បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/៨ ទំ. ៦-ទំ. ៩ វ. ២
  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ‹ស្រុក​នេះ​បាន​ត្រឡប់​ដូច​ជា​សួនច្បារ​អេដែន​វិញ›
  • (អេសេគាល ២៥:១​–​៣៩:២៩)
  • មេ​រៀន​សម្រាប់​យើង:
  • ​«[ចូរ]​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រប់​ទាំង​អស់ ដែល​អញ​បង្ហាញ​ដល់​ឯង»
  • (អេសេគាល ៤០:១​–​៤៨:៣៥)
  • ​«អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ . . . ចេញ​ជា​បរិសុទ្ធ»
  • «យកចិត្តទុកដាក់នឹង»ព្រះវិហាររបស់ព្រះ!
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ‹ចូររៀបរាប់អំពីវិហារ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • ប្រសិទ្ធិពរពីព្រះយេហូវ៉ាទៅលើ«ស្រុក»របស់យើង
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • «ព្រះវិហារ»និង«ចៅហ្វាយ»សព្វថ្ងៃនេះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/៨ ទំ. ៦-ទំ. ៩ វ. ២

ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា នោះ​រស់​នៅ

គោល​សំខាន់ៗ​ពី​សៀវភៅ​អេសេគាល ផ្នែក​ទីពីរ

នៅ​ខែ​ធ្នូ ឆ្នាំ​៦០៩ មុន​គ.ស. ស្តេច​របស់​ចក្រភព​បាប៊ីឡូន​នាំ​ទ័ព​ឲ្យ​ឡោមព័ទ្ធ​ទី​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ។ ទំរាំ​ដល់​ពេល​នោះ សារ​ដែល​លោក​អេសេគាល​ប្រកាស​ដល់​បណ្ដាជន​អ៊ីស្រាអែល​នៅ​ស្រុក​បាប៊ីឡូន មាន​មូល​បទ​សំដៅ​ទៅ​លើ​គ្រា​ដែល​ក្រុង​យេរូសាឡិម​ដែល​ទី​ស្រឡាញ់​របស់​ពួក​គេ​នឹង​រលំ​និង​វិនាស​ទៅ។ ត​ទៅ​ទៀត ទំនាយ​របស់​អេសេគាល​សំដៅ​ទៅ​លើ​ជនជាតិ​ឯ​ទៀត​ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ ដោយសារ​ពួក​គេ​រីករាយ​នឹង​សេចក្ដី​ហិន​វិនាស​ដែល​មក​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​នឹង​រង​ទុក្ខ​វេទនា​ដែរ។ ១៨​ខែ​ក្រោយ​មក ពេល​ពល​ទ័ព​សម្រុក​ចូល​ទី​ក្រុង​យេរូសាឡិម សារ​របស់​អេសេគាល​មាន​មូល​បទ​ថ្មី​ទៀត ដែល​សំដៅ​ទៅ​លើ​គ្រា​ស្ដារ​ការ​ថ្វាយ​បង្គំ​ពិត​ឡើង​វិញ​យ៉ាង​អស្ចារ្យ។

អេសេគាល ២៥:១​–​៤៨:៣៥ មាន​ទំនាយ​អំពី​សាសន៍​នានា​នៅ​ជុំវិញ​ស្រុក​អ៊ីស្រាអែល និង​ការ​ប្រោស​រាស្ត្រ​របស់​ព្រះ​ឲ្យ​រួច។a កំណត់​ហេតុ​នោះ​បាន​សរសេរ​តាម​លំដាប់​លំដោយ ហើយ​ស្រប​ទៅ​តាម​សាច់​រឿង លើក​លែង​តែ​អេសេគាល ២៩:១៧​-​២០។ យ៉ាង​ណា​ក៏​ដោយ ខ​ទាំង​បួន​នោះ​នៅ​តែ​ទាក់ទង​នឹង​សាច់​រឿង​ទាំង​មូល​នៅ​ឡើយ។ ដោយសារ​អេសេគាល​ជា​សៀវភៅ​មួយ​ក្នុង​គម្ពីរ​ដែល​ព្រះ​យេហូវ៉ា​បណ្ដាល​ឲ្យ​មនុស្ស​សរសេរ ព័ត៌មាន​ក្នុង​សៀវភៅ​អេសេគាល​ក៏​«រស់​នៅ ហើយ​ពូកែ​ផង»។—ហេព្រើរ ៤:១២

‹ស្រុក​នេះ​បាន​ត្រឡប់​ដូច​ជា​សួនច្បារ​អេដែន​វិញ›

(អេសេគាល ២៥:១​–​៣៩:២៩)

