បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១០ ទំ. ៤-៥
  • កង្វល់អំពីលុយកាក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កង្វល់អំពីលុយកាក់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ការ​ធ្វើ​តាម​ឱវាទ​លោក​យេស៊ូ
  • ចូរផ្ទេរកង្វល់ទាំងអស់របស់អ្នកទៅព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នកទៅលើព្រះយេហូវ៉ាចុះ
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • តើ​ខ្ញុំ​អាច​កាត់​បន្ថយ​ការ​ខ្វល់​ចិត្ត​យ៉ាង​ដូច​ម្ដេច?
    សំណួរពីយុវវ័យ
  • ចូរស្វែងរករាជាណាចក្រព្រះ មិនមែនអ្វីផ្សេងទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១០ ទំ. ៤-៥

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | វិធី​បំបាត់​ទុក្ខ​កង្វល់

កង្វល់​អំពី​លុយ​កាក់

បុរស​ម្នាក់​ឈ្មោះ​ប៉ូល ជា​ប្ដី​និង​ជា​ឪពុក​ដែល​មាន​កូន​ពីរ​នាក់​បាន​រៀប​រាប់​ថា​៖ ​«​ក្នុង​ប្រទេស​យើង ក្រោយ​ពី​លុយ​ចេះ​តែ​ចុះ​ថោក នោះ​មាន​ការ​ខ្វះ​ខាត​ស្បៀងអាហារ ហើយ​អាហារ​ណា​ដែល​មាន​គឺ​ថ្លៃ​ទៀត​ផង។ ដើម្បី​ទិញ​ម្ហូប​យើង​បាន​ឈរ​តម្រង់​ជួរ​អស់​រាប់​ម៉ោង ហើយ​ច្រើន​ដង​មុន​ដល់​វេន​យើង ម្ហូប​បាន​ត្រូវ​លក់​អស់​ទៅ​ហើយ។ ប្រជាជន​មាន​ភាព​ស្គមស្គាំង​ដោយ​សារ​ការ​អត់​ឃ្លាន ហើយ​អ្នក​ខ្លះ​បាន​ដួល​សន្លប់​នៅ​តាម​ផ្លូវ។ តម្លៃ​ទំនិញ​ដែល​មនុស្ស​ត្រូវ​ការ​ប្រចាំ​ថ្ងៃ បាន​ឡើង​ថ្លៃ​ដល់​រាប់​លាន​ដង ហើយ​រហូត​ដល់​រាប់​ពាន់​លាន​ដង។ នៅ​ទី​បំផុត លុយ​គ្មាន​តម្លៃ​សោះ។ ខ្ញុំ​បាត់​បង់​លុយ​ក្នុង​ធនាគារ ប្រាក់​ធានា​រ៉ាប់​រង និង​ប្រាក់​ចូល​និវត្តន៍​»។

ប៉ូល​បាន​ដឹង​ថា ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​រួច​ជីវិត គាត់​ត្រូវ​ប្រើ​«​សេចក្ដី​ដែល​មាន​ប្រយោជន៍​»​ឬ​គំនិត​ឈ្លាស​វៃ។ (​សុភាសិត ៣:២១​) គាត់​បាន​ពន្យល់​ថា​៖ ​«​ខ្ញុំ​ជា​មេ​ជាង​ភ្លើង ប៉ុន្តែ​បើ​ខ្ញុំ​រក​បាន​ការ​ងារ​ណា ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ការ​ងារ​នោះ​ដោយ​មិន​ប្រកាន់​ទេ ទោះ​ជា​បាន​ទទួល​ប្រាក់​ឈ្នួល​តិច​ជាង​ធម្មតា​ឆ្ងាយ​ក៏​ដោយ។ អ្នក​ខ្លះ​ឲ្យ​ប្រាក់​ឈ្នួល​ខ្ញុំ​ជា​ម្ហូប ឬ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ផ្ទះ។ បើ​គេ​ឲ្យ​ប្រាក់​ឈ្នួល​ខ្ញុំ​ជា​សាប៊ូ​បួន​ដុំ ខ្ញុំ​ទុក​ប្រើ​ពីរ​ដុំ ហើយ​លក់​ពីរ​ដុំ​ឲ្យ​អ្នក​ឯ​ទៀត។ ក្រោយ​មក ខ្ញុំ​មាន​កូន​មាន់​៤០​ក្បាល។ ពេល​ពួក​វា​ធំ ខ្ញុំ​លក់​ឲ្យ​គេ ហើយ​ទិញ​កូន​មាន់​ថែម​៣០០​ក្បាល​ទៀត។ ក្រោយ​មក ខ្ញុំ​ប្ដូរ​មាន់​៥០​ក្បាល​ជា​មួយ​នឹង​ម្សៅ​ពោត​ពីរ​បេ ដែល​មួយ​បេ​ៗ​ទម្ងន់​៥០​គីឡូ។ ដោយ​សារ​ម្សៅ​ពោត​នោះ ខ្ញុំ​បាន​ចិញ្ចឹម​ក្រុម​គ្រួសារ​ខ្ញុំ​និង​ក្រុម​គ្រួសារ​ពីរ​បី​ទៀត​បាន​យ៉ាង​យូរ​»។

ប៉ូល​ក៏​បាន​ដឹង​ដែរ​ថា អ្វី​ដែល​មាន​ប្រយោជន៍​បំផុត​ដែល​គ្រប់​គ្នា​អាច​ធ្វើ​បាន គឺ​ទុក​ចិត្ត​ទៅ​លើ​ព្រះ។ ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ លោក​នឹង​ជួយ​យើង។ ស្តី​អំពី​ការ​មាន​របស់​ដែល​ចាំ​បាច់​សម្រាប់​ជីវិត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​បារម្ភ ព្រោះ . . . បិតា​របស់​អ្នក​ដឹង​ថា​អ្នក​ត្រូវ​ការ​របស់​ទាំង​នេះ​»។—លូកា ១២:២៩​-​៣១

គួរ​ឲ្យ​ស្ដាយ​ណាស់ សត្រូវ​របស់​ព្រះ​ជា​សាថាន វា​បាន​បញ្ឆោត​មនុស្ស​ភាគ​ច្រើន​ក្នុង​ពិភព​លោក​នេះ ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ជីវភាព​ខ្លាំង​បំផុត។ មនុស្ស​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន ទាំង​អ្វី​ដែល​ចាំ​បាច់​ទាំង​អ្វី​ដែល​មិន​ចាំ​បាច់។ ពួក​គេ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បាន​អ្វី​ដែល​ពួក​គេ​មិន​ត្រូវ​ការ។ មនុស្ស​ជា​ច្រើន​ជាប់​បំណុល ហើយ​ក្រោយ​មក​ទើប​ពួក​គេ​យល់​ថា​«​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ​»។—សុភាសិត ២២:៧

មនុស្ស​ខ្លះ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មាន​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។ ប៉ូលបាន​រៀប​រាប់​ថា​៖ ​«​អ្នក​ជិត​ខាង​ជា​ច្រើន​បាន​ចាក​ចោល​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​ដើម្បី​ឲ្យ​បាន‹ជីវភាព​ធូរ​ធារ›នៅ​ក្រៅ​ប្រទេស។ អ្នក​ខ្លះ​បាន​ទៅ​បរទេស ដោយ​គ្មាន​លិខិត​អនុញ្ញាត​ត្រឹម​ត្រូវ​សម្រាប់​ជន​អន្ដោប្រវេសន៍ ហើយ​ពួក​គេ​មិន​អាច​រក​ការ​ងារ​ធ្វើ​បាន​ទេ។ ពួក​គេ​ច្រើន​តែ​រត់​គេច​ពី​ប៉ូលិស និង​ដេក​តាម​ចិញ្ចើម​ថ្នល់។ ពួក​គេ​មិន​បាន​ទុក​ឱកាស​ឲ្យ​ព្រះ​ជួយ​ពួក​គេ​ទេ។ ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ពុះ​ពារ​បញ្ហា​សេដ្ឋកិច្ច​ជា​មួយ​នឹង​ក្រុម​គ្រួសារ ដោយ​មាន​ជំនួយ​ពី​ព្រះ​»។

ការ​ធ្វើ​តាម​ឱវាទ​លោក​យេស៊ូ

ប៉ូល​និយាយ​បន្ត​ថា​៖ ​«​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ‹កុំ​ខ្វល់​ខ្វាយ​អំពី​ថ្ងៃ​ស្អែក​ឲ្យ​សោះ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​មាន​កង្វល់​សម្រាប់​ថ្ងៃ​ស្អែក។ សេចក្ដី​អាក្រក់​នៅ​ថ្ងៃ​នីមួយ​ៗ គឺ​ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ›។ ដូច្នេះ ខ្ញុំ​អធិដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ​សុំ​ព្រះ​ឲ្យ‹ផ្ដល់​អាហារ​ដែល​យើង​ត្រូវ​ការ​សម្រាប់​ថ្ងៃ​នេះ› ដើម្បី​ឲ្យ​យើង​រួច​ជីវិត។ ហើយ​ព្រះ​បាន​ជួយ​យើង​មែន ដូច​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ យើង​មិន​តែង​តែ​បាន​អ្វី​ដែល​យើង​ចូល​ចិត្ត​នោះ​ទេ។ មាន​ពេល​មួយ ខ្ញុំ​ទៅ​តម្រង់​ជួរ​ទិញ​ម្ហូប ប៉ុន្តែ​មិន​ដឹង​ថា​គេ​លក់​អ្វី​ទេ។ ពេល​ដល់​វេន​ខ្ញុំ ខ្ញុំ​ឃើញ​ថា​មាន​តែ​យ៉ា​អួ​ប៉ុណ្ណោះ។ ខ្ញុំ​អត់​ចូល​ចិត្ត​យ៉ា​អួ​សោះ។ ប៉ុន្តែ​វា​ជា​ម្ហូប ដូច្នេះ ខ្ញុំ​បាន​ទិញ​វា ហើយ​ខ្ញុំ​និង​ក្រុម​គ្រួសារ​បាន​ញ៉ាំ​យ៉ា​អួ​នៅ​យប់​នោះ។ ខ្ញុំ​ពិត​ជា​ដឹង​គុណ​ព្រះ​ណាស់ ដែល​ក្នុង​អំឡុង​គ្រា​ពិបាក​នោះ ក្រុម​គ្រួសារ​ខ្ញុំ​មិន​ដែល​ចូល​គេង​ទាំង​ឃ្លាន​ឡើយ​»។a

ព្រះ​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ ពី​អ្នក​ឡើយ ក៏​ប្រាកដ​ជា​មិន​បោះ​បង់ ចោល​អ្នក​ដែរ​»។—ហេប្រឺ ១៣:៥

ប៉ូល​រៀប​រាប់​បន្ត​ទៀត​ថា​៖ ​«​ឥឡូវ យើង​លែង​មាន​បញ្ហា​ខាង​សេដ្ឋកិច្ច​ទៀត​ហើយ អ្វី​ៗ​ស្រួល​ជាង​សម្រាប់​យើង។ ប៉ុន្តែ ដោយ​ឆ្លង​កាត់​រឿង​នេះ យើង​បាន​រៀន​ថា​អ្វី​ដែល​សំខាន់​បំផុត​ដើម្បី​ជួយ​បំបាត់​កង្វល់ គឺ​ទុក​ចិត្ត​ទៅ​លើ​ព្រះ។ ព្រះ​យេហូវ៉ាbនឹង​ជួយ​យើង​ជា​និច្ច ដរាប​ណា​យើង​បន្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ជា​មុន។ បទ​គម្ពីរ​ទំនុក​តម្កើង ៣៤:៨ ចែង​ថា​៖ ‹សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់›។ យើង​បាន​ឃើញ​ថា​ពាក្យ​ទាំង​នោះ​គឺ​ជា​ពាក្យ​ពិត​មែន។ ជា​លទ្ធផល យើង​នឹង​មិន​ខ្លាច​ទេ ពេល​ណា​មាន​វិបត្ដិ​សេដ្ឋកិច្ច​កើត​ឡើង​ម្ដង​ទៀត​»។

ប៉ូល​ប្រាប់​បន្ត​ថា​៖ ​«​ឥឡូវ យើង​យល់​យ៉ាង​ច្បាស់​ថា អ្វី​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​រួច​ជីវិត មិន​មែន​ការ​ងារ​ឬ​ប្រាក់​នោះ​ទេ តែ​ជា​អាហារ​វិញ។ យើង​ពិត​ជា​ទន្ទឹង​ចាំ​គ្រា​ដែល​សេចក្ដី​សន្យា​របស់​ព្រះ​នឹង​កើត​ឡើង​មិន​ខាន ដែល​ថា​៖ ‹នឹង​មាន​ស្រូវ​ជា​បរិបូរ​នៅ​ក្នុង​ស្រុក›។ ប៉ុន្តែ ទម្រាំ​ដល់​ពេល​នោះ ‹យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក›។ ពាក្យ​ក្នុង​គម្ពីរ​ពិត​ជា​ពង្រឹង​កម្លាំង​ចិត្ត​យើង​មែន ដែល​ថា​៖ ‹ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ការ​ស្រឡាញ់​ប្រាក់ ហើយ​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន។ ព្រោះ​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»។ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ក្លាហាន ហើយ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​»​›​»។c

យើង​ត្រូវ​មាន​ជំនឿ​ពិត​ប្រាកដ ទើប​អាច​«​ដើរ​ជា​មួយ​នឹង​ព្រះ​»​ ដូច​ប៉ូល​និង​ក្រុម​គ្រួសារ​របស់​គាត់​ដែរ។ (​លោកុប្បត្តិ ៦:៩​) ទោះ​ជា​ឥឡូវ​នេះ​យើង​កំពុង​ជួប​វិបត្ដិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ ឬ​អាច​នឹង​ជួប​នៅ​ថ្ងៃ​អនាគត​ក៏​ដោយ សូម​ឲ្យ​យើង​ទាញ​មេ​រៀន​សំខាន់​ៗ ពី​គំរូ​របស់​ប៉ូល​ស្តី​អំពី​ការ​មាន​ជំនឿ​ទៅ​លើ​ព្រះ និង​ការ​មាន​គំនិត​ឈ្លាស​វៃ។

ចុះ​បើ​បញ្ហា​ក្រុម​គ្រួសារ​បណ្ដាល​ឲ្យ​យើង​មាន​កង្វល់​នោះ?

a សូម​មើល ម៉ាថាយ ៦:១១, ៣៤។

b យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។

c សូម​មើល ទំនុក​តម្កើង ៧២:១៦; ធីម៉ូថេ​ទី១ ៦:៨; ហេប្រឺ ១៣:៥, ៦។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក