តើអ្នកមានទម្លាប់យ៉ាងដូចម្ដេច?
១ កិច្ចប្រជុំគ្រិស្តសាសនិកគឺជាផ្នែកដ៏សំខាន់ក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ជាការសមត្រឹមត្រូវដែលសាវ័កប៉ូលបានដាស់តឿនយើងកុំឲ្យគេចវេះពីការប្រជុំគ្នា«ដូចអ្នកខ្លះមានទម្លាប់គេចវេះនោះទេ»។—ហេ. ១០:២៥
២ តើអ្នកមានចិត្តគំនិតស្រដៀងគ្នានឹងសាវ័កប៉ូលអំពីការសេពគប់ជាមួយបងប្អូននៅឯកិច្ចប្រជុំរបស់យើងឬទេ? តើអ្នកមានទម្លាប់យ៉ាងណាស្តីអំពីរឿងនេះ? តើអ្នកចូលរួមកិច្ចប្រជុំជាទៀងទាត់ឬទេ? ឬ តើអ្នកមានទម្លាប់ខានទៅកិច្ចប្រជុំឬទេ? តើកិច្ចប្រជុំសំខាន់យ៉ាងណាក្នុងជីវិតរបស់អ្នក?
៣ ទោះជាយើងមានកិច្ចការប្រចាំថ្ងៃយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវមើលស្រាលឱវាទរបស់ប៉ូលឡើយ។ ទោះជាម្ដងម្កាលគ្រិស្តសាសនិកម្នាក់ ប្រហែលជាខកខានទៅកិច្ចប្រជុំដោយសារសុខភាពមិនសូវល្អ ឬមានអ្វីកើតឡើងដែលធ្វើឲ្យយើងមិនអាចទៅបាន ក៏ប៉ុន្តែមិនគួរឲ្យការខកខាននេះក្លាយទៅជាទម្លាប់របស់ខ្លួនឡើយ។ (រ៉ូម ២:២១) ដោយសារមានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយក៏មានភារកិច្ចមួយចំនួនក្នុងកិច្ចបម្រើព្រះផងដែរ នោះគ្រិស្តសាសនិកម្នាក់ត្រូវពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង។ (ភី. ១:១០) កិច្ចប្រជុំគឺនៅក្នុងចំណោមការអ្វីដែលសំខាន់ជាងសម្រាប់គ្រិស្តសាសនិក ហើយជាអ្វីដែលសំខាន់បំផុតដើម្បីពង្រឹងចំណងមិត្តភាពរបស់យើងជាមួយព្រះយេហូវ៉ា។
លើកទឹកចិត្តគ្នាទៅវិញទៅមក
៤ ក្នុងសំបុត្រដែលប៉ូលសរសេរទៅគ្រិស្តសាសនិកនៅទីក្រុងរ៉ូម គាត់បញ្ជាក់ថា គាត់ចង់ជួបពួកគេខ្លាំងណាស់។ ហេតុអ្វី? ពីព្រោះគាត់ចង់ឲ្យពរពីព្រះដល់ពួកគេ ដើម្បី‹ធ្វើឲ្យពួកគេបានរឹងមាំ›។ (រ៉ូម ១:១១) គាត់មានអារម្មណ៍ថាការសេពគប់ គឺជាការសំខាន់ចាំបាច់ ដោយសារគាត់បានបន្តនិយាយថា៖ «ដើម្បីយើងម្នាក់ៗអាចលើកទឹកចិត្តគ្នាទៅវិញទៅមក»។ ឬដូចកំណត់សម្គាល់ក្នុងគម្ពីរឯកសារយោងជាភាសាអង់គ្លេសចែងថា៖ «ដើម្បីទទួលការលើកទឹកចិត្តជាមួយគ្នា»។ (រ៉ូម ១:១២) សូម្បីតែសាវ័កប៉ូលក៏ទទួលស្គាល់ដែរថា គាត់ត្រូវការនូវការលើកទឹកចិត្តតាមរយៈការសេពគប់ជាមួយគ្រិស្តសាសនិក។
៥ ស្រដៀងគ្នាដែរ នៅឯកិច្ចប្រជុំរបស់យើង យើងគួរបំផុសទឹកចិត្តគ្នាទៅវិញទៅមក ដើម្បីឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តដែលល្អប្រសើរ។ ការញញឹមរាក់ទាក់ និងការស្វាគមន៍គ្នាយ៉ាងកក់ក្ដៅអាចមានឥទ្ធិពលល្អចំពោះអ្នកឯទៀត។ យើងទទួលការលើកទឹកចិត្តខ្លាំងណាស់ ពេលយើងឮចម្លើយដែលលើកទឹកចិត្ត ស្ដាប់សុន្ទរកថាដែលបានរៀបចំយ៉ាងល្អ ពេលឃើញការរីកចម្រើនផ្សេងទៀតរបស់បងប្អូនខាងការគោរពប្រណិប័តន៍ព្រះ និងពេលយើងនៅក្នុងចំណោមបងប្អូនរួមជំនឿនៅកិច្ចប្រជុំ។ ទោះជាយើងអស់កម្លាំងក្រោយពីធ្វើការពេញមួយថ្ងៃ ជាធម្មតាយើងនឹងឃើញថា យើងមានកម្លាំងឡើងវិញក្រោយពីបានចូលរួមកិច្ចប្រជុំហើយ។ ចំណងមិត្តភាពជាមួយគ្រិស្តសាសនិក និងសេចក្ដីស្រឡាញ់ដែលបងប្អូនយើងបង្ហាញចំពោះយើង នឹងលើកទឹកចិត្តយើងឲ្យ«រត់ដោយស៊ូទ្រាំក្នុងទីប្រណាំងដែលបានត្រូវកំណត់ឲ្យយើង»។ (ហេ. ១២:១) ដោយស្ដាប់បណ្ដាំរបស់ព្រះយ៉ាងយកចិត្តទុកដាក់ យើងអាចខំប្រឹងព្យាយាមឥតឈប់ក្នុងការប្រកាសប្រាប់សេចក្ដីសង្ឃឹមរបស់យើងដល់មនុស្សទាំងអស់ដោយមិនរួញរា។ ការចូលរួមកិច្ចប្រជុំពិតជានាំឲ្យមានពរច្រើនណាស់។
៦ ជាងពេលមុនទៅទៀត យើងត្រូវខំប្រឹងឥតឈប់ក្នុងការប្រកាសប្រាប់អំពីជំនឿរបស់យើង ហើយបំផុសទឹកចិត្តអ្នកឯទៀតឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តដែលល្អប្រសើរ។ យើងមិនចង់មានទម្លាប់គេចវេះពីការប្រជុំគ្នាទេ។ តាមវិធីនេះ យើងនឹងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកឯទៀត ហើយចាត់ទុកកិច្ចប្រជុំរបស់យើងថាសំខាន់ណាស់។