ចូរពង្រាប«ផ្លូវដែលជើងឯងដើរ»ដើម្បីជឿនទៅមុខ
ពេលជនជាតិអ៊ីស្រាអែលបានចេញពីបាប៊ីឡូននៅឆ្នាំ៥៣៧មុន គ.ស. ព្រះយេហូវ៉ាបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការធ្វើដំណើររបស់ពួកគេទៅក្រុងយេរូសាឡិមវិញ។ លោកបានប្រាប់ពួកគេថា៖ «ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ»។ (អេ. ៦២:១០) តើពួកគេប្រហែលជាបានធ្វើអ្វីដើម្បីធ្វើតាមបង្គាប់នេះ? ប្រហែលជាជនជាតិអ៊ីស្រាអែលមួយក្រុមបានទៅមុខបងប្អូនឯទៀតរបស់ពួកគេ ហើយបានចាក់បំពេញប្រឡាយ ឬពង្រាបផ្លូវរដិបរដុបឲ្យរាបស្មើ។ ការខំព្យាយាមបែបនេះ ច្បាស់ជាបាននាំឲ្យបងប្អូនរបស់ពួកគេស្រួលជាងក្នុងការធ្វើដំណើរទៅស្រុកកំណើតវិញ។
ស្រដៀងគ្នាដែរ កាលដែលយើងបំពេញភារកិច្ចផ្សេងៗក្នុងកិច្ចបម្រើព្រះយេហូវ៉ា យើងក៏ដើរតាមផ្លូវមួយដែរ។ ព្រះយេហូវ៉ាចង់ឲ្យយើងបំពេញភារកិច្ចទាំងនេះ ដោយមិនសូវមានការពិបាកឬឧបសគ្គឡើយ។ ដើម្បីបានជោគជ័យ យើងទាំងអស់គ្នាអាចទទួលប្រយោជន៍ពីការធ្វើតាមឱវាទក្នុងគម្ពីរដែលថា៖ «ត្រូវឲ្យពិចារណា[ឬ«ពង្រាប»]ផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ»។—សុភ. ៤:២៦; ព.ថ.
ចូរធ្វើការសម្រេចចិត្តដ៏ល្អ
គម្ពីរចែងថា៖ «កំឡាំងកាយ ជាសេចក្ដីអំនួតរបស់មនុស្សកំឡោះ»។ (សុភ. ២០:២៩) មនុស្សវ័យក្មេងភាគច្រើន ឈ្លាសវៃ មានសុខភាពល្អ មានកម្លាំង ហើយចង់ទទួលបានជោគជ័យក្នុងជីវិត។ មនុស្សពេញវ័យច្រើនតែឃើញសមត្ថភាពនិងការប៉ិនប្រសប់របស់មនុស្សវ័យក្មេង ហើយសង្ឃឹមថាពួកគេនឹងប្រើសមត្ថភាពនិងការប៉ិនប្រសប់នោះយ៉ាងពេញលេញដើម្បីសម្រេចអ្វីទាំងអស់ដែលពួកគេអាចធ្វើទៅបានក្នុងជីវិត។ មនុស្សវ័យក្មេងនឹងមានសុភមង្គលពិតបើពួកគេប្រើសមត្ថភាពនិងការប៉ិនប្រសប់របស់ពួកគេក្នុងកិច្ចបម្រើព្រះយេហូវ៉ា។
មនុស្សខ្លះក្នុងពិភពលោកនេះក៏ឲ្យតម្លៃទៅលើសមត្ថភាពនិងការប៉ិនប្រសប់នៃប្អូនៗវ័យក្មេងរបស់យើងដែរ។ ជាឧទាហរណ៍ ដោយសារសាក្សីព្រះយេហូវ៉ាជាច្រើននាក់រៀនពូកែនៅសាលា គ្រូៗឬសិស្សឯទៀតប្រហែលជាព្យាយាមលើកទឹកចិត្តពួកគេឲ្យបន្តរៀននៅសកលវិទ្យាល័យ។ ប្អូនៗវ័យក្មេងដែលពូកែលេងកីឡា ប្រហែលជាទទួលការលើកទឹកចិត្តពីអ្នកឯទៀតឲ្យពួកគេលេងកីឡានោះជាអាជីព។ ប្រហែលជាអ្នកឬបុគ្គលម្នាក់ដែលអ្នកស្គាល់ កំពុងជួបប្រទះនឹងស្ថានភាពនេះ។ តើអ្វីនឹងជួយគ្រិស្តសាសនិកម្នាក់ធ្វើការសម្រេចចិត្តដ៏ឈ្លាសវៃ?
គោលការណ៍គម្ពីរអាចជួយយើង កាលដែលយើងដើរតាមផ្លូវដែលនាំឲ្យមានអនាគតដ៏ល្អក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ សូមពិចារណាអ្វីដែលគម្ពីរប្រាប់នៅសាស្ដា ១២:១ដែលថា៖«ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»។ តើតាមរបៀបណាអ្នកឬប្អូនវ័យក្មេងដែលអ្នកស្គាល់អាចនឹកចាំអំពីព្រះយេហូវ៉ា?
សូមឲ្យយើងពិចារណាអំពីបទពិសោធន៍របស់ប្អូនប្រុសវ័យក្មេងម្នាក់នៅទ្វីបអាហ្វ្រិកប៉ែកខាងលិចឈ្មោះអេរិក។a គាត់ចូលចិត្តលេងបាល់ទាត់។ ពេលដែលគាត់មានអាយុ១៥ឆ្នាំ គាត់បានលេងបាល់ទាត់ជាមួយក្រុមជម្រើសជាតិ។ គាត់ទំនងជានឹងមានឱកាសដើម្បីទទួលការហ្វឹកហ្វឺនដ៏ល្អបំផុតនៅទ្វីបអឺរ៉ុប ហើយប្រហែលជានឹងមានឱកាសក្លាយជាកីឡាករបាល់ទាត់ជាអាជីព។ ក្នុងអំឡុងពេលនោះ អេរិកបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា។ តើតាមរបៀបណាគាត់អាច«នឹកចាំ»អំពីព្រះយេហូវ៉ា? ហើយតើយើងអាចរៀនអ្វីពីបទពិសោធន៍របស់គាត់?
ដោយសារអ្វីដែលគាត់បានរៀនពីគម្ពីរ អេរិកបានយល់ថាព្រះនឹងដោះស្រាយបញ្ហាទាំងអស់របស់មនុស្សជាតិ។ ជាលទ្ធផល គាត់បានយល់ថាការធ្វើតាមបំណងប្រាថ្នារបស់ព្រះ គឺសំខាន់ជាងការលេងបាល់ទាត់ឆ្ងាយណាស់។ ដូច្នេះ គាត់បានទទួលការជ្រមុជទឹក ហើយបានប្រើពេលវេលានិងកម្លាំងរបស់គាត់ក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ក្រោយមក គាត់បានទៅជាជំនួយការខាងកិច្ចបម្រើក្នុងក្រុមជំនុំ ហើយជាជាងទទួលការហ្វឹកហ្វឺនដើម្បីមានអាជីពជាកីឡាករបាល់ទាត់ គាត់បានទទួលការហ្វឹកហ្វឺនជាគ្រិស្តសាសនិកនៅសាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរ។
បើគាត់មានអាជីពជាកីឡាករបាល់ទាត់ អេរិកប្រហែលជាបានក្លាយទៅជាអ្នកមាន ហើយនឹងមានឈ្មោះល្បី។ ប៉ុន្តែគាត់បានទទួលស្គាល់ថាអ្វីដែលគម្ពីរចែងគឺត្រឹមត្រូវដែលថា៖ «ឯមនុស្សអ្នកមានវិញ ទ្រព្យសម្បត្ដិរបស់គេជាទីក្រុងមាំមួន ហើយតាមគំនិតរបស់គេ ក៏យល់ថាជាកំផែងយ៉ាងខ្ពស់ដែរ»។ (សុភ. ១៨:១១) លុយអាចបញ្ឆោតមនុស្សបាន។ វាមិនអាចឲ្យពួកគេមានសុវត្ថិភាពពិតបានទេ។ ម្យ៉ាងទៀត អ្នកដែលខំទៅជាអ្នកមាន ច្រើនតែ«ចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន»។—១ធី. ៦:៩, ១០
ប្អូនៗវ័យក្មេងជាច្រើននាក់មានអារម្មណ៍សប្បាយនិងមានសុវត្ថិភាពក្នុងកិច្ចបម្រើពេញពេល។ អេរិកនិយាយថា៖ «ខ្ញុំបានរួមចំណែកជាមួយក្រុមដ៏ធំមួយនៃអ្នកបម្រើព្រះយេហូវ៉ាពេញពេល។ នេះជាក្រុមដ៏ល្អបំផុតដែលខ្ញុំអាចចូលរួម ហើយខ្ញុំអរគុណព្រះយេហូវ៉ាព្រោះលោកបង្ហាញខ្ញុំផ្លូវតែមួយគត់ដើម្បីមានសុភមង្គលពិតនិងជោគជ័យក្នុងជីវិត»។
ចុះអ្នកវិញយ៉ាងណាដែរ? ជាជាងមានគោលដៅក្នុងពិភពលោកនេះ តើអ្នកអាចដើរតាមផ្លូវមួយដែលនឹងជួយអ្នកឲ្យមានឱកាសច្រើនជាងដើម្បីបម្រើព្រះយេហូវ៉ាឬទេ? តើអ្នកអាចព្យាយាមអស់ពីសមត្ថភាពដើម្បីក្លាយទៅជាអ្នកត្រួសត្រាយឬទេ? (សូមមើលប្រអប់ដែលមានចំណងជើងថា«ការទទួលប្រយោជន៍ដែលការសិក្សានៅសកលវិទ្យាល័យមិនអាចផ្ដល់ឲ្យ»)។
ចូរដកឧបសគ្គចេញពីផ្លូវរបស់អ្នក
កាលដែលប្ដីប្រពន្ធមួយគូបានទៅលេងការិយាល័យសាខានៅសហរដ្ឋអាម៉េរិក ពួកគាត់បានឃើញថាបងប្អូននៅបេតអែលពិតជាសប្បាយ។ ក្រោយមក បងស្រីនោះបានសរសេរថា៖ «ជីវិតប្រចាំថ្ងៃរបស់យើងគឺស្រួលពេក»។ ដូច្នេះប្ដីប្រពន្ធនោះបានសម្រេចចិត្តប្រើពេលវេលានិងកម្លាំងឲ្យបានប្រយោជន៍ច្រើនជាងក្នុងការបម្រើព្រះយេហូវ៉ា។
ពួកគាត់គិតថាប្រហែលជាមិនអាចធ្វើការកែប្រែដែលត្រូវធ្វើទេ។ ប៉ុន្តែនៅថ្ងៃមួយ ពួកគាត់បានពិចារណាអ្វីដែលលោកយេស៊ូបាននិយាយនៅយ៉ូហាន ៨:៣១ដែលថា៖ «ប្រសិនបើអ្នករាល់គ្នានៅជាប់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នករាល់គ្នាពិតជាអ្នកកាន់តាមខ្ញុំមែន»។ ពួកគាត់បានយល់ថាដើម្បីធ្វើជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ ពួកគាត់ត្រូវធ្វើការលះបង់។ ពួកគាត់បានរិះគិតថា៖ «អ្វីទាំងអស់ដែលយើងធ្វើដើម្បីមានជីវិតសាមញ្ញជាង នឹងនាំឲ្យយើងទទួលប្រយោជន៍ដែលសមនឹងការលះបង់របស់យើង»។ ពួកគាត់បានលក់ផ្ទះធំ លះបង់អ្វីៗដែលមិនចាំបាច់ ហើយបានរើទៅក្រុមជំនុំមួយដែលត្រូវការជំនួយ។ ឥឡូវពួកគាត់កំពុងត្រួសត្រាយ។ ពួកគាត់ក៏ជួយសាងសង់សាលប្រជុំ ហើយស្ម័គ្រចិត្តជួយនៅមហាសន្និបាតដែរ។ តើពួកគាត់មានអារម្មណ៍យ៉ាងណាចំពោះការកែប្រែដែលពួកគាត់បានធ្វើ? «យើងនឹកអស្ចារ្យក្នុងចិត្តចំពោះអំណរដែលយើងមានដោយសារយើងមានជីវិតសាមញ្ញជាង ហើយធ្វើអ្វីៗដែលអង្គការរបស់ព្រះយេហូវ៉ាលើកទឹកចិត្តឲ្យយើងធ្វើ»។
ចូរបន្តនៅលើផ្លូវនោះ
សាឡូម៉ូនបានសរសេរថា៖ «ចូរឲ្យភ្នែកឯងមើលចំទៅមុខ ហើយត្របកភ្នែកឯងត្រង់ទៅមុខដែរ»។ (សុភ. ៤:២៥) តើនេះមានន័យដូចម្ដេច? យើងត្រូវបន្តផ្ដោតអារម្មណ៍ទៅផ្លូវដែលនឹងនាំឲ្យយើងមានឱកាសច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ យើងគួរជៀសវាងពីអ្វីដែលអាចបំបែរអារម្មណ៍របស់យើងមិនឲ្យមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ានិងមិនឲ្យយើងសម្រេចគោលដៅនោះ។
តើអ្នកអាចមានគោលដៅអ្វីខ្លះ? ប្រហែលជាអ្នកអាចចូលរួមក្នុងកិច្ចបម្រើពេញពេល ឬអ្នកប្រហែលជាអាចរើទៅក្រុមជំនុំមួយដែលមានតំបន់ផ្សាយធំប៉ុន្តែមានអ្នកផ្សព្វផ្សាយតិច។ បើអ្នកជាបងប្អូនប្រុសម្នាក់ អ្នកប្រហែលជាអាចបម្រើនៅក្រុមជំនុំដែលត្រូវការអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើច្រើនជាង។ អ្នកអាចនិយាយជាមួយអ្នកត្រួតពិនិត្យប្រចាំមណ្ឌលរបស់អ្នកដើម្បីដឹងថាក្រុមជំនុំណាខ្លះនៅតំបន់របស់អ្នកត្រូវការជំនួយ។ បើអ្នកចង់បម្រើនៅកន្លែងឆ្ងាយជាង អ្នកអាចសួរព័ត៌មានថែមទៀតអំពីក្រុមជំនុំឆ្ងាយដែលត្រូវការជំនួយ។b
សូមឲ្យយើងគិតឡើងវិញអំពីអ្វីដែលបានរៀបរាប់នៅអេសាយ ៦២:១០។ ជនជាតិយូដាត្រូវទៅក្រុងយេរូសាឡិម ដូច្នេះពួកគេខ្លះប្រហែលជាបានខំប្រឹងយ៉ាងខ្លាំងដើម្បីរៀបចំផ្លូវ។ សព្វថ្ងៃនេះ អ្នកក៏ត្រូវបន្តខំព្យាយាមជានិច្ចដើម្បីសម្រេចគោលដៅរបស់អ្នកដែរ។ សូមកុំឈប់ព្យាយាម។ ដោយមានជំនួយពីព្រះយេហូវ៉ា អ្នកអាចសម្រេចគោលដៅទាំងនោះបាន។ ចូរសុំលោកផ្ដល់ប្រាជ្ញា ពេលអ្នកព្យាយាមដកឧបសគ្គចេញពីជីវិត។ នៅទីបំផុត អ្នកនឹងឃើញរបៀបដែលព្រះអាចជួយអ្នកឲ្យពង្រាប«ផ្លូវដែលជើងឯងដើរ»។—សុភ. ៤:២៦
a ឈ្មោះបានត្រូវផ្លាស់ប្ដូរ។