បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • fy ជំ. ១ ទំ. ៤-១២
  • តើមានគន្លឹះនៃសុភមង្គលគ្រួសារឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមានគន្លឹះនៃសុភមង្គលគ្រួសារឬទេ?
  • គន្លឹះនៃសុភមង្គលគ្រួសារ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​ទៅ​ជា​ក្រុម​គ្រួសារ?
  • ក្រុម​គ្រួសារ​ដែល​មាន​ភាព​តានតឹងចិត្ត
  • គន្លឹះ​នៃ​សុភមង្គល​គ្រួសារ
  • សូមស្វែងរកសន្ដិភាពរបស់ព្រះក្នុងជីវភាពគ្រួសារ
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សូមអរសប្បាយនឹងជីវភាពគ្រួសារចុះ
    សូមអរសប្បាយនឹងជីវភាពគ្រួសារចុះ
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ជំនួយដ៏ពិតសំរាប់ក្រុមគ្រួសារ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
គន្លឹះនៃសុភមង្គលគ្រួសារ
fy ជំ. ១ ទំ. ៤-១២
រូបភាពពេញមួយទំព័រនៅទំព័រ៤

ជំពូក​ទី​មួយ

តើ​មាន​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ​ឬ​ទេ?

រូបភាពនៅទំព័រ៥

១. ហេតុ​អ្វី​ក៏​ក្រុម​គ្រួសារ​ដែល​បាន​ស្ថាបនា​យ៉ាង​មាំ មាន​សារៈ​សំខាន់​សំរាប់​សង្គម​មនុស្ស​ជាតិ?

ក្រុម​គ្រួសារ​គឺ​ជា​របៀប​រៀបចំ​ដែល​មាន​យូរ​ជាង​គេ​បង្អស់​នៅ​លើ​ផែនដី​នេះ ហើយ​ក្រុម​គ្រួសារ​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​សង្គម​មនុស្ស​ជាតិ។ ទូទាំង​ប្រវត្ដិសាស្ត្រ ក្រុម​គ្រួសារ​ដែល​បាន​ស្ថាបនា​ឡើង​យ៉ាង​មាំ នោះ​ក៏​បាន​ជួយ​ធ្វើ​ឲ្យ​មាន​សង្គម​បាន​មាំ​នោះ​ដែរ។ ក្រុម​គ្រួសារ​គឺជា​របៀប​រៀបចំ​ដ៏​ប្រសើរ​បំផុត ដើម្បី​ចិញ្ចឹម​អប់រំ​កូនចៅ​ឲ្យ​បាន​ជា​មនុស្ស​ពេញ​វ័យ។

២​-​៥. (ក) សូម​ពណ៌នា​នូវ​អារម្មណ៍​សុខសាន្ត​ដែល​កូន​ក្មេង​ម្នាក់​មាន​ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល។ (ខ) តើ​បញ្ហា​អ្វី​ដែល​បាន​ត្រូវ​គេ​រាយការណ៍​ក្នុង​ក្រុម​គ្រួសារ​ខ្លះៗ​នោះ?

២ ក្រុម​គ្រួសារ​ដែល​មាន​សុភមង្គល គឺ​ជា​ទី​ជម្រក​ដែល​ផ្ដល់​នូវ​សុវត្ថិភាព​និង​សន្ដិសុខ។ សូម​នឹក​ក្នុង​ចិត្ត​មួយ​សន្ទុះ​សិន​ពី​ក្រុមគ្រួសារ​ដ៏​ល្អ​មួយ។ ក្នុង​កំឡុង​អាហារ​ពេល​ល្ងាច​របស់​ពួកគេ មាតាបិតា​ដ៏​យក​ចិត្ត​ទុក​ដាក់​នោះ ក៏​អង្គុយ​ជា​មួយ​នឹង​កូនៗ​របស់​ខ្លួន ហើយ​ពិគ្រោះ​នូវ​ព្រឹត្ដិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​កំឡុង​ថ្ងៃ​នោះ។ កូនៗ​និយាយ​ជាប់​មាត់​យ៉ាង​រំភើប​ចិត្ត កាល​ដែល​ពួកគេ​បាន​ប្រាប់​មាតាបិតា​របស់​ខ្លួន អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឯ​សាលា។ ពេល​វេលា​សំរាក​ដែល​បាន​ចំណាយ​ជា​មួយ​គ្នា​នេះ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​កម្លាំង​ឡើង​វិញ ដើម្បី​ទ្រាំ​បាន​មួយ​ថ្ងៃ​ទៀត​ពី​បរិយាកាស​ខាង​ក្រៅ​ផ្ទះ​សម្បែង។

៣ ក្នុង​ក្រុម​គ្រួសារ​មួយ​ដែល​មានសុភមង្គល កូន​ម្នាក់​ដឹង​ក្នុង​ចិត្ត​ថា បិតា​ព្រម​ទាំង​មាតា​របស់​គាត់​នឹង​មើល​ថែរក្សា​គាត់ ពេល​គាត់​ឈឺ ដោយ​ប្រហែល​ជា​ផ្លាស់​វេន​គ្នា​មក​អង្គុយ​នៅ​ក្បែរ​គាត់​ពេញ​មួយ​យប់​ទៀត​ផង។ គាត់​ដឹង​ថា គាត់​អាច​ទៅ​ជួប​មាតា​និង​បិតា​របស់​គាត់ ពេល​មាន​បញ្ហា​ក្នុង​ជីវិត​ដ៏​ក្មេង​ខ្ចី​នេះ ដើម្បី​ទទួល​យោបល់​និង​ការ​គាំទ្រ​ផង​ដែរ។ ត្រូវ​ហើយ កូន​នេះ​ពិត​ជា​មាន​អារម្មណ៍​សុខសាន្ត​មែន ទោះ​ជា​បរិយាកាស​ក្រៅ​ផ្ទះ​សម្បែង​មាន​ពេញ​ទៅ​ដោយ​បញ្ហា​យ៉ាង​ណា​ក៏​ដោយ។

៤ នៅ​ពេល​ដែល​កូនៗ​ធំ​ឡើង ជា​ធម្មតា​ដែល​ពួក​គេ​រៀប​ការ​ហើយ​ក៏​មាន​ក្រុម​គ្រួសារ​ផ្ទាល់​ខ្លួន​គេ​ដែរ។ សុភាសិត​មួយ​ពី​បូព៌ា​ប្រទេស​បាន​ចែង​ថា៖ «បុគ្គល​ម្នាក់​ដឹង​ខ្លួន​ថា ជំពាក់​គុណ​មាតាបិតា​ច្រើន​ណាស់ ពេល​ដែល​គាត់​មាន​កូន​របស់​ខ្លួន​ឯង​ផ្ទាល់​នោះ»។ ដោយ​មាន​កតញ្ញូធម៌​និង​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ នោះ​កូន​ដ៏​ធំ​ពេញ​វ័យ​ក៏​ខំ​ប្រឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​មាន​សុភមង្គល​ដែរ។ ពួក​គេ​ក៏​មើល​ថែរក្សា​មាតាបិតា​ដ៏​ចាស់​ជរា​របស់​ខ្លួន ដែល​ពួក​គាត់​មាន​ចិត្ត​ត្រេកអរ​ដោយ​មាន​ចៅៗ​នៅ​ជា​មួយ​នោះ។

៥ ប្រហែល​ជា​នៅ​ពេល​ឥឡូវ​នេះ អ្នក​កំពុង​តែ​គិត​ថា៖ ‹អ៊ីចឹង ខ្ញុំ​ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ក៏​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​គឺ​ឥត​ដូច​នឹង​ក្រុម​គ្រួសារ​ដែល​ទើប​បាន​ពណ៌នា​មក​នោះ​ទេ។ ខ្ញុំ​និង​គូ​អាពាហ៍ពិពាហ៍​របស់​ខ្ញុំ​ធ្វើ​ការ​ខុស​ពេល​គ្នា ហើយ​សឹង​តែ​មិន​ជួប​គ្នា​ផង។ យើង​ច្រើន​តែ​និយាយ​អំពី​បញ្ហា​ខាង​លុយ​កាក់​តែ​ប៉ុណ្ណោះ›។ ឬ​ក៏​តើ​អ្នក​និយាយ​ថា៖ ‹កូនៗ​និង​ចៅៗ​របស់​ខ្ញុំ​រស់​នៅ​ទី​ក្រុង​មួយ​ទៀត ហើយ​ខ្ញុំ​គ្មាន​ឱកាស​ឃើញ​ពួកគេ​ទេ›។ ត្រូវ​ហើយ ដោយ​មាន​ហេតុ​ដែល​ច្រើន​តែ​ហួស​ពី​សមត្ថភាព​របស់​បុគ្គល​ដែល​ទាក់ទង​នឹង​រឿង​នោះ ជីវិត​ក្នុង​ក្រុម​គ្រួសារ​ភាគ​ច្រើន គឺ​មិន​ល្អ​ទាល់តែ​សោះ។ យ៉ាង​ណា​ក៏​ដោយ មនុស្ស​ខ្លះ​មាន​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សុភមង្គល។ តើ​តាម​របៀប​ណា​ទៅ? តើ​មាន​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ​ឬ​ទេ? ចម្លើយ​គឺ មាន​មែន! ប៉ុន្តែ​មុន​នឹង​ពិគ្រោះ​ថា​ជា​អ្វី​នោះ យើង​គួរ​ឆ្លើយ​នូវ​សំនួរ​មួយ​ដ៏​សំខាន់​សិន។

តើ​អ្វី​ទៅ​ជា​ក្រុម​គ្រួសារ?

៦. តើ​ក្រុម​គ្រួសារ​បែប​ណា​ដែល​នឹង​យក​មក​ពិគ្រោះ​ក្នុង​សៀវភៅ​នេះ?

៦ នៅ​ឯ​បស្ចិម​ប្រទេស ក្រុម​គ្រួសារ​ភាគ​ច្រើន​គឺ​មាន​បិតា មាតា និង​កូនៗ។ ជីដូន​ជីតា​ប្រហែល​ជា​រស់​នៅ​ក្នុង​ផ្ទះ​សម្បែង​របស់​ខ្លួន ឲ្យ​តែ​ពួកគាត់​អាច​ធ្វើ​ទៅ​បាន។ ថ្វី​បើ​គួរ​រក្សា​ឲ្យ​មាន​ទំនាក់ទំនង​ជា​មួយ​នឹង​ញាតិ​សន្ដាន​ឯ​ទៀត​ក៏​ដោយ តែ​ភារកិច្ច​ចំពោះ​ពួក​អ្នក​ទាំង​នោះ​គឺ​មាន​កំរិត។ ជា​គោល​សំខាន់ យើង​នឹង​ពិគ្រោះ​ក្នុង​សៀវភៅ​នេះ​អំពី​ក្រុម​គ្រួសារ​ដែល​មាន​មាតា​បិតា​និង​កូនៗ។ ប៉ុន្តែ ក្រុម​គ្រួសារ​បែប​ផ្សេង​ទៀត គឺ​មាន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​ឆ្នាំ​ថ្មីៗ​នេះ ដូច​ជា​ក្រុម​គ្រួសារ​ដែល​មាន​តែ​បិតា​ឬ​មាតា ក្រុម​គ្រួសារ​ដែល​មាន​បិតា​ឬ​មាតា​ចុង និង​ក្រុម​គ្រួសារ​ដែល​មាតា​បិតា​លែង​រស់​នៅ​ជា​មួយ​គ្នា​ដោយសារ​មូលហេតុ​ណា​មួយ។

៧. តើ​អ្វី​ទៅ​ជា​ក្រុម​គ្រួសារ​ខាង​សាច់​ញាតិ?

៧ ក្រុម​គ្រួសារ​ខាង​សាច់​ញាតិ​គឺ​មាន​ទូទៅ​នៅ​ក្នុង​វប្បធម៌​ខ្លះ។ ក្នុង​របៀប​រៀប​ចំ​នេះ បើ​អាច​ធ្វើ​ទៅ​បាន នោះ​ជាធម្មតា​កូនៗ​ក៏​មើល​ថែរក្សា​ជីដូន​ជីតា​របស់​ពួកគេ ហើយ​ក៏​មាន​ការ​ជាប់​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​និង​ភារកិច្ច​ចំពោះ​បងប្អូន​សាច់​ឆ្ងាយ​ផង​ដែរ។ ជា​ឧទាហរណ៍ សមាជិក​ក្នុង​ក្រុម​គ្រួសារ​មួយ​ប្រហែល​ជា​ជួយ​ទំនុកបំរុង ចិញ្ចឹម​អប់រំ ព្រម​ទាំង​ចេញ​ប្រាក់​សំរាប់​ការ​រៀន​សូត្រ​ឲ្យ​ក្មួយៗ​ប្រុស​ស្រី ឬ​ក៏​ដល់​បងប្អូន​សាច់​ញាតិ​ឆ្ងាយ​ទៀត​ផង។ គោលការណ៍​ដែល​នឹង​ត្រូវ​យក​មក​ពិគ្រោះ​ក្នុង​ប្រកាសនវត្ថុ​នេះ ក៏​ទាក់ទង​នឹង​ក្រុម​គ្រួសារ​ខាង​សាច់​ញាតិ​នោះ​ដែរ។

ក្រុម​គ្រួសារ​ដែល​មាន​ភាព​តានតឹងចិត្ត

៨, ៩. តើ​មាន​បញ្ហា​អ្វី​នៅ​ក្នុង​ប្រទេស​ខ្លះៗ​ដែល​បង្ហាញ​ថា ក្រុម​គ្រួសារ​កំពុងតែ​ប្រែប្រួល​នោះ?

៨ សព្វ​ថ្ងៃ​នេះ ក្រុម​គ្រួសារ​គឺ​កំពុង​តែ​ប្រែប្រួល ហើយ​គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​ការ​ប្រែប្រួល​នេះ​មិន​មែន​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​នោះ​ទេ។ ឧទាហរណ៍​មួយ​អំពី​រឿង​នេះ គឺ​នៅ​ប្រទេស​ឥណ្ឌា​ដែល​ភរិយា​ម្នាក់​ប្រហែល​ជា​រស់​នៅ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​ស្វាមី ហើយ​ធ្វើ​ការ​ក្នុង​ផ្ទះ​ក្រោម​ការ​ដឹក​នាំ​របស់​សាច់​ថ្លៃ​គាត់។ យ៉ាង​ណា​ក៏​ដោយ សព្វ​ថ្ងៃ​នេះ គឺ​ជា​ការ​ធម្មតា​ទេ ដែល​ភរិយា​ជនជាតិ​ឥណ្ឌា​រក​ការងារ​ធ្វើ​ក្រៅ​ផ្ទះ​នោះ។ ក៏​ប៉ុន្តែ តាម​មើល​ទៅ ពួក​គេ​នៅ​តែ​បាន​តម្រូវ​ឲ្យ​បំពេញ​មុខ​នាទី​តាម​ទំនៀម​ទម្លាប់​នៅ​ក្នុង​ផ្ទះ​សម្បែង​ដែរ។ សំនួរ​ដែល​បាន​ត្រូវ​សួរ​ឡើង​នៅ​ឯ​ប្រទេស​ជា​ច្រើន​នោះ​គឺ​ថា បើ​ប្រៀបធៀប​នឹង​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ តើ​ស្ត្រី​ម្នាក់​ដែល​មាន​ការងារ​ធ្វើ​ខាង​ក្រៅ​ផ្ទះ គួរ​តម្រូវ​ឲ្យ​ធ្វើ​ការ​ប៉ុណ្ណា​នៅ​ក្នុង​ផ្ទះ​សម្បែង​នោះ?

៩ នៅ​ក្នុង​សង្គម​ទាំង​ឡាយ​ខាង​បូព៌ា​ប្រទេស នោះ​ចំណង​ដ៏​រឹងមាំ​ក្នុង​ក្រុម​គ្រួសារ​ខាង​សាច់​ញាតិ គឺ​មាន​តាម​ទំនៀម​ទម្លាប់។ ប៉ុន្តែ ដោយ​មាន​ឥទ្ធិពល​ពី​បស្ចិម​ប្រទេស​ខាង​ការ​ធ្វើ​តាម​គំនិត​របស់​ខ្លួន​ឯង និង​បញ្ហា​ខាង​សេដ្ឋកិច្ច នោះ​ចំណង​ដ៏​រឹងមាំ​ក្នុង​ក្រុម​គ្រួសារ​ខាង​សាច់​ញាតិ គឺ​កំពុង​តែ​អន់ថយ​ទៅៗ។ ដូច្នេះ​ហើយ មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ថា ការ​មើល​ថែរក្សា​សមាជិក​ចាស់​ជរា​ក្នុង​ក្រុម​គ្រួសារ ជា​បន្ទុក​ជាជាង​ចាត់​ទុក​នោះ​ជា​កាតព្វកិច្ច ឬ​ជា​ឯកសិទ្ធិ​ទៅ​វិញ។ មាតាបិតា​ដ៏​ចាស់​ជរា​ខ្លះ​បាន​ត្រូវ​គេ​ធ្វើ​បាប។ ប្រាកដ​ហើយ ការ​ធ្វើ​បាប​និង​ការ​ឥត​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ចាស់ គឺ​មាន​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ។

១០, ១១. តើ​ហេតុ​ការណ៍​អ្វី​ដែល​បង្ហាញ​ថា ក្រុម​គ្រួសារ​នានា​កំពុង​តែ​ប្រែប្រួល​នៅ​ប្រទេស​ផ្សេងៗ​ក្នុង​ទ្វីប​អឺរ៉ុប?

១០ ការ​លែង​លះ​គ្នា​គឺ​មាន​ជា​ទូទៅ ហើយ​កាន់​តែ​ច្រើន​ឡើង។ នៅ​ប្រទេស​អេស្ប៉ាញ អត្រា​នៃ​ការ​លែងលះ​គ្នា​បាន​ឡើង​ទៅ​ដល់​១​ភាគ​៨ ចាប់​ពីដើម​ទសវត្ស​ចុង​ក្រោយ​នៃ​សតវត្ស​ទី​២០។ អត្រា​នេះ​បាន​កើន​ឡើង​យ៉ាង​ច្រើន ដល់​១​ភាគ​រយ​ទៅ​ហើយ គ្រាន់​តែ​២៥​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ប្រទេស​អង់គ្លេស តាម​សេចក្ដី​រាយការណ៍​នោះ​មាន​អត្រា​នៃ​ការ​លែង​លះ​គ្នា​ដ៏​ខ្ពស់​ជាង​គេ​ក្នុង​ទ្វីប​អឺរ៉ុប (គេ​គិត​ថា អាពាហ៍ពិពាហ៍​៤​ក្នុង​១០ នឹង​ទទួល​បរាជ័យ) នោះ​គេ​ឃើញ​មាន​ចំនួន​ក្រុម​គ្រួសារ​ដែល​មាន​តែ​បិតា​ឬ​មាន​តែ​មាតា បាន​កើន​ឡើង​យ៉ាង​លឿន។

១១ មនុស្ស​ជា​ច្រើន​នៅ​ប្រទេស​អាល្លឺម៉ង់ ហាក់​ដូច​ជា​លែង​និយម​ចង់​បាន​ក្រុម​គ្រួសារ​ដែល​មាន​ទាំង​មាតាបិតា​និង​កូនៗ​សោះ​ឡើយ។ នៅ​ទសវត្ស​នៃ​ឆ្នាំ​១៩៩០ នោះ​ក្រុម​គ្រួសារ​ជាតិ​អាល្លឺម៉ង់ ដែល​មាន​តែ​បុគ្គល​ម្នាក់​រស់​នៅ​តែ​ឯង នោះ​មាន​៣៥​ភាគ​រយ និង​ក្រុម​គ្រួសារ​ដែល​មាន​បុគ្គល​ពីរ​នាក់​ប៉ុណ្ណោះ គឺ​មាន​ដល់​៣១​ភាគ​រយ។ ពួក​មនុស្ស​នៅ​ប្រទេស​បារាំង​ក៏​មិន​សូវ​រៀប​ការ​ដែរ ហើយ​អស់​អ្នក​ដែល​រៀប​ការ ក៏​បាន​លែង​លះ​គ្នា​ជា​ញឹកញយ ហើយ​យ៉ាង​លឿន​ជាង​មុនៗ​ទៅ​ទៀត។ មនុស្ស​កាន់​តែ​ច្រើន​ឡើង​ចូល​ចិត្ត​រស់​នៅ​ជា​មួយ​គ្នា ដោយ​ឥត​ចង់​ទទួល​ភារកិច្ច​ខាង​អាពាហ៍ពិពាហ៍។ និន្នាការ​ដែល​អាច​ប្រៀបធៀប​នឹង​នេះ​គឺ​មាន​ទូទាំង​ពិភពលោក។

១២. តើ​កូន​ក្មេង​រង​ទុក្ខ​យ៉ាង​ណា ដោយ​ព្រោះ​មាន​ការ​ប្រែប្រួល​ក្នុង​ក្រុម​គ្រួសារ​សម័យ​ទំនើប​នេះ?

១២ ចុះ​ពួក​កូន​ក្មេង​យ៉ាង​ណា​វិញ​ដែរ? នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ជា​ច្រើន​ទៀត នោះ​កូន​ក្មេង​កាន់​តែ​ច្រើន​ឡើងៗ​បាន​កើត​មក​ពី​មាតា​បិតា​ដែល​ឥត​បាន​រៀប​ការ ហើយ​ខ្លះ​កើត​មក​ពី​មាតាបិតា​ដែល​នៅ​ក្មេង​ជំទង់។ យុវនារី​ជា​ច្រើន​នាក់​មាន​កូន​មួយ​ចំនួន ពី​បិតា​ផ្សេងៗ​គ្នា។ របាយ​ការណ៍​ពី​ជុំវិញ​ពិភពលោក ចែង​ប្រាប់​អំពី​កូន​ក្មេង​ជា​ច្រើន​លាន​នាក់​ដែល​ឥត​មាន​ផ្ទះ​សម្បែង ដែល​ដើរ​រហេត​រហូត​តាម​ផ្លូវ។ ពួក​គេ​ជា​ច្រើន​នាក់​រត់​គេច​ពី​ក្រុម​គ្រួសារ​ដែល​ធ្វើ​បាប​ពួកគេ ឬ​ក្រុម​គ្រួសារ​បាន​បណ្ដេញ​ពួកគេ​ចេញ​ដោយ​មិន​អាច​ចិញ្ចឹម​ពួក​គេ​បាន​ទៀត​ទេ។

១៣. តើ​បញ្ហា​ទូទៅ​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លែង​មាន​សុភមង្គល​នោះ?

១៣ ត្រូវ​ហើយ នៅ​ក្នុង​ក្រុម​គ្រួសារ​កំពុង​តែ​មាន​វិបត្ដិ​មែន។ បន្ថែម​ពី​លើ​អ្វី​ដែល​បាន​រៀប​រាប់​មក​ហើយ​នេះ គឺ​មាន​ការ​បះបោរ​ដោយ​ក្មេង​ជំទង់ ការ​ធ្វើ​បាប​កូន​ក្មេង ការ​ប្រើ​អំពើ​ហិង្សា​លើ​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន រោគញៀន​ស្រា និង​បញ្ហា​ឯ​ទៀត​ដ៏​អន្តរាយ ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជា​ច្រើន​លែង​មាន​សុភមង្គល​ទៀត។ ចំពោះ​មនុស្ស​ពេញ​វ័យ​និង​កូន​ក្មេង​ជា​ច្រើន​នាក់​ទៀត នោះ​ក្រុម​គ្រួសារ​ប្រាកដ​ជា​មិន​មែន​ជម្រក​មួយ​ឡើយ។

១៤. (ក) យោង​ទៅ​តាម​អ្នក​ខ្លះ តើ​អ្វី​ទៅ​ជា​បុព្វហេតុ​នៃ​វិបត្ដិ​ក្នុង​ក្រុម​គ្រួសារ? (ខ) តើ​មេធាវី​ម្នាក់​នៅ​សតវត្ស​ទី​មួយ បាន​រៀប​រាប់​យ៉ាង​ណា​នូវ​ពិភពលោក​ក្នុង​សម័យ​នេះ ហើយ​តើ​ការ​សម្រេច​នៃ​ពាក្យ​របស់​គាត់​ធ្លាប់​មាន​អានុភាព​លើ​ជីវិត​ក្នុង​ក្រុម​គ្រួសារ​យ៉ាង​ដូច​ម្ដេច?

១៤ ហេតុ​អ្វី​ក៏​មាន​វិបត្ដិ​នៅ​ក្នុង​ក្រុម​គ្រួសារ​ដូច្នេះ? យោង​ទៅ​តាម​អ្នក​ខ្លះ បុព្វហេតុ​នៃវិបត្ដិ​ក្នុង​ក្រុម​គ្រួសារ​នៅ​សម័យ​នេះ គឺ​ដោយសារ​ការ​រួម​បញ្ចូល​ស្ត្រី​ធ្វើ​ការ​ក្នុង​សង្គម។ អ្នក​ឯ​ទៀត​ចង្អុល​ទៅ​ការ​ចុះ​អាប់ឱន​ខាង​សីលធម៌​នៅ​សព្វ​ថ្ងៃ​នេះ។ ហើយ​បុព្វហេតុ​ឯ​ទៀត​ក៏​បាន​លើក​មក​និយាយ​ដែរ។ ជិត​ពីរ​ពាន់​ឆ្នាំ​ទៅ​ហើយ មេធាវី​ដ៏​ល្បី​ម្នាក់​បាន​ទាយ​ប្រាប់​ថា ការ​បង្ខិត​បង្ខំ​ជា​ច្រើន​នឹង​ធ្វើ​ទុក្ខ​ទោស​ដល់​ក្រុម​គ្រួសារ ដោយ​គាត់​បាន​សរសេរ​ថា៖ «ចូរ​ឲ្យ​ដឹង​ថា នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់ ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួតអាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើលងាយ មិន​ស្ដាប់​បង្គាប់​មាតា​បិតា រមិលគុណ មាន​ចិត្ត​មិន​បរិសុទ្ធ មិន​ស្រឡាញ់​តាម​ធម្មតា​មនុស្ស គ្មាន​សេចក្ដី​អធ្យោគ និយាយ​បង្កាច់​គេ មិន​ចេះ​ទប់​ចិត្ត មាន​ចិត្ត​សាហាវ មិន​ចូល​ចិត្ត​នឹង​ការ​ល្អ ក្បត់​គេ ឥត​បើ​គិត មាន​ចិត្ត​ធំ ហើយ​ចូល​ចិត្ត​នឹង​ល្បែង​លេង​ជាជាង​ព្រះ»។ (ធីម៉ូថេទី២ ៣:១​-​៤) គ្មាន​អ្នក​ណា​ម្នាក់​ដែល​សង្ស័យ​ថា​ពាក្យ​ទាំង​នេះ​មិន​សម្រេច​នៅ​សព្វ​ថ្ងៃ​នេះ​ឡើយ។ ដោយសារ​នៅ​ក្នុង​ពិភពលោក​យើង​មាន​ស្ថានភាព​បែប​នេះ ដូច្នេះ​ហើយ​បាន​ជា​ក្រុម​គ្រួសារ​ជា​ច្រើន​កំពុង​តែ​មាន​វិបត្ដិ​នោះ។

គន្លឹះ​នៃ​សុភមង្គល​គ្រួសារ

១៥​-​១៧. នៅ​ក្នុង​សៀវភៅ​នេះ តើ​យើង​នឹង​ចង្អុល​បញ្ជាក់​ពី​ប្រភព​ណា ថា​ជា​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ​នោះ?

១៥ ឱវាទ​ស្តី​អំពី​របៀប​ធ្វើ​ឲ្យ​មាន​សុភមង្គល​នៅ​ក្នុង​ក្រុម​គ្រួសារ គឺ​បាន​ផ្ដល់​មក​ពី​គ្រប់​កន្លែង។ នៅ​បស្ចិម​ប្រទេស នោះ​មាន​យោបល់​មិន​ចេះ​ចប់​ពី​សៀវភៅ​និង​ទស្សនាវដ្ដី​នានា​ដើម្បី​ជួយ​ខ្លួន​ឯង។ តែ​មាន​បញ្ហា​គឺ​ថា ពួក​អ្នក​ឲ្យ​ឱវាទ​ដែល​ជា​មនុស្ស​តែង​និយាយ​ប្រឆាំង​គ្នា ហើយ​ឱវាទ​ដែល​ចាត់​ទុក​ថា​ទាន់​សម័យ​នៅថ្ងៃ​នេះ អាច​ចាត់​ទុក​ថា​ឥត​មាន​ប្រយោជន៍​នៅ​ថ្ងៃ​ស្អែក​ក៏​មាន។

១៦ បើ​ដូច្នេះ តើ​យើង​អាច​រក​ការ​ដឹក​នាំ​ចំពោះ​ក្រុម​គ្រួសារ​ដែល​អាច​ទុក​ចិត្ត​បាន ពី​កន្លែង​ណា​ទៅ? តើ​អ្នក​នឹង​មើល​ក្នុង​សៀវភៅ​មួយ ដែល​បាន​សរសេរ​ចប់​ប្រមាណ​១៩០០​ឆ្នាំ​កន្លង​ទៅ​ហើយ​ឬ​ទេ? ឬ​ក៏​តើ​អ្នក​មាន​អារម្មណ៍​ថា សៀវភៅ​បែប​នោះ​គឺ​ហួស​សម័យ​ហើយ? តាម​ការ​ពិត គន្លឹះ​ពិត​ប្រាកដ​នៃ​សុភមង្គល​គ្រួសារ ក៏​រក​ឃើញ​បាន​នៅ​ក្នុង​ប្រភព​បែប​នេះ​មែន។

១៧ ប្រភព​នោះ​គឺ​ជា​ព្រះ​គម្ពីរ។ យោង​ទៅ​តាម​ទី​សំអាង​ទាំង​អស់​នោះ​គឺ​ថា ព្រះគម្ពីរ​បាន​ត្រូវ​បណ្ដាល​ឲ្យ​តែង​ដោយ​ព្រះ​អង្គ​ទ្រង់​ផ្ទាល់។ នៅ​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញ​នូវ​សេចក្ដី​ថ្លែង​ដូច​ត​ទៅ​ថា៖ «គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សំរាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​ដំរង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត»។ (ធីម៉ូថេទី២ ៣:១៦) នៅ​ក្នុង​ប្រកាសនវត្ថុ​នេះ យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ពិនិត្យ​មើល​នូវ​របៀប​ដែល​ព្រះ​គម្ពីរ​អាច​ជួយ​លោក​អ្នក​ឲ្យ​ចេះ‹កែ​តំរង់› ពេល​ដោះ​ស្រាយ​នូវ​ភាព​តានតឹង​និង​បញ្ហា​ផ្សេងៗ​ដែល​ប្រឈម​មុខ​ក្នុង​ក្រុម​គ្រួសារ​សព្វ​ថ្ងៃ​នេះ។

១៨. ហេតុ​អ្វី​ក៏​សម​ហេតុ​សម​ផល​ក្នុង​ការ​ទទួល​ស្គាល់​ថា​ព្រះ​គម្ពីរ​ជា​ប្រភព​មួយ​នៃ​ការ​ឲ្យ​ឱវាទ​ខាង​អាពាហ៍ពិពាហ៍​នោះ?

១៨ ប្រសិន​បើ​អ្នក​មាន​ចិត្ត​សង្ស័យ​ថា ព្រះគម្ពីរ​មិន​អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល សូម​ពិនិត្យ​មើល​សេចក្ដី​នេះ​សិន៖ បុគ្គល​មួយ​អង្គ​ដែល​បាន​បណ្ដាល​ឲ្យ​តែង​ព្រះ​គម្ពីរ​មក ក៏​ជា​អ្នក​ផ្ដើម​នូវ​របៀប​រៀបចំ​ខាង​អាពាហ៍ពិពាហ៍​ដែរ។ (លោកុប្បត្តិ ២:១៨​-​២៥) ព្រះ​គម្ពីរ​ចែង​ថា ព្រះ​នាម​របស់​ទ្រង់​គឺ​យេហូវ៉ា។ (ទំនុកដំកើង ៨៣:១៨) ទ្រង់​ជា​ព្រះ​ដ៏​ជា​អ្នក​បង្កើត និង​ជា‹ព្រះ​វរបិតា ដែល​គ្រប់​ទាំង​គ្រួសារ​មាន​នាម​ត្រកូល​ពី​ទ្រង់​មក›។ (អេភេសូរ ៣:១៤, ១៥) ព្រះ​យេហូវ៉ា​បាន​សង្កេត​ឃើញ​ជីវភាព​គ្រួសារ​តាំង​ពី​ការ​ចាប់​ផ្ដើម​របស់​មនុស្ស​ជាតិ​មក​ម្ល៉េះ។ ទ្រង់​ជ្រាប​អំពី​បញ្ហា​ដែល​អាច​កើត​ឡើង ហើយ​បាន​ប្រទាន​ឲ្យ​ឱវាទ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ។ ទូទាំង​ប្រវត្ដិសាស្ត្រ អស់​អ្នក​ដែល​អនុវត្ត​យ៉ាង​ស្មោះ​តាម​គោលការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវភាព​គ្រួសារ​របស់​គេ នោះ​គេ​រក​បាន​សុភមង្គល​ច្រើន​ជាង។

១៩​-​២១. តើ​មាន​បទពិសោធន៍​ណា​ខ្លះ​នៅ​សម័យ​ទំនើប​នេះ ដែល​បង្ហាញ​នូវ​ឥទ្ធិពល​នៃ​ព្រះ​គម្ពីរ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អាពាហ៍ពិពាហ៍​នោះ?

១៩ ជា​ឧទាហរណ៍ ស្ត្រី​មេ​ផ្ទះ​ម្នាក់​នៅ​ប្រទេស​ឥណ្ឌូនេ​ស៊ី ធ្លាប់​ជា​អ្នក​ញៀន​លេង​ល្បែង​ភ្នាល់​ដែល​អត់​លេង​មិន​បាន។ ជា​ច្រើន​ឆ្នាំ​មក​ហើយ គាត់​ឥត​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​កូន​បី​នាក់​របស់​គាត់​ទេ ហើយ​បាន​ឈ្លោះ​ប្រកែក​នឹង​ស្វាមី​របស់​គាត់​ជានិច្ច។ រួច​មក គាត់​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ។ បន្ដិច​ម្ដងៗ ស្ត្រី​នេះ​បាន​ជឿ​ទៅ​លើ​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​មក។ នៅ​ពេល​ដែល​គាត់​បាន​អនុវត្ត​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ នោះ​គាត់​បាន​ទៅ​ជា​ភរិយា​ម្នាក់​ដ៏​ល្អ​ជាង​មុន។ ការ​ខំ​ប្រឹង​របស់​គាត់ ដែល​មាន​មូលដ្ឋាន​លើ​គោលការណ៍​ព្រះ​គម្ពីរ បាន​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​ក្រុម​គ្រួសារ​ទាំង​មូល​របស់​គាត់។

២០ ស្ត្រី​មេ​ផ្ទះ​ម្នាក់​នៅ​ប្រទេស​អេស្ប៉ាញ​មាន​ប្រសាសន៍​ថា៖ «យើង​ទើប​តែ​បាន​រៀបការ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ពេល​ដែល​យើង​បាន​ចាប់​ផ្ដើម​មាន​បញ្ហា​ធ្ងន់ធ្ងរ​នោះ»។ គាត់​និង​ស្វាមី​របស់​គាត់​ឥត​មាន​លក្ខណៈ​ដូច​គ្នា​ទេ ហើយ​ពុំ​សូវ​និយាយ​រក​គ្នា លើក​លែង​តែ​ពេល​មាន​ការ​ឈ្លោះ​ប្រកែក​តែ​ប៉ុណ្ណោះ។ ថ្វី​បើ​មាន​កូន​ស្រី​ម្នាក់​ក៏​ដោយ ក៏​គេ​បាន​សម្រេច​ចិត្ត​រស់នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​តាម​ច្បាប់។ ក៏​ប៉ុន្តែ​មុន​នឹង​រឿង​នេះ​កើត​ឡើង នោះ​ពួក​គេ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​មើល​ព្រះ​គម្ពីរ។ ពួក​គេ​ទាំង​ពីរ​បាន​សិក្សា​នូវ​ឱវាទ​ស្តី​អំពី​បុរស​និង​ស្ត្រី​ដែល​រៀប​ការ​ហើយៗ​បាន​ចាប់​ផ្ដើម​អនុវត្ត​តាម​ឱវាទ​នេះ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ពួក​គេ​អាច​ប្រស្រ័យ​ទាក់ទង​គ្នា​ដោយ​មេត្រីភាព ហើយ​ក្រុម​គ្រួសារ​ដ៏​តូច​របស់​គេ​ក៏​មាន​សាមគ្គីភាព​យ៉ាង​សប្បាយ​រីករាយ។

២១ ព្រះ​គម្ពីរ​ក៏​ជួយ​មនុស្ស​ចាស់ៗ​ដែរ។ ជា​ឧទាហរណ៍ សូម​ពិនិត្យ​មើល​នូវ​បទពិសោធន៍​នៃ​គូ​ស្វាមី​ភរិយា​នេះ​ដែល​ជា​ជនជាតិ​ជប៉ុន។ ស្វាមី​នេះ​គឺ​ឆាប់​ខឹង​ណាស់ ហើយ​ជួនកាល​មាន​ចិត្ត​ឃោរឃៅ​ទៀត​ផង។ មុន​ដំបូង កូន​ស្រីៗ​របស់​គូ​ស្វាមី​ភរិយា​នេះ បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ ទោះ​ជា​មាន​ការ​ជំទាស់​ពី​មាតា​បិតា​របស់​គេ​ក៏​ដោយ។ រួច​មក ស្វាមី​នេះ​ក៏​បាន​ចូល​រួម​សិក្សា​ជា​មួយ​នឹង​កូន​ស្រីៗ​របស់​គាត់​ដែរ ក៏​ប៉ុន្តែ​ភរិយា​បាន​ទៅ​ជា​ជំទាស់​ជានិច្ច​វិញ។ តែ​ជា​ច្រើន​ឆ្នាំ​កន្លង​មក នោះ​ភរិយា​បាន​កត់​សម្គាល់​នូវ​ឥទ្ធិពល​ដ៏​ល្អ​ដែល​គោលការណ៍​ព្រះ​គម្ពីរ​មាន​លើ​ក្រុម​គ្រួសារ​របស់​គាត់។ កូន​ស្រីៗ​របស់​គាត់​បាន​មើល​ថែរក្សា​គាត់​យ៉ាង​ល្អ ហើយ​ស្វាមី​របស់​គាត់​ក៏​ទៅ​ជា​ស្លូត​ជាង​មុន​ឆ្ងាយ​ណាស់។ ការ​កែ​ប្រែ​បែប​នេះ​បាន​ជំរុញ​ស្ត្រី​នេះ​ឲ្យ​ពិនិត្យ​មើល​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ហើយ​ព្រះគម្ពីរ​ក៏​មាន​ឥទ្ធិពល​ដ៏​ល្អ​ដូច​គ្នា​ដែរ​ទៅ​លើ​គាត់។ ស្ត្រី​ចាស់​នេះ​បាន​មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​ថា៖ «យើង​បាន​ទៅ​ជា​គូ​ស្វាមី​ភរិយា​ដ៏​ពិត​មែន​ទែន»។

២២, ២៣. តើ​ព្រះ​គម្ពីរ​ជួយ​មនុស្ស​គ្រប់​ពូជ​សាសន៍ ឲ្យ​ស្វែង​រក​សុភមង្គល​ក្នុង​ជីវភាព​គ្រួសារ​របស់​គេ​យ៉ាង​ដូច​ម្ដេច?

២២ ពួក​បុគ្គល​ទាំង​នេះ​គឺ​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​នាក់ ដែល​បាន​រៀន​ដឹង​អំពី​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ។ ពួក​គេ​បាន​ទទួល​ព្រម​តាម​ឱវាទ​ក្នុង​ព្រះ​គម្ពីរ ហើយ​ក៏​បាន​អនុវត្ត​តាម​ឱវាទ​នោះ។ ពិត​មែន ដូច​មនុស្ស​គ្រប់​គ្នា​នោះ​ដែរ ពួក​គេ​រស់​នៅ​ក្នុង​ពិភពលោក​ដ៏​ឃោរឃៅ ឥត​សីលធម៌ ដែល​មាន​វិបត្ដិ​សេដ្ឋកិច្ច។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ក៏​ប៉ុន្តែ​គេ​មាន​សុភមង្គល​ពី​ការ​ខំ​ប្រឹង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដ៏​ជា​អ្នក​ផ្ដើម​របៀប​រៀប​ចំ​ជា​ក្រុម​គ្រួសារ។ ដូច​ជា​ព្រះ​គម្ពីរ​ចែង​មក នោះ​ព្រះ​យេហូវ៉ា​ជា«អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ»។—អេសាយ ៤៨:១៧

២៣ ទោះ​ជា​ព្រះ​គម្ពីរ​បាន​សរសេរ​ចប់​ជិត​ពីរ​ពាន់​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ តែ​ឱវាទ​ក្នុង​ព្រះ​គម្ពីរ​ក៏​ពិត​ជា​ទាន់​សម័យ​ណាស់។ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​បាន​ត្រូវ​សរសេរ​មក​សំរាប់​មនុស្ស​គ្រប់​គ្នា។ ព្រះ​គម្ពីរ​មិន​មែន​ជា​សៀវភៅ​អាមេរិកាំង​ឬ​របស់​មនុស្ស​ពី​បស្ចិម​ប្រទេស​នោះ​ឡើយ។ ព្រះ​យេហូវ៉ា«ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១» ហើយ​ទ្រង់​ជ្រាប​អំពី​សមាស​ភាព​របស់​មនុស្ស​ជាតិ​ដែល​រស់​នៅ​គ្រប់​កន្លែង។ (កិច្ចការ ១៧:២៦) គោលការណ៍​ព្រះ​គម្ពីរ​មាន​ប្រសិទ្ធិភាព​សំរាប់​មនុស្ស​គ្រប់​គ្នា។ ប្រសិន​បើ​លោក​អ្នក​អនុវត្ត​តាម​គោលការណ៍​ទាំង​នោះ លោក​អ្នក​ក៏​នឹង​ដឹង​អំពី​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ​ដែរ។

តើ​អ្នក​អាច​ឆ្លើយ​សំនួរ​ទាំង​នេះ​បាន​ឬ​ទេ?

តើ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​ដល់​ក្រុម​គ្រួសារ​សព្វ​ថ្ងៃ​នេះ?—ធីម៉ូថេទី២ ៣:១​-​៤

តើ​អ្នក​ណា​ដែល​បាន​ផ្ដើម​របៀប​រៀប​ចំ​ជា​ក្រុម​គ្រួសារ?—អេភេសូរ ៣:១៤, ១៥

តើ​អ្វី​ជា​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ?—អេសាយ ៤៨:១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក