើញព្រឹត្ដិការណ៍ភាគច្រើននោះដោយផ្ទាល់ភ្នែក។ នៅសៀវភៅហេព្រើរ ១១:៣២, ៣៣ យើងអានថា ពួកចៅហ្វាយល្អនិងអ្នកថ្លែងទំនាយបាន«សំរេចការសុចរិត»។ នេះមានន័យថា លោកសាំយូអែលមានឥទ្ធិពលលើមនុស្សខ្លះនៅសម័យគាត់ ឲ្យពួកគេជៀសវាងពីការអាក្រក់និងលះបង់ការប្រព្រឹត្តមិនល្អ។ (សាំយូអែលទី១ ៧:២-៤) តើគាត់មានឥទ្ធិពលលើពួកគេដោយរបៀបណា? គាត់បានរក្សាឲ្យមានភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាអស់មួយជីវិត។ (សាំយូអែលទី១ ១២:២-៥) គាត់ក៏មិនខ្លាចផ្ដន្ទាទោសដល់ពួកអ្នកដែលមានកំហុសធ្ងន់ សូម្បី-តែស្តេច គាត់ក៏ហ៊ានទូន្មានដែរ។ (សាំយូអែលទី១ ១៥:១៦-២៩) បន្ថែមទៅទៀត ពេលគាត់មាន‹វ័យចាស់ ហើយសក់ស្កូវ› គាត់នៅតែតាំងគំរូល្អក្នុងការអធិស្ឋានឲ្យអ្នកដទៃ។ គាត់មានអារម្មណ៍ថា បើគាត់«លែងអធិស្ឋានឲ្យ»ប្រជាជនអ៊ីស្រាអែល នេះគឺហាក់ដូចជាគាត់បាន«ធ្វើបាបចំពោះព្រះយេហូវ៉ា»។—សាំយូអែលទី១ ១២:២, ២៣
១៤, ១៥. ស្របទៅតាមគំរូរបស់លោកសាំយូអែល តើបងៗវ័យចំណាស់នៅសម័យនេះអាចអធិស្ឋានអំពីអ្វី?
១៤ នេះបង្ហាញពីរបៀបសំខាន់មួយដែលអ្នកបម្រើវ័យចំណាស់អាចជះឥទ្ធិពលល្អទៅលើអ្នកឯទៀតដែលកំពុងបម្រើព្រះយេហូវ៉ា។ ទោះបើបងៗវ័យចំណាស់មានសុខភាពអន់ឬហេតុណាទៀតដែលដាក់កំហិតលើសមត្ថភាពរបស់ខ្លួនក្ដី ពួកគាត់នៅតែមានសមត្ថភាពអធិស្ឋានឲ្យអ្នកដទៃ។ បងៗវ័យចំណាស់ទាំងឡាយអើយ! តើបងៗទទួលស្គាល់អត្ថប្រយោជន៍ដែលក្រុមជំនុំទទួលដោយសារបងៗអធិស្ឋានឲ្យពួកគេទេ? ដោយសារបងៗវ័យចំណាស់មានជំនឿទៅលើឈាមដែលព្រះគ្រិស្តបង្ហូរមកនោះ ហើយដោយសារព្រះយេហូវ៉ាទទួលស្គាល់បងៗជាមនុស្សសុចរិតដែលបានស៊ូទ្រាំក្នុងកិច្ចបម្រើទ្រង់ នោះបងៗមានជំនឿល្អដែលបាន«សាកល»រួចហើយ។ (យ៉ាកុប ១:៣; ពេត្រុសទី១ ១:៧) កុំឲ្យយើងភ្លេចថា៖ «សេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់!»។—យ៉ាកុប ៥:១៦
១៥ ការអធិស្ឋានរបស់បងៗវ័យចំណាស់មានអត្ថប្រយោជន៍ច្រើន ពេលបងៗអង្វរសូមព្រះយេហូវ៉ាឲ្យជួយគាំទ្រកិច្ចការទូទាំងពិភពលោកដែលលើកតម្កើងទ្រង់។ បងប្អូនខ្លះរបស់យើងកំពុងជាប់គុកដោយព្រោះគាត់កាន់ជំហរអព្យាក្រឹតជាគ្រិស្តសាសនិក។ បងប្អូនឯទៀតកំពុងរងទុក្ខដោយសារមហន្តរាយធម្មជាតិ សង្គ្រាមនិងភាពចលាចលក្នុងស្រុក។ បងប្អូនខ្លះ សូម្បីតែក្នុងក្រុមជំនុំជាមួយនឹងយើងក្ដី កំពុងតស៊ូនឹងការប្រឆាំងពីអ្នកដទៃ ឬទប់ទល់នឹងការល្បួងផ្សេងៗ។ (ម៉ាថាយ ១០:៣៥, ៣៦) បងប្អូនដែលខំថែរក្សាក្រុមជំនុំនិងនាំមុខក្នុងកិច្ចការផ្សព្វផ្សាយក៏ត្រូវការបងៗវ័យចំណាស់អធិស្ឋានសូមឲ្យព្រះយេហូវ៉ាជួយពួកគាត់ដែរ។ (អេភេសូរ ៦:១៨, ១៩; កូល៉ុស ៤:២, ៣) គឺមានប្រយោជន៍ណាស់ ឲ្យបងៗវ័យចំណាស់អធិស្ឋានឲ្យអ្នកជឿគ្នីគ្នា ដូចលោកអេប៉ាប្រាសបានធ្វើនៅសម័យបុរាណ។—កូល៉ុស ៤:១២
ការបង្រៀនតំណមនុស្សជាន់ក្រោយ
១៦, ១៧. តើបទទំនុកទី៧១:១៨ ទាយអំពីអ្វី? តើទំនាយនោះបានសម្រេចយ៉ាងណា?
១៦ ពួក«ចៀមឯទៀត»ដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី បានទទួលការហ្វឹកហ្វឺនសំខាន់ៗដោយសេពគប់ជាមួយពួកអ្នកស្មោះត្រង់ក្នុងចំណោម«ហ្វូងតូច»ដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ (យ៉ូហាន ១០:១៦; លូកា ១២:៣២) ទំនាក់ទំនងដែលពួកគេមានជាមួយគ្នានេះ បានត្រូវទាយទុកក្នុងបទទំនុកដំកើងទី៧១:១៨ ដែលចែងថា៖ «ឱព្រះអង្គអើយ! សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះទាំងវេលាដែលទូលបង្គំចាស់សក់ស្កូវហើយផង ដរាបដល់ទូលបង្គំបានថ្លែងប្រាប់ពីព្រះចេស្ដាទ្រង់ដល់ដំណមនុស្សជាន់ក្រោយ នឹងពីឥទ្ធានុភាពទ្រង់ដល់ពួកអ្នកដែលត្រូវកើតខាងមុខ»។ មុនបងប្អូនដែលបានតែងតាំងដោយសកម្មពលព្រះទទួលសិរីរុងរឿងជាមួយព្រះយេស៊ូគ្រិស្តនៅស្ថានសួគ៌ ពួកគាត់មានក្ដីប្រាថ្នាចង់បង្វឹកបងប្អូនពីពួកចៀមឯទៀតឲ្យទទួលភារកិច្ចច្រើនថែមទៀត។
១៧ ពេលពួកអ្នកដែលសង្ឃឹមឡើងទៅស្ថានសួគ៌បង្វឹកបងប្អូនពីពួកចៀមឯទៀតនោះ នេះគឺប្រហាក់ប្រហែលនឹងការថ្លែងប្រាប់ដល់«ពួកអ្នកដែលត្រូវកើតខាងមុខ» ដូចបានបញ្ជាក់ក្នុងទំនុកទី៧១:១៨ នោះ។ ព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នកបម្រើវ័យចំណាស់មានឯកសិទ្ធិថ្លែងប្រាប់អំពីទ្រង់ដល់អស់អ្នកដែលកំពុងចូលរួមការថ្វាយបង្គំទ្រង់នាបច្ចុប្បន្ននេះ។ (យ៉ូអែល ១:២, ៣) ពួកចៀមឯទៀតទទួលស្គាល់អត្ថប្រយោជន៍ដែលពួកគេមានដោយព្រោះបងប្អូនដែលនឹងគ្រប់គ្រងជាមួយព្រះយេស៊ូកំពុងបង្រៀនពួកគេ។ ជាលទ្ធផល ពួកចៀមឯទៀតមានចិត្តជំរុញឲ្យបង្រៀនគម្ពីរព្រះដល់អ្នកឯទៀតដែលចង់បម្រើព្រះយេហូវ៉ា។—វិវរណៈ ៧:៩, ១០
១៨, ១៩. (ក) តើបងៗវ័យចំណាស់ច្រើននាក់អាចរៀបរាប់ប្រាប់យើងអំពីព្រឹត្ដិការណ៍សំខាន់ៗអ្វីខ្លះ? (ខ) តើគ្រិស្តសាសនិកវ័យចំណាស់គួរមានទំនុកចិត្តអ្វី?
១៨ បងៗវ័យចំណាស់ដែលកំពុងបម្រើព្រះយេហូវ៉ាមានតួនាទីសំខាន់មួយទៀត មិនថាពួកគាត់មានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ឬជាពួកចៀមឯទៀតក្ដី ដោយសារពួកគាត់អាចរៀបរាប់ប្រាប់យើងអំពីព្រឹត្ដិការណ៍សំខាន់ៗក្នុងប្រវត្ដិសាស្ត្រនៃរាស្ត្រព្រះនាសម័យនេះ។ ជាឧទាហរណ៍ បងៗវ័យចំណាស់ខ្លះនៅសព្វថ្ងៃនេះ មានវត្តមានពេលអ្នកបម្រើព្រះបានបញ្ចាំងអ្វីដែលហៅថា «ល្ខោនរូបភាពនៃការបង្កើត»។ បងៗខ្លះក៏ធ្លាប់ស្គាល់បុរសដែលជាអ្នកនាំមុខក្នុងអង្គការយើង ដែលត្រូវបានដាក់គុកនៅឆ្នាំ១៩១៨។ បងៗវ័យចំណាស់ឯទៀតធ្លាប់រួមចំណែកក្នុងកម្មវិធីដែលផ្សាយតាមប៉ុស្តិ៍វិទ្យុរបស់សមាគមប៉មយាម (ហៅថា ប៉ុស្តិ៍ WBBR)។ បងៗច្រើននាក់អាចរៀបរាប់ពីពេលពួកស្មរបន្ទាល់ព្រះយេហូវ៉ាបានចូលតុលាការជាន់ខ្ពស់ដើម្បីទាមទារសិទ្ធិសេរីភាពក្នុងការថ្វាយបង្គំ។ បងៗវ័យចំណាស់ឯទៀតបានកាន់ជំហររឹងមាំក្នុងកិច្ចបម្រើព្រះយេហូវ៉ាក្រោមរដ្ឋាភិបាលដែលប្រើអំណាចផ្ដាច់ការ។ ហើយបងៗវ័យចំណាស់ក៏អាចរៀបរាប់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយបំភ្លឺឲ្យយើងយល់នូវសេចក្ដីពិតកាន់តែច្បាស់ទៅៗ។ យ៉ាងនេះ គម្ពីរព្រះលើកទឹកចិត្តយើងឲ្យទទួលប្រយោជន៍ពីបងៗទាំងឡាយដែលមានបទពិសោធន៍ប្រៀបដូចជាភោគសម្ប័ទ។—ចោទិយកថា ៣២:៧
១៩ គ្រិស្តសាសនិកវ័យចំណាស់បានត្រូវទូន្មានឲ្យធ្វើជាគំរូល្អដល់អ្នកថ្វាយបង្គំគ្នីគ្នាដែលមានវ័យក្មេងជាង។ (ទីតុស ២:២-៤) ទោះជាបងៗវ័យចំណាស់បានស៊ូទ្រាំយ៉ាងយូរ ហើយបានអធិស្ឋានឲ្យអ្នកដទៃនិងជូនយោបល់ល្អៗដល់បងប្អូនឯទៀតក្ដី ប្រហែលជាគាត់មានអារម្មណ៍ថា គាត់មិនដែលឃើញលទ្ធផលល្អពីឥទ្ធិពលនោះទេ។ ដូចគ្នាដែរ លោកណូអេ អ័ប្រាហាំ យ៉ូសែបនិងម៉ូសេមិនបានជ្រាបយ៉ាងពេញលេញពីឥទ្ធិពលដែលភាពស្មោះត្រង់របស់គាត់អាចមានលើតំណមនុស្សជំនាន់ក្រោយទេ។ ប៉ុន្តែ ជំនឿនិងភាពស្មោះត្រង់របស់ពួកគាត់មានឥទ្ធិពលខ្លាំងណាស់លើយើង ហើយជំនឿនិងភាពស្មោះត្រង់របស់បងៗវ័យចំណាស់នៅសព្វថ្ងៃនេះក៏មានឥទ្ធិពលដូចគ្នាដែរ។
២០. តើមានអត្ថប្រយោជន៍អ្វីសម្រាប់អស់អ្នកដែលរក្សាឲ្យមានសេចក្ដីសង្ឃឹមរឹងមាំរហូតដល់ទីបញ្ចប់?
២០ មិនថាបងៗវ័យចំណាស់ឆ្លងកាត់«សេចក្ដីវេទនាជាខ្លាំង» ឬរស់ឡើងវិញក្រោយនោះក្ដី បងៗពិតជានឹងមានចិត្តរីករាយពេលទទួល«ជីវិតអស់កល្បជានិច្ច»ដែលគ្មានទីបញ្ចប់! (ម៉ាថាយ ២៤:២១; ធីម៉ូថេទី១ ៦:១៩) សូមស្រមៃគិតអំពីគ្រាសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រិស្ត ពេលព្រះយេហូវ៉ាធ្វើឲ្យមនុស្សចាស់ក្លាយជាក្មេងវិញ។ យើងនឹងលែងមានរូបកាយដែលចេះតែខ្សោយទៅៗទៀតហើយ តែរៀងរាល់ព្រលឹម ពេលយើងភ្ញាក់ពីដេក នោះយើងនឹងមានកម្លាំងច្រើនជាង ព្រមទាំងមើលឃើញនិងឮច្បាស់ជាង ហើយយើងក៏នឹងមានរូបកាយកាន់តែសង្ហារស្អាតផងដែរ! (យ៉ូប ៣៣:២៥; អេសាយ ៣៥:៥, ៦) អស់អ្នកដែលមានឱកាសរស់ក្នុងពិភពលោកថ្មីរបស់ព្រះយេហូវ៉ា នឹងគិតថាពួកគេមានវ័យក្មេងរហូត បើប្រៀបធៀបទៅនឹងជីវិតដែលគ្មានទីបញ្ចប់។ (អេសាយ ៦៥:២២) អាស្រ័យហេតុនេះ ចូរឲ្យយើងរាល់គ្នារក្សាឲ្យមានសេចក្ដីសង្ឃឹមរឹងមាំរហូតដល់ទីបញ្ចប់ ហើយបម្រើព្រះយេហូវ៉ាយ៉ាងអស់ពីកម្លាំងចុះ! ចូរឲ្យយើងជឿជាក់ថា ព្រះយេហូវ៉ានឹងសម្រេចសេចក្ដីសន្យាទាំងអស់របស់ទ្រង់ ហើយទ្រង់នឹងរៀបចំទាំងអស់ឲ្យបានអស្ចារ្យជាងអ្វីៗដែលយើងនឹកស្មានទៅទៀត។—ទំនុកដំកើង ៣៧:៤; ១៤៥:១៦
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើជំហររឹងមាំរបស់លោកណូអេនាំឲ្យមនុស្សជាតិទាំងឡាយទទួលប្រយោជន៍អ្វីខ្លះ?
• តើជំនឿរបស់លោកអ័ប្រាហាំ អ៊ីសាកនិងយ៉ាកុបជះឥទ្ធិពលយ៉ាងណាទៅលើកូនចៅរបស់ពួកគាត់?
• សូម្បីតែពេលដែលលោកយ៉ូសែប ម៉ូសេ យ៉ូស្វេនិងសាំយូអែលមានអាយុច្រើនក៏ដោយ តើពួកគាត់បានពង្រឹងជំនឿរបស់អ្នកជឿគ្នីគ្នាដោយរបៀបណា?
• តើបងៗវ័យចំណាស់អាចជះឥទ្ធិពលទៅលើបងប្អូនឯទៀតដោយរបៀបណា?
[រូបភាពនៅទំព័រ២៨]
ការស៊ូទ្រាំរបស់លោកអ័ប្រាហាំ បានជះឥទ្ធិពលខ្លាំងទៅលើអ៊ីសាក
[រូបភាពនៅទំព័រ៣០]
យោបល់ល្អៗរបស់លោកម៉ូសេបានលើកទឹកចិត្តយ៉ូស្វេ
[រូបភាពនៅទំព័រ៣១]
ការអធិស្ឋានឲ្យអ្នកដទៃអាចជួយពួកគេច្រើនណាស់!
[រូបភាពនៅទំព័រ៣២]
យើងតែងតែទទួលប្រយោជន៍ ពេលស្ដាប់បទពិសោធន៍របស់បងៗវ័យចំណាស់