ព្រះ​យេហូវ៉ា​យល់​ទុក​ជា​មុន​អំពី​អារម្មណ៍​របស់​ជនជាតិ​អាំម៉ូន ម៉ូអាប់ អេដំម ភីលីស្ទីន​និង​ស៊ី​ដូន ចំពោះ​ការ​ហិន​ហោច​នៃ​ទី​ក្រុង​យេរូសាឡិម។ ដូច្នេះ ទ្រង់​ឲ្យ​អេសេគាល​សរសេរ​ទំនាយ​អំពី​ទុក្ខ​ដែល​ពួក​គេ​ត្រូវ​ទទួល​ជា​លទ្ធផល។ ស្រុក​អេស៊ីប​ត្រូវ​គេ​សម្រុក​ចូល​ដើម្បី​យក​របឹប​ចេញ។ ‹ផារ៉ោន​ដែល​ជា​ស្តេច​ស្រុក​អេស៊ីព្ទ នឹង​ពួក​កកកុញ​របស់​វា›ធៀប​ដូច​ជា​ដើម​តាត្រៅ​ដែល​ត្រូវ​កាប់​ចោល​ដោយ​«ដាវ​របស់​ស្តេច​បាប៊ីឡូន»។—អេសេគាល ៣១:២, ៣, ១២; ៣២:១១, ១២

ប្រមាណ​៦​ខែ​ក្រោយ​ទី​ក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. អ្នក​រួច​ខ្លួន​ម្នាក់​បាន​ទៅ​រាយ​ការណ៍​ប្រាប់​អេសេគាល​ថា​៖ «គេ​ចាប់​ទី​ក្រុង​បាន​ហើយ!»។ អេសេគាល​«មិន​នៅ​គ​ទៀត​ទេ» ចំពោះ​បណ្ដាជន​អ៊ីស្រាអែល​ដែល​នៅ​ស្រុក​ក្រៅ។ (អេសេគាល ៣៣:២១, ២២) គាត់​ថ្លែង​ទំនាយ​អំពី​គ្រា​ដែល​ត្រូវ​ស្ដារ​ពួក​គេ​ឡើង​វិញ។ ព្រះ​យេហូវ៉ា‹នឹង​តាំង​អ្នក​គង្វាល​១​ឲ្យ​ថែ​មើល​ពួក​គេ គឺ​ដាវីឌ​ជា​អ្នក​បំរើ​របស់​ទ្រង់›។ (អេសេគាល ៣៤:២៣) ស្រុក​អេដំម​ត្រូវ​ចោល​ស្ងាត់ តែ​ស្រុក​នេះ ឬ​ស្រុក​យូដា នឹង​មាន​លក្ខណៈ​ដូច​«សួនច្បារ​អេដែន​វិញ»។ (អេសេគាល ៣៦:៣៥) ព្រះ​យេហូវ៉ា​សន្យា​ថា ពេល​«កុក»​ពាធា​រាស្ត្រ​ដែល​ទ្រង់​ស្ដារ​ឡើង​វិញ នោះ​ទ្រង់​នឹង​ការពារ​ពួក​គេ។—អេសេគាល ៣៨:២

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

២៩:៨​-​១២—តើ​ស្រុក​អេស៊ីប​បាន​ក្លាយ​ទៅ​ជា​ទី​ចោល​ស្ងាត់​អស់​៤០​ឆ្នាំ​នៅ​ពេល​ណា? ក្រោយ​ទី​ក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៦០៧ មុន​គ.ស. បណ្ដាជន​យូដា​មួយ​ចំនួន​តិច​បាន​រត់​ទៅ​ស្រុក​អេស៊ីប ទោះ​ជា​យេរេមា​ដែល​ជា​អ្នក​ថ្លែង​ទំនាយ​បាន​ព្រមាន​ថា​កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ក៏​ដោយ។ (យេរេមា ២៤:១, ៨​-​១០; ៤២:៧​-​២២) អ្នក​ទាំង​នោះ​មិន​បាន​រួច​ខ្លួន ពីព្រោះ​ស្តេច​នេប៊ូក្នេសា​បាន​ដណ្ដើម​យក​ស្រុក​អេស៊ីប​ផង​ដែរ។ ប្រហែល​ជា​ស្រុក​អេស៊ីប​បាន​ទៅ​ជា​ទី​ចោល​ស្ងាត់​អស់​រយៈ​ពេល​៤០​ឆ្នាំ​ក្រោយ​ចាញ់​ពួក​បាប៊ីឡូន។ សៀវភៅ​ប្រវត្ដិសាស្ត្រ​មិន​រៀប​រាប់​អំពី​គ្រា​ដែល​ស្រុក​អេស៊ីប​បាន​ចោល​ស្ងាត់​នោះ​ទេ ប៉ុន្តែ​យើង​ទុក​ចិត្ត​ថា​មាន​គ្រា​នោះ​មែន ពីព្រោះ​ព្រះ​យេហូវ៉ា​តែង​តែ​បំពេញ​ទំនាយ​របស់​ទ្រង់។—អេសាយ ៥៥:១១

២៩:១៨—តើ​«គ្រប់​ទាំង​ក្បាល​ត្រូវ​ទំពែក ហើយ​គ្រប់​ទាំង​ស្មា​ត្រូវ​របក»​ដោយ​ដូច​ម្ដេច? ពួក​ទ័ព​របស់​នេប៊ូក្នេសា​ត្រូវ​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​ឡោម​ព័ទ្ធ​ទី​ក្រុង​ទី​រ៉ុស​ដែល​ស្ថិត​នៅ​ឯ​ដី​គោក។ ពួក​គេ​ត្រូវ​លី​សែង​សម្ភារៈ​សំណង់​ដើម្បី​ធ្វើ​ប៉ម​និង​ទំនប់​ជុំវិញ​ទី​ក្រុង​នោះ ហើយ​នេះ​ធ្វើ​ឲ្យ​របក​ស្បែក​ស្មា និង​ដោយសារ​ពួក​គេ​ពាក់​មួក​សឹក​ពេល​ធ្វើ​ការ​នោះ នេះ​នាំ​ឲ្យ​តម្ពែក​ក្បាល​ផង។—អេសេគាល ២៦:៧​-​១២

មេ​រៀន​សម្រាប់​យើង:

២៩:១៩, ២០: ដោយសារ​ពួក​ទី​រ៉ុស​បាន​គេច​ទៅ​នៅ​ទី​ក្រុង​ដែល​ស្ថិត​លើ​ដី​កោះ ហើយ​បាន​យក​ទ្រព្យ​សម្បត្ដិ​ភាគ​ច្រើន​ទៅ​ជា​មួយ​ដែរ នោះ​ស្តេច​នេប៊ូក្នេសា​មិន​បាន​ទទួល​របឹប​ច្រើន​ប៉ុន្មាន​ពី​ទី​ក្រុង​ដែល​ស្ថិត​នៅ​លើ​ដី​គោក។ ទោះ​ជា​នេប៊ូក្នេសា​ជា​អ្នក​គ្រប់គ្រង​ដែល​មាន​អំណួត គិត​តែ​ពី​ខ្លួន​ឯង ហើយ​ថ្វាយ​បង្គំ​ព្រះ​ឯ​ទៀត​ក្ដី ព្រះ​យេហូវ៉ា​សង​គុណ​គាត់​ដោយ​ប្រគល់​ស្រុក​អេស៊ីប​ឲ្យ​ពួក​បាប៊ីឡូន ទុក​ជា​«បំណាច់​ដល់​ពួក​កងទ័ព​របស់​ខ្លួន» ពីព្រោះ​នេប៊ូក្នេសា​បាន​សម្រេច​ការ​របស់​ព្រះ​យេហូវ៉ា។ យើង​គួរ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត ដោយ​បង់​ពន្ធដារ​ដល់​រដ្ឋាភិបាល​ដែល​រៀបចំ​សេ​វា​កម្ម​ផ្សេងៗ​ឲ្យ​យើង​ដែរ មែន​ទេ? មិន​ថា​ពួក​រាជការ​ប្រព្រឹត្ត​យ៉ាង​ណា​ក៏​ដោយ ឬ​ប្រើ​ពន្ធ​នោះ​ដោយ​របៀប​ណា​ក្ដី យើង​នៅ​តែ​មាន​កាតព្វកិច្ច​ចំពោះ​ពួក​គាត់​នៅ​ឡើយ។—រ៉ូម ១៣:៤​-​៧

៣៣:៧​-​៩: បងប្អូន​ដែល​មិន​ទាន់​ឡើង​ទៅ​ស្ថានសួគ៌​ជា​ក្រុម​អ្នក​ចាំ​យាម​នៅ​សម័យ​នេះ។ ពួក​គាត់​និង​គូកន​ទាំង​ឡាយ​មិន​គួរ​ស្ទាក់ស្ទើរ​សោះ ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ការ​ព្រមាន​មនុស្ស​អំពី​«សេចក្ដី​វេទនា​ជា​ខ្លាំង»​ដែល​ជិត​មក​ដល់។—ម៉ាថាយ ២៤:២១

៣៣:១០​-​២០: យើង​អាច​ទទួល​សេចក្ដី​សង្គ្រោះ​បាន ឲ្យ​តែ​យើង​បែរ​ចេញ​ពី​ការ​ប្រព្រឹត្ត​អាក្រក់ ហើយ​ធ្វើ​តាម​តម្រូវ​ការ​របស់​ព្រះ​យេហូវ៉ា។ ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ពិត​ជា​«ស្មើ»​មែន!

៣៦:២០, ២១: បណ្ដាជន​អ៊ីស្រាអែល​បាន​បង្អាប់​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​នៅ​មុខ​ជនជាតិ​ឯ​ទៀត ពីព្រោះ​មិន​ធ្វើ​តាម​កេរ្ដិ៍​ឈ្មោះ​របស់​ខ្លួន​ជា​«ពួក​របស់​ព្រះ​យេហូវ៉ា»​ទេ។ កុំ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ​ឡើយ។

៣៦:២៥, ៣៧, ៣៨: ស្ថានភាព​ដែល​អ្នក​ថ្វាយ​បង្គំ​ពិត​មាន​ជា​មួយ​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ ប្រៀប​ដូច​ជា​សួន​មនោរម ហើយ​ពួក​គេ​ប្រៀប​ដូច​ជា​«ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ»​ផង​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ខិតខំ​រក្សា​ឲ្យ​មាន​ភាព​ស្អាត​ស្អំ។

៣៨:១​-​២៣: យើង​គួរ​សប្បាយ​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ប្រោស​រាស្ត្រ​ទ្រង់​ឲ្យ​រួច ពេល​កុក​នៃ​ស្រុក​ម៉ាកុក​ពាធា​ពួក​គេ! «ចៅហ្វាយ​របស់​លោកីយ​នេះ» គឺ​សាតាំង​ដែល​ជា​មេ​កំណាច បាន​ទទួល​ឈ្មោះ​កុក​នោះ ក្រោយ​វា​បាន​បោះ​ទម្លាក់​ចេញ​ពី​ស្ថានសួគ៌។ ស្រុក​ម៉ាកុក​សំដៅ​ទៅ​លើ​ទី​ក្បែរៗ​ផែនដី ដែល​សាតាំង​និង​ទេវតា​អាក្រក់​របស់​វា​បាន​ឃុំ​នៅ​សព្វ​ថ្ងៃ​នេះ។—យ៉ូហាន ១២:៣១; វិវរណៈ ១២:៧​-​១២

​«[ចូរ]​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រប់​ទាំង​អស់ ដែល​អញ​បង្ហាញ​ដល់​ឯង»

(អេសេគាល ៤០:១​–​៤៨:៣៥)

ពេល​អេសេគាល​មាន​អាយុ​ជិត​៥០​ឆ្នាំ ទី​ក្រុង​យេរូសាឡិម​បាន​បំផ្លាញ​ចោល​អស់​១៤​ឆ្នាំ​រួច​ទៅ​ហើយ។ (អេសេគាល ៤០:១) បណ្ដាជន​អ៊ីស្រាអែល​ត្រូវ​នៅ​ស្រុក​ក្រៅ​៥៦​ឆ្នាំ​ទៀត។ (យេរេមា ២៩:១០) តាម​រយៈ​សុបិន​មួយ គឺ​ហាក់​ដូច​ជា​អេសេគាល​បាន​ទៅ​ស្រុក​អ៊ីស្រាអែល។ ព្រះ​យេហូវ៉ា​ប្រាប់​គាត់​ថា​៖ «កូន​មនុស្ស​អើយ! ចូរ​ពិនិត្យ​ដោយ​ភ្នែក ហើយ​ស្ដាប់​ដោយ​ត្រចៀក​ចុះ! រួច​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រប់​ទាំង​អស់​ដែល​អញ​បង្ហាញ​ដល់​ឯង»។ (អេសេគាល ៤០:២​-​៤) ពេល​អេសេគាល​ឃើញ​វិហារ​ថ្មី​ក្នុង​សុបិន​នោះ គាត់​ច្បាស់​ជា​មាន​ចិត្ត​រំភើប​រីករាយ​ណាស់!

វិហារ​ដ៏​ស្អាត​រុងរឿង​ដែល​អេសេគាល​ឃើញ​នោះ មាន​ទ្វារ​កំ​ពែង​៦ បន្ទប់​៣០​ជា​កន្លែង​បរិភោគ​អាហារ ទី​បរិសុទ្ធ​មួយ ទី​បរិសុទ្ធ​បំផុត អាសនៈ​មួយ​ធ្វើ​ពី​ឈើ និង​អាសនៈ​មួយ​សម្រាប់​ថ្វាយ​តង្វាយ​ដុត។ មាន​អ្វី​ដូច​ជា​ព្រែក​«ចេញ​ពី»​វិហារ ដែល​ក្លាយ​ទៅ​ជា​ទន្លេ​វិញ។ (អេសេគាល ៤៧:១) ក្នុង​សុបិន​មួយ​ទៀត អេសេគាល​ឃើញ​ចំណែក​ដី​ដែល​បាន​កំណត់​ទុក​សម្រាប់​កុលសម្ព័ន្ធ​នីមួយៗ។ ដី​នោះ​មាន​បណ្ដោយ​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ នៅ​ពាក់​កណ្ដាល​ដី​ដែល​កំណត់​ឲ្យ​កុលសម្ព័ន្ធ​យូដា​និង​កុលសម្ព័ន្ធ​បេនយ៉ាមីន មាន​ដី​សម្រាប់​អ្នក​ចាត់​ចែង។ «ទី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា»​និង​«ទី​ក្រុង»​ដែល​មាន​ឈ្មោះ​ថា ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ។—អេសេគាល ៤៨:៩, ១០, ១៥, ៣៥

ចម្លើយ​ចំពោះ​សំណួរ​អំពី​បទ​គម្ពីរ:

៤០:៣​–​៤៧:១២—តើ​វិហារ​ដែល​អេសេគាល​យល់សប្ដិ​ឃើញ​តំណាង​អ្វី? វិហារ​ធំ​មហិមា​ដែល​អេសេគាល​ឃើញ​ក្នុង​សុបិន​នោះ មិន​បាន​សង់​ឡើង​ជា​ពិត​ទេ។ វិហារ​នោះ​តំណាង​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​ថ្វាយ​បង្គំ​បរិសុទ្ធ​នា​សម័យ​នេះ។ (អេសេគាល ៤០:២; មីកា ៤:១; ហេព្រើរ ៨:២; ៩:២៣, ២៤) សុបិន​អំពី​វិហារ​នោះ​នឹង​មាន​ការ​សម្រេច​«ជាន់​ក្រោយ​បង្អស់» កាល​ណា​ពួក​សង្ឃ​ត្រូវ​សំរង​ជា​ស្រេច។ គឺ​ពេល​នោះ​ឯង ដែល​មនុស្ស​សុចរិត​អាច​ទទួល​ប្រយោជន៍​យ៉ាង​ពេញលេញ​ពី​ការ​រៀបចំ​របស់​ព្រះ​យេហូវ៉ា។ (ធីម៉ូថេទី២ ៣:១; អេសេគាល ៤៤:១០​-​១៦; ម៉ាឡាគី ៣:១​-​៣) យ៉ាង​ណា​ក៏​ដោយ នឹង​មាន​ការ​សម្រេច​យ៉ាង​ពេញលេញ​នៅ​ក្នុង​សួន​មនោ​រម។ វិហារ​ដែល​អេសេគាល​យល់សប្ដិ​ឃើញ​នោះ ធានា​ឲ្យ​បណ្ដាជន​អ៊ីស្រាអែល​ដែល​នៅ​ស្រុក​ក្រៅ​ថា ព្រះ​យេហូវ៉ា​នឹង​ស្ដារ​ការ​ថ្វាយ​បង្គំ​ពិត​ឡើង​វិញ ហើយ​ក្រុម​គ្រួសារ​របស់​ជនជាតិ​យូដា​នីមួយៗ​នឹង​មាន​ដី​មួយ​ចំណែក​ជា​មត៌ក​ផង​ដែរ។

៤០:៣​–​៤៣:១៧—តើ​ការ​វាស់​វិហារ​តំណាង​អ្វី? ការ​វាស់​វិហារ​សម្គាល់​ថា គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត នឹង​សម្រេច​ជា​មិន​ខាន។

៤៣:២​-​៤, ៧, ៩—តើ​«សាក​សព​នៃ​ស្តេច​គេ»​ដែល​ត្រូវ​ដក​ចេញ​ពី​វិហារ​សំដៅ​ទៅ​លើ​អ្វី? តាម​មើល​ទៅ សាក​សព​ទាំង​នោះ​សំដៅ​ទៅ​លើ​រូប​ព្រះ។ ស្តេច​ដែល​គ្រប់គ្រង​នៅ​ទី​ក្រុង​យេរូសាឡិម និង​រាស្ត្រ​នៅ​ទី​នោះ​បាន​ដាក់​រូប​ព្រះ​ក្នុង​វិហារ​របស់​ព្រះ​យេហូវ៉ា ដែល​នាំ​ឲ្យ​មាន​ភាព​ស្មោកគ្រោក​ទៅ​វិញ។ នេះ​គឺ​ហាក់​ដូច​ជា​ពួក​គេ​បាន​គោរព​រូប​ព្រះ​ទាំង​នោះ​ជា​ស្តេច​ផង។

៤៣:១៣​-​២០—តើ​អាសនៈ​ដែល​អេសេគាល​យល់សប្ដិ​ឃើញ​តំណាង​អ្វី? អាសនៈ​នោះ​តំណាង​បំណង​ចិត្ត​របស់​ព្រះ​យេហូវ៉ា​ដែល​ទាក់ទង​នឹង​ការ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រិស្ត។ ដោយ​ផ្អែក​លើ​ការ​បូជា​លោះ​នោះ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌​បាន​រាប់​ជា​សុចរិត ហើយ​ព្រះ​យេហូវ៉ា​ចាត់​ទុក​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ»​ជា​មនុស្ស​ស្អាត​ស្អំ​និង​បរិសុទ្ធ។ (វិវរណៈ ៧:៩​-​១៤; រ៉ូម ៥:១, ២) ប្រហែល​នេះ​ជា​មូលហេតុ​ដែល​វិហារ​ក្នុង​សុបិន​នោះ មិន​មាន​អាង​ទឹក​ធំ​មួយ​ដូច​ជា​«សមុទ្រ​មាន​រាង​មូល» ដូច​មាន​ក្នុង​វិហារ​ដែល​សាឡូម៉ូន​សាង​សង់​នៅ​សម័យ​ដើម។ ពួក​សង្ឃ​បាន​ប្រើ​អាង​ទឹក​នោះ​សម្រាប់​ការ​លាង​សម្អាត។—ពង្សាវតារក្សត្រទី១ ៧:២៣​-​២៦

៤៤:១០​-​១៦—តើ​ក្រុម​ពួក​សង្ឃ​តំណាង​អ្នក​ណា? ក្រុម​ពួក​សង្ឃ​តំណាង​គ្រិស្ត​សាសនិក​នា​សម័យ​នេះ ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថានសួគ៌។ នៅ​ឆ្នាំ​១៩១៨ ព្រះ​យេហូវ៉ា​បាន​កែ​តម្រង់​ពួក​គាត់​ឲ្យ​មាន​ភាព​ស្អាត​ស្អំ​ក្នុង​ការ​ថ្វាយ​បង្គំ​ទ្រង់ ហាក់​ដូច​ជា​ទ្រង់​ធ្វើ​ការ​«ដូច​ជា​ជាង​សំរង»​ក្នុង​វិហារ​ទ្រង់។ (ម៉ាឡាគី ៣:១​-​៥) បងប្អូន​ដែល​ប្រែ​ចិត្ត​និង​មាន​ភាព​ស្អាត​ស្អំ មាន​ឯកសិទ្ធិ​ធ្វើ​កិច្ច​បម្រើ​ព្រះ​ត​ទៅ​ទៀត។ បន្ទាប់​មក ពួក​គាត់​ត្រូវ​តែ​ព្យាយាម​ថែរក្សា​ខ្លួន​«មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ​នេះ» ហើយ​ដូច្នេះ​ពួក​គាត់​អាច​តាំង​គំរូ​ល្អ​សម្រាប់​«មនុស្ស​១​ហ្វូង​យ៉ាង​ធំ» ដែល​តំណាង​ដោយ​កុលសម្ព័ន្ធ​នានា​ដែល​មិន​មែន​ជា​សង្ឃ។—យ៉ាកុប ១:​២៧; វិវរណៈ ៧:៩, ១០

៤៥:១; ៤៧:១៣​–​៤៨:២៩—តើ​«ស្រុក»​នោះ​តំណាង​អ្វី? តើ​ការ​ចែក​ដី​ក្នុង​ស្រុក​នោះ​តំណាង​អ្វី? ស្រុក​នោះ​តំណាង​កន្លែង​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​កិច្ច​បម្រើ​ទ្រង់ ទោះ​ជា​នៅ​ទីណា​ក៏​ដោយ។ មិន​ថា​អ្នក​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​រស់​នៅ​ទីណា​ក្ដី ពួក​គេ​ស្ថិត​ក្នុង​ស្រុក​ដែល​បាន​ស្ដារ​ឡើង​វិញ ឲ្យ​តែ​កាន់​ជំហរ​ខាង​ការ​ថ្វាយ​បង្គំ​ពិត​រហូត។ ការ​ចែក​ដី​ក្នុង​ស្រុក​នោះ​នឹង​មាន​ការ​សម្រេច​ចុង​ក្រោយ​បំផុត​ក្នុង​ពិភពលោក​ថ្មី ពេល​ដែល​មនុស្ស​ស្មោះ​ត្រង់​ម្នាក់ៗ​ទទួល​ដី​ជា​មត៌ក។—អេសាយ ៦៥:​១៧, ២១

៤៥:៧, ១៦—តើ​ការ​ថ្វាយ​តង្វាយ​មួយ​ចំណែក​ចំពោះ​ពួក​សង្ឃ​និង​ចៅហ្វាយ​តំណាង​អ្វី? បើ​គិត​ពី​វិហារ​ដែល​តំណាង​ការ​ថ្វាយ​បង្គំ​ពិត តង្វាយ​ទាំង​នេះ​ច្រើន​តែ​សំដៅ​ទៅ​លើ​ចិត្ត​គំនិត​ដែល​ចង់​ជួយ​សហ​ការ​គ្នា។

៤៧:១​-​៥—តើ​ទឹក​ទន្លេ​ដែល​អេសេគាល​យល់សប្ដិ​ឃើញ​តំណាង​អ្វី? ទឹក​នោះ​តំណាង​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ដើម្បី​បណ្ដាល​ឲ្យ​យើង​មាន​ជីវិត។ នេះ​ក៏​រួម​បញ្ចូល​ការ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រិស្ត និង​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​ដែល​យើង​រក​ឃើញ​ក្នុង​គម្ពីរ។ (យេរេមា ២:១៣; យ៉ូហាន ៤:៧​-​២៦; អេភេសូរ ៥:២៥​-​២៧) ទន្លេ​នោះ​មាន​ជម្រៅ​កាន់​តែ​ជ្រៅ​ឡើងៗ​ក្នុង​ន័យ​ថា ការ​ថ្វាយ​បង្គំ​ពិត​ចេះ​តែ​រីក​កើន​ឡើង​ដោយ​ព្រោះ​មាន​មនុស្ស​ថ្មី​ចូល​រួម​ជានិច្ច។ (អេសាយ ៦០:​២២) ក្នុង​ន័យ​ធៀប ទឹក​ក្នុង​ទន្លេ​នោះ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​អំឡុង​១.០០០​ឆ្នាំ​ដែល​ព្រះ​យេស៊ូ​គ្រប់គ្រង។ នៅ​គ្រា​នោះ ទឹក​តំណាង​ការ​យល់​ដឹង​ច្រើន​ថែម​ទៀត​ដែល​មនុស្ស​អាច​ទទួល​ពី​«បញ្ជី»​ដែល​នឹង​បើក​ឡើង។—វិវរណៈ ២០:១២; ២២:១, ២

៤៧:១២—តើ​ដើម​ឈើ​ដែល​មាន​ផល​ផ្លែ​តំណាង​អ្វី? ដើម​ឈើ​ទាំង​នោះ​តំណាង​អ្វីៗ​ដែល​ព្រះ​យេហូវ៉ា​រៀបចំ ដើម្បី​ប្រោស​មនុស្ស​ឲ្យ​មាន​ភាព​ល្អ​ឥតខ្ចោះ​ឡើង​វិញ។

៤៨:១៥​-​១៩, ៣០​-​៣៥—តើ​ទី​ក្រុង​ក្នុង​សុបិន​របស់​អេសេគាល​តំណាង​អ្វី? ទី​ក្រុង​ដែល​មាន​ឈ្មោះ​ថា «ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ទី​នេះ» ស្ថិត​នៅ​នា​ដី​«ទំនេរ​[ឬ​«សាមញ្ញ​ធម្មតា»​, ខ.ស.]»។ នេះ​បង្ហើប​ឲ្យ​ដឹង​ថា ទី​ក្រុង​នោះ​សំដៅ​ទៅ​លើ​អ្វី​ដែល​នៅ​ផែនដី។ តាម​មើល​ទៅ ទី​ក្រុង​នោះ​តំណាង​ពួក​អ្នក​នៅ​ផែនដី​ដែល​ចាត់​ចែង​ការ​ដើម្បី​ផ្ដល់​ប្រយោជន៍​ឲ្យ​ពួក​អ្នក​ដែល​នឹង​រួម​គ្នា​ជា​«ផែនដី​ថ្មី»។ (ពេត្រុសទី២ ៣:១៣) ទ្វារ​នៅ​ទិស​ទាំង​បួន​បង្ហាញ​ថា ទី​ក្រុង​នោះ​ស្រួល​ចេញ​ចូល។ ដូច្នេះ ពួក​អ្នក​ដែល​ត្រួតត្រា​លើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា ត្រូវ​តែ​មាន​លក្ខណៈ​ស្រួល​ទាក់ទង។

មេ​រៀន​សម្រាប់​យើង:

៤០:១៤, ១៦, ២២, ២៦: ក្បាច់​ដើម​លម៉ើ​នៅ​ឯ​ច្រក​ចូល​វិហារ​បង្ហាញ​ថា មាន​តែ​មនុស្ស​ដែល​ប្រព្រឹត្ត​តាម​ខ្នាត​តម្រា​សីលធម៌​ដែល​អាច​ចូល​បាន។ (ទំនុកដំកើង ៩២:១២) នេះ​បង្រៀន​ថា ព្រះ​យេហូវ៉ា​ព្រម​ទទួល​ការ​ថ្វាយ​បង្គំ​ពី​យើង ឲ្យ​តែ​យើង​ជា​មនុស្ស​ទៀងត្រង់។

៤៤:២៣: ដោយសារ​បងប្អូន​មួយ​ក្រុម​នៅ​សព្វ​ថ្ងៃ​នេះ​ធ្វើ​កិច្ចការ​ប្រហាក់​ប្រហែល​នឹង​ពួក​សង្ឃ​ពី​បុរាណ យើង​គួរ​ដឹង​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ណាស់! ‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›តែង​តែ​នាំ​មុខ​ក្នុង​ការ​ផ្ដល់​ចំណេះ​ដឹង​ដែល​ប្រៀប​ដូច​ជា​អាហារ ដែល​ជួយ​យើង​ឲ្យ​យល់​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា ស្តី​អំពី​អ្វី​ដែល​ស្អាត​ស្អំ​ហើយ​អ្វី​ដែល​មិន​ស្អាត​ស្អំ​ផង។—ម៉ាថាយ ២៤:៤៥

៤៧:៩, ១១: ចំណេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​អ្វី​ដែល​តំណាង​ដោយ​ទឹក​នោះ។ នៅ​សម័យ​យើង ចំណេះ​នេះ​បាន​ជួយ​ឲ្យ​មនុស្ស​ទៅ​ជា​ល្អ​ដែរ។ មិន​ថា​មនុស្ស​នៅ​ឯ​ណា​ក៏​ដោយ ទទួល​ចំណេះ​ដែល​តំណាង​ដោយ​ទឹក​នោះ ពួក​គេ​រស់​ឡើង​វិញ​ក្នុង​ន័យ​ថា មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ម្ដង​ទៀត។ (យ៉ូហាន ១៧:៣) ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មិន​ព្រម​ទទួល​ចំណេះ​ដែល​ប្រៀប​ដូច​ជា​ទឹក​ដែល​អាច​នាំ​ឲ្យ​បាន​ជីវិត នោះ​នឹង​«ទុក​សំរាប់​ធ្វើ​អំបិល​វិញ» ដែល​មាន​ន័យ​ថា ត្រូវ​វិនាស​ទៅ​ជា​រៀង​រហូត។ ដូច្នេះ ជា​ការ​សំខាន់​ណាស់ ឲ្យ​យើង‹ខំ​ប្រឹង​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ›។—ធីម៉ូថេទី២ ២:១៥

​«អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ . . . ចេញ​ជា​បរិសុទ្ធ»

ក្រោយ​ព្រះ​យេហូវ៉ា​បាន​ដក​អំណាច​ចេញ​ពី​ស្តេច​ចុង​ក្រោយ​នៃ​ពូជ​ដាវីឌ ទ្រង់​បាន​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​យ៉ាង​យូរ​កន្លង​ផុត​ទៅ មុន​អ្នក​«ដែល​មាន​ច្បាប់​ទទួល»​អំណាច​គ្រប់គ្រង​បាន​មក​ដល់។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​បាន​លះ​ចោល​កិច្ច​សន្យា​ដែល​ទ្រង់​មាន​ជា​មួយ​ដាវីឌ។ (អេសេគាល ២១:២៧; សាំយូអែលទី២ ៧:១១​-​១៦) បទ​ទំនាយ​របស់​អេសេគាល​សំដៅ​ទៅ​លើ​«ដាវីឌ ជា​អ្នក​បំរើ​របស់​[ព្រះ]» ដែល​នឹង​ក្លាយ​ទៅ​ជា​«អ្នក​គង្វាល»​និង​«ស្តេច»​ផង។ (អេសេគាល ៣៤:២៣, ២៤; ៣៧:២២, ២៤, ២៥) ព្រះ​យេស៊ូ​គ្រិស្ត​ជា​អ្នក​គង្វាល​និង​ស្តេច​នោះ ពេល​ដែល​ទ្រង់​មាន​អំណាច​ក្នុង​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។ (វិវរណៈ ១១:១៥) ព្រះ​យេហូវ៉ា​នឹង​«ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​[ទ្រង់]​ចេញ​ជា​បរិសុទ្ធ» តាម​រយៈ​រាជាណាចក្រ​នោះ​ក្រោម​អំណាច​នៃ​ព្រះ​មេស្ស៊ី។—អេសេគាល ៣៦:២៣

មិន​យូរ​ប៉ុន្មាន​ទៀត ពួក​អ្នក​ដែល​បង្អាប់​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​នឹង​វិនាស​ទៅ​ទាំង​អស់​គ្នា។ ប៉ុន្តែ អស់​អ្នក​ដែល​លើក​តម្កើង​ឈ្មោះ​របស់​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​បរិសុទ្ធ ដោយ​ថ្វាយ​បង្គំ​ទ្រង់​តាម​បំណង​ចិត្ត​ទ្រង់ ពួក​គេ​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ បើ​ដូច្នេះ ចូរ​ឲ្យ​យើង​ក្រេប​យក​ចំណេះ​ពិត​ដែល​មាន​ច្រើន​ហូរ​ហៀរ តំណាង​ដោយ​ទឹក​ដែល​នាំ​ឲ្យ​បាន​ជីវិត ហើយ​ទុក​ការ​ថ្វាយ​បង្គំ​ជា​អ្វី​ដែល​មាន​អាទិ​ភាព​ក្នុង​ជីវិត​យើង។

[កំណត់​សម្គាល់]

a បើ​ចង់​មើល​អត្ថបទ​ដែល​បកស្រាយ​អំពី​សៀវភៅ​អេសេគាល ១:១​–​២៤:២៧ សូម​មើល​«គោល​សំខាន់ៗ​ពី​សៀវភៅ​អេសេគាល ផ្នែក​ទី​មួយ» ក្នុង​ទស្សនាវដ្ដី​ប៉មយាម ចុះ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០០៧។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក